×

ហាង​កាហ្វេ​ដែល​ទើបនឹង​បើក​ថ្មីៗ​ខាងត្បូង​ក្រុង​ជាមួយ​បរិយាកាស​ស័ក្តិសម​សម្រាប់​អ្នក​អង្គុយ​ធ្វើការ

TRAVEL & LIVING 2 years ago
 
 

            ហាង​កាហ្វេ​ជាច្រើន​កន្លែង​បាន​បើក​ដំណើរការ​ប្រកបដោយ​ការរចនា​ដ៏​ប្លែកភ្នែក​អាស្រ័យ​ទៅតាម​ផ្នត់គំនិត​ថ្មីៗ​របស់​ស្ថាបនិក​ ​ឬ​ស្ថាបនិកា​នៃ​ហាង​កាហ្វេ​ទាំងនោះ​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​យើង​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​ហាង​កាហ្វេ​ដែល​មាន​បរិយាកាស​ស្រស់ស្រាយ​ជាអំណោយ​ផល​ដ៏​ល្អ​បំផុត​ពី​ខ្យល់​ធម្មជាតិ​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុងភ្នំពេញ​នោះ​ ​យើង​ឃើញ​ថា​ពុំទាន់​មាន​ច្រើន​នៅឡើយ​ទេ​ ​ដូច្នេះ​ដែរ​នេះ​ជា​កត្តា​មួយ​ដែល​បាន​ធ្វើឲ្យ​ស្ថាបនិក​របស់​ហាង​កាហ្វេ​មួយ​កន្លែង​ចាប់ផ្តើម​បើក​ដំណើរ​មិន​ត្រឹមតែ​ផ្តល់ឲ្យ​អតិថិជន​អាច​ទទួល​ផាសុកភាព​នោះ​ទេ​ ​ប៉ុន្តែ​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​អតិថិជន​ដែល​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ថា​ដូច​នៅ​គេហដ្ឋាន​របស់​គេ​ដូច្នេះ​ដែរ​។​

            «​T​h​e​ ​Imperfect​ ​Ca​f​é​»​ ​ចាប់ផ្តើម​បើក​សម្ពោធ​ហាង​កាហ្វេ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ប្លុក​អាជីវកម្ម​ដ៏​សម្បូរ​បែប​នៃ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ (​ផ្លូវ​លេខ​ ​៤​៣​០​) ​បាន​ក្លាយ​ជា​ហាង​កាហ្វេ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​កន្លែង​ដែល​បាន​ទាក់ចិត្ត​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ ​ជាពិសេស​ ​អ្នក​ធ្វើដំណើរ​ទៅ​កន្លែងធ្វើការ​មកពី​ស្ថាប័ន​ផ្សេងៗ​ពុំ​រំលង​នូវ​ការ​ជាវ​កាហ្វេ​ពី​ទីនេះ​ឡើយ​។​ ​«​T​h​e​ ​Imperfect​ ​Ca​f​é​»​ ​មាន​ទីធ្លា​ខាងក្រៅ​សម​ល្មម​ដាំ​ដុះ​ដោយ​ប្រទាល​បៃតង​ខ្ចី​ ​រួម​ជាមួយនឹង​ការរៀបចំ​តុ​លក្ខណៈ​ឯកជន​បន្ថែម​បែប​នេះ​ពិតជា​ស័ក្តិសម​សម្រាប់​អ្នក​ដែល​និយម​ទទួលទាន​កាហ្វេ​បណ្តើរ​ ​និង​ធ្វើ​កិច្ចការ​ងារ​បណ្តើរ​បំផុត​។​ ​ទន្ទឹម​នឹង​នេះ​ ​ស្ថាបនិករបស់​ ​T​h​e​ ​Imperfect​ ​Ca​f​é ​មានចំនួន​បី​រូប​ដែល​ម្នាក់​ៗ​មានចំណេះ​ជំនាញ​ផ្សេងៗ​គ្នា​ ​តួយ៉ាង​ ​ម្នាក់​ជា​ចាត់ចែង​ខាង​ផ្នែក​ប្រតិបត្តិការ​ ​ម្នាក់​ជា​អ្នក​រចនា​ម៉ូដគូរ​ប្លង់​ ​និង​ម្នាក់ទៀត​មាន​ជំនាញ​ខាង​ផ្នែក​ទី​ផ្សារ​ ​បាន​បង្ហើប​ ​សូវ​រី​ន​ ​ឲ្យដឹង​ពី​កត្តា​ចម្បង​មួយ​ចំនួន​ទាក់ទង​នឹង​ដំណើរការ​នៃ​កា​របើក​អាជីវកម្ម​ ​T​h​e​ ​Imperfect​ ​Ca​f​é ​ក៏​ព្រោះតែ​អ្នក​ទាំង​បី​ពិបាក​ក្នុង​ការស្វែងរក​ទីកន្លែង​មាន​ភាព​ស្ងប់ស្ងាត់​ដែល​ផ្តល់​ផាសុកភាព​ ​ដូច្នេះ​វា​បាន​ក្លាយ​ជា​កូនគំនិត​នៃ​ការ​ចាប់ផ្តើម​ទាំងអស់​នេះ​។​ ​ក្រៅពី​បរិយាកាស​ ​T​h​e​ ​Imperfect​ ​Ca​f​é ​ក៏បាន​ផ្តល់​នូវ​រសជាតិ​កាហ្វេ​ដ៏​មានឱជារស​ ​រួម​នឹង​តម្លៃ​សមរម្យ​ថែមទៀត​ ​តួយ៉ាង​ ​Khmer​ ​Lat​t​e​, ​Wild​ ​Berry​ ​Fruit​ ​Tea​ ​និង​ ​Match​a​ ​Milk​ ​Tea ​ដែល​ជា​ភេសជ្ជៈ​ប្រចាំ​ហាង​មាន​​​រូបមន្ត​ពិសេស​ធ្វើឲ្យ​ជាប់ចិត្ត​តែម្តង​។​ ​រីឯ​ការ​បម្រើ​កាហ្វេ​ ​ឬ​ភេសជ្ជៈ​ ​ក៏ដូចជា​មុខម្ហូប​ផ្សេងទៀត​ឯណេះ​វិញ​ ​បុគ្គលិក​ម្នាក់ៗ​រួសរាយ​រាក់ទាក់​ ​និង​មានការ​យកចិត្ត​បំផុត​ចំពោះ​អតិថិជន​ ​ពោល​ ​គេ​អាច​ស្នើសុំ​បុគ្គលិក​រាល់​តម្រូវ​ការ​របស់​ពួកគេ​បាន​ដោយសេរី​ប្រៀប​បាន​ដូចជា​សមាជិក​ក្រុម​គ្រួសារ​ស្ថិតនៅ​ក្នុង​គេហដ្ឋាន​ជាមួយគ្នា​ផង​ដែរ​។​

            «​T​h​e​ ​Imperfect​ ​Ca​f​é​»​ ​ជា​ភាសា​អង់គ្លេស​បកប្រែ​ថា​ ​«​កាហ្វេ​មិន​ល្អឥតខ្ចោះ​»​ ​បង្ហាញ​ពី​ភាព​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​អាច​នឹង​កើតមាន​នៅ​ក្នុង​ហាង​ដោយ​កត្តា​ណាមួយ​។​ ​យ៉ាងណាមិញ​ ​«​T​h​e​ ​Imperfect​ ​Ca​f​é​»​ ​ចាប់ផ្តើម​បើក​បម្រើ​កាហ្វេ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ ​៧​ព្រឹក​ ​ដល់ម៉ោង​ ​៥​និង​៣​០​នាទី​ល្ងាច​។​ ​ដោយឡែក​ ​ចាប់ពី​ម៉ោង​៦​ល្ងាច​ ​រហូតដល់​ម៉ោង​ ​១​០​យប់​ ​T​h​e​ ​Imperfect​ ​Ca​f​é ​នឹង​ក៏បាន​ក្លាយ​ជា​ភោជនីយដ្ឋាន​ដ៏​សែន​មនោ​រម្យ​ដ៏​ប្លែក​ថែមទៀត​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS