ដំណើរទស្សនាចរណ៍ឆ្ពោះទៅកាន់វិហារចិនស្អាតនិងល្បីៗទាំង៤នៅជិតភ្នំពេញបង្កើយ
TRAVEL & LIVING 5 years agoក្នុងឆ្នាំ២០២០នេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមបានរំកិលខ្លួនជិតចូលមកដល់ហើយគឺត្រូវនឹងថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែមករា នេះ។ វាជាឱកាសដ៏ពិសេស មួយឆ្នាំម្តងសម្រាប់បងប្អូនប្រជាជនទាំងឡាយដែលមានសែស្រឡាយកាត់ចិន ឬ វៀតណាម ធ្វើដំណើរទៅកាន់បូជនីយដ្ឋានវិហារ ជិតឆ្ងាយដើម្បីបួងសួងបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនកើតមានឡើងនៅក្នុងក្រុមគ្រួសាររបស់ខ្លួន។ ជាទូទៅ ប្រជាពលរដ្ឋកូនចៅចិនច្រើនតែទៅអុជធូបឬកាត់គ្រោះឧបទ្រពចង្រៃផ្សេងៗនៅវិហារ លោកតាព្រះចៅដែលល្បីតៗគ្នាថាមានបារមីពូកែសក្តិសិទ្ធិខ្លាំងស្ថិតនៅរមណីយដ្ឋានវត្តភ្នំ ក្រុងភ្នំពេញ។ ប៉ុន្តែក្រៅពីបូជនីយដ្ឋានលោកតាព្រះចៅដែលស្ថិតនៅកណ្តាលក្រុងភ្នំពេញនោះ អ្នកដែលមានជំនឿលើអ្នកតាចិនអាចមានជម្រើសផ្សេងៗទៀតនៅក្បែរក្រុងភ្នំពេញដែលអ្នកធ្លាប់ទៅបន់ស្រន់ភាគច្រើនល្បីថាបានសម្រេចដូចបំណង ហើយក៏ជាទីមនោរម្យសម្រាប់លក្ខណៈក្រុមគ្រួសារផងដែរ។
១ វិហារព្រះម៉ែគង់ស៊ីអ៊ីមភ្នំប្រសិទ្ធិ ឬ ភ្នំបាសិទ្ធិៈ ជារមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្រ្ត និង ធម្មជាតិគួរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ បូជនីយដ្ឋាននេះមានទីតាំងស្ថិតនៅលើកំពូលភ្នំប្រសិទ្ធិខាងលិច ក្នុងភូមិសាស្រ្តឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដើម្បីធ្វើដំណើរទៅដល់កន្លែងនេះ អ្នកដំណើរទាំងឡាយត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥។ លុះទៅដល់ចំណុចផ្សារ ព្រែកព្នៅ លោកអ្នកត្រូវបត់ឆ្វេងដៃតាមច្រកផ្លូវផ្សារនោះដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ (សរុប ចម្ងាយ២៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ)។ វិហារព្រះម៉ែគង់ស៊ីអ៊ីមផុសឡើងនៅលើកំពូលភ្នំដែលស្ថិតនៅ ខាងឆ្វេងដៃ។ នៅពេលទៅដល់ជើងភ្នំ លោកអ្នកនឹងឃើញខ្លោងទ្វារដែលមានរចនាបថចិននិងមានស្លាក ឈ្មោះវិហារគង់ស៊ីអ៊ីមជាសម្គាល់។ លោកអ្នកអាចជិះរថយន្ត ឬ ទោចក្រយានយន្តតូចធំទៅដល់កំពូលភ្នំ បានយ៉ាងងាយស្រួល ហើយដើរចុះតាមជណ្តើរទៅក្រោមបន្តិចនឹងបានទៅដល់វិហារចិនដែលមានរូប សំណាកព្រះម៉ែគង់ស៊ីអ៊ីមដ៏ស្រស់ស្អាតឈរនៅខាងមុខវិហារតែម្តង។ វិហារនេះបានសាងសង់ឡើងតាំង ពីឆ្នាំ១៩៩១ ហើយតែងតែមានប្រជាពលរដ្ឋមកពីគ្រប់តំបន់ទៅអុជធូបបែរបន់មិនចេះដាច់ដល់សព្វថ្ងៃ។ ក្រៅពីនេះ លោកអ្នកអាចចាក់គម្ពីរសាសនាផ្សងជោគជតារាសីនៅក្នុងវិហារផងដែរ។ បើចេញពីវិហារ ចុះតាមជណ្តើរកាត់តាមកន្លៀតផែនថ្មទៅក្រោមបន្តិចទៀត គេឃើញមានរូបសំណាកព្រះរីករាយនាំលាភ ឬតាកំប៉ោងយ៉ាងធំមួយនៅក្រោមដើមឈើជាទីទាក់ទាញសម្រាប់អ្នកទៅកំសាន្ត។ បើតាមសម្តីរបស់អ្នក លក់ដូរម្នាក់នៅទីនោះ ជនជាតិចិននិយមយកគ្រឿងសក្ការបូជាទៅគោរពបូជាបារមីព្រះគង់ស៊ីអ៊ីមនេះណាស់ រីឯជនជាតិខ្មែរយើង និយមគោរពបូជាអាស្រមបក្សីចាំក្រុងដែលស្ថិតនៅជិតនោះ។
២ វិហារហុកគៀនៈ វិហារហុកគៀនជាវិហារសាសនាចិនដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅ ទីក្រុងភ្នំពេញដែលនៅសេសសល់ឆ្លងផុតពីរបបខ្មែរក្រហម។ វិហារបុរាណនេះមានទីតាំងស្ថិតនៅតាម បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឬ ផ្លូវមាត់ទន្លេ ចំទល់មុខកំពង់ផែស្វយ័តក្រុងភ្នំពេញតែម្តង ជិតស្ពានជ្រោយ ចង្វារ។ “ហុកគៀន” ជាឈ្មោះជនជាតិចិនមួយពួកមកពីខេត្តហ្វូជៀន (Fujian) តំបន់ឆ្នេរ ខាងត្បូងភាគខាង កើតប្រទេសចិន ហើយដែលបានបង្កើតបានមករស់នៅក្នុងប្រទេសកម្ពុជា និង បង្កើតជាសមាគមហុកគៀន ក្នុងក្រុងភ្នំពេញតាំងពាក់កណ្តាលទី២នៃសតវត្សរ៍ទី១៩ ហើយវិហារហុកគៀនក៏ត្រូវបានកសាងឡើងក្នុង អំឡុង គ.ស.១៨៨០ ដំណាលគ្នានឹងការបង្កើតសមាគមហុកគៀនដំបូងនេះឯង។ អស់រយៈពេលជាង១០០ឆ្នាំទៅហើយ លើកលែងតែក្នុងរបបខ្មែរក្រហម ដែលវិហារនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើ ពិធីបុណ្យសាសនាសំខាន់ៗ ជាអាទិ៍ ពិធីបុណ្យចូលឆ្នាំចិន និង ពិធីហែអ្នកតា របស់បងប្អូនប្រជាជនចិន ហុកគៀននៅកម្ពុជា ព្រះវិហារនេះជាវិហារធំជាងគេហើយមានតម្កល់រូបអ្នកតាគួនកុងដែលជាទេវៈសំខាន់ បំផុតដែលជនជាតិចិនហុកគៀនទាំងអស់គោរពបូជាយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរៀងមក។ អ្នករស់នៅថែរក្សា វិហារនេះសព្វថ្ងៃបានឲ្យដឹងថា វិហារនេះត្រូវបានជួសជុលក្នុងទសវត្ស៍ទី៦០ ប៉ុន្តែនៅរក្សារចនាបថដើម ដដែល។ ក្រោយឆ្នាំ១៩៧៩ ទីនេះក្លាយជាកន្លែងស្នាក់នៅរបស់កងទ័ពវៀតណាម ហើយបរិវេណនេះជា ទីតាំងអតីតសាលាបឋមសិក្សាស្រះចក (សព្វថ្ងៃប្តូរទីតាំងទៅជិតស្ថានទូតអាមេរិក)។ លុះដល់ឆ្នាំ១៩៩៤ ទើបវិហារនេះបានបើកដំណើរការជាប្រក្រតីឡើងវិញ ហើយនៅជាប់វិហារក្លាយជាសាលារៀនចិន ប៊ិន សៀង ដូចសព្វថ្ងៃ។ ជារឿយៗ ភ្ញៀវទេសចរបរទេសតែងតែចូលមកទស្សនាស្ថាបត្យកម្ម និង ស្វែងយល់អំពី ប្រវត្តិវិហារនេះតាមការនាំផ្លូវរបស់មគ្គុទ្ទេសក៏ទេសចរ។
៣ វិមានលោកយាយម៉ៅៈ វិមានលោកយាយម៉ៅមានទីតាំងស្ថិតនៅប្របមាត់ទន្លេសាប តាមបណ្តោយវិថី ទន្លេសាប ក្នុងភូមិសាស្រ្តក្រុមទី៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដើម្បីធ្វើដំណើរទៅដល់ទីនោះ អ្នកដំណើរទាំងអស់ត្រូវធ្វើដំណើរឆ្លងស្ពានជ្រោយចង្វារផុតទើបបត់ឆ្វេងដៃតាមផ្លូវក្រោមស្ពាន ជិះតាមមាត់ទន្លេរហូតប្រហែល៥គីឡូម៉ែត្រ ឬ ជិះចេញពីប្ញស្សីកែវ ឆ្លងស្ពានដែកបាឡេឫស្សីកែវ-ជ្រោយចង្វារផុត រួចបត់ស្តាំដៃតាមផ្លូវជាប់មាត់ទន្លេតែបន្តិចនឹងឃើញវិហារនោះហើយ។ វិមាន យាយម៉ៅស្ថិតនៅសងខាងផ្លូវ មួយនៅជាប់មាត់ទន្លេ មួយទៀតនៅជាប់ទីស្នាក់ការគណបក្សប្រជាជន កម្ពុជា។ អ្នករស់នៅតំបន់នោះទាំងចាស់ទាំងក្មេង នរណាៗក៏ស្គាល់វិហារចិនដ៏ស្រស់ស្អាតនេះដែរ។ អ្នកមានជំនឿតែងតែចូលអុជធូប ដុតក្រដាស និង សែនសំណែនផ្សេងៗតាមប្រពៃណីទំនៀមទម្លាប់របស់ ជនជាតិចិន ជាពិសេសក្នុងរដូវបុណ្យទាន។ នៅទីនោះ មានសំណង់សាសនាចំនួនពីរធំៗដែលគួរឲ្យចាប់ អារម្មណ៍ គឺ វិមានព្រះម៉ែគង់ស៊ីអ៊ីម ឬ គួងស៊ីអ៊ីម និង វិមានព្រះម៉ែទី៩ ហើយវិហារទាំងពីរនេះសុទ្ធតែបែរមុខ ទៅទិសខាងលិចសំដៅទៅរកមាត់ទន្លេ។ វិមានព្រះម៉ែគង់ស៊ីអ៊ីមសង់ទាបផ្ទាល់ដី រីឯវិមានព្រះម៉ែទី៩សង់ ច្រើនជាន់ខ្ពស់ទៅលើដូចជាប្រាសាទបុរាណចិនក្នុងរឿងព្រេងនិទាន។ នៅខាងមុខវិមានព្រះម៉ែទី៩ មានរូប សំណាកសត្វអណ្តើកយ៉ាងធំ ព្រមជាមួយអាងស្លឹកឈូកប្រកបដោយសោភ័ណភាពក្រៃលែង។ ចំពោះទេវរូប សំខាន់ៗសម្រាប់គោរពសក្ការៈមានជាច្រើនដូចជា ព្រះម៉ែគង់ស៊ីអ៊ីម លោកតាម្ចាស់ស្រុក ព្រះឥន្រ្ទាធិរាជ និង ទេវតាគួងកុង ជាដើម។ នៅជុំវិញបរិវេណវិមាននោះ មានដាំរុក្ខជាតិ និង ផ្កាលម្អចម្រុះពណ៌ជាច្រើនប្រភេទ។
៤ វិហារលោកតាសាថៃជឹៈ វិហារនេះជាវិហារចិនសង់ថ្មីក្រោយគេ តែមានរចនាបថបែបសាសនាចិនយ៉ាង ល្អវិចិត្រជាទីពេញនិយមសម្រាប់អ្នករស់នៅតំបន់តាខ្មៅ និង ជាទីដ៏សែនមនោរម្យស្រស់ត្រកាលសម្រាប់ បណ្តាអ្នកស្នេហាវិស័យថតរូបបែបស្ថាបត្យកម្មផងដែរ។ វិហារនេះមានទីតាំងស្ថិតនៅផ្លូវមាត់ទន្លេ ហួសផ្សារ តាខ្មៅបន្តិច ត្រង់ចំណុចកែងប្រសព្វរវាងស្ទឹងព្រែកត្នោត និង ទន្លេបាសាក់។ សព្វថ្ងៃ វិហារនេះសឹងតែក្លាយ ជាតំបន់រមណីយដ្ឋានមួយនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ទៅហើយ ព្រោះប្រជាជនជាច្រើនតែងនិយមទៅ កំសាន្តនៅម្តុំនោះយ៉ាងច្រើនកុះករ ជាពិសេសពេលល្ងាចបន្តិច។ នៅលើសំណង់ខ្លោងទ្វារដ៏ធំស្កឹមស្កៃ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណិតដែលសង់បែរមុខទៅរកច្រាំងទន្លេបាសាក់នោះបានបង្ហាញអំពី ប្រវត្តិស្ថាបត្យកម្មនេះថា វាត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសចំពោះលោកតា សា ថៃជឺ ដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានីកាលពីឆ្នាំ២០០៩ កន្លងទៅ។ ថ្វីត្បិតតែវិហារ សា ថៃជឺ មានទំហំតូចបន្តិចក្តី ប៉ុន្តែបូជនីយដ្ឋាននេះមានបរិវេណធំទូលាយងាយស្រួលរៀបចំ ពិធីបុណ្យសាសនាផ្សេងៗ ដូចជា កម្មវិធីឡកម៉ុងសាយ ជាដើម។ នៅចំហៀងវិហារជាប់នឹងផ្លូវថ្នល់ មានដើម ពោធិព្រឹក្សមួយដើមបែកមែកសាខាគួរជាទីគោរពបូជាដែលជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនឥណ្ឌាជូនរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ហើយត្រូវបានដាំក្រោមអធិបតីភាព សម្តេច ជា ស៊ីម កាលពីឆ្នាំ១៩៩១៕
Article by SRIN SOKMEAN