ជ្រើសរើសប្រភេទប្រេងធម្មជាតិសម្រាប់ការពារខ្លួនអ្នកពីជំងឺគ្រុនឈាមដ៏ប្រសិទ្ធភាព
TRAVEL & LIVING 9 months ago រដូវពោរពេញដោយសំណើម ជាពេលដែលមូសងាយបង្កកំណើតបំផុត ជាពិសេសមូសជាភ្នាក់ងារចម្លងមេរោគបង្កឲ្យកើតជំងឺផ្សេងៗ។ ខណៈដែលការកម្ចាត់មូសយើងអាចធ្វើទៅបានតាមរយៈការប្រើថ្នាំ និងឧបករណ៍អេឡិចត្រូនិច ជាមួយគ្នានេះ សូវរីន សូមណែនាំពីវិធីការពារខ្លួនតាមរយៈការប្រើទឹកបាញ់ទៅលើស្បែក ដែលផ្សំឡើងពីរូបមន្តធម្មជាតិងាយៗ សុវត្ថិភាពទាំងចំពោះផ្លូវដង្ហើម ទាំងស្បែក សំខាន់ត្រូវចិត្តសម្រាប់អ្នកងាយប្រតិកម្មតែម្តង។
ខាងក្រោមនេះ ជាទឹកបាញ់៥យ៉ាងដែលអ្នកអាចជ្រើសរើសបែបណាមួយទៅតាមភាពងាយស្រួលជាក់ស្តែង៖
1. ប្រេងធម្មជាតិចម្រាញ់ពីស្លឹកប្រេងខ្យល់(Lemon eucalyptus oil)៖ នៅក្នុងប្រេងដែលចម្រាញ់ពីស្លឹកប្រេងខ្យល់មានផ្ទុកសារធាតុ citronellal និង p-methane 3,8-diol (PMD) ដែលជួយបណ្តេញសត្វមូសមិនឲ្យមកជិតបានយ៉ាងមានប្រសិទ្ធភាព។ លាយប្រេងស្លឹកប្រេងខ្យល់ចំនួន១០ម.ល ជាមួយប្រេងដូងឬប្រេងអូលីវចំនួន៩០ម.លចាក់ទៅក្នុងដបបាញ់ទឹកហើយធ្វើការក្រឡុករួចយកមកបាញ់លើស្បែកជាការស្រេច។ បើចង់បានក្លិនស្រាលជាងនេះ គ្រាន់តែបន្ថែមទឹក និងស្រាវ៉ូដកាបន្តិច នឹងមិនធ្វើឲ្យបាត់បង់ប្រសិទ្ធភាពឡើយ។
2. ប្រេងស្តៅ និងប្រេងដូង៖ ប្រេងស្តៅមានអត្ថប្រយោជន៍ណាស់ ភាគច្រើនគេតែងយកវាមកធ្វើជាប្រេងជំនួយដល់សក់ឬសម្រាប់ម៉ាស្សាស្បែកជាដើម។ លើសពីនេះប្រេងស្តៅត្រូវបានគេស្រាវជ្រាវឃើញថាជាថ្នាំការពារមូសនៅពេលលាយជាមួយប្រេងដូង។ លាយប្រេងស្តៅ១០តំណក់ជាមួយប្រេងដូង៣០ម.ល រួមជាមួយទឹក និងស្រាវ៉ូដកាបន្តិចចាក់ទៅក្នុងដបរួចក្រឡុកចុះឡើង។ ចំណែកឯវិធីប្រើវិញគ្រាន់តែបាញ់លាបលើស្បែកជាការស្រេច។
3. ប្រេងដើមតែ និងប្រេងដូង៖ ប្រេងដើមតែអាចកម្ចាត់មូសបានយ៉ាងល្អដោយសារតែវាអំណោយផលមកជាមួយសារធាតុផ្សេងៗពីធម្មជាតិ។ វាមានតួនាទីប្រឆាំងនឹងការរលាក និងជាថ្នាំសម្លាប់មេរោគយ៉ាងពូកែ ហើយក៏អាចព្យាបាលរបួសដោយសារមូសខាំផងដែរ។ ម៉្យាងក្លិនរបស់ប្រេងដើមអាចប្រឆាំងនឹងសត្វមូសបាន។ យកប្រេងដើមតែ១០តំណក់លាយជាមួយប្រេងដូង៣០ម.ល ព្រមជាមួយទឹក និងវ៉ូដកាបន្តិចនឹងបង្កើតបានជាថ្នាំលាបការពារស្បែកពីសត្វមូស។
4. ប្រេងផ្កាឡាវេនឌ័រ ប្រេងវ៉ានីឡា និងទឹកក្រូចឆ្មារ៖ ការប្រើប្រេងផ្កាឡាវេនឌ័រសម្រាប់បណ្តេញមូសគឺប្រៀបដូចជាមានរនាំងការពារស្បែកអ្នកពីសត្វមូសដ៏រឹងមាំ។ នេះក៏ដោយសារតែប្រេងផ្កាឡាវេនឌ័រមានសមាសធាតុដូចជាសារធាតុ limonene, linalool, eucalyptol, និង camphor ដែលសុទ្ធតែជាថ្នាំធម្មជាតិសម្រាប់បណ្តេញមូស។ ចំណែកប្រេងវ៉ានីឡាក៏អាចប្រើជាថ្នាំបាញ់ការពារមូសដូចទៅនឹងប្រេងផ្កាឡាវេនឌ័រដែរ ហើយវាកាន់តែមានប្រសិទ្ធភាពខ្ពស់នៅពេលអ្នកលាយប្រេងទាំងពីរនេះជាមួយនឹងទឹកក្រូចឆ្មារ។ យកប្រេងផ្កាឡាវេនឌ័រ១០តំណក់ លាយជាមួយប្រេងវ៉ានីឡា៣ស្លាបព្រា និងទឹកក្រូចឆ្មារ៣ស្លាបព្រាចាក់ចូលក្នុងដបទុកបាញ់ជាការស្រេច។
5. ប្រេងស្លឹកគ្រៃ និងប្រេងផ្កាឈូករ័ត្ន៖ មិនខុសពីប្រេងដែលរៀបរាប់ខាងលើ ប្រេងស្លឹកគ្រៃ និងប្រេងផ្កាឈូករ័ត្នក៏អាចប្រើជាទឹកបាញ់ការពារមូសដ៏អស្ចារ្យដែរ។ ប្រេងស្លឹកគ្រៃមានផ្ទុកសារធាតុដូចជា limonene និង citronella រីឯប្រេងផ្កាឈូករ័ត្នមានផ្ទុកសារធាតុ eucalyptol, camphor និង limonene សុទ្ធសឹងជាសារធាតុដែលជួយបណ្តេញសត្វមូស។ យកប្រេងស្លឹកគ្រៃ១០តំណក់ ប្រេងផ្កាឈូករ័ត្ន១០តំណក់ ប្រេងអូលីវឬប្រេងដូង៦០ម.ល លាយជាមួយ ទឹក និងស្រាវ៉ូដកាបន្តិច ចាក់ចូលក្នុងដបបាញ់ រួចក្រឡុកឲ្យសព្វនឹងក្លាយជាស្ព្រៃយ៍បាញ់ការពារមូសមួយរំពេច៕
Article by SOUNG SOKSAN