វិធីសាស្រ្តទាំង៥ កម្ចាត់អង្គែតាមរូបមន្តធម្មជាតិដោយខ្លួនឯង
TRAVEL & LIVING 12 months ago១. ព្យាបាលដោយប្រើប្រេងដូង: ប្រេងដូងជាឱសថទិព្វបែបធម្មជាតិដែលត្រូវបានបុព្វបុរសប្រើសម្រាប់ធ្វើជាគ្រឿងសម្អាងជំនួយសក់ឲ្យរឹងមាំ។ ដោយសារមានគុណសម្បត្តិផ្នែកផ្តល់សំណើម និងប្រឆាំងបាក់តេរីខ្ពស់ប្រេងដូងត្រូវបានគេប្រើធ្វើជាសាប៊ូធម្មជាតិសម្រាប់ព្យាបាលបញ្ហាអង្គែ និងរមាស់ស្បែកក្បាល ព្រោះសំណើមរបស់ប្រេងនេះជួយទប់ទល់ប្រឆាំងវត្តមានអង្គែនៅលើស្បែកក្បាលរបស់លោកអ្នក។ វិធីប្រើ: កម្តៅប្រេងដូងក្នុងបរិមាណពីរបីស្លាបព្រាបាយយកមកកក់លើស្បែកក្បាលនិងសក់។ ទុកចោលរយៈពេល១ម៉ោង សឹមលាងជម្រះដោយប្រើសាប៊ូកក់សក់ធម្មតា (ឧទា: DOVE, Head & Shoulder) ដែលលោកអ្នកប្រើជាប្រចាំ។ លោកអ្នកក៏អាចផ្អាប់ប្រេងដូងទុកលើសក់ចោលមួយយប់ ហើយកក់លាងជម្រះវាពេលព្រឹកក៏បានដូចគ្នា។
២. ព្យាបាលដោយប្រទាលកន្ទុយក្រពើ: ប្រទាលកន្ទុយក្រពើជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកកើតជំងឺអង្គែរ៉ាំរ៉ៃ។ សម្បូរដោយគុណសម្បត្តិប្រឆាំងមេរោគផ្សិត និងប្រឆាំងការរលាក រុក្ខជាតិដែលមានសារធាតុត្រជាក់មួយនេះជួយកាត់បន្ថយអាការរមាស់និងការរលាកស្បែកក្បាលដែលពោរពេញដោយអង្គែហើយថែមទាំងជួយជំរុញឲ្យសក់ក្បាលកាន់តែរឹងមាំទៀតផង។ វិធីប្រើ: កោសយកសាច់ប្រទាលស្រស់ហើយម៉ាស្សាវានៅលើស្បែកក្បាលរយៈពេលពីរបីនាទី។ បន្ទាប់មក ទុកវាឲ្យស្បែកក្បាលត្រជាក់រយៈពេល៣០នាទីទៀត។ លាងជម្រះដោយទឹកក្តៅឧណ្ហៗជាការស្រេច។
៣. ព្យាបាលដោយប្រេងអូលីវ: ប្រេងអូលីវមានសារប្រយោជន៍ប្រឆាំងអុកស៊ីតកម្មកម្ចាត់កោសិកាងាប់នៅលើស្បែកក្បាល ហើយធ្វើឲ្យស្បែកក្បាលមានសំណើម។ ជាមួយគ្នានេះដែរ វាក៏មានតួនាទីសម្លាប់មេរោគផ្សិតឆ្លង ព្រមទាំងជួសជុលដំណើរការលំហូរចរន្តឈាមនៅលើស្បែកក្បាលឲ្យបានល្អឡើងវិញ។ វិធីប្រើ: វិធីទី១ គឺ លាបប្រេងអូលីវផ្ទាល់នៅលើស្បែកក្បាលឲ្យសព្វ ដោយម៉ាស្សាវាថ្នមៗដើម្បីពង្រឹងគល់ប្ញសសក់ឲ្យកាន់តែរឹងមាំ។ វិធីទី២ លាយប្រេងអូលីវ១ស្លាបព្រាបាយជាមួយទឹកខ្មេះ២ស្លាបព្រាបាយ។ ម៉ាស្សាលើក្បាល៥នាទី ទើបលាងជម្រះដោយប្រើសាប៊ូកម្ចាត់អង្គែធម្មតា។
៤. ព្យាបាលដោយទឹកខ្មេះផ្លែប៉ោម: ទឹកខ្មេះផ្លែប៉ោមមានប្រសិទ្ធភាពខ្ពស់ចំពោះការដោះស្រាយបញ្ហាអង្គែនិងសក់ជ្រុះ ដោយសារវាមានសមត្ថភាពអាចព្យាបាលកម្រិត pH នៅលើស្បែកក្បាល។ វាមានដំណើរការចូលទៅសម្អាតកោសិកាស្បែកក្បាលខូចនិងបញ្ឈប់ការរីកលូតលាស់នៃអង្គែ។ ប្រើវិធី: ចាក់ទឹកខ្មេះប៉ោម២-៣ស្លាបព្រាកាហ្វេចូលក្នុងពែងឲ្យស្មើនឹងបរិមាណទឹក ហើយយកទៅម៉ាស្សាក្បាល។ ទុកចោលមួយសន្ទុះ រួចលាងទឹកចេញជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់សក់។
៥. ព្យាបាលដោយប្រើទឹកខ្ពុរមាត់: តាមការសិក្សារបស់អ្នកជំនាញបរទេស ទឹកខ្ពុរមាត់ប្រភេទ Listerine ក៏មានប្រសិទ្ធភាពពូកែមិនចាញ់ឱសថព្យាបាលអង្គែរូបមន្តធម្មជាតិទាំងប៉ុន្មានខាងលើដែរ។ ដោយសារតែទឹកខ្ពុរមាត់មានផ្ទុកសារធាតុប្រឆាំងបាក់តេរី មេរោគផ្សិត និងពពួកមីក្រុបផ្សេងៗ វាជួយកម្ចាត់ប្ញសគល់នៃបញ្ហាកើតអង្គែ ហើយថែមទាំងធ្វើឲ្យស្បែកក្បាលលោកអ្នកកាន់តែត្រជាក់ប្រហើរស្រស់ស្រាយទ្វេដងទៀតផង។ ប្រើវិធី: លាយទឹកខ្ពុរមាត់ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នាចាក់ចូលក្នុងដបបាញ់ស្ព្រៃយ៍ទទេមួយ។ បាញ់ទៅលើស្បែកក្បាលហើយទុកចោលរយៈពេល៥នាទី។ លាងជម្រះជាមួយទឹកត្រជាក់ជាការស្រេច៕
Article by SRINSOKMEAN