×

«​សញ្ញា​»​ ខូឡិ​ក​ហ្សិ​ន​ដ៏​ប្លែកភ្នែក​មួយ​បែប​ទៀត​ពី​ក្រុម​ច្នៃ​ម៉ូដ​សម័យ​និម្មិត​

FASHION & BEAUTY 4 years ago
 
 

            ថ្វី​ដ្បិតតែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​បាន​អនុវត្ត​ប្រមាណ​ជាង​ប៉ុន្មាន​ខែ​មកនេះ​ ​ប្រជាពលរដ្ឋ​ខ្មែរ​មួយភាគធំ​បាន​ស្វែងយល់​ពី​ស្លាក​សញ្ញា​ ​និង​គោរពច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់ខ្ជួន​ ​ខណៈ​ពេល​ដែល​មួយ​ភាគ​តូច​នៅ​បន្ត​កំហុស​របស់​ខ្លួន​ជារឿយៗ​ ​តួយ៉ាង​ ​ស្លាក​សញ្ញា​ចរាចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​សម្របសម្រួល​ចរាចរណ៍​ឲ្យ​មាន​តុល្យភាព​សម្រាប់​អ្នកដំណើរ​គ្រប់រូប​។​ ​យ៉ាងណាមិញ​ ​ទន្ទឹម​នឹង​កត្តា​នេះ​ ​បាន​ជំរុញ​ឲ្យ​យុវជន​សម័យ​និម្មិត​បង្កើត​នូវ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ទាក់ទង​នឹង​ស្លាក​សញ្ញា​ចរាចរណ៍​បង្កប់​ដោយ​ខ្លឹមសារ​អប់រំ​និង​ជា​ចំណី​អារម្មណ៍​ដ៏​ប្លែកភ្នែក​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​ផង​ដែរ​។​

            ​«​សញ្ញា​»​ ​ជា​ខូឡិ​ក​ហ្សិ​ន​ថ្មី​ច្នៃ​ឡើង​ចំនួន​ ​៤​ម៉ូដ​ ​៦​ឈុត​ ​បង្ហាញ​ពី​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ជួបប្រទះ​សព្វថ្ងៃ​ ​ជាពិសេស​ ​ស្ថិត​ក្នុង​តំបន់​ទីប្រជុំជន​តែម្តង​។​ ខូឡិ​ក​ហ្សិ​ន​ចំនួន​ ​៤​ម៉ូដ​ ៦​ឈុត​ត្រូវ​បាន​បែងចែក​តួនាទី​ ​និង​អត្ថន័យ​ដូចជា​៖​

១​. ​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​
            ទន្ទឹម​នឹង​ម៉ូដ​ទី​១​នៃ​ខូឡិ​ក​ហ្សិ​ន​ ​«​សញ្ញា​»​ ​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​ត្រូវ​បាន​បែង​ចែកចេញជា​២​ឈុត​ ​ពោល​ ​ឈុត​សម្រាប់​បុរស​ ​និង​នារី​ ​ដែល​ជា​ម៉ូដ​ស្រដៀងគ្នា​តែម្តង​។​ ​ទោះបីជា​ឈុត​ទាំង​ពី​នេះ​មាន​ម៉ូដ​ប្រហាក់ប្រហែល​គ្នា​បន្តិច​ក៏​ពិតមែន​ ​ប៉ុន្តែ​ក្រុម​យុវជន​សម័យ​និម្មិត​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ឈុត​សម្រាប់​បុរស​គឺ​តំណាង​ឲ្យ​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​ដែល​មាន​ទិសចរាចរណ៍​ពីរ​ផ្ទុយគ្នា​ដែល​នឹង​មាន​ឧបសគ្គ​ស្ថិត​នា​ខាងឆ្វេង​ ​ឬ​ខាងស្តាំ​ ​ចំណែក​ឯ​ឈុត​សម្រាប់​នារី​វិញ​ ​តំណាង​ឲ្យ​ការបែងចែក​ទ្រូងផ្លូវ​សម្រាប់​អ្នកដំណើរ​គ្រប់រូប​ក្នុង​ករណី​ ​ប្រសិនបើ​ប្លុក​នៃ​ផ្លូវ​នីមួយៗ​មាន​អ្នកធ្វើ​ប​ញ្ជ្រា​សទិស​គ្នា​។​

២​. ​គំនូស​សញ្ញា​អ្នកថ្មើរជើង​
            ឈុត​ស​ម្លៀ​ក​បំពាក់​ដ៏​ស្រស់​ស្អាត​ប្រកបដោយ​ពណ៌​ចម្រុះ​បាន​បង្ហាញ​ពី​គំនូស​សញ្ញា​សម្រាប់​អ្នកថ្មើរជើង​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​ទិស​ម្ខាងទៀត​ដោយ​សុវត្ថិភាព​។​ ​ជាក់ស្តែង​ ​ពណ៌​នីមួយៗ​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​ធ្វើជា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​ជា​ផ្នែក​តូច​ៗ​នៃ​ពណ៌​ឯកសណ្ឋាន​ ​ពណ៌​ចំណាំង​ផ្លា​ត​ ​ហោប៉ៅ​របស់​នគរបាល​ចរាចរណ៍​ ​រួម​ជាមួយនឹង​គំនូស​សញ្ញា​អ្នក​ថ្មើរជើង​ ​ដើម្បី​បង្កើត​ជា​ម៉ូដ​ដ៏​ប្លែកភ្នែក​នេះ​។​ យ៉ាងណាមិញ​ ​គំនូស​សញ្ញា​សម្រាប់​អ្នកថ្មើរជើង​តែង​បង្ហាញ​វត្តមាន​ជានិច្ច​ពុំ​ថា​ស្ថិត​ក្នុង​តំបន់​ទីប្រជុំជន​នោះ​ទេ​ ​ជាពិសេស​ ​ស្ថិត​លើ​ដង​ផ្លូវ​ដែល​សម្បូរទៅដោយ​សាលារៀន​ជាដើម​។​

៣​. ​គំនូស​សញ្ញា​អ្នកថ្មើរជើង​ ​និង​ការគោរព​សិទ្ធិ​អ្នកថ្មើរជើង​
​            តាមរយៈ​នៃ​ភ្លើង​សញ្ញា​ចរាចរណ៍​ ​ពណ៌បៃតង​ ​ជា​ពណ៌​តំណាង​ការ​ផ្តល់​សិទ្ធិ​អតិ​ភាព​សម្រាប់​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​មាន​សិទ្ធិ​ធ្វើដំណើរ​មុន​អ្នកដំណើរ​ដទៃទៀត​ ​តួយ៉ាង​ ​ការ​ផ្តល់​សិទ្ធិ​អតិ​ភាព​សម្រាប់​អ្នក​ធ្វើដំណើរ​ថ្មើរជើង​ដូច្នោះ​។​ ​យ៉ាងណាមិញ​ ​ពី​មួយផ្នែកទៅ​មួយផ្នែកទៀត​នៃ​ការរចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នេះ​ ​ជា​ជ្រើសរើស​ពី​ផ្នែក​តូច​ៗ​ពី​គំនូស​សញ្ញា​អ្នកថ្មើរជើង​ ​ពណ៌​ចំណាំង​ផ្លា​ត​នគរបាល​ចរាចរណ៍​ ​រួម​ជាមួយនឹង​សញ្ញា​ប្រុងប្រយ័ត្ន​ខាងមុខ​មាន​ផ្លូវខ្វែង​ផង​ដែរ​។​

៤​. ​ស្លាក​សញ្ញា​ហាមចូល​ចំពោះ​យា​ន្ត​ជំនិះ​គ្រប់​ប្រភេទ​
            សម្រាប់​ស​ឈុត​ដែល​មាន​ការរចនា​ពណ៌ក្រហម​ ​និង​ស​ ​ជា​ឈុត​តំណាង​ឲ្យ​ស្លាក​សញ្ញា​ហាម​យា​ន្ត​ជំនិះ​គ្រប់​ប្រភេទ​ធ្វើដំណើរ​ឆ្លងកាត់​ជាដាច់ខាត​នៅ​លើ​ដង​ផ្លូវ​ដែល​មាន​ស្លាក​សញ្ញា​នេះ​ ​ក៏ប៉ុន្តែ​នា​បច្ចុប្បន្ន​អ្នក​ធ្វើដំណើរ​មួយ​ចំនួន​តូច​នៅតែ​បន្ត​ធ្វើដំណើរ​ដដែល​បើ​ទោះបីជា​ប្រទះឃើញ​នូវ​សញ្ញា​នេះ​ក៏ដោយ​។​

            ខណៈ​ពេល​ដែល​អ្នក​ច្នៃ​ម៉ូ​ដទៃទៀត​រចនា​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​បង្កប់​ដោយ​អត្ថន័យ​នៃ​ទិដ្ឋភាព​ស្រស់បំព្រង​នានា​ ​ឬ​រចនា​ខូឡិ​ក​ហ្សិ​ន​ទៅតាម​រដូវ​កាល​នីមួយៗ​ ​ជា​ពេល​ដែល​អ្នក​ច្នៃ​ម៉ូដ​សម័យ​និម្មិត​ខិតខំ​ស្រាវជ្រាវ​រចនា​នូវ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ទាក់ទង​នឹង​ចរាចរណ៍​ដែល​ជា​ផ្នែក​មួយ​ជួយ​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលាយ​បន្ថែម​ទៀត​ផង​ដែរ​។​ ​ជាចុងក្រោយ​ ​ក្រុម​អ្នក​ច្នៃ​ម៉ូដ​សម័យ​និម្មិត​ក៏បាន​បង្ហាញ​យ៉ាង​ដូច្នេះ​ថា​ ​«​មុននឹង​ធ្វើជា​ខូឡិ​ក​ហ្សិ​ន​នេះ​ពួកយើង​ក៏​ពុំទាន់​បាន​ស្គាល់​ច្បាស់​នូ​អត្ថន័យ​សំខាន់​ៗ​នៃ​សញ្ញា​នោះ​ទេ​ ​បន្ទាប់ពី​ស្រាវជ្រាវ​ ​និង​បញ្ចប់​ការ​ធ្វើ​ខូឡិ​ក​ហ្សិ​ន​សញ្ញា​រួច​ទើប​ពួកយើង​ដឹង​ថា​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​សព្វថ្ងៃ​នៅ​មាន​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​ម៉្យាងវិញទៀត​ ​ពួកយើង​សង្ឃឹម​ថា​តាមរយៈ​ទេពកោសល្យ​ ​និង​ជំនាញ​របស់​ពួកយើង​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​សង្គមជាតិ​ ​និង​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​បាន​ជ្រាប​អត្ថន័យ​នីមួយៗ​របស់​ស្លាក​សញ្ញា​ចរាចរណ៍​»​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS