×

ហាង​ចំនួន​៣​នៅ​ភ្នំពេញ​លក់​តែ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​ស្រស់ៗ​ពី​ធម្មជាតិ​ឆ្ងាញ់​ល្អ​សម្រាប់​សុខភាព​

TRAVEL & LIVING 5 years ago
 
 

          ខ្វល់​ពី​ជំងឺ​កូរ៉ូណា​ណាស់​មែនទេ​ ? ចុះ​ទន្ទឹមនឹង​នេះ​ដែល​ខ្វល់​ពី​ភេសជ្ជៈ​ដែល​លោក​អ្នក​ជ្រើសរើស​ទទួល​ទាន​ប្រចាំថ្ងៃ​ដែរឬទេ? ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ យើង​សង្កេត​ឃើញ​ថា​ ប្រជាជន​កម្ពុជា​ជាពិសេស​កុមារ​និង​យុវវ័យ​កំពុង​និយម​ទទួល​ទាន​ភេសជ្ជៈ​កំប៉ុង​ ឬ ​ភេសជ្ជៈកែច្នៃ​ជា​ច្រើន​មុខ​ដែល​ទទួល​ឥទ្ធិពល​ពី​បរទេស​តាម​សម័យ​និយម​ ប៉ុន្តែ​យើង​ក៏​ដឹង​ថា​ភេសជ្ជៈ​ទាំង​នោះ​អាចបង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​នៅ​ពេល​ដែល​យើង​ទទួល​ទាន​វា​ហួស​កម្រិត​ឬញឹកញាប់​ពេក​ដូចជា​ជំងឺ​លើស​ទម្ងន់​ ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​រលាកសន្លាក់​  ជំងឺ​លើសឈាម​ ជំងឺបេះដូង ​ជំងឺពុកធ្មេញ ជាដើម ។ ល្មម​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​កែច្នៃ​មក​ទទួលទាន​ភេសជ្ជៈ​បែប​ធម្មជាតិ​ដើម្បី​រក្សា​សុខភាព​ទាំងអស់​គ្នា​! តោះ! មក​ស្គាល់​យីហោ​ហាង​ចំនួន០៣​នៅ​ភ្នំពេញ​ដែល​យល់​ច្បាស់​អំពី​បញ្ហា​សុខភាព​ ហើយ​បាន​ពាំ​នាំ​មក​នូវ​ជម្រើស​ភេសជ្ជៈ​ជំនួយ​សុខភាព​ចម្រាញ់​ចេញ​ពី​បន្លែផ្លែឈើស្រស់ៗ​ មិន​លាយទឹក​ មិន​បន្ថែម​ ជាតិស្ករ​ ឬ ​រសជាតិ​ផ្លែឈើ​សិប្បនិម្មិត​ មិន​ប្រើ​ល័ក្តពណ៌​ និង ដាក់​សារធាតុគីមី​រក្សាទុក​ឱ្យ​បាន​យូរ​ឡើយ​ ធានា​ធម្មជាតិ​១០០ភាគរយ​តែម្តងណា!​

          ១. ហាងភេសជ្ជៈផ្សំពីទឹកអំពៅ ខូខេន (Cocane Sugarcane Juice) ទឹក​អំពៅ​ជា​ភេសជ្ជៈ​ធម្មជាតិ​បែប​ប្រពៃណី​ដ៏​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​យូរលង់​ណាស់​មក​ហើយ​ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ កូនខ្មែរ​ជំនាន់​ក្រោយ​បាន​កែច្នៃ​ទឹក​អំពៅ​ទៅ​ជា​ផលិតផល​ភេសជ្ជៈ​ប្រេន​ដាក់​លក់​នៅ​ក្នុង​ហាង​ទំនើប​នៅ​រាជធានីភ្នំពេញ​ ។ មុនដំបូង ស្ថាបនិក​ភេសជ្ជៈ​ខូខេន​បានលក់​ភេសជ្ជៈ​ទឹកអំពៅ​ច្នៃថ្មី​នេះតាមរទេះ​ ហើយ​ក្រោយ​មក​ក៏​វិវឌ្ឍក្លាយ​ជា​តូបលក់​តូចមួយ​នៅ​ខែ​មិថុនា​ ឆ្នាំ២០១៨ ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ទួលទំពូង​ កែងផ្លូវ ៤៦៤ និង ផ្លូវ ១៥៥។ នៅ​ចុង​ខែ​មករា​ឆ្នាំ២០១៩​ អាជីវកម្ម​នេះ​បាន​លេច​ចេញ​ជាហាង​នៅ​ផ្លូវលេខ​ ៣១៧ កែងនឹងផ្លូវ ៥២៨ ខណ្ឌទួលគោក។ នៅ​ខែកញ្ញា ឆ្នាំ២០១៩ ខូខេន​បាន​បើក​សាខា​ហាង​មួយ​ទៀត​នៅ​ទីតាំង​ទួលទំពូង​ដដែល​។ សព្វថ្ងៃ ផលិតផល​ទឹក​អំពៅ​ជំនាន់ថ្មី​របស់​ខូខេន​មាន​រហូតដល់​៩រសជាតិ​ រួមមាន រសជាតិ​ទឹកអំពៅ​សុទ្ធ​ រសជាតិដើម (លាយក្រូច) រសជាតិ​ស្លឹកតើយ​ រសជាតិ​ម្នាស់ រសជាតិ​ក្រូចឆ្មារ​ជីអង្កាម រសជាតិ​ម្ជូរប្រឹក្ស​ រសជាតិខ្ញី រសជាតិផាសិន និង រសជាតិស្លឹកត្រចៀកក្រាញ់​ ដែលមាន​តម្លៃ​ត្រឹមតែ​ចន្លោះ​ពី១.១ ដុល្លារ ដល់ ១.៧ ដុល្លារ​។  រសជាតិ​នីមួយៗ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផ្សេងៗ​គ្នា​ ដូចជា ម្ជូរប្រឹក្ស​ជួយ​ការពារ​ជំងឺបេះដូង​ ទឹកនោមផ្អែម និង សន្លាក់, ស្លឹកតើយ ជួយព្យាបាលជំងឺលើសឈាម, ផាសិន សម្បូរវីតាមីន C, B3 & B6 ជំរុញ​អរម៉ូន​ជំនួយ​ដល់​ការ​លូតលាស់​នៃរាងកាយ,​ ជីអង្កាម បំបាត់​បាក់តេរី​ក្នុងមាត់​ ធ្វើឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ ។ ក្រៅពី​ទឹកអំពៅ​លាយ​ផ្លែឈើ​ធម្មតា ខូខេន​ក៏មាន​ភេសជ្ជៈ​ប្រភេទក្រឡុក​ smoothie ដែល​មាន​ទាំង​៩រសជាតិ​ខាងលើ​ តម្រូវ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​។ ហាងនេះ​បើក​លក់​ពី​ម៉ោង​៩ព្រឹក​ដល់​ម៉ោង៨យប់​ជា​រៀងរាល់ថ្ងៃ​។

          ២. ហាងទឹកផ្លែឈើធម្មជាតិ ជូស ហ្វីត (Juice Fit) ហាងនេះ​ជា​ហាង​ភេសជ្ជៈ​តូច​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារលេខ​ ៤៥ ផ្លូវលេខ ៤៥៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អាជីវកម្ម​នេះ​ទើប​តែ​បើក​ដំណើរ​ការ​កាល​ពីចុង​ ឆ្នាំ២០១៨ កន្លង​ទៅ​នេះទេ​។ ថ្វីដ្បិត​តែ​ជា​ហាង​តូច​ហើយ​ទើប​តែ​បើក​ដំណើរ​ការ​បាន​ជាង​មួយ​ឆ្នាំតែ​ហាង Juice Fitសម្បូរ​ភេសជ្ជៈ​ធម្មជាតិ​ស្រស់ៗ​ដែល​មាន​គុណ​ប្រយោជន៍​ខ្ពស់​ចំពោះ​សុខភាព​រហូត​ដល់​ជាង​២០មុខ​ ពិត​ជាមិន​ធម្មតា​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​។ភេសជ្ជៈ​ទាំងអស់​ដែល​កំពុង​មាន​លក់​នៅ​ហាងនេះ​ត្រូវ​បាន​បែងចែក​ជា​ពីរប្រភេទ​សំខាន់ៗ​ គឺ ទឹកផ្លែ​ឈើចម្រុះ​កៀបត្រជាក់​ (Mix-Cold Pressed)   និង ទឹក​ក្រឡុក​ផ្លែឈើចម្រុះ​ (Mix-Smoothie) ហើយ​ក្នុង​ចំណោម​ភេសជ្ជៈ​ទាំងពីរ​ប្រភេទ​នេះ​ក៏​មាន​ចែក​ចេញ​ជា​ប្រភេទ​តូចៗ​ជាច្រើន​ទៀត​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ផ្នែក​សុខភាព​ជាក់ស្តែង​របស់​អ្នក​ប្រើប្រាស់​ ដែល​ក្នុង​នោះ​រួមមាន​ ភេសជ្ជៈ​ឡើងទម្ងន់​ (Weight Gain) ភេសជ្ជៈ​បំប៉ន​កម្លាំង​ (Power Up) ភេសជ្ជៈ​រក្សារាង​ និង ថែ​រក្សា​ស្បែក​ (Slimmy & Skin Care) ភេសជ្ជៈ​ទឹកផ្លែ​ឈើ​ស្រស់​សុទ្ធ​ (Single Juice) និង ប្រភេទ​ផ្លែឈើ​ក្រឡុក​ដាក់ចាន​ (Smoothie Bowl) ។ ក្នុង​ឱកាស​នេះ​ Juice Fit សូម​ណែនាំ​ភេសជ្ជៈ​ពិសេសៗ​ប្រចាំ​ហាង​ចំនួន​ប្រាំមុខ​ គឺ ភេសជ្ជៈ​ Boost Energy សម្រាប់​ជំនួយ​ថាមពល​មុន​និង​ក្រោយ​ពេល​លេងកីឡា​, ភេសជ្ជៈ Slim Me សម្រាប់សម្រក​ទម្ងន់​ និង ជំនួយ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​, ភេសជ្ជៈ Berry Slim សម្រាប់​រាង​ស្អាត​ និង ជំនួយ​ស្បែក, Controls Aging សម្រាប់​កាត់​បន្ថយ​ភាពចាស់​ជាងវ័យ​ និង Fountain of Youth សម្រាប់​ជំនួយ​សុខភាព​ស្បែក​និងសក់​។ ហាងនេះ​បើក​លក់​ពី​ម៉ោង៨ព្រឹក​ដល់​ម៉ោង៩យប់​ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍​ និង ត្រឹម​ម៉ោង៨យប់​នៅ​ថ្ងៃអាទិត្យ​។

Image Courtesy: by Juice Fit

          ៣. ហាងទឹកបន្លែផ្លែឈើជំនួយសុខភាព ម៉ារុ (Maru)  ម៉ារុ ជា​ភាសាជប៉ុន​មានន័យ​ថា «រង្វង់» ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​វដ្ត​អាហារ​នាំ​មក​នូវ​និរន្តរភាព​សុខភាពល្អ​ ត្រូវ​បាន​ជ្រើសរើស​មក​ប្រសិទ្ធ​នាម​ឱ្យ​ហាង​លក់​ភេសជ្ជៈ​ទឹក​បន្លែផ្លែឈើ​ធម្មជាតិ​មួយ​ដែល​មាន​ស្លាកយឺហោ​ពេញ​ Maru Food & Drink Station ទើប​នឹង​លេច​រូបរាង​កាល​ពី​ខែមីនា​ឆ្នាំ ២០១៩។ ស្ថាបនិក​ហាង​បាន​ចំណាយ​ពេល​ប្រមាណ​ប្រាំឆ្នាំ​សិក្សា​ទៅ​លើ​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​បន្លែផ្លែឈើ​ រូបមន្ត​លាយ​រសជាតិ​បញ្ចូលគ្នា​នៃ​ទឹក​បន្លែផ្លែឈើ​ ហើយ​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ពី​ស្តង់ដារ​អនាម័យ​និង​ការរក្សា​ទុក​នៅ​ឯប្រទេសជប៉ុន ​។ បញ្ជីរាយ​នាម​ភេសជ្ជៈ​បន្លែផ្លែ​ឈើ​ត្រូវ​បាន​បែងចែក​ភេសជ្ជៈ​ចេញ​ជាពីរផ្នែក​គឺ​ ភេសជ្ជៈ​គោល​បំណង​ ដែល​ជា​ភេសជ្ជៈ​ទទួលទាន​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ការពារ​សុខភាព​ឬជំនួយ​សុខភាព​ទៅ​លើ​ផ្នែក​ណាមួយ​ (ឧទា: ទឹក Power Green បញ្ចុះ​ជាតិពុល​ ជំនួយ​ក្រពះ​ពោះវៀន​ និងកម្ចាត់​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម​, ទឹក Doctor Told Use កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម) ។ មួយទៀត គឺ ភេសជ្ជៈបង្កើន​អារម្មណ៍​ស្រស់ស្រាយ​ ដែលជំនួយ​ទាំង​កម្លាំង​ បង្កើន​ទាំង​ប្រាជ្ញា​ស្មារតី​ និង​បំបាត់​ភាព​តានតឹង​ (ឧទា: ទឹក Tropical Party មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់​ជារូបមន្ត​ផ្លែឈើ​បីមុខ​មញ្ចូល​គ្នា​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយភ្លាមៗ​ ស័ក្តិសម​សម្រាប់​អ្នកធ្វើ​ការអង្គុយ​មុខកុំព្យូទ័រ​ច្រើនម៉ោង)​ ។  ក្រៅ​ពីភេសជ្ជៈ​រៀបរាប់​ខាង​លើ​នេះ​ ក៏​នៅ​មាន​ភេសជ្ជៈ​រូបមន្ត​ពិសេសៗ​ច្រើន​មុខ​ទៀត​មាន​អត្ថប្រយោជន៍​ដូចជា​ ជួយ​សម្រស់​ស្បែក​ភ្លឺថ្លា​ក្មេង​ជាងវ័យ​ ជំនួយឆ្អឹង​ បេះដូង​ និង ជួយឲ្យ​គេង​លក់​ស្រួល​ជាដើម​។ ដោយឡែក សម្រាប់​ភេសជ្ជៈ​ក្រឡុក​ ករណី​ភ្ញៀវ​ចង់​បាន​រសជាតិ​ផ្អែម​ ម៉ារុនឹងប្រើប្រាស់​ស្ករ​អំពៅ​ធម្មជាតិ​តម្រូវ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​។ ហាង​នេះស្ថិត​នៅ​ផ្ទះលេខ ០៦ ផ្លូវលេខ ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកលក់ពីម៉ោង៧:៣០ព្រឹក ដល់ម៉ោង ៨:៣០យប់៕

Article by SRIN SOKMEAN​ 

Image Courtesy:  MARU CAMBODIA

 


SUGGESTIONS