ជិះឡូរីបាណន់ ញ៉ាំបាយនៅស្ពានយោលចង្ហូរថ្ម និងថតរូបស្អាតៗនៅច្បារមាត់ស្ទឹង
TRAVEL & LIVING 3 years agoក្រៅពីតំបន់ភ្នំសំពៅ អ្នកទេសចរមកពីគ្រប់ទិសទីនិយមធ្វើដំណើរកម្សាន្តទៅកាន់តំបន់ភ្នំបាណន់ ក្នុងស្រុកបាណន់ ចម្ងាយជាង២០គីឡូម៉ែត្រ ខាងត្បូងក្រុងបាត់ដំបង កម្រខកខានណាស់ ដោយសារតែតំបន់នេះមានរមណីយដ្ឋានភ្នំបាណន់ដែលមានប្រាសាទបុរាណនៅលើកំពូលភ្នំជាគោល ល្បីរន្ទឺគ្រប់ជំនាន់ ហើយក៏មានរមណីយដ្ឋានធម្មជាតិ-កែច្នៃតូចធំថ្មីចាស់ជាច្រើនសងខាងផ្លូវស្របតាមបណ្តោយស្ទឹងសង្កែ ដូចជា កន្លែងជិះឡូរីជើងភ្នំបាណន់ ចម្ការទំពាំងបាយជូរ ឬផ្ទះផ្កា Begonia សួនផ្កានៃក្តីស្រលាញ់ ទំនប់កង្ហត ស្ពានយោលចង្ហូរថ្ម និងកន្លែងទស្សនាសត្វជ្រឹងក្នុងវត្តបាយដំរាំ ជាដើម។ ក្រុមការងារសូវរីនបានឆៀងចូលសួនឡូរីជើងភ្នំបាណន់ដែលមានច្រកចូលតាមខ្លោងទ្វារចូលសាលាស្រុកបាណន់ ចម្ងាយប្រហែល២០០-៣០០ម៉ែត្រពីផ្លូវធំ។ ទើបតែដើមឆ្នាំ២០១៨ទេដែលសួនឡូរីនេះបានបើកដំណើរការទទួលភ្ញៀវទេសចរ ដែលកាលពីមុនភ្ញៀវទេសចរច្រើនតែជាជនបរទេស ដែលចង់ជិះឡូរីកម្សាន្តត្រូវទៅជិះនៅស្ថានីយ៍អូរដំបង តាមបណ្តោយផ្លូវរថភ្លើងចាស់ ក្នុងទិសដៅអូរដំបង-អូរស្រឡៅ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ឯណោះ។ ប៉ុន្តែចាប់តាំងពីមានការបង្កើតខ្សែឡូរីថ្មីក្នុងភូមិសាស្រ្តជើងភ្នំបាណន់ដែលជាគោលដៅទេសចរណ៍ល្បីប្រចាំខេត្តស្រាប់នេះមក ឃើញថាមានភ្ញៀវទេសចរភាគច្រើនជាជនជាតិខ្មែរយើងបានចូលមកជិះកម្សាន្តជារៀងរាល់ថ្ងៃមិនចេះដាច់។
សំបុត្រឡូរីមានតម្លៃ ១ម៉ឺនរៀលសម្រាប់ភ្ញៀវខ្មែរ និង៥ ដុល្លារសម្រាប់ភ្ញៀវបរទេស (មិនគិតថ្លៃសម្រាប់កុមារកម្ពស់ក្រោម ១.២០ម៉ែត្រ)។ ជាមួយតម្លៃនេះ ភ្ញៀវម្នាក់ៗអាចជិះឡូរីទៅមកជាក្រុមប្រកបដោយសុវត្ថិភាពក្នុងចម្ងាយផ្លូវ៤គីឡូម៉ែត្រ ចំណាយពេលប្រហែល២០នាទី។ ហួសភ្នំបាណន់មកត្បូងបន្តិច យើងនឹងទៅដល់រមណីយដ្ឋានស្ពានយោលចង្ហូរថ្មដែលកំពុងមានប្រជាប្រិយភាពពីសំណាក់ប្រជាជនក្នុងតំបន់ ជាទីតាំងអាចងូតទឹកស្ទឹងលេង ឆ្លងស្ពានយោល និងបរិភោគអាហារក្នុងតូបជាប់មាត់ស្ទឹង ដែលមានទិដ្ឋភាពជារួមស្រដៀងនឹងរមណីយដ្ឋានអំពែភ្នំដែរ។
ក្រោយពីបានជិះឡូរីដែលជាអត្តសញ្ញាណយានជំនិះប្រចាំខេត្តនេះរួច ក្រុមការងារសូវរីនបានឆ្លងស្ទឹងមកកាន់ត្រើយម្ខាងទៀតតម្រង់មកទឹកដីភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ជិតសាលាបឋមសិក្សាបួរខ្នា។ គោលបំណងរបស់យើងគឺឆៀងចូលមកទស្សនារមណីយដ្ឋានកែច្នៃថ្មីបន្ថែមលើសម្រស់ដងស្ទឹងសង្កែដ៏ពិសិដ្ឋ នោះគឺសួន «ច្បារមាត់ស្ទឹង» ។ លាតសន្ធឹងលើទំហំផ្ទៃដី១ ហិកតា សួនផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាតរបស់អ្នកស្រី ទែន ចន្ធូ ម្ចាស់ទីតាំងដែលសម្លឹងឃើញនូវសក្តានុពលធម្មជាតិនៃតំបន់នេះ ថ្នាលផ្កាជាច្រើនប្រភេទត្រូវបានដាំដុះ រួមមានអាទិ៍ ផ្កាកំពីងពួយពណ៌ស ផ្កាកំពីងពួយពណ៌ស្វាយ ផ្កាសិរមាន់ក្រហម និង ផ្កាម៉ូឡែតពណ៌ផ្កាឈូក (Common Zinnia)។ ក្រោយពេលចូលឆ្នាំខ្មែររួច ផ្កាស្បៃរឿងដែលទើបនឹងដាំថ្មីក៏ត្រៀមនឹងរីកញញឹមចាំទទួលស្វាគមន៍ភ្ញៀវទេសចរទាំងឡាយ គួរឲ្យចង់ទៅមើលឲ្យបានផ្ទាល់ភ្នែកណាស់។ ក្រៅពីសម្រស់ផ្កាគ្រប់ប្រភេទនៅទីនោះភ្ញៀវទៅដល់និយមថតរូបលេងកម្សាន្តនៅលើរានខ្ពស់អង្គុយគយគន់ទេសភាពមាត់ស្ទឹងនាពេលល្ងាច ព្រមទាំងទទួលទានអាហារបែបជនបទដូចជា ឈុតមាន់ស្រែ (តម្លៃ៥ម៉ឺនរៀល) និងប្រហុកជ្រុញ (តម្លៃ១ម៉ឺនរៀល) ជាដើម ក្រោមបរិយាកាសស្រស់ស្រាយជាមួយនឹងខ្យល់ជំនោរមាត់ស្ទឹងធម្មជាតិ។ តម្លៃសម្រាប់ភ្ញៀវចូលថតរូបលេងដោយសេរីគឺត្រឹមតែ ៣០០០ រៀល/ ម្នាក់ ប៉ុណ្ណោះ៕
Article by SRIN SOKMEAN