នេះមិនមែនជាលើកទីមួយទេដែលក្រុមការងារទស្សនាចរណ៍របស់ទស្សនាវដ្តីសូវរីនបានឈានជើងទៅដល់ទឹកដីបុរាណនៃខេត្តកំពង់ធំ ខាងជើងឆៀងខាងកើតបឹងទន្លេសាប ហើយដែលជាខេត្តស្ថិតចំចំណុច កណ្តាលនៃផ្ទៃប្រទេសកម្ពុជាយើងសព្វថ្ងៃ។ កាលពីលេខមុនៗ យើងធ្លាប់បានផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃដែនដីអតីតរាជធានីឦសានបុរៈនាសម័យចេនឡា គឺ តំបន់ប្រាសាទសំបូរព្រៃគុក សព្វថ្ងៃ ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ជាប្រវត្តិសាស្រ្ត។ ទឹកដីអតីតរាជធានីបុរេអង្គរដ៏ពិសិដ្ឋក្រៃលែងនេះនៅតែជាអន្ទាក់អន្ទងដួងចិត្តបណ្តាភ្ញៀវទេសចរពីចម្ងាយឲ្យមកទស្សនាកម្សាន្តជាហូរហែបន្តបន្ទាប់មិនឈប់ឈរសោះឡើយ។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្រៅពីរមណីយដ្ឋាន តំបន់ប្រាសាទសំបូរព្រៃគុក ភូមិសាស្រ្តស្រុកប្រាសាទសំបូរដែលនៅជុំវិញនោះក៏នៅមានបង្កប់នូវរមណីយដ្ឋានស្រស់ស្អាតគួរឲ្យចាប់ចិត្តទាក់ភ្នែកមួយចំនួនទៀតដែលអ្នកនៅក្រៅតំបន់មិនសូវស្គាល់ទូលំទូលាយនៅឡើយនោះទេ?
ដើម្បីធ្វើដំណើរទៅដល់ទីរួមស្រុកប្រាសាទសំបូរ យើងត្រូវក្រោកពីព្រលឹមស្រាងៗបញ្ឆេះរថយន្តចាកចេញពីរាជធានីភ្នំពេញកាត់តាមស្ពាន មិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ បន្តទៅដល់ទីប្រជុំជនស្គន់ ជង្រុកសត្វរពីងប្រចាំផ្លូវជាតិលេខ៦អា ដែលជាចំណតសម្រាប់ពួកយើងឈប់សម្រាកទទួលទានអាហារពេលព្រឹក មុននឹងបន្តដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ មុននឹងបានទៅដល់ស្រុកប្រាសាទសំបូរ យើងត្រូវឆ្លងកាត់ភូមិ សាស្រ្តសំខាន់ៗជាច្រើនក្នុងចម្ងាយផ្លូវជាង១០០គីឡូម៉ែត្រ រួមមានជាអាទិ៍ ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន និង ស្រុកកំពង់ស្វាយ ។ ក្នុងរយៈពេលប្រមាណពីរម៉ោង យើងបានធ្វើដំណើរទៅដល់ផ្លូវបំបែកទៅកាន់ស្រុកប្រាសាទសំបូរ ឬ ផ្លូវទៅកាន់ប្រាសាទសំបូរព្រៃគុក(ផ្លូវជាតិលេខ ៦៤) ដែលត្រូវបត់ឡើងទៅឃុំស្រើង ប៉ុន្តែភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅដល់ឃុំស្រើងបានតាមផ្លូវខេត្ត ស្របតាមបណ្តោយស្ទឹងតាំងក្រសាំង ត្រង់ចំណុចឃុំតាំងក្រសាំង ស្រុកសន្ទុក កាត់តាមឃុំទីពោ បានដែរ។
ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ដែលអ្នកស្រុកនៅទីនោះស្គាល់ច្បាស់ថាជាតំបន់ក្បាលស្ទឹងតាំងក្រសាំង មានប្រភពទឹកហូរធ្លាក់ពីភ្នំជី ត្រូវបានបង្កើតក្លាយជារមណីយដ្ឋានធម្មជាតិទឹកហូរប៉ប្រះថ្មដ៏ស្រស់ត្រកាលតែមួយគត់ប្រចាំខេត្តកំពង់ធំតែម្តង ហើយត្រូវបានដាក់ឈ្មោះជាផ្លូវការថា “ធ្នស់តាព្រហ្ម” ដែលយកតាមឈ្មោះវត្តអារាមបង្កើតថ្មីនៅជាប់នឹងមាត់ទឹកនៅទីនោះដែលមានឈ្មោះថា “វត្តរក្សារុក្ខារាម” ហៅ “វត្តប្រាសាទធ្នួសតាព្រំ” ។ តំបន់នេះគឺជាតំបន់ធម្មជាតិនិងប្រវត្តិសាស្ត្រមួយដ៏យូរលង់ណាស់មកហើយដោយមានសំណល់ទីទួលប្រាសាទបុរាណមួយដែលមានទម្រលិង្គនិងយោនីនៅទីនោះ បច្ចុប្បន្នបានប្រែក្លាយជាអាស្រមតម្កល់នូវព្រះពុទ្ធបដិមា និងមានព្រះសង្ឃមួយចំនួនគង់នៅអាស្រមនោះផងដែរ ។ តំបន់ដ៏ស្រស់ត្រកាលនេះស្ថិតនៅក្នុងព្រៃស្រោងស្ងាត់ជ្រងំគួរជាទីមនោរម្យ ពេលចូលទៅដល់តំបន់នោះស្ដាប់ឮសំឡេងសត្វបក្សាបក្សីយំ និង សំឡេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗ។ សក្ដានុពលទេសចរណ៍នៅទីនោះ រួមមាន ព្រៃឈើធម្មជាតិ ទួលប្រាសាទបុរាណ ទឹកហូរប៉ប្រះផ្ទាំងថ្មធម្មជាតិ និង ទស្សនាសត្វស្លាបព្រៃភ្នំ។ រីឯសកម្មភាព ទេសចរណ៍ដែលភ្ញៀវអាចកម្សាន្តនៅទីនោះបាន សម្រាកលំហែកម្សាន្តនៅតាមតូបដែលសង់ប្របមាត់ទឹក ឬ ក្រោមម្លប់ឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ និង នាំគ្នាងូតទឹកហូរប៉ប្រះថ្មរាក់ៗកាត់តាមផ្ទាំងថ្មធំៗដ៏ត្រជាក់ស្រេងថ្លាឆ្វង់យ៉ាងសប្បាយរីករាយ។
គួរបញ្ជាក់ថា រមណីយដ្ឋានទើបតែត្រូវបានរៀបចំអភិវឌ្ឍឡើងក្នុងអំឡុងឆ្នាំ២០១៧-២០១៨កន្លងទៅនេះទេ ហើយមានស្ពានយោលមួយទើបសង់ថ្មីជាចំណងដៃសម្រាប់ទេសចរឆ្លងលេងកម្សាន្តទៅមកពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនិងថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍ ព្រមទាំងស្លាកសញ្ញាមួយចំនួនសម្រាប់បម្រើវិស័យទេសចរណ៍។ ក្រៅពីនេះ ផ្លូវចូលទៅកាន់តំបន់នេះមានលក្ខណៈគ្រាន់បើជាងប៉ុន្មានឆ្នាំមុនព្រោះឥឡូវទេសចរទាំងឡាយអាចជិះរថយន្តតូចធំទៅដល់ទីតាំងអាស្រមនោះបាន ខុសពីកាលពីមុនដែលភ្ញៀវ ទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងប្រមាណជាង១គីឡូម៉ែត្រទើបមកដល់ចំណុចលេងទឹក។ ដោយឡែក ផ្នែកសេវាកម្មម្ហូបអាហារក៏មានរៀបចំបម្រើជូនភ្ញៀវខ្លះៗដែរ តែមិនសូវសម្បូរបែបទូលំទូលាយដូចរមណីយដ្ឋានល្បីៗក្នុងខេត្តផ្សេងៗនៅឡើយទេ។ អាហារសម្រន់ដែលមានលក់ច្រើននៅទីនោះរួមមានដូចជា បុកល្ហុង បាយដំណើប ប្រហិតចៀន ផ្លែឈើម្ជូរ ការ៉េមកី ព្រមទាំងភេសជ្ជៈកំប៉ុង។ អាស្រ័យហេតុនេះ ភ្ញៀវដែលចង់ទៅលេងទឹកនិងបាយថ្ងៃត្រង់ទីនោះ គួរតែវេចខ្ចប់ម្ហូបអាហារពីតំបន់ខាងក្រៅហើយទទួលទានជាលក្ខណៈអាហារពិកនិកជំនួសម្ហូបអាហារកុម្ម៉ង់ ឬ ម្ហូបអាហារលក់ស្រាប់ៗនៅនឹងកន្លែង។
នៅពេលត្រឡប់មកពីលេងទឹកថ្មប៉ប្រះទឹកធ្នស់តាព្រហ្មវិញ អ្នកទេសចរទាំងឡាយក៏អាចឆៀងចូលទៅទស្សនាសួនផ្កាដ៏ធំមួយកន្លែងស្ថិតនៅជាប់លើផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយប្រមាណតែ១គីឡូម៉ែត្រពីផ្លូវបំបែកទៅកាន់ក្រុមប្រាសាទសំបូរព្រៃគុកប៉ុណ្ណោះ។ សួនផ្កានេះត្រូវបានអ្នកកំពង់ធំស្គាល់យ៉ាងច្បាស់ថា “សួនផ្កាសំបូរ” ដែលបើកដំណើរការបានរយៈពេលមួយឆ្នាំមកហើយ។ សួននេះបើកទទួលភ្ញៀវទេសចរពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៧:៣០ ល្ងាច ។ ភ្ញៀវដែលចូលមកកម្សាន្តនៅទីនោះមានចម្រុះទាំងភ្ញៀវក្នុងតំបន់ និង ភ្ញៀវពីចម្ងាយគ្រប់ខេត្តក្រុង មិនសូវចេះដាច់ ដោយសារសួននេះមានផ្កាចម្រុះពណ៌ដល់ទៅជាង១០ប្រភេទ ដែលសុទ្ធតែពូជកូនកាត់យកមកពីបរទេសនិងបង្កាត់ក្នុងស្រុកលាតសន្ធឹងនៅលើផ្ទៃជាង១០ហិចតា។ សួនផ្កាសំបូរមានទទួលភ្ញៀវទេសចរណ៍ជាក្រុមដោយគិតតម្លៃពិសេសជូន និង មានរៀបចំម្ហូបអាហារអាចកុម្ម៉ង់មុនបាន។ ដោយសារតែសម្រស់ផ្កាដ៏ស្រស់ប្រិមប្រិយនៅទីនេះ មកដល់ពេលនេះមានក្រុមហ៊ុនទេសចរណ៍ជាច្រើនក្រុមហ៊ុនបានមកធ្វើទស្សនកិច្ចកម្សាន្ត ព្រមទាំងមានគូស្វាមីភរិយាថ្មោងថ្មីចូលមកថត Pre-wedding ជាញឹកញាប់ថែមទៀតផង។ ចំពោះតម្លៃសំបុត្រចូលទស្សនា រាល់ភ្ញៀវជាតិនិងអន្តរជាតិ គិតតម្លៃ ៥០០០រៀល ក្នុងម្នាក់ និង កូនក្មេង ២០០០រៀល ក្នុងម្នាក់ ។ គួរបញ្ជាក់ផងដែរថា សួនផ្កានេះស្ថិតក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕
Article by SRIN SOKMEAN