×

តើ​ជំងឺ​ផ្តាសាយ​ធម្មតា​ ​និង​ផ្តាសាយ​ធំ​មាន​ភាព​ខុសគ្នា​យ៉ាងដូចម្តេច​?

TRAVEL & LIVING 3 months ago

            ផ្តាសាយ​គឺជា​ជំងឺ​ដែល​ងាយ​ប្រឈម​ជាងគេ ហើយច្រើនកើតឡើង​ដោយ​ពពួក​វី​រុ​ស​ល្អិត​ៗ​រហូតដល់​ទៅ​​​ជាង​ ​២​០​០​ប្រភេទ​ ​ក្នុង​នោះ​វី​រុ​ស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​រួម​មាន​ ​មេរោគ​ r​h​in​o​v​i​ro​us​ ​វី​រុ​ស​អា​ដេណូ ​វី​រុ​ស​ ​Sy​nc​y​t​i​a​l​ ​និង​វី​រុ​ស​ ​Par​a​influenza​ ​ជាដើម​។​ ​ជំងឺ​ផ្តាសាយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ខាងលើ​ ​តាមធម្មតា​វា​បង្ហាញ​រោគសញ្ញា​ដូចជា​ ​រមាស់​ឬ​ឈឺ​បំពង់ក​ ​កណ្តាស់​ ​តឹងច្រមុះ​ ​ហៀរ​ទឹកភ្នែក​ ​ហៀរ​ទឹក​សំបោរ​ពី​ច្រមុះ​ទៅ​បំពង់ក​ ​ក្តៅខ្លួន​ ​និង​ឈឺចុក​រោយ​ពេញ​រាងកាយ​។​ ​មេរោគ​ផ្តាសាយ​អាចប​ង្ក​ជំងឺ​ស្រាល​ឬ​ធ្ងន់​ ​ដែល​ជាទូទៅ​យើង​ហៅថា​ផ្តាសាយ​ធម្មតា​ឬ​ផ្តាសាយ​តូច​ ​និង​មួយទៀត​ធ្ងន់ធ្ងរ​ជាង​គឺ​ផ្តាសាយ​ធំ​។​ ​ខណៈ​ជំងឺ​ផ្តាសាយ​ទាំងពីរ​បង្ហាញ​រោគសញ្ញា​ស្រដៀងគ្នា​ ​ចុះ​យើង​អាច​ដឹង​យ៉ាងដូចម្តេច​ថា​តើ​ផ្តាសាយ​មួយ​ណា​ដែល​យើង​កំពុង​កើត​។​

            មេរោគ​ផ្តាសាយ​អាច​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​បាន​យ៉ាង​ងាយ​តាមរយៈ​ខ្យល់​ដង្ហើម​ក្អក​ឬ​កណ្តាស់​ពី​អ្នកជំងឺ​ ​និង​ការ​ប៉ះពាល់​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ត​ពី​អ្នកជំងឺ​ដូចជា​ ​ច្រាស​ដុសធ្មេញ​ ​ស្លាបព្រា​ ក្តា​វាយ​កុំព្យូទ័រ​ -​ល​- ​រួច​យក​ម្រាមដៃ​ទៅ​ប៉ះ​នឹង​មាត់​ឬ​ច្រមុះ​របស់​អ្នក​។​ ​ផ្តាសាយ​ធម្មតា​ឬ​ផ្តាសាយ​តូច​ ​វា​រមែង​បង្ហាញ​សញ្ញា​ដូចជា​ ​ហៀរសំបោរ​រាវ​ ​ឬ​តឹងច្រមុះ​ ​ក្អក​ស្រាល​ ​កណ្តាស់​ ​អស់កម្លាំង ​(​តិចតួច​ឬ​គ្មាន​) ​ហូរទឹកភ្នែក​ ​ឈឺក​ ​ឈឺក្បាល ​(​តិចតួច​ឬ​គ្មាន​) ​និង​ចុក​រោយ​រាងកាយ​។​ ​តាមធម្មតា​ជំងឺ​ផ្តាសាយ​តូច​នឹង​សះស្បើយ​ទៅវិញ​ក្នុង​កំឡុង​ពេល​ពី​៧​ទៅ​១​០​ថ្ងៃ​ ​រីឯ​អា​ការដែល​បង្ហាញ​ឡើង​មកនេះ​មិនមែន​ដោយសារតែ​ការ​ឆ្លង​មេរោគ​នោះ​ទេ​ បុន្តែ​វា​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​កំពុង​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​។​ ​អ្នក​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​ធម្មតា​ដោយខ្លួនឯង​បាន​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដោយ​ ​គេង​ឲ្យបាន​គ្រប់គ្រាន់​ ​ងូត​ទឹកក្តៅ​ ​បរិភោគ​ក្តៅ​ ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​ពិសេស​ផឹក​ភេសជ្ជៈ​ពពួក​ផ្ទុក​វីតាមីន​ C​។​ ​និយាយរួម​ជំងឺ​ផ្តាសាយ​តូច​កើតឡើង​ក្នុង​កំឡុង​ពេល​ខ្លី​ ​និង​មិន​បង្ក​អ្វី​ធ្ងន់ធ្ងរ​ដល់​សុខភាព​ឡើយ​។​ ​ដោយឡែក​ ​ចំពោះ​លក្ខណៈ​សម្គាល់​ដែល​លេចធ្លោ​បំផុត​នៃ​ជំងឺ​ផ្តាសាយ​ធំ​វិញ​ ​គឺ​ការ​លេចចេញ​នូវ​គ្រុនក្តៅ​ខ្លាំង​ភ្លាម​ៗ ​(៣​៨​អង្សា​សេ​ឡើង​ទៅ​) ​ក្អក​ស្ងួត​ ​ឈឺក្បាល​ ​និង​ឈឺ​ខ្លួនប្រាណ​ ​ជាពិសេស​ត្រង់​ខ្នង​ផ្នែក​ខាងក្រោម​ ​និង​ជើង​។​ ​

            រោគសញ្ញា​ទាំងនេះ​ចាប់ផ្តើម​ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​ឆ្លង​វី​រុ​ស​ហើយ​ភាគច្រើន​មាន​រយៈពេល​តិច​ជាង​មួយ​ស​ប្តាហ៍​។​ ​អ្នកជំងឺ​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ ​និង​ខ្សោយ​មែនទែន​សឹងតែ​មិន​ចង់​ក្រោក​ចេញពី​គ្រែ​ ​ហើយ​រោគសញ្ញា​ផ្សេងទៀត​មាន​ដូចជា​ ​រងាញាក់​ ​មិន​ឃ្លាន​អាហារ​ ​ឈឺ​ខាងក្រោយ​ភ្នែក​ ​ឈឺ​បំពង់ក​ ​ហៀរសំបោរ​ឬ​តឹងច្រមុះ​ ​ជួន​អាច​រាគ ​(​ចំពោះ​កូនក្មេង)។​ ​បើ​តាម​ឯកសារ​របស់​នាយកដ្ឋាន​សុខភាព​​​​ និង​ថែទាំ​នៃ​រដ្ឋ​វិច​តូ​រី​យ៉ា​ ​រយៈពេល​វិវឌ្ឍ​នៃ​ជំងឺ​ផ្តាសាយ​ធំ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​ដែរ​ ​គឺ​អាច​ចន្លោះ​ពី​៧​ទៅ​១​០​ថ្ងៃ​។​ ​ការ​រំពឹង​ទុក​នៅ​ថ្ងៃ​ទី​១​-​៣​៖​ ​ចាប់ផ្តើម​ក្តៅខ្លួន​ភ្លាម​ៗ​ ​ឈឺក្បាល​ ​ឈឺ​សាច់ដុំ​ ​អស់កម្លាំង​ ​ក្អក​ស្ងួត​ ​ឈឺ​បំពង់ក​ ​ជួន​តឹងច្រមុះ​។​ ​ថ្ងៃ​ទី​៤​៖​ ​គ្រុនក្តៅ​ ​និង​ឈឺ​សាច់ដុំ​ថយ​ចុះ​ ​សំឡេង​ស្អក​ៗ​ ​ស្ងួត​ឬ​ឈឺ​បំពង់ក​ ​ក្អក​ ​ហើយ​អាច​មិន​ស្រួល​ក្នុង​ទ្រូង​តិចតួច​កើតមាន​គួរឲ្យ​កត់​សម្គាល់​។​ ​យើង​អាច​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​ឬ​ហេវហត់​។​ ​ថ្ងៃ​ទី​៨​៖​ ​រោគសញ្ញា​ទាំងឡាយ​ចាប់ផ្តើម​ថយ​ចុះ​ ​ក្អក​ ​និង​ភាព​អស់កម្លាំង​អាច​នឹង​នៅ​បន្ត​មួយ​ទៅ​ពីរ​ស​ប្តាហ៍​ឬ​យូរ​ជាង​នេះ​។​ ​អ្នកជំងឺ​ផ្តាសាយ​ធំ​ភាគច្រើន​អាច​នឹង​ធូរស្រាល​ទៅវិញ​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ព្យាបាល​ឬ​ ​អាច​ព្យាបាល​ដោយខ្លួនឯង​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដូច​បាន​រៀបរាប់​នៅ​ខាងលើ​អម​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំគ្រុន​ក្តៅ​ដូចជា​ ​ពពួក​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ​ឬ​ ​អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន​ (​I​bu​pro​fen​)​។​ ​ជា​រួម​ជំងឺ​ផ្តាសាយ​ទាំងពីរ​មាន​ភាព​ស្រដៀងគ្នា​ ​គ្រាន់តែ​ផ្តាសាយ​ធំ​ធ្វើទុក្ខ​ធ្ងន់ជាង​ដែល​បង្ហាញ​សញ្ញា​លេចធ្លោ​គ្រុនក្តៅ​ខ្លាំង​នៅ​ថ្ងៃ​ដំបូង​។​ ​ដោយ​សារ​តែ​​ជំងឺ​ផ្តាសាយ​ធម្មតា​ ​និង​គ្រុនផ្តាសាយ​ធំ​ត្រូវ​បាន​កើតឡើង​ដោយ​វី​រុ​ស​ ​ដូច្នេះ​ការ​ប្រើ​ថ្នាំ​ផ្សះ​ (​Ant​i​b​i​o​tic​) ​មិន​មាន​ប្រសិទ្ធ​ភាព​លើ​មេរោគ​ផ្តាសាយ​នោះ​ទេ​ ​លុះត្រាតែ​មាន​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​មានការ​ឆ្លង​មេរោគ​លើក​ទីពីរ​ ​ដូចជា​ជំងឺ​រលាក​សួត​ ​ឬ​រលាក​បំពង់ក​ដោយ​បាក់តេរី​ជាដើម​។​ ​ហេតុ​ដូចនេះ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​គ្រុនផ្តាសាយ​លើស​ពី​មួយ​ស​ប្តាហ៍​ដោយ​មិន​មានការ​ធូរស្រាល​ ​អ្នក​គួរតែ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​រកការ​ឆ្លង​ផ្សេងៗ​ ​និង​ការ​ព្យាបាល​ត្រឹមត្រូវ​មួយ​ដើម្បី​ជៀសវាង​នូវ​ការប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស​ ​ជាពិសេស​ថ្នាំ​ផ្សះ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​មួយ​ចំនួន​ចំពោះ​សុខភាព​ ​និង​ធ្វើឲ្យ​យើង​មាន​ភាព​សាំ​ជាមួយ​ថ្នាំ​ផ្សះ​ហើយ​ពិបាក​ព្យាបាល​នៅ​ពេល​យើង​មាន​ជំងឺឆ្លង​នៅ​ពេលក្រោយ​។​ ​តែ​យ៉ាងណាមិញ​ ​យើង​មិនគួរ​បណ្តោយឲ្យ​វា​យឺត​ពេល​ពេល​នោះ​ទេ​ ​ដូចជា​ករណី​ឈាន​ដល់​ជំងឺ​រលាក​ទងសួត​ដោយ​បាក់តេរី​ជាដើម​។

            បើ​ទោះ​ស្ថិតិ​ពិភពលោក​បង្ហាញ​ថា​ ​ចំពោះ​មនុស្ស​ធំ​នៅតែ​អាច​កើតជំងឺ​ផ្តាសាយ​យ៉ាងតិច​ពីរដង​ក្នុង​មួយ​ឆ្នាំ​ ​រីឯ​កូនក្មេង​អាច​ពី​៦​ទៅ​១​០​ដង​ក្នុង​មួយ​ឆ្នាំ​ក្តី​ ​ជាមួយគ្នា​នេះ​យើង​គួរគប្បី​យល់​ដឹង​អំពី​វិធីការ​ពារ​ខ្លួន​ដើម្បី​កាត់បន្ថយ​ភាគរយ​ប្រឈម​កើតជំងឺ​ផ្តាសាយ​ផង​ដែរ​។​ ​ការ​បរិភោគ​បន្លែ​បៃតង​ ​ពពួក​អាហារ​ផ្ទុក​វីតាមីន​ ​D​ ​និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ ​គឺជា​វិធី​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​មេរោគ​បាន​យ៉ាងល្អ​ ​។​ ​ការ​លាងដៃ​គឺជា​វិធានការ​មួយ​ដ៏​សំខាន់​បំផុត​ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​។​ ​ប្រសិនបើ​មាន​សមាជិក​ក្នុង​ផ្ទះ​ណា​ម្នាក់​កើតជំងឺ​ផ្តាសាយ​ ​សូមលា​ង​ដៃ​រាល់​ពេល​បាន​ប៉ះពាល់​អ្នកជំងឺ​ ​ប៉ះ​របស់របរ​ប្រើប្រាស់​របស់​អ្នកជំងឺ​ ​បើ​អាច​គួរ​ប្រើ​ដោយឡែក​ ​កុំ​ចែករំលែក​អាហារ​ញុំា​ជាមួយ​អ្នកជំងឺ​ ​និង​អនាម័យ​បរិស្ថាន​ជុំវិញ​ខ្លួន​ជាប់​ជានិច្ច​។​ ​ចំពោះ​អ្នក​ឧ​ស្សាហ៍​ផ្តាសាយ​អ្នកជំនាញ​ក៏​ផ្តល់​ដំបូន្មាន​ឲ្យ​ចាក់​វាក់​សាំង​ការពារ​ផង​ដែរ​ ​បើ​ទោះ​មិន​អាច​ការពារ​បាន​១​០​០​ភាគរយ​ ​ប៉ុន្តែ​ក៏​អាច​ការពារ​ពី​មេរោគ​មួយ​ចំនួន​ក្នុងចំណោម​មេរោគ​ជាង​២​០​០​ប្រភេទ​នៃ​ជំងឺ​ផ្តាសាយ​ ​ដូចជា​ពពួក​មេរោគ​បង្ក​ជំងឺ​ផ្តាសាយ​ធំ​នេះឯង​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS