×

ទំនៀម​នៃ​ពិធី​បុណ្យចូលវស្សា​ពីបរមបុរាណ​

TRAVEL & LIVING 4 weeks ago
 
 

            ​យោង​តាម​ឯកសារ​ “​ពិធី​ប្រចាំ​ដប់ពីរ​ខ្មែរ​” ​រៀបរៀង​ដោយ​ក្រុមជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ ​ឆ្នាំ​១​៩​៦​៦​ ​ពាក្យ​ថា​ “​វស្សា​” ​មកពី​ពាក្យ​បាលី​ថា​ “​វស្ស​” ​ប្រែ​ថា​ “​ភ្លៀង​” ​ឬ​ “​រដូវភ្លៀង​” ​ដែល​មានកំណត់​ ​៤​ខែ​ (​រាប់​ពី​ថ្ងៃ​១​រោច​ខែ​អាសា​ធ​ ​ដល់​១​៥​កើត​ខែ​កត្តិក​)​។​ ​ព្រះ​បរម​សា​ស្រ្តា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឲ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​នេះ​ ​ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ការ​ចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ​៣​ខែ​ទេ​ (​រាប់​ពី​ថ្ងៃ​ ​១​រោច​ខែ​អាសា​ធ​ដល់​ ​១​៥​កើត​ខែ​អស្សុជ​) ​។​

            សម័យ​នោះ​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​គង់នៅ​វត្តវេឡុវ័ន​ ​កល​ន្ទ​ក​និ​វា​ប​ស្ថាន​ ​ទៀប​ក្រុង​រាជ​គ្រឹះ​។​ ​គ្រានោះ​ឯង​ ​ការ​នៅ​ចាំវស្សា​ ​ព្រះមានព្រះភាគ​មិនទាន់​បញ្ញត្តិ​ដល់​ភិក្ខុសង្ឃ​ទាំងឡាយ​នៅឡើយ​ ​មនុស្ស​ទាំងឡាយ​ពោលទោស​តិះដៀល​បន្តុះបង្អាប់​ថា​ ​ពួក​សមណ​ជា​សក្យ​បុត្ត​ ​មិន​សម​បើនឹង​ដើរ​ទៅកាន់​ចារិក​ ​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហ​រដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​ ​បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត​មាន​ឥ​ន្រ្ទីយ៍​តែមួយ​ ញុំា​ង​សត្វ​តូច​ៗ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តីវិនាស​សោះ​ ​សូម្បី​ពួក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃពី​នេះ​ដែល​ជា​អ្នកពោល​ធម៌​អាក្រក់​ ​ម្តេច​គង់នៅ​សម្ងំ​ឈប់​សម្រាក​នៅ​ចាំវស្សា​ ​សូម្បី​ទាំង​ពួក​សត្វស្លាប​នោះ​ទៀតសោត​ក៏​គង់​ធ្វើ​សំបុក​លើ​ចុងឈើ​ទាំងឡាយ​ ​ហើយ​សម្ងំ​ឈប់​សម្រាក​នៅ​ចាំវស្សា​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​ក៏​ក្រាបទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​នូវ​ធ​ម្មី​កថា​ក្នុង​វេលា​នោះ​ឯង​ ​រួចហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​អនុញ្ញាត​ថា​ ​អនុ​ជានា​មិ ភិក្ខវេ ​វ​ស្សំ ​ឧប​គ​ន្តុន្តិ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូល​ចាំវស្សា​។​

            ​ក្នុងរយៈ​វេលា​៣​ខែ​នេះ​នៅ​គ្រប់​ព្រះវ​ហារ​នៃ​ទីវត្ត​ទាំងឡាយ​គេ​តែង​រក្សា​ភ្លើង​ទៀន​ព្រះវស្សា​ឲ្យ​នៅ​ឆេះ​ជានិច្ច​។​ ​តួ​ទៀន​ធ្វើអំពី​ឈើ​មាន​ទំហំ​ប្រមាណ​ ​២​ ​ចាប់​ ​ក​ម្ពស់ ​២​ហត្ថ​ ​មាន​រចនា​ក្បាច់​យ៉ាងល្អ​ ​និង​ ​រំលេចពណ៌​ដ៏​ប្រណិត​ផង​។​ ​ខាងក្នុង​តួ​ពុម្ព​ទៀន​មាន​ដោត​អំបោះឆៅ​ជា​ប្រឆេះ​ហើយ​គេ​បង្ហូរ​ក្រមួន​ឃ្មុំ​ចូល​ទៅ​ក្នុង​ពុម្ព​នោះ​ ​ប៉ុន្តែ​ដោយ​ក្រមួន​ពុំសូវ​សំបូរ​ ​គេ​និយម​ប្រើ​ប្រេង​ជំនួស​វិញ​ហើយ​ចាក់​ក្រមួន​ឲ្យ​មាន​ក​ម្រាស់​តែ​៥​ធ្នាប់​ខាងលើ​ទេ​។​ ​លុះ​ឆេះ​អស់សាច់​ក្រមួន​ហើយ​ទើប​ឆេះ​ដល់​ប្រេង​គេ​ធ្វើ​ ​ដូច្នេះ​ដើម្បីឲ្យ​ទៀន​នោះ​ឆេះ​ជាប់​ដរាប​គ្រប់​៣​ខែ​។​ ​កាល​ដល់​ថ្ងៃកំណត់​ចូល​ព្រះវស្សា​ហើយ​ ​ព្រះករុណា​ ​ឬ​ ​ព្រះរាជវង្សានុវង្ស​មួយ​អង្គ​ ​ទ្រង់​យាង​ចេញ​អុជ​ទៀនវស្សា​ទាំង​៤​យ៉ាង​ឧឡារិក​ជា​រៀងរាល់​ឆ្នាំ​។​ ​បណ្តា​ទៀនវស្សា​ទាំង​៤​នោះ​ ​ទៀន​១​ត្រូវ​តម្កល់​នៅ​ហោព្រះ​រូប​ក្នុង​ព្រះបរមរាជវាំង​ ​ដែល​ជា​កន្លែង​តម្កល់​ព្រះពុទ្ធរូប​។​ ​ទៀន​១​ទៀត​តម្កល់​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ដែល​ជាទី​តម្កល់​នូវ​កោដ្ឋ​អដ្ឋិធាតុ​របស់​ក្រុម​ព្រះរាជវង្សានុវង្ស​ ​។​ ​ទៀន​ទី​៣​តំកល់​នៅ​ក្នុង​ហោព្រះ​ខ័ន​ ​ទៀន​ទី​៤​ ​តម្កល់​នៅ​ក្នុង​វិហារ​ព្រះកែវមរកត​។​

            ម្យ៉ាងទៀត​ ​ព្រះករុណា​ទ្រង់​តម្រូវ​ឲ្យ​ធ្វើ​ទៀន​ទៅ​តំកល់​នៅ​ទីវត្ត​ ​ក្នុង​ព្រះរាជធានី​ ​និង​ទីវត្ត​ជិត​ៗ​ ​នា​ទីក្រុង​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ទើប​ទៀនវស្សា​ព្រះរាជទ្រព្យ​មានដល់​ទៅ​១​៩​ដើម​។​ ​នៅ​ថ្ងៃ​ដែល​ធ្វើពិធី​អុជ​ទៀន​ព្រះវស្សា​នៅ​ព្រះបរមរាជវាំង​ក្រុម​បារគូបុរោហិត​ក៏​រៀប​ធ្វើពិធី​អញ្ជើញ​ព្រះមហាក្សត្រ​ឲ្យ​ចូល​ទៅកាន់​ព្រះវស្សា​ដែរ​។​ចាប់តាំង​ពី​ថ្ងៃ​ពេញ​បរ​មី​ខែ​អាសា​ធ​គឺ​មុន​ថ្ងៃ​ចូល​ព្រះវស្សា​១​ថ្ងៃ​ ​គេ​ស​ង្គេ​ត​ឃើញ​ភាព​អ៊ូអរ​ស្ទើរតែ​គ្រប់​វត្តអារាម​។​ ​ពីព្រលឹម​ព្រះសង្ឃ​ទាំងឡាយ​ដែល​នៅ​ក្នុង​វត្ត​ ​និមន្ត​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ​ដើម្បី​ថ្វាយបង្គំព្រះ​រតនត្រ័យ​និង​ស្វាធ្យាយធម៌​ដារ​បញ្ជូន​ផលានិសង្ស​ ​ដល់​វិញ្ញាណក្ខន្ធ​ដែល​ធ្វើ​មរណកាល​ទៅ​ហើយ​។​ ​ដល់​ថ្ងៃត្រង់​ពួក​ទាយក​ទាយិកា​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់​ពេលល្ងាច​ព្រះសង្ឃ​សម្តែង​ធម៌​ទេសនា​ជាការស្រេច​។​ ​ថ្ងៃជា​បន្ទាប់មក​ជា​ថ្ងៃ​ចូល​ព្រះវស្សា​ ​នៅ​វេលា​រសៀល​គេ​ធ្វើពិធី​ហែ​ទៀន​ ​ព្រះវស្សា​ ​និង​ ​គ្រឿងបរិក្ខារ​ផ្សេងៗ​ ​មាន​សំពត់​វ​ស្សិ​ក​សាដក​ជាដើម​ ​ប្រទក្សិណ​ព្រះវិហារ​ ​៣​ជុំ​ជាមុន​ ​ទើប​នាំ​ទៀន​ចូល​ទៅ​ ​គេ​វេរ​ទៀន​រួច​ទើប​អុជ​ទៀន​នោះ​ជា​ក្រោយ​ ​។​

            ​នៅ​ឱកាស​នេះ​គេ​និមន្ត​ព្រះសង្ឃ​ឲ្យគង់​តាមលំដាប់​វស្សា​ចាស់​-​ខ្ចី​។​ ​ព្រះសង្ឃ​ដែល​ចាស់​វស្សា​ជាងគេ​ប្រកាសប្រាប់​ទីប្រជុំ​ថា​ ​ថ្ងៃនេះ​ជា​ថ្ងៃ​ចូល​ព្រះវស្សា​ ​ដែល​មាន​ថេរ​វេលា​៣​ខែ​នោះ​ព្រះសង្ឃ​ពុំអាច​និមន្ត​ទៅផ្ទះ​ឯកជន​បាន​ ​បើប្រសិន​ជា​គេ​និមន្ត​ឬ​បើ​មានធុរៈ​ ​ញោម​ឈឺ​ ​ឬ​ ​ក៏​ឧប​ជ្ឃាយ៍​អាចារ្យ​ឈឺ​ ​លោក​អាច​ចេញទៅ​គង់​ក្រៅ​អារាម​បាន​ប៉ុន្តែ​ត្រូវ​ ​កុំឲ្យ​ហួសពី​ប្រាំពីរ​ថ្ងៃ​។​ ​មុននឹង​ចេញទៅ​លោក​ត្រូ​ទៅ​ទូល​លោកគ្រូ​ជា​មេវត្ត​សិន​ដោយ​សន្យា​នឹង​លោក​ថា​នឹង​វិលមកវិញ​ឲ្យ​ទាន់​អរុណ​រះ​នៃ​ថ្ងៃ​ទី​៧​ជាមិនខាន​ ​។​ ​ដល់ពេល​ត្រលប់​ចូល​ទីអារាម​វិញ​ភ្លាម​ត្រូវ​ចូល​ទៅ​បង្ហាញខ្លួន​ដល់​លោកគ្រូ​មេវត្ត​ជា​ដំណឹង​។​ ​ជួនកាល​មាន​ព្រះសង្ឃ​ខ្លះ​ពុំបាន​ចូល​ព្រះវស្សា​តាម​កំណត់កាល​វេលា​ដោយ​មានធុរៈ​អ្វីមួយ​ឬ​ដោយ​រោគាពាធ​នោះ​លោក​អាច​ចូល​ប​ច្ឆិមិ​ក​វស្សា​បាន​គឺ​លោក​ចូល​នៅ​ថ្ងៃ​ ​១​រោ​ជ​ ​ខែ​ស្រាពណ៍​ ​ហើយ​ត្រូវ​គិត​វស្សា​ឲ្យ​គ្រប់​ ​៣​ខែ​ ​ដូច​លោក​ដែល​ចូល​មុន​គឺ​ត្រូវ​ចេញ​វិញ​នៅ​ថ្ងៃ​ ​១​រោ​ជ​ ​ខែ​កត្តិក​។​

Article by SRIN SOKMEAN


SUGGESTIONS