ច្នៃមុខម្ហូបច្រើនមុខប្លែកៗជាមួយនឹងបន្លែថ្នាំធម្មជាតិ «គូឆាយ»
TRAVEL & LIVING 5 years agoគូឆាយជាឈ្មោះបន្លែមួយប្រភេទមានស្លឹកសំប៉ែតតូចវែងស្មើចុងស្មើដើម អ្នកខ្លះហៅជីឆាយ អ្នកខ្លះហៅស្លឹកឆាយ ហើយអ្នកខ្លះទៀតហៅកាឆាយជាដើម។ បន្លែដែលដុះចេញដូចជាដើមខ្ទឹមនេះ ភាគច្រើនផ្កាវាគេយកទៅឆាជាម្ហូប រីឯស្លឹកគេប្រើធ្វើជាម្ហូបផង បន្លែផង និងធ្វើជានំដែលរាល់ដងយើងតែងហៅថានំគូឆាយនោះឯង។ ម៉្យាងវិញទៀត គូឆាយ ប្រៀបដូចជាឱសថធម្មជាតិដ៏កម្រដោយរាល់ពេលទទួលទានកាលណា វានឹងជួយសម្រួលអាការហើមពោះ សម្រួលការរំលាយអាហារ និងជួយសម្រួលផ្លូវដង្ហើមផងដែរ។ ជាទូទៅ យើងធ្លាប់តែឃើញគូឆាយត្រូវបានគេយកធ្វើជាម្ហូបឆា និងនំ ប៉ុន្តែថ្ងៃនេះ សូវរីន នឹងច្នៃគូឆាយទៅជាមុខម្ហូបឈ្ងុយឆ្ងាញ់បែបប្រណីតដោយមានលម្អិតជាប្រភេទ ចៀន ដុត អាំង យ៉ាងពិសេសដូចខាងក្រោម៖
១. នំពោតចៀនគូឆាយ
*គ្រឿងផ្សំ
- ស្លឹកគូឆាយ ៥០ក្រាម
- ពោតហាវៃ ១ផ្លែ
- ម្ទេសហាវៃ ខៀវ ក្រហម លឿង មួយមុខពីរស្លាបព្រាបាយ
- ការ៉ុត ២ស្លាបព្រាបាយ
- ខ្ទឹមស ១កំពឹស
- ពងមាន់ ១គ្រាប់
- ម្សៅឆា ៣ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ១សន្លឹក
- អំបិល បន្តិច
- ស្ករស មួយចឹប
- ជីរវ៉ាន់ស៊ុយ បន្តិច
- ម្សៅម្ទេស ២ស្លាបព្រាកាហ្វេ
- ក្រែមទឹកដោះគោ ១ស្លាបព្រាបាយ
វិធីធ្វើ៖
ដំបូងយើងត្រូវយកពោតមកស្ងោរឲ្យឆ្អិនជាមុនសិន បន្ទាប់មកប្រឡេះគ្រាប់ដាក់ចាន ចំណែកម្ទេសហាវៃខៀវក្រហមលឿងហាន់ល្អិតៗ ស្លឹកគូឆាយហាន់ល្អិតៗ ការ៉ុតហាន់ល្អិតៗ និងស្លឹកក្រូចសើចហាន់សរសៃៗ បន្ទាប់មកយកបន្លែទាំងនេះមកច្របល់ជាមួយគ្រឿងផ្សំផ្សេងទៀតដូចជា ខ្ទឹមស ពងមាន់ ម្សៅឆា ស្លឹកក្រូចសើច អំបិល ស្ករស និងម្សៅម្ទេស។ ពេលកូរក្លាយជាល្បាយតែមួយ យើងចាប់ផ្តើមដាក់ភ្លើងដាំខ្ទះឲ្យក្តៅចាក់ប្រេងឆាចូលហើយដួសល្បាយពោតដាក់ចៀនជាបន្ទះតូចៗចៀនត្រឡប់ចុះត្រឡប់ឡើងរហូតឃើញឆ្អិនឡើងក្រហមល្អទើបដួសដាក់ចានបន្ថែមដោយគ្រីមនិងជីរវ៉ាន់ស៊ុយពីលើជាការស្រេច៕
២. តៅហ៊ូចៀនស្នូលពងទាគូឆាយ
*គ្រឿងផ្សំ
- តៅហ៊ូ ៤ដុំ
- ស្លឹកគូឆាយ ៥០ក្រាម
- ខ្ទឹមសចិញ្ច្រាំ ២០ក្រាម
- ខ្ទឹមក្រហម ២០ក្រាម
- ម្សៅឆា ១ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ឋ មួយចុងស្លាបព្រាកាហ្វេ
- ទឹកស៊ីវអ៊ីវ ២ស្លាបព្រាកាហ្វេ
- ទឹកប្រេងខ្យង កន្លះស្លាបព្រាបាយ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ប្រេងឆា
- ពងមាន់ ២គ្រាប់
- ម្ទេស
វិធីធ្វើ៖
ជាដំបូងយើងត្រូវយកតៅហ៊ូមកហាន់ជាបន្ទះស្តើងៗល្មមហើយចោះប្រឡោះកណ្តាលតៅហ៊ូជារាងមូលឬជ្រុងដូចទៅនឹងរូបរួចទុកមួយឡែកសិន។ ចាប់ផ្តើមលាយគ្រឿងដោយយកពងមាន់មកគោះដាក់ចាន ហើយដាក់គ្រឿងផ្សំដូចជា ខ្ទឹមក្រហម ខ្ទឹមស ប៊ីចេង ម្រេចម៉ដ្ឋ ទឹកស៊ីវអ៊ីវ ប្រេងខ្យង ស្ករស ម្សៅឆា ស្លឹកកាឆាយ(ហាន់ល្អិតៗ) និងសាច់តៅហ៊ូឆ្កៀលចេញមកវាយចូលគ្នាឲ្យសព្វក្លាយជាល្បាយតែមួយ។ ដល់ពេលចម្អិនដាក់ខ្ទះដាំភ្លើងឲ្យក្តៅចាក់ប្រេងឆាចូល បន្ទាប់មកយកតៅហ៊ូចោះរួចដែលត្រៀមទុកនោះដាក់ចៀនហើយបន្ថែមដួសល្បាយលាយរួចមកដាក់ចំប្រឡោះតៅហ៊ូដែលចោះ។ ចៀនត្រឡប់ទៅត្រឡប់មករហូតឃើញថាឆ្អិនល្អដល់ក្នុងទើបយើងដួសដាក់ចានទទួលទានជាការស្រេច៕
៣. គ្រីមកាឆាយពិសេស
*គ្រឿងផ្សំ
- គ្រាប់ស្វាយចន្ទី ១០០ក្រាម
- ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
- ម្រេចខ្មៅ ២ស្លាបព្រាកាហ្វេ
- ម្សៅម្ទេស ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ២កំពឹស
- ស្លឹកគូឆាយ៥០ក្រាម
- ទឹកបន្តិច
- យាអួរ ៣ស្លាបព្រាបាយ
វិធីធ្វើ៖
ដំបូងត្រូវយកគ្រាប់ស្វាយចន្ទីមកត្រាំទឹកឲ្យរីកជាមុនសិន បន្ទាប់មកយកវាមកកិនដោយបន្ថែមដាក់ទឹកក្រូចឆ្មារ ម្រេចខ្មៅ ម្សៅម្ទេស អំបិល ខ្ទឹមស និងទឹកបន្តិចកិនចូលគ្នាឲ្យម៉ដ្ឋ រួចដាក់ស្លឹកគូឆាយ(ហាន់ល្អិត) និងយាអួរកិនចូលគ្នាឲ្យម៉ដ្ឋម្តងទៀតជាការស្រេច។ ចំពោះគ្រីមពិសេសនេះដែរយើងអាចយកវាទៅផ្ទាប់ញុំាជាមួយបន្លែឬធ្វើអន្លក់ពពួកសាច់អាំងឬញុំាជាមួយនំប៉័ងក៏នឹងបង្កើនឱជារសកាន់តែឈ្ងុយឆ្ងាញ់ពិសា៕
៤. សាច់ជ្រូករុំស្លឹកគូឆាយបែបកូរ៉េ
គ្រឿងផ្សំ៖
- សាច់ជ្រូក ៥០០ក្រាម
- ស្លឹកគូឆាយ ១០០ក្រាម
- ខ្ទឹមស ៣កំពឹស
- ល្ងស ១ស្លាបព្រាបាយ
- គ្រឿងកូរ៉េ ១ស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិលស៊ុប ២ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ចង្កាក់ដោតសាច់
វិធីធ្វើ៖
ដើម្បីបានសាច់ចង្កាក់រុំ ជាដំបូងយើងត្រូវប្រឡាក់សាច់ជាមុនសិនដោយយកសាច់ជ្រូកមកហាន់ជាបន្ទះស្តើងៗហើយធ្វើការប្រឡាក់ជាមួយគ្រឿងផ្សំដែលមានដូចជា ខ្ទឹមស(ដំឲ្យបែក) ល្ងស គ្រឿងកូរ៉េ អំបិលនិងស្ករសច្របាច់ចូលគ្នាឲ្យសព្វហើយទុកចោលរយៈពេលប្រមាណ២០នាទី។ ខណៈកំពុងរង់ចាំសាច់ចូលជាតិ យើងឆ្លៀតមកត្រៀមគូឆាយដោយយកស្លឹកគូឆាយលាងទឹកឲ្យស្អាតរួចហាន់ទទឹងៗប្រវែងពីរថ្នាំងដៃដើម្បីទុកសម្រាប់រុំជាមួយសាច់។ ក្រោយសាច់និងគ្រឿងចូលជាតិគ្នាល្អហើយ យើងចាប់ផ្តើមយកសាច់ប្រឡាក់នោះមករុំជាមួយស្លឹកគូឆាយហើយដោតចង្កាក់ជាដុំៗដូចក្នុងរូប បន្ទាប់មកយកទៅដុតក្នុងចង្ក្រានភ្លើងអគ្គិសនីរយៈពេល២០នាទីល្មមឃើញឆ្អិនតាមការគួរជាការស្រេច៕
Article by CHHOEM POVTHIDA