និយាយដល់ Cocktail ឬហៅថាស្រាក្រឡុក យើងនឹងភ្នកនឹកដល់កន្លែងកម្សាន្តសប្បាយនាពេលរាត្រីដូចជា ស្កាយបារ ឡោញ និងក្លឹបរាំកម្សាន្ត ដោយសារតែកន្លែងទាំងនេះគឺជាបណ្តុំបម្រើនូវភេសជ្ជៈស្រាក្រឡុកដ៏ពេញនិយមបំផុតសម្រាប់អ្នកចូលចិត្តជីវិតសប្បាយនាពេលរាត្រី។ ស្រាក្រឡុកមានប្រភពមកពីបរទេសដែលកើតឡើងរយៈពេលជាច្រើនសតវត្សរ៍មកហើយ តែក៏មិនដល់សតវត្សរ៍ទី ១៧ ឬទី១៨ដែរ ទោះយ៉ាងណាតាមការកត់ត្រានៅទាន់មិនច្បាស់នៅឡើយទេថា កន្លែងណា ពេលណា ហើយនរណាជាអ្នកបង្កើតវានោះទេ ខណៈស្រាក្រឡុកម៉ាកល្បីឈ្មោះដូចជា Sling, Fizz, Toddy និង Julep ត្រូវបានគេចារក្នុងសៀវភៅប្រវត្តិសាស្ត្រថាជាស្រាក្រឡុកដែលពេញនិយម និងល្បីល្បាញបំផុត។ ពាក្យថា Cocktail គឺសំដៅដល់ភេសជ្ជៈក្រឡុកម្យ៉ាងដែលលាយបញ្ចូលគ្រឿងផ្សំច្រើនមុខច្រើនរសជាតិចាប់ពីបីមុខឡើងទៅមិនថា ស្រា ផ្លែឈើ ពិសេសតែងខ្វះមិនបានផ្សំគ្នាជាមួយនឹងទឹកកក ដែលហេតុនេះហើយទើបពេលយើងក្រេបរសជាតិស្រាក្រឡុកណាមួយភ្លាម យើងនឹងទទួលបានអារម្មណ៍ជ្រួតជ្រាបជាមួយក្លិនឈ្ងុយស្រាផង ក្លិនផ្លែឈើផង និងមានរសជាតិល្វីងផ្អែមប្រហើរខុសប្លែកពីស្រាឬប៊ីយែរដាច់ដោយឡែក។ ជាទូទៅយើងតែងឃើញស្រាក្រឡុកបានរៀបចំចាក់ក្នុងកែវប្រភេទផ្សេងៗគ្នា ជាក់ស្តែង កែវខ្លះតូច កែវខ្លះធំ រីឯកែវខ្លះទៀតក៏មានរូបសណ្ឋានប្លែកៗតុបតែងលម្អជាមួយផ្លែឈើបង្កសម្រស់សិចស៊ីគួរឲ្យទាក់ទាញ។ ចុះប្រិយមិត្តមានឆ្ងល់ទេថាហេតុអ្វីបានជាស្រាក្រឡុកចម្រាញ់ចាក់ដាក់កែវប្រភេទខុសៗគ្នា? ហើយ តើស្រាក្រឡុកមានប៉ុន្មានប្រភេទ និងប្រភេទនីមួយៗមានលក្ខណៈពិសេសយ៉ាងដូចម្តេច?
នៅលើបញ្ជីរាយនាមស្រាក្រឡុកនៅតាមបណ្តា ស្កាយបារ ឡោញ និងក្លឹបរាត្រី យើងរមែងឃើញឈ្មោះស្រាក្រឡុកខ្លះត្រូវបានបង្កើតឡើងថ្មីដែលមានរសជាតិប្លែក ហើយវាក៏ត្រូវបានក្លាយជានិមិត្តសញ្ញាប្រចាំកន្លែងរបស់ពួកគេផងដែរ។ ថ្វីដ្បិតស្រាក្រឡុកទាំងរសជាតិថ្មី និងរសជាតិដើមមានច្រើនស្ទើររាប់មិនអស់ ប៉ុន្តែក្នុងនោះយើងក៏អាចកត់ចំណាំស្រាក្រឡុកទៅតាមប្រភេទរបស់ពួកវា ពោលគឺមានបីប្រភេទ ប្រភេទ Long Drink ឬហៅថាប្រភេទកែវធំ ប្រភេទ Short Drink កែវកណ្តាល និងប្រភេទShot ឬកូនកែវ។ សម្រាប់ ពពួក Long Drink គឺជាស្រាក្រឡុកចាក់ក្នុងកែវធំរាងទ្រវែងដែលមានចំណុះចាប់ពី ១២០ មីលីលីត្រ ដល់ ៤០០មីលីលីត្រ ; វាជាភេសជ្ជៈដែលលាយជាតិអាល់កុលតិចបំផុតតែផ្សំទឹកផ្លែឈើច្រើនជាង និងដាក់ទឹកកកច្រើន ដោយរាល់ពេលបឺតទទួលទាននឹងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ អ្វីដែលសំខាន់វាគឺជាភេសជ្ជៈដែលទេសចរពេញនិយមបំផុត ជាពិសេសនៅរដូវក្តៅនេះតែម្តង។ ក្នុងចំណោម Long Drink ដែលមានរសជាតិឆ្ងាញ់ល្បីល្បាញបំផុតមានដូចជា Mojito, Gin and Tonic, Long Island, Mai Tai, Pina Colada និង Tequila Sunrise។ ;ងាកមកប្រភេទ Short Drink វិញ គឺជាភេសជ្ជៈស្រាក្រឡុកមានជាតិអាកុលខ្ពស់ចាប់ពី ១៧ភាគរយ ទៅ ៤៥ ភាគរយ ;ដោយមានលាយគ្រឿងផ្សំបីទៅបួនមុខបញ្ចូលគ្នា ជាទូទៅវាត្រូវបានគេបម្រើដាក់ក្នុងកែវមានជើងវែងសម្រាប់កាន់ ឬកែវមូលខ្លីៗចំណុះពី ៥០មីលីលីត្រទៅ ១២០មីលីលីត្រ ស័ក្តិសមសម្រាប់អ្នកចេះពិសាស្រាស្រាប់។ ចំពោះពពួក Short Drink មានប្រជាប្រិយភាពបំផុតមានដូចជា Daiquiri, Martini, Caipirinha, Bellini, Black Russian និង White Russian។ ចំណែកឯប្រភេទស្រាក្រឡុកដែលកន្លងមកយើងតែងឃើញគេដាក់ក្នុងកូនកែវតូចៗ ជួនមានទឹកពីរពណ៌ ជួនមានច្រើនពណ៌ថ្នាក់ៗក្នុងកែវតែមួយ ដែលពិសេសយើងតែងឃើញអ្នកក្រឡុកស្រាតែងសម្តែងដុតភ្លើងឆេះទៀតនោះ នេះហើយគឺហៅថាប្រភេទ Shot ឬក៏ Shooter ដែលវាមានជាតិអាកុលខ្លាំង និងចាក់ក្នុងកូនកែវតូចៗចំណុះចាប់ពី ៤០ ទៅ ៦០មីលីលីត្រ។ ជម្រើសរសជាតិស្រាក្រឡុកប្រភេទ Shot ឬ Shooter ដែលល្បីល្បាញជាច្រើនទសវត្សរ៍មកនេះមានដូចជា B-52, Tequila, Vodka, Smirnoff North, Jagermeister និង Coffee Shooter ជាដើម។
យ៉ាងណាមិញ ថ្វីដ្បិតស្រាក្រឡុកជាភេសជ្ជៈលាយគ្រឿងផ្សំមានជាតិអាកុលក្តី ប៉ុន្តែយើងក៏អាចជ្រើសរើសមកទទួលទានទៅតាមចំណង់ចំណូលចិត្តក៏ដូចជាកម្រិតស្រាដែលខ្លួនអាចទទួលបានផងដែរ។ តួយ៉ាង សម្រាប់អ្នកមិនសូវចេះពិសាស្រាឬមិនចេះសោះ អ្នកអាចកុម្មង់ប្រភេទ Long Drink បាន ដោយសារតែវាមានលាយទឹកផ្លែឈើច្រើនជាងជាតិអាកុលឬអាចនិយាយបានថាជាតិអាកុលតិចបំផុត។ ចំណែកអ្នកចេះពិសាស្រាស្រាប់អាចសាកល្បងជាមួយពពួក Short Drink ក៏បានឬបើចូលចិត្តកម្រិតស្រាខ្លាំងទៀតនោះអាចចាប់ផ្តើមជាមួយពពួក Shot ឬ Shooter ដោយក្រេបតែមួយក្អឹកធានាថាដឹងតែពេញចិត្តតែម្តង។ បន្ទាប់ពីស្គាល់ប្រភេទស្រាក្រឡុកទាំងបីខាងលើនេះហើយ ចុះតើអ្នកនឹងត្រូវចិត្តប្រភេទមួយណា? ចាំដល់ណាទៀត តោះ! ទៅបង្កើតកម្មវិធីជួបជុំល្ងាចនេះនៅស្កាយបារហើយកុម្មង់ប្រភេទស្រាក្រឡុកណាមួយដែលត្រូវនឹងចំណូលចិត្តរបស់អ្នក៕
Article by HEM SOKKHIM