ស្របពេលដែលកម្ពុជាកំពុងធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច វិស័យជាច្រើនក៏កំពុងតែកកើតឡើងថ្មី ដែលធ្វើឲ្យកម្ពុជាពិតជាត្រូវការធនធានមនុស្សជាច្រើនដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ មុខជំនាញថ្មីៗជាច្រើន ក៏ត្រូវបានបង្កើតឡើងតាមមហាវិទ្យាល័យមួយចំនួនដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សជាចាំបាច់។ ថ្ងៃនេះសូវរីនសូមណែនាំនូវមុខជំនាញបង្កើតថ្មីចំនួនប្រាំដែលមិនសូវមានអ្នកដឹង ដើម្បីជាព័ត៍មានមួយសម្រាប់ប្អូនៗសិស្សវិទ្យាល័យដែលទើបតែបញ្ចប់បាក់ឌុប ជាពិសេសសិស្សដែលមកពីបណ្តាខេត្ត។
•ជំនាញពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce): ជាជំនាញមួយដែលផ្តោតទៅលើការទិញលក់ទំនិញ ការទូទាត់សាច់ប្រាក់តាមអនឡាញនិងការរៀបចំប្រព័ន្ធគ្រប់គ្រងតាមបែបឌីជីថល។ អ្នករៀនជំនាញនេះក៏អាចចេះសរសេរកូដកុំព្យូទ័រ ការធ្វើទីផ្សារតាមបែបឌីជីថលក៏ដូចជាផ្សាយពាណិជ្ជកម្មតាមអនឡាញផងដែរ។ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន (NIPTIC) គឺជាសាលាដែលគេល្បីជាងគេក្នុងជំនាញមួយនេះ។
•ជំនាញភ័ស្តុភារនិង ពាណិជ្ជកម្មអន្តរជាតិ (Logistics and International Trade): គឺជាការសិក្សាអំពីមុខជំនួញ និងការទំនាក់ទំនងជំនួញពីប្រទេសមួយទៅប្រទេសមួយទៀត ក៏ដូចជាស្វែងយល់អំពីដំណាក់កាលនៃការនាំចេញនាំចូលនៃផលិតផលនានា។ ជំនាញនេះអាចចូលបម្រើការនៅក្រុមហ៊ុនសេវាដឹកជញ្ជូនទំនិញនិងសេវាជើងសារគយជូនអតិថិជន ដើម្បីនាំចេញឬនាំចូលនូវផលិតផលផ្សេងៗ ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងប្រទេសផងដែរ។ លោកអ្នកអាចស្វែងរកនិងសាកសួរព័ត៍មានបន្ថែមនៅសាកលវិទ្យាល័យផារ៉ាហ្កនអន្តរជាតិ។
•ជំនាញធានារ៉ាប់រង (Insurance): នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បង្កើតជំនាញនេះឡើងដើម្បីបំពេញតម្រូវការទីផ្សារការងារ ដែលត្រូវការធនធានមនុស្សជាច្រើន ស្របពេលដែលក្រុមហ៊ុនធានារ៉ាប់រងក៏កំពុងត្រូវការបុគ្គលិកជាច្រើនដើម្បីចូលរួមការងារជាមួយផងដែរ។
•ជំនាញថែទាំកុមារ (Childhood Education): សម្រាប់អ្នកស្រលាញ់ក្មេង និងចូលចិត្តធ្វើការជាមួយក្មេងៗ នេះប្រហែលជាជំនាញមួយដែលបើកផ្លូវឲ្យអ្នកអាចនៅក្បែរក្មេងៗផងដែរ។ ស្របពេលដែលសាលាមត្តេយ្យកំពុងតែរីកស្គុសស្គាយដូចផ្សិត ជំនាញថែទាំក្មេងនេះក៏ជាឱកាសមួយសម្រាប់អ្នកដែលមានបំណងចង់ចូលរួមបំពេញការងារនៅក្នុងសាលាមត្តេយ្យ។ វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ (PPIIA) ជាសាលាមួយដែលបង្កើតមុខជំនាញនេះមុនគេ។
•ជំនាញរចនាម៉ូដសម្លៀកបំពាក់ (Fashion Design): ប្រជាជនកម្ពុជាមួយចំនួន តែងយល់ច្រលំថា ជំនាញមួយនេះគឺគ្រាន់តែជាជំនាញកាត់ដេរធម្មតា ក៏ប៉ុន្តែមែនទែនទៅ Fashion Design ក៏ជាជំនាញមួយដែលអាចឲ្យអ្នកចេះធ្វើពុម្ពសម្លៀកបំពាក់ កាត់ដេរ ការស្វែងយល់ពីទំនោរម៉ូដ (trends) ដែលកំពុងតែពេញនិយម ការគូររូប ជំនាញកំព្យូទ័រ ការថតរូប និងជំនាញផ្សេងៗជាច្រើនទៀត៕
សូមចុចក្នុងតំណលីងនេះដើម្បីស្វែងយល់ពី ជំនាញ Fashion Design បន្ថែម