×

ចុងឆ្នាំ​ទៅលេង​សហគមន៍​ជី​រោទ៍​ ស្នាក់​នៅ​ផ្ទះ​ប្ញស្សី​ មើល​សិល្បៈ​កុមារ​ និង​ស្វែងយល់​ចំណេះដឹង​បរិស្ថាន

TRAVEL & LIVING 5 years ago
 
 

          បើ​និយាយ​ពី​ត្រើយ​ខាងកើត​នៃ​ដងទន្លេ​មេគង្គ​ខេត្ត​កំពង់ចាម​ ដែល​សព្វថ្ងៃ​ត្រូវ​បាន​កាត់​បញ្ចូល​ក្នុងទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ហើយ​នោះ​ ទេសចរ​ទាំងឡាយ​ច្បាស់ជា​មិន​ភ្លេច​នូវ​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ស្ពាន​គី​ហ្ស៊ូ​ណា​ និង​ តួប៉ម​បុរាណ​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​និយម​បារាំង​ដែល​មើល​ពី​ចម្ងាយ​ឃើញ​រះ​ត្រដែត​ផុត​ចុង​ព្រឹក្សា​ប្រប​តាម​បណ្តោយ​ដងទន្លេ​ ។ នៅ​ចំណុច​ភូមិ​សាស្រ្ត​តំបន់​នោះ​ សព្វថ្ងៃ​ភ្ញៀវ​ទេសចរ​ច្រើនតែ​និយម​ទៅលេង​កម្សាន្ត​រយៈពេល​ខ្លី​នៅ​រមណីយដ្ឋាន​សួនផ្កា​ឈូករ័ត្ន​នៅ​ឃុំ​ជី​រោទ៍​ទី១​ ឬទៅ​អង្គុយ​ហូប​អាហារ​ សម្រន់​បែប​ស្រុកស្រែ​ខ្ចៅខ្យង​កំពឹស​ក្តាម​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់​ ឃុំ​ជី​រោទ៍​ទី២​ ។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ចង់​ពន្យារពេល​នៃ​ដំណើរ​កម្សាន្ត​នៅ​តំបន់​នោះ​ឲ្យ​កាន់តែ​យូរ​កាន់តែ​សប្បាយ​ថែមទៀត​នោះ​ សូ​វរីន​សូម​ណែនាំ​សហគមន៍​ទេសចរណ៍​មួយ​កន្លែង​ដែល​កំពុង​លាក់ខ្លួន​ពួន​សម្រស់​នៅ​ក្បែរ​ម្លប់​ប្ញស្សី​ត្រឈឹងត្រឈៃ​ជាប់មាត់​ទន្លេ​យ៉ាង​ស្ងប់​មនោរម្យ​ តែ​សម្បូរ​សកម្មភាព​កម្សាន្ត​សប្បាយ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ផ្សារភ្ជាប់​នឹង​ការអប់រំ​ ការយល់​ដឹង​អំពី​បរិស្ថាន​ និង​ វប្បធម៌​ប្រចាំ​តំបន់​។

          សហគមន៍​ទេសចរណ៍​ដែល​យើង​កំពុង​និយាយ​នេះ​មានឈ្មោះ​ថា​ “ផ្ទះ​ស្នាក់​ជី​រោទ៍​” មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជី​រោទ៍​ ឃុំ​ជី​រោទ៍​ទី១​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋា​ ភិបាល​មួយ​ឈ្មោះថា​“អង្គការ​បណ្តុះបណ្តាល​ថ្នាក់​មូលដ្ឋាន​” ហៅ​កាត់​ថា​ អង្គការ​អូ​ប៊ី​ធី​ (OBT​) ។ លក្ខណៈ​ពិសេស​នៃ​សេវាកម្ម​ស្នាក់នៅ​របស់​អង្គការ​នេះ​ គឺ​ត្រង់ថា​ លោកអ្នក​អាច​ជ្រើសរើស​រវាង​ការ​ស្នាក់នៅ​បែប​ផ្ទះ​ស្នាក់​ផ្ទាល់​ជាមួយ​ប្រជាជន​ក្នុង​តំបន់​ និង​ ការ​ស្នាក់នៅ​ក្នុង​ផ្ទះ​បាំង​ហ្គា​ឡូ​ធ្វើ​អំ​ពី​ប្ញស្សី​ ដែល​ផ្ទះ​ស្នាក់​រចនាបថ​បែបនេះ​មានតែ​មួយ​ទីតាំង​គត់​នៅ​ប្រទេស​កម្ពុជា​។ផ្ទះ​បាំង​ហ្គា​ឡូ​នៅ​ទីនោះ​មាន​ចំនួន៤ខ្នង​ដែល​មានឈ្មោះ​ ខុស​ៗគ្នា​ហើយក៏​មាន​លក្ខណៈ​ពិ​សេ​សរៀងៗ​ខ្លួន​ផង​ដែរ​ ក្នុង​នោះ​រួមមាន​ បាំង​ហ្គា​ឡូ​ស្កា​យ បាំង​ហ្គា​ឡូ​ប្ញស្សី​ បាំង​ហ្គា​ឡូ​ចេក​និង​ល្ហុង​ និង​ បាំង​ហ្គា​ឡូ​មាត់ទន្លេ​។

          បាំង​ហ្គា​ឡូ​ស្កា​យស​ម្រាប់​អ្នក​ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​បំផុត​ ព្រោះ​វា​ស្ថិតនៅ​ចំ​កណ្តាល​ចម្ការ​ប៉េងប៉ោះ​។ បាំង​ហ្គា​ឡូ​ប្ញស្សី​សម្រាប់​អ្នក​មិនសូវ​ចូលចិត្ត​ដើរ​ឆ្ងាយ​ ព្រោះ​វា​ស្ថិតនៅ​ជាប់​សាលារៀន​ និង​ បណ្ណាល័យ​សហគមន៍​ ជិត​ផ្លូវជាតិ​ជាងគេ​បំផុត​ ហើយក៏​សម្រាប់​អ្នក​ស្រឡាញ់​ស្ថាបត្យកម្ម​ប្រពៃណី​ផង​ដែរ​ ព្រោះ​វា​ត្រូវ​បាន​សាងសង់​តាម​លំនាំ​រចនាបថ​ផ្ទះរោងដោល​ខ្មែរ​។ រី​ឯបាំង​ហ្គា​ឡូ​ចេក​និង​ល្ហុង​សម្រាប់​អ្នក​គេង​លម្ហែ​យោលអង្រឹង​បែប​ផ្ទះ​ចម្ការ​ គយគន់​កសិផល​ដំណាំ​សរីរាង្គ​ចម្រុះ​របស់​សហគមន៍​ ។ ដោយ​ឡែ​កបាំង​ហ្គា​ឡូ​មាត់ទន្លេ​ សម្រាប់​អ្នកចូលចិត្ត​ស្រូប​យកខ្យល់អាកាស​មាត់ទន្លេ​ដ៏​បរិសុទ្ធ​ និង​ ទស្សនា​ទិដ្ឋភាព​ថ្ងៃលិច​ ប៉ុន្តែ​ជម្រើស​ចុងក្រោយ​នេះ​សម្រាប់​ទេសចរ​ជា​ក្រុម​ ព្រោះ​វា​មាន​ទំហំ​ធំ​ អាច​ផ្ទុក​ភ្ញៀវ​បាន​រហូតដល់៨នាក់​។

          លើស​ពីនេះ​ សូ​វរីន​មាន​អ្វី​ច្រើន​ដែល​ចង់​ចែករំលែក​ជាមួយ​មិត្ត​អ្នកអាន​ ព្រោះ​បទពិសោធន៍​ទទួល​ ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​សហគមន៍​មាន​លក្ខណៈ​ប្លែក​ទាំង​បរិយាកាស​ ទាំង​ជម្រើស​អាហារ​ និង​ រសជាតិ​ដែល​ពិបាក​នឹង​បំភ្លេច​។ មុន​ពេល​ទៅដល់​ទីនោះ​ លោកអ្នក​ត្រូវ​ទាក់ទង​ជាមួយ​ខាង​សហគមន៍​ជាមួយ​សិន​ដើម្បីឲ្យ​ខាងគេ​រៀបចំ​ក្រុម​សិល្បៈ​កុមារ​ប្រចាំ​សហគមន៍​មក​សម្តែង​កំដរ​បរិយាកាស​មុនឬក្រោយ​ពេល​លោកអ្នក​ទទួលទាន​អាហារ​នៅ​ទីនោះ​។ កុមារ​នៅ​ទីនោះ​មើលទៅ​ឆ្លា​តៗ​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​ពីព្រោះ​ពួកគេ​ត្រូវ​បាន​បណ្តុះបណ្តាល​ក្នុង​ថ្នាក់​តន្រ្តី​របស់​អង្គការ​ OBT​ ជាប្រចាំ​ ហើយ​ពួកគេ​ក៏បាន​ទទួលការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ជា​ភាសាអង់គ្លេស​ផង​ដែរ​តាមរយៈ​គ្រូ​ជនជាតិ​បរទេស​ស្ម័គ្រចិត្ត​ដែល​បាន​មក​សិក្សា​ស្រាវជ្រាវ​ឬ បំពេញ​គម្រោងការ​ងារ​រយៈពេល​ខ្លី​នៅ​សហគមន៍​ឃុំ​ជី​រោទ៍​នេះ​។ ហេតុនេះ​ហើយ​ទើ​បក្មេងៗ​នៅ​ទីនោះ​ហាក់​មាន​ភាព​ស្និទ្ធស្នាល​បើក​ចិត្តទូលាយ​ជាមួយ​ជនបរទេស​និង​ភ្ញៀវ​មក​ពី​ខាងក្រៅ​ ស្តែង​ឲ្យ​ឃើញ​ឡើង​តាមរយៈ​ទឹកមុខ​ញញឹមញញែម​សប្បាយរីករាយ​និង​ទំនុកចិត្ត​ក្នុង​ការ​សម្តែង​សិល្បៈ​។ ពួកគេ​អាច​លេង​ឧបករណ៍​តន្រ្តី​ខ្មែរ​បុរាណ​ជាច្រើន​ ដូចជា​ ​; ខ្លុយ​ រនាត​ ស្គរ​ តាខេ​ ឃឹម​ និង​ ​ទ្រ​ ជាដើម​។ របាំ​ដែលគេ​និយម​សម្តែង​ជូន​ភ្ញៀវ​ទស្សនា​នៅ​សហគមន៍​នេះ​មាន​ តួយ៉ាង​ របាំ​គោះអង្រែ​ របាំ​នេសាទ​ របាំ​ឆៃយ៉ាំ​ និង​ របាំ​គោះត្រឡោក​។ល។

          ម្ហូប​ល្បី​បំផុត​ប្រចាំ​សហគមន៍​នេះ​ដែល​ភ្ញៀវ​គ្រប់រូប​មិន​គួរ​មើល​រំលង​នោះ​គឺ​ ត្រី​ដំ​។ ចំពោះមុខ​ម្ហូប​នេះ​សាច់​ត្រី​ជា​គ្រឿងផ្សំ​សំខាន់​បំផុត​នោះ​ ហើយ​ប្រជាជន​សហគមន៍​ជី​រោទ៍​និយម​ជ្រើសរើស​ត្រី​រៀល​ ដោយសារ​ត្រី​រៀល​មាន​រសជាតិ​ឆ្ងាញ់​សាច់​ផ្អែម​ចូលជាតិ​ល្អ​សម្រាប់​មុខម្ហូប​ត្រី​ដំ​នេះ​ជាងគេ​។ គេ​ត្រូវ​ទទួលទាន​ម្ហូប​នេះ​គួបផ្សំ​នឹង​អន្លក់​ស្រស់​ៗជាច្រើន​មុខ​ដូចជា​ ស្លឹក​កន្ទួត​ ស្លឹក​ម្កាក់​ ត្រួយ​រាំង​ ស្ពៃ​ក្តោប​ សណ្តែក​កួរ​ ត្រសក់​ និង​ ជីរ​គ្រប់មុខ​។ ជាពិសេស​ តាម​ប្រពៃណី​តំបន់​នោះ​ ម្ហូប​ត្រី​ដំ​នេះ​ត្រូវតែ​ទទួលទាន​ជា​មួ​យស្រាស​។ ក្រៅពី​ម្ហូប​ត្រី​ដំ​នេះ​ នៅ​មាន​ម្ហូប​ស្រុកស្រែ​ជាច្រើន​ទៀត​ដែល​លោកអ្នក​អាច​ជ្រើសរើស​បាន​ ដូចជា​ មាន់​ស្រែ​ដុត​ ទឹកគ្រឿង​អន្លក់ស្រស់​ សម្លម្ជូរ​ស្រែ​កូន​ត្រី​ និង​ សម្លម្ជូរ​ដើមចេក​។ ក្រោយពី​ទទួលទាន​អាហារ​រួច​ ភ្ញៀវ​អាច​នាំគ្នា​ដើរ​ទស្សនា​វត្ថុ​សិប្បកម្ម​ច្នៃ​ពី​ត្រឡោកដូង​ និង​ដើម​ប្ញស្សី​ធ្វើ​ដោយដៃ​ប្រជា​សហគមន៍​ផ្ទាល់​ ដែល​ក្នុង​នោះ​រួមមាន​ កែវ​ទឹ​កប្ញស្សី​ ទម្រ​ជើងទៀន​និង​ប៉ាន់តែ​ធ្វើ​ពី​ត្រឡោកដូង​ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍​រូប​សត្វ​កែច្នៃ​ ។

          ភ្ញៀវ​ដែល​មក​ទីនេះ​អាច​ស្នាក់នៅ​បាន​យូរថ្ងៃ​ ព្រោះ​ពួកគេ​មិន​ត្រឹមតែ​មក​ស្នាក់នៅ​ និង​ ទទួលទាន​អាហារ​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​អាច​ធ្វើសកម្មភាព​ទេសចរណ៍​ជាច្រើន​ដែល​ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​របស់​អ្នកស្រុក​ទន្លេ​ពិ​តៗ​ រួមមាន​ ការ​ជិះកង់​ទស្សនា​ភូមិ​អ្នកស្រុក​ ការ​នេសាទ​ត្រី​ជាមួយ​អ្នកនេសាទ​ជនជាតិ​ចាម​ ការ​ជិះរទេះ​គោ​ជាមួយ​អ្នកភូមិ​ ការ​ប្រមូល​ផលដំណាំ​តាម​រដូវ​កាល​និង​ការ​រៀន​ធ្វើម្ហូប​ជាមួយ​ចុងភៅ​សហគមន៍​។ អ្វី​ដែល​សំខាន់​បំផុត​ដែល​សហគមន៍​កំពុង​ធ្វើ​យ៉ាង​សស្រាក់​សស្រាំ​ ហើយ​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​គ្រប់រូប​ដែល​មក​ទីនេះ​នោះ​គឺ​ គម្រោង​កែច្នៃ​សម្រាម​ ដែល​មាន​លក្ខណៈ​ពិសេស​ត្រង់ថា​ កុមារ​ដែល​មក​សិក្សា​នៅ​ទីនេះ​ទាំងអស់​ត្រូវតែ​យក​សម្រាម​មក​បង់​ជំនួស​ថ្លៃ​សិក្សា​ជាដាច់ខាត​ដើម្បី​ជួយ​កាត់បន្ថយ​កាកសំណល់​នៅក្នុង​តំបន់​ក៏ដូចជា​ជួយ​លើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​ចំពោះ​បញ្ហា​បរិស្ថាន​។ សម្រាម​ដែល​ប្រមូល​មក​បាន​ត្រូវ​បាន​យក​ទៅ​កែច្នៃ​ក្នុង​ទីតាំង​ឡកែច្នៃ​ដែល​មាន​ចម្ងាយ​ប្រមាណ​ត្រឹម​មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​ស្នាក់​។ នៅក្នុង​រោង​ឡកែច្នៃ​ សម្រាម​ប្លាស្ទិក​ត្រូវ​បាន​រំលាយ​លាយ​ជាមួយ​ខ្សាច់​ រួច​ចាក់​ក្នុង​ពុម្ព​ជាដុំ​ឥដ្ឋ​ដែល​អាច​ប្រើការ​ជំនួស​ឥដ្ឋ​ធម្មតា​បាន​ហើយ​ឥដ្ឋ​កែច្នៃ​ពី​ប្លាស្ទិក​ទាំងនេះ​ត្រូវ​បាន​ប្រើ​ក្នុង​សំ​ណង់​ផ្សេង​ៗរបស់​ សហគមន៍​ផ្ទះ​ស្នាក់​ជី​រោទ៍​ទាំងមូល​៕

Article by SRIN SOKMEAN


SUGGESTIONS