ផ្លាស់ប្តូរពីនារីវ៉ែនតារមទម មកជានារីវ៉ែនតាស៊ីវិល័យពោរពេញដោយមន្តស្នេហ៍
TRAVEL & LIVING one year agoចំណោមនារី៣នាក់ មាន២នាក់ទៅហើយដែលពាក់វ៉ែនតាម៉្ញូប ជួនអាចពាក់ទាំង៣នាក់ក៏ថាបាន ដោយសារបច្ចុប្បន្នមនុស្សសឹងតែគ្រប់រូបប្រើប្រាស់ភ្នែកច្រើនម៉ោងប្រឈមនឹងឧបករណ៍អេឡិចត្រូនិចទាំងឡាយ។ ថ្វីដ្បិតវ៉ែនតាម្ញ៉ូបមានច្រើនម៉ូដ ច្រើនជម្រើស ប៉ុន្តែការពាក់វ៉ែនតាអាចនឹងធ្វើឲ្យសុភាពនារីបាត់បង់ទំនុកចិត្តទៅលើសម្រស់ ឬពេលខ្លះធ្វើឲ្យមើលទៅចាស់ជាងវ័យ។ យ៉ាងណាមិញ ដើម្បីនាំយកទំនុកចិត្តត្រឡប់មកវិញ សុភាពនារីអាចផ្លាស់ប្តូរខ្លួនឯងបានតាមរយៈការរៀបចំតុបតែងទៅតាមតិចនិចដែលសូវរីននឹងលើកឡើង ដោយមិនចាំបាច់ប្រើប្រាស់កែវដាក់ក្នុងភ្នែកឬ Contact Lens នោះឡើយ។
1. តុបតែងចិញ្ចើម
ចិញ្ចើមជាចំណុចលើកសម្រស់ចម្បងគេនៅក្នុងការតុបតែងសម្រស់សម្រាប់ការពាក់វ៉ែនតា។ ប្រសិនបើអ្នកជានារីពាក់វ៉ែនតាជាប្រចាំ គប្បីរក្សារោមចិញ្ចើមឲ្យមានសណ្តាប់ធ្នាប់ និងគូរឲ្យមានរាងរៅខ្ញង់ស្អាត។ កាលណាចិញ្ចើមស្អាតវានឹងជួយលើកទម្រង់ភ្នែក ហើយហាយឡាយលើកទាំងទម្រង់វ៉ែនតាឲ្យមើលទៅកាន់តែឥតខ្ចោះ។ អ្នកមានរោមចិញ្ចើមស្រាប់អាចកោរយករាង និងសិតឲ្យស្អាត តែបើអ្នកមិនសូវមានគួរតែធ្វើការគូរយ៉ាងណាឲ្យមើលទៅស្អាតបែបធម្មជាតិ។ គួរចងចាំថា ពណ៌គូរចិញ្ចើមគួរប្រើពណ៌ត្នោត ឬពណ៌ណាដែលស៊ីនឹងពណ៌សក់ដើម្បីឲ្យមើលទៅកាន់តែស្អាតបែបធម្មជាតិផងដែរ។
2. ប្រើម្សៅ Concealer
វាពិតជាចាំបាច់ដែលសុភាពនារីពាក់វ៉ែនតាទាំងឡាយគួរស្វែងយល់ពីការប្រើប្រាស់ Concealer ឬម្សៅបិតបាំងស្នាម។ ជាក់ស្តែងនៅពេលពាក់វ៉ែនតា ស្នាមខ្មៅ ថ្នក់ខ្មៅក្រោមភ្នែក និងស្នាមជ្រីវជ្រួញទាំងប៉ុន្មាននឹងលេចអណ្តែតឃើញកាន់តែច្បាស់តាមរយៈកញ្ចក់វ៉ែនតា។ ដើម្បីបិតបាំងបញ្ហានេះ សុភាពនារីគ្រាន់តែយកអេប៉ុងជ្រលក់ម្សៅ Concealer ហើយតប់ថ្នមៗនៅថ្នក់ខាងក្រោមភ្នែកជាការស្រេច។ ស្បែកក្រោមភ្នែកងាយរងការបំផ្លាញបំផុត ដូចនេះបើធ្វើការតប់កាន់តែថ្នមគឺកាន់តែប្រសើរ។
3. ពត់រោមភ្នែក
ទោះរោមភ្នែកវែងស្រស់ស្អាតប៉ុនណា តែការដែលពាក់វ៉ែនតានឹងធ្វើឲ្យរោមភ្នែកទើសនឹងកញ្ចក់វ៉ែនតាគ្រប់នាទីប្រិចជានិច្ច។ ដើម្បីដោះស្រាយបញ្ហារំខាននេះ អ្នកអាចធ្វើការពត់រោមភ្នែកឲ្យងឡើង ដែលវាជួយបានទាំងមិនឲ្យរោមភ្នែកប៉ះនឹងកញ្ចក់វែនតាផង ហើយថែមទាំងធ្វើឲ្យភ្នែកមើលទៅធំស្រឡះស្អាតផងដែរ។ បើចង់ប្រើម៉ាស្ការ៉ា គួរសាកល្បងប្រើម៉ាស្ការ៉ាប្រភេទ volumizing ឬប្រភេទធ្វើឲ្យឃើញក្រាស់និងធន់នឹងទឹក ជាជាងម៉ាស្ការ៉ាពពួកជួយបណ្តុះរោមភ្នែកដែលវាអាចធ្វើឲ្យប្រឡាក់ និងប្រតាកនៅលើកញ្ចក់វែនតា។
4. ផាត់ពណ៌ភ្នែក
សុភាពនារីអាចគិតថាការពាក់វ៉ែនតានឹងធ្វើឲ្យបាំងសម្រស់ភ្នែក តែតាមពិតវានឹងធ្វើឲ្យភ្នែកឃើញឆ្លុះកាន់តែច្បាស់។ ពិតប្រាកដណាស់ ការផាត់ពណ៌ភ្នែកជាចំណុចលេចធ្លោ និងលើកសម្រស់មួយដែលសុភាពនារីពាក់វ៉ែនតាមិនគួររំលង។ បើចង់ឲ្យភ្នែកមើលទៅលេចធ្លោ អាចជ្រើសរើសប្រើពណ៌ផាត់ដែលផ្ទុយពីពណ៌ដងវ័ណ្តកញ្ចក់វែ៉នតា។ ឧទាហរណ៍ដូចជា បើពាក់ដងវ័ណ្តពណ៌ត្នោត សុភាពនារីអាចសាកល្បងផាត់ភ្នែកយកស្រមោលពណ៌ខៀវ ឬបើដងវ័ណ្តពណ៌ខៀវ អាចសាកល្បងផាត់ភ្នែកយកស្រមោលពណ៌ទឹកក្រូចជាដើម។ តែបើចង់មើលទៅស្រស់ស្អាតបែបធម្មជាតិ អ្នកអាចប្រើពណ៌ផាត់ភ្នែកពពួកពណ៌ធម្មជាតិបែបខ្ចីៗស្រាលៗឬលើសពីពណ៌សាច់បន្តិចបន្តួច។
5. ប្រើ Eyeliner បែបស្រទន់
វារឹតតែចាំបាច់ដែលនារីវ៉ែនតាមិនគួររំលេងការគូរ Eyeliner ជាពិសេសនៅពេលចេញទៅខាងក្រៅនៅពេលរាត្រី។ ការប្រើ Eyeliner អាចជួយឲ្យភ្នែកឃើញកាន់តែមានមន្តស្នេហ៍ទ្វេដង តែមិនមែនមានន័យថាគូរឲ្យឃើញក្រាស់ ឬមើលទៅបែកស្រមោលដិតបែប Smokey នោះទេ ពោលគឺមើលទៅស្អាតបែបស្រទន់ដោយប្រើ Eyeliner ពណ៌ប្រផេះ ឬពណ៌ត្នោតដិត។
6. ពណ៌បបូរមាត់បែបច្បាស់លាស់
ដើម្បីឲ្យស៊ីមេទ្រីនឹងសម្រស់ភ្នែក ការតុបតែងបបូរមាត់ក៏គួរតែមើលទៅទាក់ទាញបែបច្បាស់លាស់ផងដែរ។ សុភាពនារីអាចសាកល្បងជាមួយការលេងពណ៌បបូរមាត់បែប សិចស៊ី និងពណ៌ក្រហមដិត ឬពណ៌ផ្កាឈូកដិតរាងភ្លឺ។ ហើយការប្រើពណ៌នេះវាស័ក្តិសមនឹងការពាក់ដងវ៉ែនតាពណ៌ខ្មៅ ឬពណ៌ត្នោត។ តែបើប្រើវ៉ែនតាពណ៌លេចៗគួរងាកមកលាបបបូរមាត់ពពួកពណ៌ស្រាលវិញ ដូចជាពណ៌ nude ឬពណ៌ធម្មជាតិឬ ពណ៌ឈូកខ្ចី និងជាប្រភេទក្រែមរលោង។ អ្វីដែលគួរចងចាំសម្រាប់ការតុបតែង គឺត្រូវធ្វើយ៉ាងណាឲ្យគេផ្តោតការចាប់អារម្មណ៍ទៅលើសម្រស់មុខជាជាងលើវ៉ែនតាកំពុងពាក់។
7. លេងម៉ូដសក់
សម្រាប់សុភាពនារីប្រើវ៉ែនតារាងបែបស្ព័រ គួរលេងម៉ូដសក់បែបត្រង់ទម្លាក់ ឬមូររួញទម្លាក់។ ចំណែកនារីសក់ខ្លីគួរលេងម៉ូដដឺមីវែកចំហៀង ឬមូររួញភ្លឺរង្វើលដឺមីវែកចំហៀង។ ម៉ូដសក់វែកចំហៀងនេះផងដែរ ក៏ស័ក្តិសមជាមួយនឹងការប្រើវ៉ែនតាទម្រង់ Cat-eye ឬស្រួចចុងដូចកន្ទុយភ្នែកឆ្មារ។ ប្រសិនបើអ្នកចង់ស៊ីវិល័យបែបហ្វេហ្សិន អាចសាកល្បងជាមួយម៉ូដសក់ចងលើកឲ្យផុត និងលេងដឺមីសក់សេះ។ គួរចងចាំថា ម៉ូដសក់លើកពាក់កណ្តាល និងទម្លាក់ពាក់កណ្តាលមិនសូវស័ក្តិសមចំពោះនារីពាក់វ៉ែនតានោះទេ ដូចនេះបើជៀសបានគួរតែជៀសតែម្តង។
ប្រសិនបើអ្នកជានារីពាក់វ៉ែនតាប្រចាំថ្ងៃ សូវរីនសូមផ្តល់ដំបូន្មានគួរចំណាយខ្លះទៅលើការប្រើប្រាស់វ៉ែនតាពណ៌ខុសៗគ្នា និងមានច្រើនម៉ូដ ដោយពាក់ឆ្លាស់គ្នាទៅតាមថ្ងៃនីមួយៗ។ ការធ្វើដូចនេះ វាអាចជួយអ្នកបានមួយកម្រិតដោយមិនផ្តោតខ្លាំងទៅលើការផាត់មុខ និងធ្វើសក់ តែក៏ផ្តោតទៅលើការលេងស្ទាយ៌វ៉ែនតាវិញ។ យើងចង់ឲ្យសុភាពនារីទាំងឡាយចាត់ទុកវ៉ែនតាជាគ្រឿងលម្អ និងជាគ្រឿងតាក់តែងកាយមួយដែលជួយលើកសម្រស់ដូចទៅនឹងក្រវិល ខ្សែក និងខ្សែដៃជាដើម៕
Article by HEM SOKKHIM