NARY ម៉ាកសម្លៀកបំពាក់លំដាប់អន្តរជាតិបង្កើតឡើងដោយកូនខ្មែរសញ្ជាតិអាមេរិក៣នាក់
FASHION & BEAUTY 4 years agoកាលពីឆ្នាំ ១៩៨១ ស្ត្រីខ្មែរលោកស្រី Phannary (ផាន់ណារី) បានចេញទៅរស់នៅសហរដ្ឋអាមេរិកបន្ទាប់ពីរួចជីវិតពីរបបប្រល័យពូជសាសន៍។ លោកស្រីបានរៀបការកសាងគ្រួសារមានកូនស្រី៣នាក់មកដល់សព្វថ្ងៃ។ អតីតកាលក្នុងរបបខ្មែរក្រហមដែលសម្លាប់ប្រជាជនខ្មែរប្រមាណជិត២លាននាក់ បានធ្វើឲ្យកូនស្រីទាំង៣របស់លោកស្រីពួតដៃគ្នាបង្កើតអាជីវកម្មមួយនៅក្នុងឧស្សាហកម្មហ្វេហ្សិនដែលមានស្លាកយីហោ «NARY» ដើម្បីជាការតបស្នងទៅកាន់ប្រទេសកម្ពុជាទឹកដីកំណើតរបស់ម្តាយខ្លួន។ ស្លាកយីហោ NARY ដែលដាក់ឈ្មោះដោយស្រង់អក្សរឡាតាំងខាងចុងនៃឈ្មោះរបស់លោកស្រី Phannary បានបង្ហាញរូបរាងផ្លូវការកាលពីខែឧសភាឆ្នាំ២០២០ ជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់អន្តរជាតិមួយមានមូលដ្ឋាននៅទីក្រុងភ្នំពេញនិងនៅទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក។
Stephanie ជាកូនស្រីច្បងមានតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Camilla ជាកូនស្រីបន្ទាប់មានតំណែងជាប្រធានផ្នែកទីផ្សារ អ្នកទាំងពីរប្រចាំផ្ទាល់នៅទីក្រុងញ៉ូវយក ចំណែក Sarah ជាប្អូនស្រីពៅមានតំណែងជានាយកច្នៃម៉ូដកំពុងប្រចាំផ្ទាល់នៅទីក្រុងភ្នំពេញ។ មុនឈោងចាប់ជំនួញសម្លៀកបំពាក់បងប្អូនស្រីត្រកូល Mayer ដែលចាប់កំណើតនៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិកនេះ ម្នាក់ៗសុទ្ធតែបានក្រេបជញ្ជក់ចំណេះដឹងទាក់ទិននឹងវិស័យហ្វេហ្សិនរួចហើយដូចជានៅ មហាវិទ្យាល័យ Carleton មហាវិទ្យាល័យ California College of Art និង វិទ្យាស្ថាន The Fashion Institute of Technology ហើយមកទល់ពេលនេះអ្នកទាំងបីក៏បានប្រឡូកការងារក្នុងឧស្សាហកម្មហ្វេហ្សិនអស់រយៈពេលជាង១០ឆ្នាំទាំងនៅទីក្រុងឈីកាហ្គោ ទីក្រុងសានហ្វ្រានស៊ីស្កូ និងទីក្រុងញ៉ូវយក។ Camilla បានរៀបរាប់រំឭកប្រាប់សូវរីនថា “កាលរៀននៅមហាវិទ្យាល័យឆ្នាំ ២០១១ ខ្ញុំនិង Sarah បានចុះមកធ្វើជាបុគ្គលិកហាត់ការរយៈពេល៣ខែនៅក្រុមហ៊ុនធ្វើសម្លៀកបំពាក់ Wanderlust ស្ថិតក្នុងខេត្តសៀមរាប។ អាចនិយាយបានថាគ្រានេះហើយដែលពួកយើងចាប់ផ្តើមមានបទពិសោធន៍ទាក់ទងនឹងការធ្វើសម្លៀកបំពាក់នៅប្រទេសកម្ពុជា។ ពួកយើងតែងតែស្រឡាញ់ប្រទេសកម្ពុជា យើងតែងតែយល់ច្បាស់ថាហ្វេហ្សិននិងការផលិតគឺជាឧស្សាហកម្មដ៏ធំនៅទីនេះ”។ ចំណែក Sarah ក៏បានលើកឡើងបន្ថែមដែរថា “ ពួកយើងសុទ្ធតែមានប្រវត្តិការងារទាក់ទងនឹងវិស័យហ្វេហ្សិន ដូចជារូបខ្ញុំជាអ្នកច្នៃម៉ូដ Camilla ធ្វើផ្នែកទីផ្សារ រីឯStephanie ជា Merchandiser មនុស្សជុំវិញខ្លួនយើងតែងនិយាយថាពួកយើងទាំងបីអាចរួមគ្នាជាក្រុមដ៏ល្អឥតខ្ចោះក្នុងការចាប់ផ្តើមអាជីវកម្ម ហើយវាក៏ជាបំណងរបស់ពួកយើងផងដែរ។ កាលពីពីរឆ្នាំមុនខ្ញុំបានចុះមកធ្វើការស្ម័គ្រចិត្តនៅកន្លែងមួយក្នុងប្រទេសកម្ពុជាដែលជាកន្លែងជួយសង្គ្រោះស្ត្រីរងគ្រោះដោយការជួយដូរផ្លូវភេទ។ ខ្ញុំបានឃើញពីសារៈសំខាន់នៃការផ្តល់ឱកាសការងារចំពោះពួកគាត់ដែលមិនត្រឹមតែផ្តល់ជំនាញដេប៉ាក់និងជាជំនាញដែលពួកគាត់ស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យជីវិតពួកគាត់ប្រសើរឡើងជាមួយបរិយាកាសការងារមួយដែលសុវត្ថិភាពនិងមានប្រាក់ចំណូលផ្គត់ផ្គង់ពេញមួយជីវិត។ ទាំងនេះហើយដែលធ្វើឲ្យខ្ញុំដឹងច្បាស់ថា ខ្ញុំចង់ផ្តល់ការងារឲ្យពួកគាត់ក៏ដូចជាប្រជាជនកម្ពុជាដទៃទៀតតាមរយៈការបង្កើតសង្វាក់ផលិតកម្មផលិតអ្វីមួយ។ ខ្ញុំបានឃើញកម្ពុជាមានសក្តានុពលខ្លាំងទៅលើ Fast Fashion (ម៉ូដនិយមចេញថ្មីរហ័ស) ហើយខ្ញុំគិតថាប្រភេទ High End Fashion (ហ្វេហ្សិនបែបប្រណីតនិងខ្ពង់ខ្ពស់) ក៏នឹងលូតលាស់ខ្លាំងនៅទីនេះផងដែរ។ ខ្ញុំចង់ក្លាយជាផ្នែកមួយជំរុញដល់វិស័យ High End Fashion ដោយនាំយកម៉ាកសម្លៀកបំពាក់ស្តង់ដារមួយទៅកាន់ប្រជាជនអាមេរិក ហើយក៏ដើរតួជំរុញឲ្យម៉ាកដទៃទៀតងាកមកគិតគូរអំពីការផលិតដែលផ្តល់ផលវិជ្ជមានចំពោះបរិស្ថាន សិទ្ធិមនុស្ស និងតម្លាភាព”។
ជាលទ្ធផល អាជីវកម្មក្រុមហ៊ុនសម្លៀកបំពាក់ស្លាកយីហោ NARY ចាប់កំណើតឡើងដោយបានផ្តោតលើការផលិតសម្លៀកបំពាក់ម៉ូដធ្វើឡើងពីធម្មជាតិមិនប៉ះពាល់បរិស្ថាននិងប្រកបដោយនិរន្តរភាព។ គម្រោងបង្កើត NARY ឡើងហាក់ដូចជាលឿនរហ័សដោយក្នុងឆ្នាំ២០១៨ ស្ថាបនិកបានរៀបចំទៅលើការបង្កើតស្លាកយីហោនិងធ្វើអាជ្ញាប័ណ្ណផ្សេងៗ មកដល់ឆ្នាំ២០១៩ ចំណាយពេលបីខែដើម្បីធ្វើគំរូម៉ូដ បីខែទៀតដើម្បីកុម្មង់ក្រណាត់ ហើយមកដល់ខែវិច្ឆិកាឆ្នាំដដែលចាប់ផ្តើមសម្រេចម៉ូដនិងជួលម៉ូឌែលនិងជាងថតមកពីទីក្រុងញ៉ូវយកដើម្បីថតត្រៀមផ្សព្វផ្សាយដែលបង្ហាញផ្លូវការនៅលើគេហទំព័ររបស់ខ្លួននៅខែឧសភាឆ្នាំ២០២០។ ថ្វីដ្បិតការជួលម៉ូឌែលនិងជាងថតមកពីទីក្រុងញ៉ូវយកត្រូវចំណាយច្រើន ប៉ុន្តែការធ្វើដូច្នេះដើម្បីប្រាកដថាវាជាខូឡិកហ្សិនដំបូងដែលល្អឥតខ្ចោះនិងស្រស់ស្អាតបំផុត។ បេសកកម្មអាជីវកម្មរបស់ NARY គឺចង់ដោះស្រាយទៅលើបញ្ហាធំៗដែលកើតឡើងសព្វថ្ងៃនៅកម្ពុជាគឺ អំពើជួញដូរមនុស្ស និងការគេងប្រវ័ញ្ចកម្លាំងពលកម្ម។ បច្ចុប្បន្នឧស្សាហកម្មសម្លៀកបំពាក់គឺជាកន្លែងផ្តល់កម្រៃពលកម្មតិចជាងគេ ក្រុមហ៊ុនរោងចក្រជាច្រើនបង់ថ្លៃពលកម្មទៅកម្មករត្រឹមតែ៣ដុល្លារឬតិចជាងនេះដើម្បីផលិតសម្លៀកបំពាក់តម្លៃថោកនិងចេញម៉ូដលឿនបំផុត។ នេះជាហេតុធ្វើឲ្យកម្ពុជាស្ថិតក្នុងប្រទេសលំដាប់ទី៣ដែលផ្តល់កម្រៃថ្លៃពលកម្មទៅកម្មករតិចបំផុតនៅក្នុងពិភពលោក។ ក៏ព្រោះតែប្រមើលឃើញបញ្ហាទាំងនេះហើយទើប NARY យកចិត្តទុកដាក់ខ្លាំងទៅលើការជ្រើសរើសវត្ថុធាតុដើមនិងធ្វើសង្វាក់ផលិតដោយប្រុងប្រយ័ត្នថាតើអ្វីត្រូវយកមកធ្វើហើយនរណាជាអ្នកធ្វើវា។ NARY បានសម្រេចជ្រើសរើសកម្ពុជាជាកន្លែងសង្វាក់ផលិតកម្ម ដោយបានសហការរួមគ្នាជាមួយសហគមន៍នានាក្នុងការបញ្ជាទិញតែក្រណាត់ធម្មជាតិប្រភេទCottonឬកប្បាស ជាក្រណាត់ជ្រលក់ពណ៌បែបធម្មជាតិសុទ្ធសាធសុទ្ធសឹងធ្វើឡើងដោយដៃសិប្បករក្នុងស្រុក។ និយាយរួមគ្រប់វត្ថុធាតុដើមរបស់ NARY ត្រូវបានផលិតដោយមជ្ឈមណ្ឌលតម្បាញរបស់អង្គការក្រៅរដ្ឋាភិបាលដែលផ្តល់កម្រៃទៅកាន់ក្រុមតម្បាញក្នុងកម្រិតសមរម្យត្រឹមត្រូវ និងធ្វើការដើម្បីបញ្ឈប់ភាពក្រីក្រនិងការកេញប្រវ័ញ្ចកម្លាំងពលកម្ម។
បើកបង្ហាញស្លាកយីហោផ្លូវការលើកដំបូង NARY បានបញ្ចេញខូឡិកហ្សិនដ៏ពិសេសមួយឈ្មោះថា « Sun Washed Debut Collection» ដោយមាន៧ម៉ូដ១៣ឈុតយ៉ាងប្រណីត។ NARY ធ្វើសម្លៀកបំពាក់ជាប្រភេទ Resort ឬយើងហៅថាសម្លៀកបំពាក់បែបដំណើរកម្សាន្ត បើតាមការលើកឡើងរបស់ Sarah “ យើងចង់សាទរប្រទេសកម្ពុជាជាទឹកដីបណ្តុំតំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើនដែលអាចទាក់ទាញទេសចរចូលមកទស្សនា ព្រោះវិស័យទេសចរណ៍នេះហើយដែលនឹងជួយលើស្ទួយសេដ្ឋកិច្ចកម្ពុជា។ យើងចង់ឲ្យមនុស្សទូទាំងពិភពលោកមកទស្សនាប្រាសាទនិងអ្វីៗអស្ចារ្យជាច្រើននៅក្នុងប្រទេសកម្ពុជា។ នេះជាហេតុដែលយើងបង្កើតសម្លៀកបំពាក់ហ្វេហ្សិនបែបដំណើរកម្សាន្តនេះឡើង”។ ម៉ូដមើលទៅមិនឆើតឆាយពេក មិនសិចស៊ីពេក តែស្អាតស្រស់បំព្រងបែបអេឡេហ្គិន NARY បានស្រង់គំនិតច្នៃម៉ូដពីសម្លៀកបំពាក់ប្រណៃណីខ្មែរបុរាណ និងម៉ូដបែបបស្ចិមប្រទេសមកបញ្ចូលគ្នាបង្កើតជាសម្លៀកបំពាក់ម៉ូដដើរកម្សាន្តយ៉ាងទាន់សម័យនិងមើលទៅក្លាសិកបំផុត។ “ រដូវកាលនេះយើងផ្តោតលើសម្លៀកបំពាក់ផ្តល់ផាសុកភាពអាចពាក់បានទាំងនៅផ្ទះនិងចេញទៅខាងក្រៅមិនថាដើរផ្សារឬធ្វើដំណើរកម្សាន្តឡើយ ជាពិសេសសម្លៀកបំពាក់ប្រភេទនេះអាចស្លៀកពាក់បានគ្រប់រដូវកាល គ្រប់កាលៈទេសៈ មិនចេះហួសសម័យ។ សម្រាប់ខូឡិកហ្សិនដំបូងនេះផងដែរ យើងទទួលបានការគាំទ្រនិងឆ្លើយតបល្អៗយ៉ាងច្រើនពីអតិថិជននៅអាមេរិក ពួកគេពេញចិត្តទៅលើម៉ូដ គុណភាព ពិសេសជាផលិតផលធ្វើពីធម្មជាតិនិងផលិតឡើងដោយដៃ”។ Sarah បញ្ជាក់។ ក្រៅពីខូឡិកហ្សិនដំបូងបង្ហាញផ្លូវការ បច្ចុប្បន្ន NARY កំពុងធ្វើការទៅលើខូឡិកហ្សិនថ្មី ជាខូឡិកហ្សិន Holiday តូចមួយនិងត្រៀមចេញខូឡិកហ្សិនសម្រាប់រដូវក្តៅឆ្នាំ២០២១ផងដែរ។ ការធ្វើទីផ្សារសម្លៀកបំពាក់នៅកំឡុងស្ថានការណ៍រាតត្បាតវីរុសកូវីដ-១៩ហាក់ដូចជាតឹងតែង តែយ៉ាងណាមិញសហស្ថានិក Camilla ដែលកាន់តំណែងជាទីផ្សារបានលើកឡើងដូច្នេះ “គោលដៅទីផ្សារដំបូងរបស់យើងគឺខាងប៉ែកអាមេរិក ថ្វីដ្បិតយើងនៅជាក្រុមហ៊ុនតូចមិនទាន់មានហាងលក់ផ្ទាល់ខ្លួន មិនទាន់មានក្រុមតម្បាញផ្ទាល់ខ្លួន ម្យ៉ាងការរាតត្បាតវីរុសកូវីតធ្វើឲ្យយើងស្មុគស្មាញ តែយើងនឹងផ្តោតធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា និងឲ្យ Influencer ឬអ្នកមានឥទ្ធិពលក្នុងសង្គមជាអ្នកផ្សព្វផ្សាយវិញ។ អតិថិជនអាចបញ្ជាទិញតាមអនឡាញហើយយើងដឹកជញ្ជូនគ្រប់ប្រទេសទូទាំងពិភពលោក”។
សមិទ្ធផលទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះរបស់ស្ថាបនិកាខ្មែរសញ្ជាតិអាមេរិកទាំងបីរូប នាពេលខាងមុខអ្នកទាំងបីក៏នឹងមានគម្រោងបង្កើតក្រុមផលិតផ្ទាល់ខ្លួន ហើយក៏នឹងមានហាងលក់ផ្ទាល់ខ្លួននៅឆ្នាំបន្ទាប់ផងដែរ។ ចុក្ខវិស័យរបស់ NARY គឺបង្កើតការងារមួយដែលផ្តល់ប្រាក់បៀវត្សរ៍សមរម្យតាមតម្រូវការរស់នៅ ធ្វើការក្នុងបរិស្ថានការងារសុវត្ថិភាព និងជួយទៅលើអ្នកដែលរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយរួមបញ្ចូលបណ្តុះបណ្តាលបន្ថែមទៅលើជំនាញនិងចំណេះដឹងផ្សេងៗនៅក្នុងជីវិតរស់នៅដូចជា ការរៀបចំគម្រោងគ្រួសារ ចំណេះដឹងសុខភាព ការគ្រប់គ្រងហិរញ្ញវត្ថុ និងទំនាក់ទំនងសង្គមជាដើម។ លើសពីសម្លៀកបំពាក់នារី NARY មានបំណងចង់ផលិតសម្លៀកបំពាក់បែបដំណើរកម្សាន្តសម្រាប់កុមារ និងផលិតផលគ្រឿងលម្អផ្ទះធ្វើពីធម្មជាតិផងដែរ។ មហិច្ឆតារបស់ NARY គឺចង់ក្លាយជាយីហោស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយយីហោលំដាប់អន្តរជាតិដទៃទៀត។ សម្រាប់លោកអ្នកចង់ជាវសម្លៀកបំពាក់ពី NARY អាចចូលទៅកាន់គេហទំព័រ www.naryresort.com ជាការស្រេច៕
Article by HEM SOKKHIM
Stephanie, Mrs. Phannary, Sarah and Camilla