បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានរៀបចំឡើងចំនួន១៥ថ្ងៃ ពោល ចាប់ផ្តើមពីថ្ងៃទី១រោច រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ហើយក្នុងរយៈពេលចំនួន១៥ថ្ងៃនេះផងដែរ ប្រជាជនខ្មែរជាពុទ្ធសាសនិកជនបានចម្អិនម្ហូបអាហារ បង្អែម រួមទាំងរៀបចំផ្កាក្រអូបនានា ដើម្បីរៀបចំចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនាទីវត្តអារាម និងឧទ្ទិសកុសលផលបុណ្យដល់ញាតិសណ្តាននៃក្រុមគ្រួសារដែលបានចែកឋាន។ យ៉ាងណាមិញ តាមទំនៀមទម្លាប់ខ្មែរយើងនៅពេលយកចង្ហាន់ប្រគេនព្រះសង្ឃតែងមានគ្រឿងសក្ការបូជាសម្រាប់ថ្វាយព្រះ តួយ៉ាង គេតែងមានការរៀបចំយ៉ាងសោភណ្ឌភាពដូចជាការបត់ផ្កាឈូកជាដើម។
ដូច្នេះ សូវរីន នឹងបង្ហាញនូវរបៀបបត់ផ្កាសាមញ្ញដែលធ្វើឲ្យផ្កាកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។
របៀបទី១៖
ជំហានដំបូងត្រូវពិនិត្យមើលលើទង និងស្រទាប់ផ្កាឈូកជាមុនសិនសឹមចាប់ផ្តើមបត់ ក៏ព្រោះតែផ្កាឈូកខ្លះវាអាចនឹងរលួយ ឬមានស្រទាប់មិនល្អជាដើម។ ប្រសិនបើដូច្នោះមែននោះ អ្នកគួរតែកាត់ទងផ្កាបន្តិច និងបេះស្រទាប់ផ្កាមិនល្អសិន ធ្វើដូច្នេះនៅពេលដែលបត់ផ្ការួចនោះ ផ្កានឹងមានភាពស្រស់ស្អាតគួរឲ្យគយគន់ជាមិនខាន។ បន្ទាប់មកទៀត ចាប់ផ្តើមយកចុងស្រួចស្រទាប់ផ្កាបត់ចូលក្នុងដល់គល់ផ្កា អ្នកនឹងឃើញស្រទាប់ផ្កានោះជាពាក់កណ្តាល រួចបន្តបត់ស្រទាប់ផ្កាដដែលដោយបត់ពីខាងស្តាំ ទៅខាងឆ្វេង ហើយបន្តបត់បែបនេះរហូតដល់អស់ស្រទាប់ផ្កានោះអ្នកនឹងបានឃើញនូវម៉ូដផ្កាដ៏ស្រស់ស្អាតតែម្តង។
របៀបទី២៖
ការបត់ផ្កាឈូកតាមរបៀបនេះអាចនឹងចំណាយពេលយូរបន្តិច ក៏ប៉ុន្តែវាបានរំលេចនូវសម្រស់ដ៏ស្រស់ស្អាត និងប្លែកភ្នែកដែលអ្នកពុំធ្លាប់ឃើញពីមុនមក។ ដើម្បីទទួលបាននូវផ្កាឈូកនេះដែរ ដំបូងអ្នកត្រូវបត់ស្រទាប់ផ្កាពីខាងឆ្វេងមកខាងស្តាំ រួចបត់ពីខាងស្តាំមកខាងឆ្វេង បន្តមកទៀតបត់ស្រទាប់ផ្កានោះទៅជាទម្រង់ត្រីកោណ បន្ទាប់មកទៀតបត់ស្រទាប់ផ្កានោះចូលខាងក្នុងជាការស្រេច។
របៀបទី៣៖
ប្រិយមិត្តមួយចំនួនតូចប្រហែលបានដឹងពីរបៀបនៃការបត់ផ្កាឈូកទៅជារូបរាងផ្កាកុលាបដែលមានភាពស្រស់បំព្រងហើយមែនទេ? យ៉ាងណាមិញ ការបត់ផ្កាឈូកទៅជាផ្កាកុលាបពុំសូវមានភាពខុសគ្នាពីរបៀបទី១ និងទី២ប៉ុន្មាននោះទេ ពោល ជំហានដំបូង ត្រូវបត់ស្រទាប់ផ្កាតាមរបៀបទី២មួយជុំនៃផ្កាឈូកនោះ ក្រោយមកទៀតយើងត្រូវបត់ស្រទាប់ផ្កាឈូកដោយយកចុងស្រួចនៃស្រទាប់ផ្កាបត់ចូលក្នុងដល់គល់ផ្កា (បត់តាមរបៀបទី១) រហូតដល់អស់ស្រទាប់ផ្កាឈូកនោះ ប្រិយមិត្តនឹងទទួលបាននូវផ្កាកុលាបជាទីគាប់ចិត្ត៕
Article by PAN SIVLY