បម្រែបម្រួលឧស្សាហកម្មហ្វេហ្សិនក្នុងបរិបទពិភពនិម្មិត Metaverse
FASHION & BEAUTY 3 years agoកាលពីខែតុលាឆ្នាំទៅមិញ អ្នកប្រហែលជាបានជ្រាបរួចមកហើយនូវព័ត៌មានផ្ទុះគួរឲ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គម ដែលក្រុមហ៊ុមយក្ស Facebook បានបង្ហាញអំពីការអភិវឌ្ឍខ្លួនទៅកាន់អនាគតពិភពឌីជីថលមួយហៅថា Metaverse ។ Metaverse គឺជាពិភពសិប្បនិម្មិត ជាចក្រវាលទ្រីឌី(3D) ប្រមូលផ្តុំទៅដោយកន្លែងនិម្មិតផ្សេងៗដែលអនុញ្ញាតឲ្យយើងចូលទៅធ្វើការ ជួបជុំ ជប់លៀង ប្រជុំ ឬលេងហ្គេម យ៉ាងស្និទ្ធស្នាលដូចជាជីវិតមែនទែន ដោយគ្រាន់តែប្រើរួមគ្នាជាមួយបច្ចេកវិទ្យាវ៉ែនតា VR។ Metaverse អាចបង្កើតជីវិតទីពីរផ្ទាល់ខ្លួនមួយទៀត ដែលមនុស្សគ្រប់គ្នានឹងរីករាយនូវអ្វីដែលអស្ចារ្យលើសពីជីវិតរស់នៅប្រចាំថ្ងៃ។ ដូចជា Decentraland គឺជាពិភពនិម្មិតមួយដែលជាឧទាហរណ៍ជាក់ស្តែង។ ខណៈបច្ចេកវិទ្យាឌីជីថល និងពិភពពិតបានបន្តមកប្រសព្វគ្នាដូច្នេះ អនាគត Metaverse ក៏នឹងធ្វើឲ្យឧស្សាហកម្មហ្វេហ្សិនមានការប្រែប្រួលផងដែរ។ ចុះតើវានឹងមានឥទ្ធិពលយ៉ាងណាចំពោះឧស្សាហកម្មហ្វេហ្សិន?
បើនិយាយអំពីឧស្សាហកម្មហ្វេហ្សិនឌីជីថល មែនទែនទៅវាបានចាប់ផ្តើមរីកដុះដាលរួចទៅហើយ ដោយបំពេញតម្រូវការស្លៀកពាក់ទៅលើតួអង្គនិម្មិត(Avatar)នៅក្នុងពិភពឌីជីថលទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការចូលខ្លួនទៅក្នុងពិភពនិម្មិត អ្នកប្រើប្រាស់នឹងបង្កើតតួអង្គផ្ទាល់ខ្លួនថ្មីមួយដែលអាចស្លៀកពាក់ទៅតាមបុគ្គលិកលក្ខណៈដែលខ្លួនចង់បានដូចទៅនឹងការលេងហ្គេមដូច្នោះដែរ។ សូម្បីតែមនុស្សពិការក៏អាចទទួលយកបទពិសោធន៍ធ្វើដំណើរទៅកាន់ពិភពនេះ ដោយនិម្មិតតួអង្គផ្ទាល់ខ្លួនមានកាយសម្បទាពេញលេញស្លៀកពាក់ទៅតាមស្ទាយ៌ចិត្តចង់។ ពិតណាស់ ហាងប្រ៊េនសម្លៀកបំពាក់ឌីជីថលបច្ចុប្បន្នមិនមែនមានតែមួយឬពីរបីនោះទេ ពោលអាចលើសពី១០០ហាងឯណោះ។ ជាភស្តុតាងជាក់ស្តែង DressX គឺជាប្រ៊េន និងជាហាងលក់សម្លៀកបំពាក់ឌីជីថលដ៏ធំបំផុតមួយនៅក្នុងពិភពនិម្មិត Decentraland ដែលបង្កើតឡើងដោយស្ថាបនិកពីររូបគឺ Daria Shapovalova និង Natalia Modenova កាលពីឆ្នាំ ២០១៩។ Drest គឺជាហ្គេមហ្វេហ្សិនរបស់ក្រុមហ៊ុនសម្លៀកបំពាក់អនឡាញ Farfetch ដែលជាផ្សារឌីជីថលផ្តល់លទ្ធភាពក្នុងការលេងជាមួយសម្លៀកបំពាក់ឌីជីថលរាប់រាយឈុត ហើយឈុតជាច្រើនទៀតក៏មានលក់នៅខាងក្រៅឬក្នុងពិភពពិតផងដែរ។ ប្រ៊េនសម្លៀកបំពាក់ប្រភេទ ready-to-wear ជាច្រើនបានងាកមកធ្វើតេស្តទៅលើកំណែនិម្មិតខូឡិកហ្សិនរបស់ពួកគេដាក់នៅលើកម្មវិធីផ្សេងៗ និងបានកំពុងបង្កើតអាជីវកម្មបែប Metaverse ដោយចាប់ដៃជាមួយអ្នកច្នៃម៉ូដដែលទើបបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូដនិម្មិត។
ក្រឡេកមកសកម្មភាពនៅក្នុងពិភពឌីជីថលរបស់ម៉ាកអន្តរជាតិល្បីៗដទៃ ម៉ាក Gucci បាននិម្មិតទីតាំងសារមន្ទីរហ្វេហ្សិនរបស់ខ្លួនជាទ្រីឌី(3D)សម្រាប់ហ្គេមអនឡាញ Roblox ចំណែកម៉ាក Ralph Lauren បានបង្កើតបទពិសោធន៍ការទិញទំនិញបែបនិម្មិត(Virtual) នៅហាងលក់ឈុតជិះស្គី។ ក្រុមប្រឹក្សាម៉ូដអង់គ្លេសក៏បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ The Fashion Awards Experience នៅលើ Platform សម្រាប់អ្នកច្នៃម៉ូដឌីជីថលនៅលើ Metaverse ផងដែរ។ រីឯម៉ាក Balmain បានរួមដៃជាមួយហ្គេម Altava ដើម្បីបញ្ចេញខូឡិកហ្សិនចំនួនមានកំណត់ (Limited Collection) ផ្ទាល់ខ្លួន ខណៈ ម៉ាក Balenciaga (ម៉ាក Louis Vuitton ក៏ធ្វើដូចគ្នា) បានបង្កើត Skin ឬសម្លៀកបំពាក់យ៉ាងពិសេសសម្រាប់ហ្គេមអនឡាញ Fortnite ជាមួយវីដេអូក្រោមចំណងជើង «Afterworld: The Age of Tomorrow» ដោយក្នុងនោះមានបង្ហាញខូឡិកហ្សិនប្រភេទ ready-to-wear និងបានប្រកាសថាវាជាអាជីវកម្មមួយផ្នែកទៀតរបស់ខ្លួននៅក្នុង Metaverse។ ទន្ទឹមគ្នានេះដែរ ម៉ាក Gucci និងក្រុមហ៊ុនបណ្តុំម៉ាកសម្លៀកបំពាក់ OTB រួមនឹងគ្រួសារក្រុមហ៊ុនម៉ាក Maison Margiela និងម៉ាក Diesel ក៏បានបង្កើតអាជីវកម្មឌីជីថលថ្មីបន្ថែមដោយដាក់ឈ្មោះថា Brave Virtual Xperience ដែលជាការបង្កើតមាតិកា និងផលិតផលសម្រាប់ប្រើនៅក្នុងពិភពនិម្មិត។ កាលពីខែធ្នូឆ្នាំមុន ម៉ាក Nike បានទិញក្រុមហ៊ុន RTFKT ដែលជាក្រុមហ៊ុនធ្វើស្បែកជើង Sneaker និម្មិត។ ក្រោយមករៀងរាល់សប្តាហ៍មានម៉ាកផ្សេងៗទៀតដូចជា ម៉ាក Givenchy ម៉ាក JW Anderson និងម៉ាក Adidas ជាដើមបានប្រកាសអំពីការបង្កើតផលិតផលឌីជីថលបន្តបន្ទាប់ផងដែរ។ មិនតែប៉ុណ្ណោះកាលពីខែមីនាឆ្នាំនេះ កម្មវិធីបង្ហាញម៉ូដប្រចាំសប្តាហ៍ Metaverse ក៏នឹងធ្វើឡើងនៅក្នុងពិភពនិម្មិតដោយទទួលបានសិទ្ធិផ្តល់ទីតាំងបង្ហាញម៉ូដពីពិភពនិម្មិត Decentraland និង ម៉ាក UNXD ដែលជាម៉ាកឌីជីថលប្រណីត។
ជាមួយការលេចឡើងនូវហ្វេហ្សិនឌីជីថលទាំងនេះ វាបានក្លាយជាចំណីដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មនុស្សសម័យថ្មី ជាពិសេសសំណាក់អ្នកប្រើប្រាស់វ័យក្មេង ដោយហេតុវាផ្តល់ផលប៉ះពាល់ចំពោះបរិស្ថានកម្រិតទាប។ យុវវ័យជំនាន់ Z ឬកើតឆ្នាំ ១៩៩៧-២០១២ បានយល់ច្បាស់ និងគាំទ្រទៅលើការវិនិយោគសម្លៀកបំពាក់បែប sustainable ឬយើងហៅថានិរន្តរភាព។ ហ្វេហ្សិនឌីជីថលនឹងដើរតួយ៉ាងសំខាន់ដល់ប្រ៊េនសម្លៀកបំពាក់ដើម្បីកំណត់នូវការខ្ជះខ្ជាយឬសំណល់ ខណៈដែលវានៅតែអាចបន្តបង្កើតចំណូលដដែល។ និយាយឲ្យស្រួលស្តាប់ មនុស្សនឹងចាប់ផ្តើមងាកមកចាប់អារម្មណ៍ពិភពនិម្មិត ហើយពួកគេនឹងចំណាយលុយពិតទិញសម្លៀកបំពាក់ឌីជីថលដើម្បីស្លៀកពាក់ទៅលើតួអង្គនិម្មិត (Avatar) ឬក៏ស្លៀកពាក់ទៅលើរូបថតរបស់ខ្លួនដោយមិនបង្កើតសំណល់ប៉ះពាល់ដល់បរិស្ថានដូចជាការទិញប្រើប្រាស់នៅពិភពពិតខាងក្រៅឡើយ។
សម្រាប់ការច្នៃប្រតិដ្ឋវិញ ហ្វេហ្សិនឌីជីថលផ្តល់សេរីភាពក្នុងការស្លៀកពាក់ មានន័យថា ការស្លៀកពាក់មិនកំណត់រូបរាង មិនតម្រូវមានទំហំរើស ស្រឡាញ់ម៉ូដណាទិញម៉ូដហ្នឹងស្លៀកពាក់ទៅលើតួអង្គ ហើយថែមទាំងអាចស្លៀកពាក់ទៅលើរូបថតរបស់ខ្លួនផងដែរ។ និន្នារការនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានសេរីភាពទាំងការលេងស្ទាយ៌ ទាំងការស្លៀកពាក់ឈុតគ្រប់ទម្រង់ ដែលពួកគេគិតថាមិនអាចស្លៀកពាក់នៅក្នុងពិភពពិតបាន។ វាក៏នឹងធ្វើឲ្យក្តីសុបិននៃការបង្កើតគំនិតច្នៃម៉ូដរបស់អ្នកច្នៃម៉ូដ និងអ្នកស្លៀកពាក់ក្លាយជាការពិតស្ទើរនឹកស្មានមិនដល់ផងដែរ។ ដោយសារតែអ្វីៗទាំងអស់របស់ហ្វេហ្សិនឌីជីថលបង្កើតឡើងដោយគ្រាន់តែតម្រូវការផលិត និងដាក់លក់បែបឌីជីថលតាមរយៈការប្រើប្រាស់កុំព្យូទ័រនិងប្រព័ន្ធអ៊ីនធ័រណែតនោះ វាអាចជាឱកាសល្អសម្រាប់អ្នកច្នៃម៉ូដថ្មីថ្មោងឬម៉ាកតូចៗងាយស្រួលក្នុងការបញ្ជ្រាបខ្លួនក៏ដូចជាធ្វើទីផ្សារទៅក្នុងពិភពហ្វេហ្សិនឌីជីថល។ សម្លៀកបំពាក់ឌីជីថលជាដើមចមធ្វើឲ្យឧស្សាហកម្មហ្វេហ្សិនកាន់តែងាយស្រួលដល់អ្នកលក់ និងអ្នកប្រើប្រាស់ ខណៈវាជាផ្នែកមួយដ៏សំខាន់ក្នុងការដោះស្រាយទៅលើតម្រូវការឆាប់រហ័សនៃហ្វេហ្សិនបែបនិរន្តរភាពផងដែរ។
តាមរយៈព័ត៌មានបច្ចុប្បន្នភាពខាងលើនេះសុទ្ធសឹងបង្ហាញឲ្យឃើញពីតម្រុយនៃការអភិវឌ្ឍជាបណ្តើរៗរបស់ឧស្សាហកម្មហ្វេហ្សិនទៅក្នុងពិភពឌីជីថល។ នាពេលអនាគតមនុស្សគ្រប់គ្នាអាចនឹងងាកមកចាប់អារម្មណ៍នឹងជីវិតនិម្មិតទី២របស់ខ្លួន អាចនឹងកាត់បន្ថយការប្រើប្រាស់របស់របរប្រចាំថ្ងៃក្នុងជីវិតពិតមកប្រើក្នុងពិភពនិម្មិតឬរបស់របរឌីជីថល ហើយវាក៏ជាឱកាសថ្មីមួយទៀតសម្រាប់អ្នកវិនិយោគសឹងតែគ្រប់ផ្នែកដែលមិនត្រឹមតែផ្នែកហ្វេហ្សិនប៉ុណ្ណោះទេ ថែមទាំងផ្នែកអចលនទ្រព្យ បច្ចេកវិទ្យា និងពាណិជ្ជកម្មផ្សេងៗ ដោយទាញយកលុយពិតពីពិភពនិម្មិត៕
Article by HEM SOKKHIM