ដូចដែរប្រិយមិត្តបានជ្រាបហើយថាខណៈពេលនៃការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឲ្យវិស័យសំខាន់ៗត្រូវបានផ្អាកដំណើរការស្ទើរតែគ្រប់បណ្តាប្រទេសនីមួយៗលើសកលលោក។ ថ្វីដ្បិតតែយ៉ាងដូច្នេះមែន ប៉ុន្តែភាពច្នៃប្រតិដ្ឋរបស់មនុស្សម្នាក់ៗនៅតែមានការវិវត្តឥតឈប់ឈរ តួយ៉ាង អ្នកច្នៃម៉ូដសម្លៀកបំពាក់ក្នុងវិស័យហ្វេហ្សិននៅតែបន្តកាតព្វកិច្ចរបស់ខ្លួនក្នុងការរចនាម៉ូដដដែល ហើយនេះមិនខុសពីអ្នកច្នៃម៉ូដហ្វេហ្សិននៅកម្ពុជាប៉ុន្មាននោះទេដែលនៅតែបន្តការរចនាម៉ូដសម្លៀកបំពាក់ហ្វេហ្សិនឲ្យស្របតាមរដូវកាល។
ជំនួបជាមួយនឹងអ្នកច្នៃម៉ូដវ័យក្មេង ពោរពេញដោយទេពកោសល្យ និងភាពច្នៃប្រតិដ្ឋ កញ្ញា សុខ មួយគៀង ជានិស្សិតនៃសាកលវិទ្យាល័យ លីម កុកវីង បានរចនាម៉ូដសម្លៀកបំពាក់ហ្វេហ្សិនយ៉ាងស្រស់ប្រណិតបែបអេឡេហ្គង់ចំនួនប្រមាណជាង ៦ឈុត មានឈ្មោះថា «Famillia» ដែលខូឡិកហ្សិននេះច្នៃឡើងដ៏ពិសេសសម្រាប់ឆ្នាំ២០២០ និង២០២១ នៃចន្លោះរដូវសរទរដូវ និងសសិររដូវ (Fall/Winter 2020-2021)។ យ៉ាងណាមិញ ប្រសិនបើអ្នកក្រឡេកមើលម៉ូដខូឡិកហ្សិន Famillia មួយប៉ប្រិចភ្នែក ឬពីចម្ងាយអ្នកប្រាកដជាសន្មត់ថាម៉ូដសម្លៀកបំពាក់នេះបានរចនាឡើងក្នុងរចនាប័ទ្មព្រះអាទិត្យ ឬជាគ្រាប់ពេជ្យដ៏មានតម្លៃជាមិនខាន ប៉ុន្តែប្រសិនបើតាមអ្នកច្នៃម៉ូដវ័យក្មេង មួយគៀង បានឲ្យដឹងផងដែរថា ខូឡិកហ្សិនប្រមាណជាង ៦ឈុត ត្រូវបានរចនាក្នុងទម្រង់មុខមនុស្សចំនួន ៤នាក់ដែលជាសមាជិកគ្រួសាររបស់កញ្ញា។
កញ្ញា សុខ មួយគៀង
ទន្ទឹមនឹងនេះ មួយគៀង បានបង្ហាញយ៉ាងដូច្នេះដែរថា «ខូឡិកហ្សិន Famillia ត្រូវបានច្នៃក្នុង concept family មានន័យថាច្នៃពីការស្រឡាញ់គ្រួសារ ក៏ព្រោះតែ concept នេះប្លែកដែលពុំមាននរណាម្នាក់ច្នៃនោះទេ ម៉្យាងវិញទៀត វាជា project ដ៏សំខាន់សម្រាប់ខ្ញុំផងនោះទើបខ្ញុំសម្រេចចិត្តច្នៃខូឡិកហ្សិននេះឡើង ហើយតាមរយៈខូឡិកហ្សិននេះខ្ញុំចង់បង្ហាញឲ្យម៉ាក់ប៉ាខ្ញុំបានដឹងថាដោយសារតែគាត់ ទើបធ្វើឲ្យខ្ញុំមកដល់ថ្ងៃនេះ»។ ម៉្យាងវិញទៀត កញ្ញា មួយគៀង បានបង្ហាញ សូវរីន ឲ្យដឹងថា ខូឡិកហ្សិន Famillia មានពណ៌សាច់ និងពណ៌ស រីឯ នៅក្នុងផ្កាព្រិលមានទម្រង់មុខមនុស្សដែលមាន scale ពណ៌ឈាមជ្រូកដិតបែកក្រឡាបន្តិចនៅលើជួរតែមួយ ជាការបញ្ជាក់ពីការស្រឡាញ់គ្រួសារដ៏ធំធេង មិនអាចខ្វះបាន ដោយសារតែគ្រួសារតែងតែលើកទឹកចិត្ត និងជំរុញទឹកចិត្តជានិច្ច ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាមួយក៏ដោយ។
ជាការពិតណាស់ ថ្វីដ្បិតតែ អ្នកច្នៃម៉ូដម្នាក់នេះបានបង្ហាញក្តីស្រឡាញ់របស់ខ្លួនចំពោះគ្រួសារតាមរយៈការច្នៃម៉ូដលើខូឡិកហ្សិនក៏ដោយ ប៉ុន្តែការរចនាម៉ូដនេះបានអមដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់មនុស្សម្នាក់ៗយ៉ាងដូច្នេះថា ទោះបីជាគ្មាននរណាម្នាក់លើកទឹកចិត្តអ្នកក្នុងការធ្វើអ្វីមួយ ឬអ្នកកំពុងជួបប្រទះទៅនឹងបញ្ហាដែលមិនអាចដោះស្រាយបានទេនោះ អ្នកត្រូវចាំថាគ្រួសាររបស់អ្នកនៅចាំលើកទឹកចិត្ត និងស្រឡាញ់អ្នកជានិច្ច ហេតុនេះអ្នកត្រូវស្រឡាញ់ខ្លួនឯង និងគ្រួសារឲ្យបានច្រើន៕
Article by PAN SIVLY
Image Courtesy: SOK MOUYKEANG