វត្ត៤ទីតាំង ក្រោម៥០គីឡូពីភ្នំពេញ ដែលពុទ្ធសាសនិកជនមិនគួររំលងសម្រាប់រដូវបុណ្យភ្ជុំ
TRAVEL & LIVING one year ago ១. វត្តអង្គរជ័យ (ស្រុកកៀនស្វាយ)
ស្ថិតនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីភ្នំពេញ។ ដើម្បីទៅដល់អ្នកដំណើរត្រូវធ្វើដំណើរហួសផ្សារគគីរទៅដល់ចំណុចគីឡូម៉ែត្រលេខ២៩ លោកអ្នកនឹងឃើញខ្លោងទ្វារវត្តអង្គរជ័យនៅខាងស្តាំដៃជាប់នឹងផ្លូវជាតិជាក់ជាមិនខាន។ លោកអ្នកត្រូវបត់ចូលតាមខ្លោងទ្វារវត្តនោះ ហើយបន្តដំណើរតាមផ្លូវដីប្រមាណ១.៥គីឡូម៉ែត្រ។ វត្តនេះក៏ជារមណីយដ្ឋានដ៏ល្បីប្រចាំតំបន់ដែលល្បីតៗគ្នាថា មានបារមីខ្លាំងពូកែស័ក្ដិសិទ្ធិធ្វើអោយប្រជាពុទ្ធបរិស័ទអ្នកមានជំនឿកាន់សាសនាព្រះពុទ្ធមកពីទីជិតទីឆ្ងាយនាំគ្នាទៅបួងសួងបែបន់អ្វីៗតែងតែសម្រេចបានជោគជ័យដូចសេចក្តីប៉ងប្រាថ្នា។ វត្តនេះក៏ជាទីពេញនិយមសម្រាប់រដូវបុណ្យទានដែរ ព្រោះទីនេះមានសំណង់អគារដែលមានលក្ខណៈស្ថាបត្យកម្មប្លែកៗខុសពីវត្តដទៃ ព្រមទាំងមានបរិស្ថានស្រស់បំព្រង មានស្រះឈូក មានស្រះចិញ្ចឹមត្រី ផ្ទះទឹកអង្គុយសម្រាកលេង ឬ ឲ្យចំណីត្រីជាការកំសាន្តសប្បាយ។
នៅក្នុងបរិវេណដីវត្តដ៏ធំទូលាយ មានទួលបុរាណពីរនៅជិតនោះ ក៏មិនដែលលិចទឹកដែរ ដែលត្រូវបានអ្នកស្រុកអ្នកភូមិស្គាល់យ៉ាងច្បាស់ថា ទួលដំបូកខ្មៅ និង ទួលក្របៅជ្រុំ ។ ទួលដំបូកខ្មៅមានទីតាំងស្ថិតនៅខាងលិចវត្ត រីឯទួលក្របៅជ្រុំមានទីតាំងស្ថិតនៅខាងត្បូងវត្ត ប៉ុន្តែអ្នកស្រុកនៅតំបន់នោះនិយមហៅរួមគ្នាថា ទួលបារមីដំបូកខ្មៅក្របៅជ្រុំ។ ទីតាំងទាំងពីរជាកន្លែងបន់ស្រន់ល្បីល្បាញ និងមានព្រៃដើមគគីរជុំវិញតាំងពីជំនាន់សម័យសង្គម។ បច្ចុប្បន្នវត្តនេះនៅមានកន្លែងបារមីដ៏ខ្លាំងពូកែស័ក្តសិទ្ធជាច្រើនដូចជា លោកយាយទេព លោកយាយហោត្រៃ លោកតាខ្លឹមចាន់ លោកតាស្ទឹងប្រសព្វមុខ លោកតាពិជ័យសង្គ្រាម លោកតាក្រហមក បារមីទួលដំបៅជ្រុំ បារមីទួលដំបូកខ្មៅ លោកយាយសច្ចៈគ្រប់លក្ខណ៍ លោកតាដំបងដែក សម្តេចយមរាជ លោកតាមុនីឥសី ដែលមានឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយមកបែរបន់សុំសេចក្តីសប្បាយលាភជ័យ និង រកទទួលទានមានបាន។
២. វត្តប្ញស្សីជ្រោយ (ស្រុកស្អាង)
ជាទីអារាមដ៏ចំណាស់មួយមានទីតាំងស្ថិតនៅក្នុងភូមិប្ញស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ត្រើយខាងកើតទន្លេបាសាក់ ស្របតាមបណ្តោយផ្លូវជាតិលេខ ២១បេ។ វត្តនេះមានប្រវត្តិកកើតតាំងពីព.ស. ២៣៩១ ត្រូវនឹង គ.ស. ១៨៤៨ គិតមកដល់សព្វថ្ងៃ ទីអារាមនេះមានអាយុកាលជិត២០០ឆ្នាំហើយ ។ រីឯព្រះវិហារសព្វថ្ងៃត្រូវបានកសាងឡើងក្នុងគ.ស.១៩២៦។ វិហារនេះមានលក្ខណៈពិសេសខុសប្លែកពីព្រះវិហារបុរាណដទៃទៀត ត្រង់ថា តាំងពីដើមមក ដំបូលព្រះវិហារជហ្វា៤នេះប្រក់ស៊ីម៉ងត៍ស៊ីប្រូ មិនប្រើក្បឿងស្រកាលេញឡើយ ថែមទាំងមានរានហាលប្រក់ដំបូលអមដោយក្បូរក្បាច់រចនាយ៉ាងប្រណីតបែរទាំងរកទិសទាំង៤។ មិនត្រឹមតែប៉ុណ្ណោះ វត្តប្ញស្សីជ្រោយមានសាលាឆាន់បុរាណធំទូលាយសង់ខ្ពស់ផុតពីដី ចំហជញ្ជាំងមានខ្យល់ចេញចូលនិងពន្លឺល្អ។ នៅផ្នែកខាងក្នុងនៃសាលាឆាន់នេះ មានសេសសល់ផ្ទាំងគំនូរពីសម័យមុនជាច្រើន ជាពិសេសរូបថតសប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលបច្ច័យសាងសង់សមិទ្ធផលវត្តនិងជាងគំនូរដែលមានស្នាដៃគូរគំនូរនៅក្នុងវត្តនេះកាលពីជំនាន់នោះ មើលទៅគួរឲ្យចាប់អារម្មណ៍ជាពន់ពេក។ ប្រសិនបើលោកអ្នកមិនចង់ទទួលទានអាហារថ្ងៃត្រង់នៅក្នុងវត្តទេព្រោះមិនសូវចូលចិត្តមនុស្សកកកុញ លោកអ្នកអាចចូលទៅសម្រាកលម្ហែនៅរមណីយដ្ឋាន «ភូមិផ្កាត្រកួន»ដែលមានច្រកចូលទល់មុខនឹងខ្លោងទ្វារវត្តតែម្តង។
៣. វត្តកោះដាច់ (ខណ្ឌជ្រោយចង្វារ)
កោះដាច់ជាទីតាំងដ៏ពិសិដ្ឋមួយដែលបង្កប់នូវធនធានវប្បធម៌រូបី និងអរូបីយ៉ាងសម្បូរបែបស័ក្តិសមបំផុតសម្រាប់មហាជនទូទៅមកពីគ្រប់ទិសទីទៅទស្សនាកម្សាន្តមិនចេះរីងស្ងួត ជាពិសេសគឺក្នុងរដូវបុណ្យទាន តួយ៉ាង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះតែម្តង។ នៅលើកោះដាច់មានវត្តចំនួនប្រាំពីរ ដែលលោកអ្នកអាចជ្រើសរើសទៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានយ៉ាងងាយស្រួល ក្នុងនោះរួមមាននៅប៉ែកខាងលិចកោះ មានវត្តបទុមពិសី (វត្តល្វាលើ), វត្តពោធិព្រះឥន្ទ, វត្តឥន្ទពិសី និងវត្តឧទុម្ពរ (វត្តល្វាក្រោម) និងវត្តអម្ពរផល (វត្តចុងកោះ)។ នៅប៉ែកខាងកើតកោះវិញ មានវត្តចំនួនពីរទៀតគឺ វត្តសាមគ្គីក្បាលកោះ (វត្តយក្ស) និង វត្តក្រពុំពេជ្រ (វត្តកោះដាច់) ។ ដោយសារតែចំនួនវត្តច្រើនបែបនេះ វាមានលក្ខណៈអំណោយផលល្អសម្រាប់ពុទ្ធបរិស័ទដែលចង់ធ្វើដំណើរទៅដាក់បិណ្ឌលើសពីមួយវត្តក្នុងថ្ងៃចុងសប្តាហ៍ សៅរ៍-អាទិត្យ ព្រោះវត្តទាំងនោះស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ។
ចំពោះអ្នកដែលស្រឡាញ់រចនាបថព្រះវិហារបុរាណ លោកអ្នកអាចទៅទស្សនាព្រះវិហារវត្តសាមគ្គីក្បាលកោះ ហៅ វត្តយក្ស ដែលជាព្រះវិហារជហ្វា៦ យ៉ាងស្រស់ស្អាតបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងប្រចាំភូមិក្បាលកោះ សង្កាត់កោះដាច់។ លើសពីព្រះវិហារបុរាណ វត្តយក្សក៏មានអគារអតីតសាលាបាលី ក្នុងរចនាបថស្ថាបត្យកម្មខ្មែរ-បារាំង ដែលមានចារឹកនៅលើហោជាងនូវ ព.ស.២៤៧៣ ត្រូវនឹងគ.ស.១៩៣០។ ធ្វើដំណើរហួសវត្តយក្សទៅត្រង់ យើងនឹងប្រទះឃើញព្រះវិហារបុរាណនៃវត្តក្រពុំពេជ្រ កសាងឡើងក្នុងគ.ស.១៩២៤ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានអាយុកាល៩៨ឆ្នាំហើយ។ ព្រះវិហារជាទីចាប់អារម្មណ៍របស់ជនជាតិបរទេសជិតឆ្ងាយដែលមកទស្សនាកោះដាច់។ ដោយសារតែមើលឃើញនូវគុណតម្លៃនៃព្រះវិហារបុរាណនេះ គណៈកម្មការវត្តបានរៀបចំជួសជុលប្រក់ដំបូលថ្មីកាលពីប៉ុន្មានឆ្នាំមុនទេ ធ្វើឲ្យព្រះវិហារនេះមានសោភណភាពស្រស់ស្អាតឡើងវិញល្អប្រសើរសម្រាប់ពុទ្ធសាសនិកជនទាំងឡាយឲ្យឆៀងចូលមកគោរពបូជា។
៤. វត្តមាត់ក្រសាសក្នុង (ស្រុកល្វាឯម)
មានទីតាំងស្ថិតនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ចម្ងាយប្រមាណ៧គីឡូម៉ែត្រពីកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ។ ដើម្បីទៅដល់ទីអារាមនោះ អ្នកដំណើរទាំងឡាយត្រូវឆ្លងសាឡាងនៅជិតកោះពេជ្រ ឬតាមកំពង់ចម្លងស្វាយជ្រុំនៅខាងជ្រោយចង្វារក៏បាន។ បន្ទាប់ពីឆ្លងទៅដល់ត្រើយម្ខាង លោកអ្នកត្រូវបន្តដំណើរទៅត្រង់តាមផ្លូវឆ្ពោះទៅវត្តពេជ្រម្កុដ ហើយបត់កោងស្តាំកាត់តាមភូមិទួលមាស ភូមិតាជោ រហូតដល់ភូមិក្តីកណ្តាល តែម្តង។ វត្តនេះជាទីប្រជុំពុទ្ធបរិស័ទជុំវិញតំបន់នេះក្នុងរដូវបុណ្យភ្ជុំយ៉ាងច្រើនកុះករ។ នៅក្បែរព្រះវិហារ មានចេតិយបុរាណដ៏ធំស្កឹមស្កៃមួយ និងខ្លោងទ្វារចំណាស់បន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម ជាទីចំណាប់អារម្មណ៍ក្រោមក្រសែភ្នែករបស់មនុស្សគ្រប់គ្នាដែលបានទៅដល់។ ក្រៅពីគរុភណ្ឌទាំងឡាយ វត្តនេះក៏មាននិទានប្រវត្តិរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងរឿងព្រេងបក្សីចាំក្រុង។ កាលពីជំនាន់នោះ ទីតាំងនេះជាទីទួលសម្បូរដោយដើមឈើធំៗដែលមានបក្សាបក្សីជ្រកអាស្រ័យយ៉ាងសុខក្សេមក្សាន្ត ជាពិសេសហ្វូងសត្វក្រសារ ធ្វើឲ្យមានសំឡេងមាត់ខ្ញៀវខ្ញារ។ ពាក្យថា «មាត់ក្រសារ» យូរៗទៅក្លាយទៅជា «មាត់ក្រសាស»។ ឯឈ្មោះវត្ត «មាត់ក្រសាសក្នុង» ឬអ្នកស្រុកហៅថា វត្តខ្ពបក្នុង ជាប់ដល់សព្វថ្ងៃ ដោយសារមានវត្តមួយទៀតនៅខាងក្រៅជិតនោះហៅថា វត្តខ្ពបក្រៅ (វត្តសុវណ្ណតេជោ)។ បើទៅធ្វើបុណ្យនៅវត្តនេះ អ្នកទេសចរអាចឆៀងចូលទៅលេងស្រយាលកាហ្វេ និងរមណីយដ្ឋានឆ្នេរល្វាឯមសម្រាប់អាហារថ្ងៃត្រង់៕
Article by SRIN SOKMEAN