សម្រាកកាយថ្ងៃចុងសប្តាហ៍ បន្ទាប់ពីបំពេញការងារហត់នឿយជាច្រើនថ្ងៃកន្លងមក ដល់ពេលដែលយើងគួរតែស្វែងរកកន្លែងណាមួយលម្ហែអារម្មណ៍ ដើម្បីប៉ះប៉ូវមកវិញនូវថាមពលកាយនិងថាមពលចិត្ត។ រាល់ទិសដៅថ្មីឬកន្លែងថ្មី សូវរីន មិនដែលរំលងឡើយក្នុងការនាំប្រិយមិត្តឆ្ពោះទៅដល់ មិនថាកន្លែងនោះលាក់ខ្លួនពួនសម្ងំនៅម្តុំណាឡើយ។ ពិតប្រាកដណាស់ ថ្ងៃនេះយើងនឹងនាំប្រិយមិត្តទៅស្គាល់ហាងកាហ្វេថ្មីមួយកន្លែងដែលស័ក្តិសមទាំងសម្រាប់ការលម្ហែ និងអាចជាកន្លែងទីពីរសម្រាប់បំពេញការងារផងដែរ។
ស្ថិតតាមបណ្តោយដងវិថី ព្រះអង្គផានុវង្ស(២៤០) ខណ្ឌដូនពេញនៃរាជធានីភ្នំពេញ ហាងតូចច្រឡឹងពណ៌សមួយបានកំពុងតាំងខ្លួនបង្អួតសម្រស់ជាមួយការតុបតែងកាត់បែបបារាំង លាយឡំនឹងពន្លឺភ្លើងពណ៌លឿងទុំឆ្លុះពីខាងក្នុងប៉ប្រិមធ្វើឲ្យទីនេះមានសោភ័ណភាពកាន់តែក្លាស៊ិកឡើង។ តាមរយៈស្លាកយីហោ ទីនេះមានឈ្មោះថា បារីស្តា ឬ The Barista ជាហាងកាហ្វេដ៏ប្រណីតស្ថិតនៅកណ្តាលទីក្រុងភ្នំពេញតែម្តង។
ពីខាងក្រៅអាចមើលទៅតូចទាប តែពេលបានបោះជំហានចូលមកដល់ខាងក្នុងភ្លាម យើងទទួលបានអារម្មណ៍ស្រឡះត្រជាក់ចិត្តរហ័សភ្លែត យើងចាប់អារម្មណ៍ទៅនឹងផ្ទៃការ៉ូមានសភាពចាស់ដែលអាចសម្គាល់ថាជាម៉ូដសល់តាំងពីជំនាន់បារាំង។ ការតាក់តែង ភ្លើង ពណ៌ មើលមកស្រទន់ផ្សំនឹងគ្រឿងតាំងលម្អដូចជាគំនូរជាដើមដែលបង្ហាញពីរសនិយមសិល្បៈផងដែរ។ ខាងមុខមានបញ្ឈរទូតាំងបង្ហាញគ្រឿងផ្សំ គ្រឿងទេស និងគ្រឿងសាច់ផ្សេងៗ ឯនៅលើធ្នើរឈើជាប់ជញ្ជាំងខាងស្តាំមានតាំងស្រាជាច្រើនម៉ាកច្រើនដប អាចនិយាយបានថាទីនេះមិនត្រឹមតែជាហាងកាហ្វេប៉ុណ្ណោះទេ តែជាភោជនីយដ្ឋាន និងជាឡោញ ដូចជាពាក្យមួយឃ្លាសរសេរនៅជាប់នឹងស្លាកយីហោថា «Not Just Coffee» ឬ «លើសពីកាហ្វេ» នោះឯង។
មកដល់ទីនេះ យើងទទួលបានការស្វាគមន៍ពី លោក ឡៅ សារ៉ាត់ ដែលជាសហស្ថាបនិកប្រចាំហាង។ មែនទែនទៅមុនមកដល់ យើងក៏បានទំនាក់ទំនងសហស្ថាបនិករួចមកហើយ ដោយលោកបានអញ្ជើញក្រុមការងារយើងមកទទួលយកបទពិសោធន៍ដល់កន្លែងផ្ទាល់តែម្តង។ ជំនួបជជីកសួរអំពី The Barista លោក ឡៅ សារ៉ាត់ រៀបរាប់ថា៖ The Barista ទើបបើកដំណើរការបានរយៈពេលប្រមាណ២ខែប៉ុណ្ណោះ។ បើនិយាយពីការគាំទ្រអាចថាលើសពីការរំពឹងទុក មានទាំងភ្ញៀវខ្មែរ ភ្ញៀវបរទេស ចេញចូលមិនចេះដាច់សុទ្ធសឹងអ្នកធ្វើការការិយាល័យ និងអ្នកមានមុខមាត់ក្នុងសង្គម។ ហាងនេះបើកដោយស្ថាបនិកពីររូបគឺ លោក និងសហស្ថាបនិកមួយរូបទៀតជាជនជាតិអង់គ្លេស។ លោក និងសហស្ថាបនិក បានចាប់ដៃគ្នាបង្កើតហាងនេះឡើង ដោយផ្តើមចេញពីរូបលោកដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យម្ហូបអាហារ រីឯដៃគូជាអ្នកនិយមចូលចិត្តកាហ្វេ។
លោក ឡៅ សារ៉ាត់ សហស្ថាបនិក The Barista
ជាហាងកាហ្វេផ្តោតលើគុណភាព និងរសជាតិ សហស្ថាបនិក The Barista បានឲ្យដឹងថា កាហ្វេរបស់ The Barista បានសម្រាំងរសជាតិយ៉ាងល្អិតល្អន់បំផុត ដោយជ្រើសរើសកាហ្វេគុណភាពខ្ពស់មកពីប្រភពល្បីល្បាញផ្សេងគ្នាដូចជា កាហ្វេចាវ៉ាលាយកាហ្វេអាហ្វ្រិកខាងត្បូង កាហ្វេអេត្យូពី និងកូឡុំប៊ី។ លោកថា ថ្វីបើកាហ្វេទាំងនេះមានតម្លៃខ្ពស់ ប៉ុន្តែលោកចង់ចម្រាញ់បានរសជាតិដែលមានគុណភាពជាចម្បង។ ជាក់ស្តែង ទម្រាំជ្រើសបានរសជាតិកាហ្វេប្រចាំហាង លោកនិងដៃគូសហស្ថាបនិកបានធ្វើការភ្លក់តេស្តម្តងហើយម្តងទៀតចាយពេលដល់ទៅមួយអាទិត្យឯណោះ។ ជាលទ្ធផល លោកបានបង្កើត Menu មានកាហ្វេក្តៅត្រជាក់ចម្រុះមុខទៅតាមតម្រូវការ ព្រមទាំងមានតែ ទឹកផ្លែឈើស្រស់ និងភេសជ្ជៈសម្រាប់សុខភាពផោ្តតលើការបញ្ចុះជាតិពុលផងដែរ។ ក្លែមរសជាតិនឹងភេសជ្ជៈទាំងនេះ នៅលើ Menu ក៏មានជានំខេក និងសូកូឡា។ ដោយឡែកចំពោះស្រាមានជម្រើសជា ស្រាក្រហម ស្រាក្រឡុក និង ពពួកSpirit ព្រមទាំងមានអាហារបរទេសច្រើនមុខយ៉ាងសម្បូរបែបដូចជា សាលាដ សាំងវិច ពិសេសមុខម្ហូបប្រចាំហាងគឺ Sesame Bagel។
សហស្ថាបនិកសម្បុរស្រអែមស្រស់វ័យ២៦ឆ្នាំបានលើកឡើងទៀតថា ថ្វីដ្បិតអាហារ និងភេសជ្ជៈមានច្រើនបែប ប៉ុន្តែលោកបានផ្តោតចម្រាញ់រើសយកមុខម្ហូប និងភេសជ្ជៈមួយចំនួនជាមួយរូបមន្តពិសេស ចំណែកឯគ្រឿងផ្សំស្រស់ៗភាគច្រើនជាប្រភេទសរីរាង្គ។
អង្គុយក្នុងបរិយាកាសត្រជាក់ចិត្តត្រជាក់ភ្នែក អមដោយតន្ត្រីកំដរអារម្មណ៍ស្រាលៗផ្លាស់ប្តូរចង្វាក់ទៅតាមវេលា ក្រេបភេសជ្ជៈត្រជាក់ៗត្រូវចិត្តផង ក្លែមអាហារត្រូវមាត់ផង ពិតជាទីស័ក្តិសមសម្រាប់ការលម្ហែរំសាយភាពតានតឹងមិនថាតែថ្ងៃចុងសប្តាហ៍ តែថែមទាំងអាចជាកន្លែងបន្ទាប់មួយទៀតសម្រាប់បំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
គួរឲ្យដឹងដែរថា The Barista បើកដំណើរការរៀងរាល់ថ្ងៃចាប់ពីម៉ោង ៦កន្លះព្រឹកដល់ម៉ោង ៨កន្លះយប់៕
Article by SOUNG SOKSAN