«រំដួលបីទង» និង «រុក្ខនិម្មិត» ជាប្រធានបទដ៏សំខាន់បង្ហាញពីអតីតភាពនាខេត្តបាត់ដំបង
FASHION & BEAUTY 4 years agoថ្វីដ្បិតតែព្រឹត្តិការណ៍ម្ហូប អាហារ «រសបាត់ដំបង» កន្លងផុតទៅពិតមែន ប៉ុន្តែស្នាមញញឹម និងក្តីស្រឡាញ់ ការសាមគ្គីភាព របស់ប្រជាជនបាត់ដំបងក្នុងព្រឹត្តិការណ៍នោះនៅតែបន្តដក់ជាប់ក្នុងចិត្តពួកគេនៅឡើយ តួយ៉ាង សកម្មភាពនៃការសម្តែងសៀក ល្ខោនខោល តន្ដ្រីសិល្បៈបុរាណ និងសម័យ របាំខ្មែរ ការរាំចង្វាក់ Hip-Hop ការបង្ហាញម៉ូដ ការតាំងពិព័រណ៍ស្នាដៃនានារបស់សិល្បករ និងសិល្បការីនីវ័យក្មេងក្នុងតំបន់នោះជាការផ្សព្វផ្សាយដ៏មានឥទ្ធិពលក្នុងការគាំទ្រវិស័យសិល្បៈឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
«រំដួលបីទង» និង «រុក្ខនិម្មិត» ជាប្រធានបទនៃការសម្តែង និងការដើរបង្ហាញម៉ូដផ្តោតសំខាន់បំផុតទៅលើគ្រឿងអលង្ការសហសម័យនៃខ្សែរាជវង្សនាសម័យអង្គរ។ ទន្ទឹមនឹងនេះ លោក ហ៊ិន គឹមយាន ជាអ្នកដឹកនាំក្រុមទេពច្យុតបានបង្ហាញឲ្យដឹងពីការបង្កើតប្រធានបទនេះក្នុងគោលបំណងរំឮករាល់អនុស្សាវរីយ៍នៃការទទួលបាននូវខេត្តដែលសម្បូរទៅដោយសក្តានុពលចំនួនបីត្រឡប់មកវិញ តួយ៉ាង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្វាយស៊ីសុផុន (ខេត្តបន្ទាយមានជ័យសព្វថ្ងៃ) យោងតាមសន្ធិសញ្ញាបារាំង-សៀម នាឆ្នាំ១៩០៧។ គ្រឿងអលង្ការ និងសម្លៀកបំពាក់ដែលបានបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍នោះប្រមាណជាង២០ឈុត ពោល ១២ ឈុតសម្រាប់បុរស និង៨ឈុតសម្រាប់ស្ត្រីសុទ្ធសឹងតែជាការកែច្នៃពីកាកសំណល់នានាដែលគេបានបោះចោលតាមសារធារណៈ ជាមួយនឹងការកែច្នៃនេះដែរជាផ្នែកមួយដែលបានផ្សារភ្ជាប់ខ្លឹមសារអប់រំមួយចំនួនទៅកាន់សាធារណជនពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រើប្រាស់សារធាតុប្លាស្ទិច ការបោះចោលកាកសំណល់ឥតសណ្តាប់ធ្នាប់ជាដើម។ ជាក់ស្តែង «រុក្ខនិម្មិត» ជាផ្នែកមួយនៃប្រធានបទក្រោមចំណងជើង «រំដួលបីទង» ផងដែរ។ យ៉ាងណាមិញ «រុក្ខនិម្មិត» ជាការដើរបង្ហាញម៉ូដដ៏សំខាន់តម្រូវឲ្យតារាម៉ូឌែលទាំងស្រី ទាំងប្រុសស្លៀកសម្លៀកបំពាក់បុរាណខ្មែរអមដោយគំនូរនានាដែលជាទម្រង់រុក្ខជាតិ ពោល គំនូរដែលត្រូវបានគូរលើដងខ្លួនជាការបង្ហាញពីស្នាដៃរបស់សិល្បៈខ្មែរដ៏មានភាពប៉ិនប្រសប់នាតំបន់នោះដែលអាចបញ្ចេញស្នាដៃរបស់ខ្លួន តួយ៉ាង «រុក្ខនិម្មិត» បង្កប់នូវអត្ថន័យទំនាក់ទំនងរវាងមនុស្ស និងរុក្ខជាតិដែលមានចំណងយ៉ាងស្វិតរមួត ហើយនេះបានបញ្ជាក់ផងដែរថាមនុស្សគ្រប់រូបគួរស្រឡាញ់ធម្មជាតិឲ្យដូចធម្មជាតិស្រឡាញ់ខ្លួនវិញផងដែរ។
មកដល់សព្វថ្ងៃនេះ ក្រុមទេពសុច្យុតបានបង្កើតឡើងប្រមាណជាង២ឆ្នាំមកហើយដែលគ្រប់គ្រងឡើងដោយលោក ហ៊ឹន គឹមយាន មានសមាជិកក្រុមប្រមាណជាង២០នាក់ដែលនៅតែបន្តសាមគ្គីភាពគ្នាក្នុងការបង្កើតនូវសមិទ្ឋិផលថ្មីៗដែលជាចំណេះដឹងទូទៅប្រវិត្តសាស្ត្រសម្រាប់ការចែករំលែកដល់មនុស្សជំនាន់ក្រោយបន្តបន្ទាប់ទៀត៕
Article by PAN SIVLY
Image Courtesy: KHOM CHAMRONG