×

កំហុស​៧​យ៉ាង​នៃ​ការថែទាំ​ស្បែក​មុខ​ដែល​ស្ត្រី​ភាគច្រើន​តែង​ធ្វើឡើង​ដោយ​មិនដឹងខ្លួន​

TRAVEL & LIVING 2 years ago
 
 

           បើ​អ្នក​សម្គាល់​ឃើញ​ថា​ទម្លាប់​នៃ​ការថែទាំ​ស្បែក​មុខ​របស់​អ្នក​មិន​ទទួល​បានផល​ ​ឬ​កាន់តែ​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា​លើស​ដើម​ ​គឺ​ដល់ពេល​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ប្រមើល​មើល​ឡើងវិញ​ហើយ​។​ ​ពេលខ្លះ​វា​មិនមែន​មកពី​ផលិតផល​នោះ​ទេ​ ​តែ​វា​អាច​ជា​កំហុស​ឬ​ការ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ ​ដែល​ការ​បណ្តោយ​បែប​នេះ​ជារឿយៗ​មិនយូរមិនឆាប់​អាច​នឹង​បង្ក​ផល​អាក្រក់​ចំពោះ​ស្បែក​ដោយ​មិនដឹងខ្លួន​។​ ​ខាងក្រោម​នេះ​ជា​កំហុស​៧​យ៉ាង​ដែល​ស្ត្រី​តែង​អនុវត្ត​ចំពោះ​ស្បែក​របស់​ខ្លួន​៖​

1. ​ការ​គេង​ដោយ​មិនបាន​ស​ម្អា​ត​គ្រឿង​ផាត់​មុខ​៖​ ​វា​ពិត​ជាចាំបាច់​ណាស់​ក្នុង​ការ​លាង​ជម្រះ​គ្រឿង​ផាត់​មុខ​ចេញមុន​ពេល​ចូលគេង​។​ ​នៅពេលដែល​អ្នក​តុបតែង​មុខ​ ​គ្រឿង​ស​ម្អា​ង​ដែល​នៅ​ជាប់នឹង​ស្បែក​ ​លាយឡំ​ជាមួយ​ធូលី​ដី​ ​វា​នឹង​ធ្វើឲ្យ​រន្ធ​រោម​កក​ស្ទះ​ ​បង្ក​ទៅ​ជាមុន​ក្បាល​ខ្មៅ​ ​ស្នាម​អុជ​ខ្មៅ​ ​និង​ស្បែក​ឡើង​ស្រអាប់​ជាដើម​។​ ​ដូច្នេះ​មិនថា​រវល់​យ៉ាងណា​ ​ហត់នឿយ​យ៉ាងណា​ ​អ្នក​គួរតែ​ឆ្លៀត​លាង​ជម្រះ​គ្រឿង​ស​ម្អា​ង​ចេញ​ជាមុន​សិន​មុន​ពេល​ចូលគេង​។​

2. ​លាប​គ្រី​ម​ផ្តល់​សំណើម​តែ​ពេលយប់​៖​ ​សុភាព​នារី​អាច​គិតថា​កា​រលាប​គ្រី​ម​ផ្តល់​សំណើម​តែ​នៅ​ពេលយប់​គឺ​គ្រប់គ្រាន់​ ​ឯ​សុភាព​នារី​ខ្លះ​យល់ថា​កា​រលាប​គ្រី​ម​ផ្តល់​សំណើម​នៅ​ពេលថ្ងៃ​រួច​ធ្វើការ​ផាត់​មុខ​ ​នឹង​មិន​ធ្វើឲ្យ​កា​រផាត់​មុខជា​ប់​បាន​យូរ​នោះ​ទេ​។​ ​វា​មិន​ដូច្នោះ​ឡើយ​ ​មែនទែន​ទៅ​ស្បែក​មុខ​ពិតជា​ត្រូវការ​ការ​ផ្តល់​សំណើម​គ្រប់ពេល​មិនថា​ពេលយប់​ឬ​ពេលថ្ងៃ​។​ ​ការ​ផ្តល់​សំណើម​ដល់​ស្បែក​ជាប្រចាំ​ ​មិន​ត្រឹមតែ​ធ្វើឲ្យ​ស្បែក​ជៀស​ឆ្ងាយ​ពី​ភាព​ជ្រីវជ្រួញ​ ​តែ​ថែមទាំង​រក្សា​ស្បែក​ឲ្យ​តឹង​ណែន​ ​និង​មើល​មក​ភ្លឺ​រលោង​ចេញពី​ខាងក្នុង​។​ ​គ្រាន់តែ​លាប​គ្រី​ម​ផ្តល់​សំណើម​ទុក​៣​ទៅ​៥​នាទី​ ​បន្ទាប់មក​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ឬ​ផាត់​មុខ​ពីលើ​នឹង​ធ្វើឲ្យ​ស្បែក​មុខ​មើលទៅ​ស្រស់​ថ្លា​។

3. ​មិន​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​នៅ​ពេលថ្ងៃ​៖​ ​កា​រលាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​គឺជា​រឿង​ដ៏​ចាំបាច់​ដែល​តម្រូវ​អនុវត្ត​ជាប្រចាំ​ ​ព្រោះ​វា​ជួយការ​ពារ​ស្បែក​ពី​កាំរស្មី​ព្រះអាទិត្យ​ ​ជួយ​ពន្យារ​ភាព​ចាស់​ ​ភាព​ខ្មៅ​ស្រអាប់​ ​និង​ស្នាម​អុជ​ខ្មៅ​។​ ​ម្យ៉ាងទៀត​ ​បើ​នៅផ្ទះ​សូម្បី​ពន្លឺ​ពី​អំពូល​អគ្គិសនី​ ​និង​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ផ្សេងៗ​ក៏​ជា​អាវុធ​បំផ្លាញ​ស្បែក​ដោយ​មិនដឹងខ្លួន​ផង​ដែរ​។​ ​និយាយរួម​ ​មិនថា​នៅផ្ទះ​ឬ​ចេញ​ទៅក្រៅ​គប្បី​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ជាប្រចាំ​ ​ពិសេស​ពេល​ចេញ​ទៅក្រៅ​គួ​រលាប​ឡើងវិញ​ម្តងទៀត​នៅ​រៀងរាល់​៣​ទៅ​៤​ម៉ោង​ម្តង​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

4. ​ការ​លាងមុខ​ជា​មួយទឹក​ត្រជាក់​ពេក​ឬ​ទឹកក្តៅ​ពេក​៖​ ​ស្បែក​ដែល​មាន​សុខភាព​ល្អ​គឺជា​ស្បែក​ដែល​មាន​សំណើម​គ្រប់គ្រាន់​។​ ​ការ​លាង​ស​ម្អា​ត​មុខ​ជាមួយនឹង​ទឹក​ត្រជាក់​ពេក​ឬ​ក្តៅ​ពេក​ ​អាច​បណ្តាលឲ្យ​បាត់បង់​សំណើម​ពី​ធម្មជាតិ​របស់​ស្បែក​។​ ​ដូច្នេះ​គួរ​ប្រើ​ទឹកក្តៅ​ឧណ្ហ​ៗ​ឬ​ទឹក​ត្រជាក់​ល្មម​ ​ទើប​ស្បែក​នៅតែ​អាច​​​រក្សា​សំណើម​ ​និង​មិន​បង្ក​ឲ្យ​ស្ងួត​ឬ​ឡើង​របក​។​

5. ​មិន​ប្រើ​សេរ៉ូម​មុន​ពេល​លាប​គ្រី​ម​ផ្តល់​សំណើម​៖​ ​សេរ៉ូម​លាប​មុខ​ត្រូវ​បាន​គេ​ផលិត​ឡើង​ដើម្បី​ផ្តល់​សារធាតុ​ចិញ្ចឹម​ ​ផ្តល់​សំណើម​ដល់​ស្បែក​ ​និង​ជួយការ​ពារ​ ​ក៏ដូចជា​ព្យាបាល​រាល់​បញ្ហា​ស្បែក​ស្រអាប់​ ​ស្នាម​ជ្រីវជ្រួញ​ ​និង​ក​ម្ចាត់​មុន​។​ ​ការ​ប្រើ​សេរ៉ូម​លាប​មុខ​គឺជា​ជំហាន​បន្ទាប់​ក្រោយពេល​លាង​ស​ម្អា​ត​មុខ​រួច​ ​បន្ទាប់មក​ទើប​លាប​គ្រី​ម​ផ្តល់​សំណើម​ ​ដែល​វា​នឹង​ផ្តល់​ភាព​សកម្ម​ដល់​ស្បែក​បាន​ឆាប់រហ័ស​។​ ​គួរគប្បី​ប្រើ​សេរ៉ូម​ភ្លាម​ៗ​ក្រោយពេល​លាងមុខ​ ​និង​លាប​វា​ឲ្យបាន​៥​នាទី​មុន​ពេល​ប្រើ​គ្រី​ម​ផ្តល់​សំណើម​។​

6. ​ការ​ស្រ្កាប់​ស្បែក​ហួស​ក​ម្រិ​ត​៖​ ​ទទួលស្គាល់​ថា​ស្បែក​មុខ​គប្បី​ធ្វើការ​ស្រ្កាប់​ដើម្បី​ជម្រុះ​កោសិកា​ចាស់ៗ​។​ ​ប៉ុន្តែ​ករណី​ស្រ្កាប់​ញឹកញាប់​ពេក​អាច​ធ្វើឲ្យ​កោសិកា​ថ្មី​លូតលាស់​មិនទាន់​ ​បណ្តាលឲ្យ​ស្បែក​ស្តើង​ ​និង​អាច​ឆាប់​ប្រតិកម្ម​ជាមួយ​ក​ម្តៅ​ថ្ងៃ​និង​ការប្រើប្រាស់​ផលិតផល​ផ្សេងៗ​។​

7. ​ប្រើ​ផលិតផល​ពេលយប់​និង​ពេលថ្ងៃ​ដូចគ្នា​៖​ ​ជាទូទៅ​ការ​ថែរក្សា​ស្បែក​មុខ​នៅ​ពេលយប់​ ​និង​ពេលថ្ងៃ​តែង​មាន​តម្រូវ​ការ​ផ្សេងគ្នា​។​ ​ជាក់ស្តែង​ ​ពេលយប់​ស្បែក​មុខ​ត្រូវការ​ការ​ជួសជុល​កោសិកា​ដែល​ខូចខាត​ ​និង​ការ​បំប៉ន​ស្បែក​ឡើងវិញ​ ​ខណៈ​ពេលថ្ងៃ​ស្បែក​ទាមទារ​ឲ្យ​មានការ​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ជាចាំបាច់​។​ ​ដូចនេះ​អ្នក​គួរតែ​ប្រើ​ផលិតផល​ជាក់លាក់​ណាមួយ​ដែល​ត្រូវនឹង​ប្រភេទ​ស្បែក​ ​និង​បែងចែក​ឲ្យ​ដាច់​រវាង​ផលិតផល​ប្រើ​ពេលយប់​និង​ពេលថ្ងៃ​។​ ​ពេល​ទិញ​ផលិតផល​ ​បើ​អ្នក​មិន​ច្បាស់​ ​អ្នក​អាច​ធ្វើ​ការសាកសួរ​អ្នកជំនាញ​ណែនាំ​នៅកន្លែង​លក់​តែម្តង​៕​

Article by​ ​SOUNG SOKSAN


SUGGESTIONS