ផ្ទះស្នាក់ជនបទដែលទេសចរអាចឈ្វេងយល់ពីការរស់នៅពិតៗរបស់អ្នកបាត់ដំបង
TRAVEL & LIVING 3 years agoជាធម្មតានៅពេលធ្វើដំណើរទៅលេងតាមបណ្តាខេត្ត ទេសចរភាគច្រើនតែងតែជ្រើសរើសស្នាក់នៅក្នុង សណ្ឋាគារឬផ្ទះសំណាក់ដែលផ្គត់ផ្គង់សេវាកម្មស្នាក់នៅជូនភ្ញៀវមកពីគ្រប់ទិសទីនៅតាមទីតាំងទីរួមខេត្តនីមួយៗ។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកធុញទ្រាន់នឹងការស្នាក់នៅបែបដដែលៗនេះ ឬ មានបំណងចង់ប្រាស្រ័យទាក់ ទងជិតស្និទ្ធជាមួយប្រជាជនសហគមន៍ឲ្យកាន់តែស៊ីជម្រៅក្នុងអំឡុងពេលស្នាក់នៅរបស់លោកអ្នកនោះ សូវរីន សូមណែនាំបទពិសោធន៍នៃការស្នាក់នៅក្នុងផ្ទះស្នាក់បែបជនបទមួយកន្លែងនៅលើទឹកដីក្រុងបាត់ដំបងដែលខុសស្រឡះពីការស្នាក់នៅក្នុងសណ្ឋាគារនានាដែលលោកអ្នកធ្លាប់សាកល្បងកន្លងមករហូត៣៦០ដឺក្រេតែម្តង។
ផ្ទះស្នាក់នៅបែបជនបទដ៏សុខដុមរមនានេះមានឈ្មោះថា «O’ Hamok Lodge» ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមបណ្តោយផ្លូវពោងសាំង ត្រើយខាងកើត ស្ទឹងសង្កែ ចម្ងាយត្រឹមតែប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះពីរូបសំណាកតាដំបងគ្រញូង ឬ ២គីឡូម៉ែត្រពីចំណុច សាលាខេត្តបាត់ដំបង។ ផ្ទះស្នាក់នេះត្រូវបានគ្រប់គ្រងកាន់កាប់ដោយគូស្វាមីភរិយាខ្មែរ-បារាំងមួយគូដែលបាន និងកំពុងរស់នៅក្នុងទឹកដីខេត្តបាត់ដំបងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។ វាត្រូវបានផ្តួចផ្តើមគំនិតបង្កើត ឡើងដោយបុរសជនជាតិខ្មែរ សំ សារ៉ុំ ជាស្វាមី ដែលមានស្រុកកំណើតនៅបាត់ដំបងនេះផ្ទាល់។ មូលហេតុដែល ជំរុញឲ្យមានការស្ថាបនាភូមិដ្ឋាននេះឡើងគឺដោយសារពួកគេសម្លឹងមើលឃើញថា ថ្វីដ្បិតតែប្រទេសកម្ពុជាកំពុង ផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ពិតមែន ក៏ក្រុងបាត់ដំបងនៅតែរក្សាបាននូវសោភ័ណភាពនិងអត្តសញ្ញាណដើមរបស់ ខ្លួនដដែល ដែលសម្បូរសម្បត្តិបេតិកភណ្ឌគ្រប់បែបយ៉ាង មិនថាសំណង់ស្ថាបត្យកម្ម ម្ហូបអាហារ សិប្បកម្ម និង វិស័យសិល្បៈនោះទេ។ ជាក់ស្តែង ផ្ទះបែបប្រពៃណីខ្មែរនៅទីនេះក៏ត្រូវបានកសាងឡើងក្នុងស្មារតីចងចាំនូវកេរ ដំណែលស្ថាបត្យកម្មខ្មែរដែលធ្លាប់មានពីមុនតរៀងមក។
ផ្ទះស្នាក់បែបខ្មែរសុទ្ធសាធនេះមានទំហំ ២៥ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់-ពីរនាក់ស្នាក់នៅ ដែល មានរៀបចំជាបន្ទប់គេងនៅខាងលើផ្ទះ អមដោយរានហាលសម្រាប់គយគន់ទេសភាពសួនច្បារនៅជុំវិញ។ នៅ ក្នុងបន្ទប់មានគ្រែគេងធំទូលាយព្រមជាមួយឈុតខ្នើយនិងមុងសម្រាប់ចងការពារមូស។ លោកអ្នកស្នាក់នៅ ទីនេះដោយប្រើត្រឹមតែកង្ហារបញ្ឈរ និងកង្ហារពិតាន តាមបែបជនបទ ដោយគ្មានការបំពាក់ម៉ាស៊ីនត្រជាក់ទំនើប ដូចនៅតាមសណ្ឋាគារធម្មតាឡើយ។ រីឯជាន់ខាងក្រោមត្រូវបានប្រើប្រាស់ជាកន្លែងអង្គុយលេង និង ផ្ទះបាយ។ នៅក្នុងបរិវេណផ្ទះ ភ្ញៀវអាចលេងកីឡាកម្សាន្តដូចអ្នកស្រុកដែរ តួយ៉ាង លេងទាត់សី លេងឡុកឡាក់ ជាដើម។
ចំពោះការស្នាក់នៅ ភ្ញៀវគ្រប់រូបត្រូវប្រកាន់ខ្លួនដូចជាអ្នកភូមិម្នាក់ដែលគោរពសិទ្ធិរស់នៅរបស់មនុស្សជុំវិញខ្លួន ប្រកបដោយក្រមសីលធម៌ ព្រោះនៅទីនេះក៏មានអ្នកដទៃរស់នៅជិតខាងផងដែរ។ ត្រូវមានភាពរួសរាយរាក់ទាក់ និងមានអធ្យាស្រ័យល្អជាមួយម្ចាស់ផ្ទះនិងអ្នកដទៃដើម្បីរស់នៅប្រកបដោយភាពចុះសម្រុង។ ម្យ៉ាងវិញទៀត ភ្ញៀវទោះបីជាជនជាតិបរទេស ក៏ត្រូវចេះសម្របខ្លួនតាមជីវិតរស់នៅសាមញ្ញៗរបស់អ្នកខេត្ត តួយ៉ាង រក្សាទុកចំណី អាហារឲ្យបានប្រុងប្រយ័ត្នដើម្បីបង្ការសត្វល្អិត និងពពួកសត្វកកេរដែលតែងមាននៅតាមផ្ទះឈើ ហើយប្រសិនបើ ចង់បោកគក់សម្លៀកបំពាក់ដោយខ្លួនឯង ត្រូវបោកគក់ដោយដៃនៅក្បែរពាងក្នុងសួនច្បារ និងគ្របគម្របពាងវិញ ឲ្យបានជិតល្អចៀសវាងកុំឲ្យកើតដង្កូវទឹក ជាដើម។
ខាងផ្ទះស្នាក់មានសេវាកម្មរៀបចំបម្រើអាហារពេលព្រឹកជូនភ្ញៀវស្រស់ស្រូបក្នុងបរិយាកាសស្រស់ស្រាយក្នុងរោងលម្ហែក្បែរមាត់ស្រះចន្លោះពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១០:៣០ នាទីព្រឹក។ ម្ហូបអាហារដែលបម្រើ នៅទីនេះជាអាហារបែបអាស៊ី ហើយភេសជ្ជៈមានជាប្រភេទតែនិងកាហ្វេក្នុងស្រុក មិនមានប្រភេទផលិតផលយី ហោទំនើបៗនោះទេ។ ប្រសិនបើភ្ញៀវចង់ធ្វើដំណើរកម្សាន្តបែបពិកនិក ខាងផ្ទះស្នាក់ក៏មានសេវាកម្មរៀបចំឈុត អាហារមួយកន្រ្តកក្នុងតម្លៃ៥ដុល្លារ/ម្នាក់។ គួរបញ្ជាក់ផងដែរថា លោក សំ សារ៉ុំ ដែលជាម្ចាស់ផ្ទះ ក៏ជាមគ្គុទ្ទេសក៍ ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញប្រចាំខេត្តបាត់ដំបង។ លោកអាចជួយរៀបចំដំណើរទស្សនកិច្ចដើម្បីបង្ហាញ លោកអ្នកអំពីជីវិតស្រុកស្រែ វប្បធម៌ សាសនា និង សេដ្ឋកិច្ចប្រចាំតំបន់របស់លោកប្រកបដោយវិជ្ជាជីវៈ និង បដិសណ្ឋារកិច្ចខ្ពស់។ ដំណើរកម្សាន្តជាមួយលោកជុំវិញក្រុងបាត់ដំបងអាចប្រព្រឹត្តទៅតាមមធ្យោបាយម៉ូតូរ៉ឺម៉ក កង់បី ឬ ប្រភេទម៉ូតូ Scooter៕
Article by SRIN SOKMEAN