ចុងសប្តាហ៍របស់អ្នកនឹងកាន់តែពិសេសជាមួយនឹងម្ហូបអាហារប៉ុន្មានមុខនេះ
TRAVEL & LIVING 5 years agoសូវរីន ដឹងថាប្រិយមិត្តច្រើនមមាញឹកជាមួយនឹងការងារ ការប្រកបមុខរបរផ្សេងៗយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពុំសូវជាមានពេលវេលាគ្រប់គ្រាន់សម្រាប់ចម្អិនម្ហូបច្រើនមុខនោះទេ តួយ៉ាង អ្នកច្រើនមានពេលទំនេរគ្រប់គ្រាន់នាចុងសប្តាហ៍តែប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសនាចុងសប្តាហ៍នេះដែរ សូវរីន នឹងបង្ហាញប្រិយមិត្តនូវម្ហូបអាហារចំនួន៥មុខដែលមានភាពងាយស្រួលក្នុងការចម្អិន ហើយថែមទាំងចំណេញពេលវេលាថែមទៀត។
១. មឹកដុត
*គ្រឿងផ្សំ:
- មឹកបំពង ១គីឡូ
- សាច់ជ្រូក ចិញ្ច្រាំ ៥០០ក្រាម
- មីសួ្ ២ដុំ (យកទៅត្រាំទឹកសិន)
- បង្គាក្រៀម ១ខាំ (យកទៅត្រាំទឹកសិន)
- ខ្ទឹមស ៥កំពឹស
- ម្រេច ២ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម ១ស្លាបព្រាបាយ
- ការ៉ុត ៣-៤ កង់ ( ហាន់ល្អិតៗ )
- ខឹ្ទមបារាំង ១ ចំហៀង ( ហាន់ល្អិតៗ )
- សណែ្កកកួរ ( កាត់វាមួយចង្អុលដៃ )
- ទឹកត្រី ២ ស្លាបព្រាកាហ្វេ
- ស្ករ ២ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ២ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ: ដំបូងយើងត្រូវយកមឹកមកបកស្បែកខាងក្រៅចេញ និងហូតយកពោះ ព្រមទាំងក្បាល រួចលាងទឹកឲ្យស្អាតរួចទុកមួយឡែកសិន។ បន្ទាប់មកទៀតយើងយកសាច់ជ្រូកមកលាយគ្រឿងដែលមានដូចជា ទឹកត្រី ស្ករ ម្សៅស៊ុបមាន់ អំបិល ស្លឹកខឹ្ទម ម្រេច ខ្ទឹមស បង្គាក្រៀម ការ៉ុត និងខ្ទឹមបារាំងហើយកូរចូលគ្នាឲ្យសព្វគ្រឿងអស់ទើបយកទៅញាត់ក្នុងមឹក និងញាត់សណែ្កកកួរពីលើរួចឆូតពីបីឆ្នូតដូចនៅក្នុងរូប បន្ទាប់មកយកមឹកនោះទៅដុតដោយទុករយៈពេលប្រហែលជា១៥នាទី រហូតឃើញថាវាឆ្អិនបានល្អទាំងសាច់ខាងក្នុង និងខាងក្រៅជាការស្រេច។ ជាចុងក្រោយយើងអាចស្រោចទឹកត្រីបុកបន្ថែមពីលើមឹកដុតទៀតប្រសិនបើអ្នកចូលចិត្តរសជាតិដិតៗ៕
២. បុកកាពិ
*គ្រឿងផ្សំ៖
- កាពិ ៣ស្លាបព្រាបាយ
- បង្គាក្រៀម ២ស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន)
- ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម
- ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ
- ស្ករ និងទឹកត្រី មួយមុខ ២ស្លាបព្រាបាយ
- ត្រីប្លាធូ (តាមចំណង់ចំណូលចិត្ត)
- បន្លែអន្លក់មាន ស្ពៃក្តោប ត្រសក់ ត្រប់ ... (តាមចំណង់ចំណូលចិត្ត)
វិធីធ្វើ៖ យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម ចាំយកកាពិទៅអាំងឬដុតមួយសន្ទុះដើម្បីឲ្យវាឆ្អិនរួចទុកមួយឡែកសិន។ បន្ទាប់មកយកបង្គាក្រៀមបុកឲ្យម៉ដ្ឋល្មមហើយដួសទុកមួយកន្លែងចាំយកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់ បុកចូលគ្នាឲ្យម៉ដ្ឋល្មម រួចដាក់កាពិ និងបង្គាក្រៀមចូល បុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ត្រប់ពុតលំញងចូល និងម្ទេសចូលទៅជាការស្រេច៕
៣. ស្លំក្រហម
*គ្រឿងផ្សំ:
- បង្គាក្រៀម ២ខាំ
- គ្រាប់ Cuminបន្តិច
- ម្ទេសខៀវ ៣ផ្លែ
- ស្លឹកក្រូចសើច ៣-៤ស្លឹក
- ខឹ្ទមបារាំង កន្លះកូនចានចង្កឹះ
- ម្ទេសក្រហម និង ម្ទេសខៀវ ( ហាន់កង់ៗ )
- ម្សៅរមៀត ១/៤ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
- ម្សៅម្ទេសក្រហម ១ស្លាបព្រាបាយ
- ទឹក ១០០មីលីត្រ (មួយកូនកែវ)
- ម្សៅ garam masala ១/២ ស្លាបព្រាបាយ
- ម្សៅ daniya ១/២ ស្លាបព្រាបាយ
វិធីធ្វើ ដំបូងយើងត្រូវដាក់ប្រេងឆាទៅក្នុងខ្ទះឲ្យក្តៅសិនចាំដាក់គ្រាប់ Cumin ម្ទេសខៀវស្លឹកក្រូចសើច ខឹ្ទមបារាំង ម្ទេសក្រហម និងម្ទេសខៀវ រួចយើងឆាវាឲ្យបន្លែយើងរាងឆ្អិនបន្តិចចាំដាក់បង្គាក្រៀមដែលយើងត្រាំទឹករួចចូលទៅ ហើយបន្ថែមគ្រឿងដែលមានដូចជា ម្សៅរមៀត អំបិល ម្សៅម្ទេសក្រហម។ បន្ទាប់មកយើងចាក់ទឹក(មួយកូនកែវ)ចូលទៅរួចរម្ងាស់ទុកប្រហែល៥នាទីសិនចាំចាក់ម្សៅ garam masala ម្សៅ daniya ហើយកូរវាឲ្យសព្វជាការស្រេច៕
៤. សៀវម៉ៃស្ពៃក្តោបសាច់ត្រី
*គ្រឿងផ្សំ
- ស្ពៃក្តោប ១ផ្លែ
- ប្រហិតត្រី ៣០០ក្រាម
- ស្លឹកខ្ទឹម ហាន់
- ម្រេច ១ស្លាបព្រាកាហ្វេ
- ការ៉ុត ហាន់ៗល្អិត ២ស្លាបព្រាបាយ
- អំបិលស៊ុប កន្លះស្លាបព្រាបាយ
- ជីរវ៉ាន់ស៊ុយ
វិធីធ្វើ ដំបូងយើងត្រូវយកស្នូលកណ្តាលនៃស្ពៃក្តោបចេញរួចហើយចាំយើងបកវាជាស្រទាប់ៗរួចយកទៅលាងទឹកឲ្យស្អាត បន្ទាប់មកទៀតយកស្ពៃក្តោបទៅដាក់ស្ងោរដើម្បីឲ្យងាយស្រួលក្នុងការខ្ចប់ជាមួយប្រហិតត្រីរបស់យើង ជាចុងក្រោយយើងក៏អាចយកប្រហិតត្រីដែលខ្ចប់ជាមួយស្ពៃក្តោបទៅចំហុយក្នុងឡាំងសឹងទុករយៈពេលប្រហែល១៥ទៅ២០នាទីជាការស្រេច៕ (យើងក៏អាចទទួលទានជាមួយទឹកស៊ីអ៊ីវឬទឹកម្ទេសទៅតាមចំណូលចិត្ត)
៥. ស៊ុបផ្សិតបែបគ្រីម
*គ្រឿងផ្សំ
- ផ្សិតខ្មៅ ៣០០ក្រាម
- ខឹ្ទមបារាំង មួយកូនចានចងឹ្កះ
- ខាត់ណាខៀវ ១០០ក្រាម
- ប័រ ២ស្លាបព្រាបាយ
- ទឹកដោះគោស្រស់ ១កូនកែវ
- ទឹកស៊ុបផ្សិតកំប៉ុង (មួយចានគោម)
- ប្រេងអូលីវ ១ស្លាបព្រាបាយ
- ម្សៅអង្ករ ៣ស្លាបព្រាបាយ (លាយទឹកបន្តិច)
- ស្រា ២ស្លាបព្រាបាយ (សម្រាប់ធ្វើម្ហូប)
- អំបិល ២ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- Oregano (សម្រាប់រោយពីលើ)
- Parsley (សម្រាប់ដាក់ពីលើ)
- ទឹក (បន្តិច)
វិធីធ្វើ ជាដំបូងយើងត្រូវដាំឆ្នាំងឲ្យក្តៅរួចដាក់ប័រកូរឲ្យរលាយហើយដាក់ខ្ទឹមបារាំង ខាត់ណាខៀវ និងផ្សិតចូលទៅជាមួយគ្នាតែម្តង។ ឆាដល់បន្លែជិតឆ្អិនបន្តិចទើបចាក់ទឹកស៊ុបនិងគ្រឿងផ្សំចូលដែលមានដូចជា ស្ករស អំបិល ម្សៅអង្ករ ប្រេងអូលីវ និងស្រារួចរំងាស់ដល់បន្លែនិងទឹកស៊ុបចូលជាតិសិនចាំភ្លក់រសជាតិថាតើល្មមត្រូវនឹងចំណូលចិត្តជាការស្រេច។ (បញ្ជាក់៖ ប្រសិនបើអ្នកមិនចូលចិត្តស៊ុបបែបខាប់ទេ អំឡុងពេលចម្អិនអ្នកអាចបន្ថែមទឹកបន្តិចទៀតជាការស្រេច)សូវរីនជឿថា អ្នកនឹងចម្អិនម្ហូបទាំងអស់នេះមានឱជារសឈ្ងុយឆ្ញាញ់បំផុតផងដែរ។ ដូច្នេះ សូមកុំភ្លេចណាតាមដានមុខម្ហូបថ្មីបន្តទៀតនាសប្តាហ៍ក្រោយទាំងអស់គ្នា៕
Article by CHHOEM POVTHIDA