កំពុងនឹកចង់រកកន្លែងដើរលម្ហែចុងសប្តាហ៍មិនឆ្ងាយពីភ្នំពេញមែនដែរឬទេ? ខាងក្រោមនេះជារមណីយដ្ឋានដែលនឹងផ្តល់បរិយាកាសសប្បាយរីករាយមិនថាលក្ខណៈគ្រួសារ ឬ ជួបជុំមិត្តភក្តិគូកនសម្រាប់ថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២នេះ ណែនាំដោយវេបសាយទស្សនាវដ្តីសូវរីន។
១. ផ្ទះលំហែឆ្នេរអង្កោល (ខេត្តកែប)
ស្ថិតនៅលើឆ្នេរអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ត្រូវធ្វើដំណើរពីផ្លូវជាតិលេខ៣៣ ពីខាងផ្លូវបំបែកភូមិលក ស្រុកកំពង់ត្រាច មកប្រមាណ៧គីឡូម៉ែត្រ លោកអ្នកនឹងឃើញខ្លោងទ្វារវត្តអង្កោលនៅខាងឆ្វេងដៃ។ បត់តាមខ្លោងទ្វារនោះកាត់តាមស្រែអំបិលរបស់អ្នកស្រុករហូតផុតភ្នំអង្កោល នឹងឃើញផ្លូវភូមិតម្រង់មកឆ្នេរសមុទ្រ។
ផ្ទះលំហែនេះស្ថិតនៅជាប់នឹងមាត់សមុទ្រដែលផ្តល់ភាពរ៉ូមេនទិកនិងផាសុកភាពសម្រាប់ភ្ញៀវដែលស្រឡាញ់តំបន់ឆ្នេរមិនសូវអ៊ូអរកកកុញ។ សេវាកម្មស្នាក់នៅទីនេះបែងចែកជាពីរប្រភេទ រួមមាន ប្រភេទ Sweet Bungalow និង Family Bungalow។ ប្រភេទទីមួយ អាចគេងបានចំនួន២-៣នាក់ តម្លៃ ៤០ ដុល្លារក្នុងមួយយប់។ ប្រភេទទីពីរ អាចគេងបាន៤-៥នាក់ តម្លៃ ៧០ដុល្លារក្នុងមួយយប់។ តង់តូចមួយមានតម្លៃ ១៥ដុល្លារក្នុងមួយយប់ គេងបាន ១-២នាក់។ តង់កណ្តាលមានតម្លៃ២០ដុល្លារ គេងបាន២-៣នាក់។ រីឯតង់ធំមានតម្លៃ២៥ដុល្លារក្នុងមួយយប់ គេងបាន ៣-៤នាក់។ ក្រៅពីនេះ មានជម្រើសម្ហូបអាហាររហូត៣០មុខដែលមានឱជារសឈ្ងុយឆ្ងាញ់ ជាពិសេសគឺគ្រឿងសមុទ្រស្រស់ៗរបស់សហគមន៍ផ្ទាល់ ដូចជា ក្តាម បង្គា មឹក ត្រីសមុទ្រ និងបង្កង។
២. ភូមិដំណាក់ដំរី (ខេត្តកំពង់ស្ពឺ)
ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយត្រឹមជាង៨០គីឡូម៉ែត្រពីរាជធានី។ រីសត ភូមិដំណាក់ដំរី (Phum Domnak Domrey Resort) មានផ្ទៃដីធំទូលាយរហូតដល់ជាង២០០ហិកតាអមដោយទេសភាពជើងភ្នំមានរុក្ខជាតិពណ៌ខៀវស្រងាត់គួរឲ្យចង់ចូលទស្សនានិងសម្រាកលម្ហែ។ ធ្វើដំណើរបត់ចូលពីផ្លូវជាតិលេខ៤ត្រង់ផ្សារត្រែងត្រយឹង មិនដល់១០គីឡូម៉ែត្រផង លោកអ្នកនឹងបានមកដល់ទីតាំងរីសតបង្កប់នៅក្នុងផ្ទៃដីចម្ការដូងនិងស្វាយក្បែរជើងភ្នំ។
Image Courtesy: ភូមិដំណាក់ដំរី
រីសតខាងលើមានជម្រើសកន្លែងស្នាក់នៅជូនភ្ញៀវរហូតដល់៤-៥ប្រភេទ។ មួយក្នុងចំណោមនោះគឺបន្ទប់បាំងហ្គាឡូ (Bungalow) ទាន់សម័យបំពាក់ដោយម៉ាស៊ីនត្រជាក់ព្រមទាំងមានរានហាលដែលភ្ញៀវអាចឈរគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ ជម្រើសសេវាកម្មស្នាក់នៅមួយបែបទៀតដែលក៏ទទួលការពេញនិយមណាស់ដែរគឺបោះតង់។ តង់នៅភូមិដំណាក់ដំរីជាតង់ធំទំនើបដែលអាចគេងបានដល់៤នាក់ដំឡើងហើយស្រាប់ជូនភ្ញៀវដែលមកស្នា្កក់នៅជាក្រុម។
Image Courtesy: ភូមិដំណាក់ដំរី
ដោយឡែក ចំពោះភ្ញៀវដែលចង់បោះតង់ដោយខ្លួនឯង ក៏មានផ្តល់ជូននូវទីធ្លាសម្រាប់ភ្ញៀវ (Camping Ground) បោះជំរំតង់ដាច់ដោយឡែក។ តម្លៃសម្រាប់បោះតង់ខ្លួនឯងចន្លោះ១០-១៥ដុល្លារ។ រីឯថ្លៃជួលតង់របស់រីសត គឺ ១០, ៣៥ និង ៤៥ ដុល្លារ។ បច្ចុប្បន្ន រីសតកំពុងផ្តល់ជូនការស្នាក់នៅផ្ទះសំបុក (SAMBOK) ប្រភេទសេវាកម្មស្នាក់នៅថ្មីបំផុតនៅទីនោះរចនាឡើងដោយប្រើវត្ថុធាតុដើមប្ញស្សីនិងផ្តៅ។ គួរបញ្ជាក់ផងដែរថា រីសតកំពុងរៀបចំសេវាស្នាក់នៅប្លែកៗបន្ថែមរួមមាន វីឡាអាងហែលទឹក (Pool Villa) និងភូមិគ្រឹះសេដ្ឋី (Sethy Mansion)។
Image Courtesy: ភូមិដំណាក់ដំរី
រីសតភូមិដំណាក់ដំរីនៅមានផ្តល់ជូនសេវាកម្មជាច្រើនទៀតដែលនឹងធ្វើឲ្យដំណើរកម្សាន្តនិងស្នាក់នៅរបស់លោកអ្នកកាន់តែមានភាពសប្បាយរីករាយទ្វេដងដូចជា ជួលកង់ ឬ ម៉ូតូជិះកម្សាន្ត និងរៀបចំភោជនាហារ ជាដើម។ ទន្ទឹមនឹងនេះ ភ្ញៀវអាចធ្វើសកម្មភាពកម្សាន្តជាច្រើននៅក្នុងបរិវេណនោះ តួយ៉ាង ជិះកង់ ដើរព្រៃ ស្ទូចត្រី ជិះសេះ និងជិះទូកកៃយ៉ាក់។
៣. ទំនប់ ៥ កុម្ភៈ (ខេត្តកំពង់ចាម)
ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទឹកដីមានផលានុផលយ៉ាងសម្បូរហូរហៀរ។ វាជាទីតាំងដែលទេសចរទាំងឡាយអាចឆៀងចូលសម្រាកបាយថ្ងៃត្រង់ជាមួយអាហារបែបជនបទ ជាពិសេស ម្ជូរគ្រឿងត្រីទ្រនេល និងប្រហិតត្រីស្លាតដ៏ឈ្ងុយឆ្ងាញ់។ នៅជុំវិញអាងស្តុកទឹកលើខ្នងទំនប់ មានអាហារដ្ឋានជាច្រើនដែលរៀបចំតាមបែបស្រុកស្រែចម្ការនិងមានតម្លៃសមរម្យ។ លើសពីនេះ ក៏មានសេវាកម្មជួលទូកជិះកម្សាន្ត ស្ទូចត្រី ព្រមទាំងកន្លែងអង្គុយមើលថ្ងៃលិចដ៏ស្រស់ស្អាត។ គួរសម្គាល់ថា ទំនប់៥កុម្ភៈនេះមុនក្លាយជារមណីយដ្ឋានដូចបច្ចុប្បន្ន គឺជាទំនប់ដែលត្រូវបានកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ហើយត្រូវបានជួសជុលលើកចុងក្រោយកាលពីឆ្នាំ២០១៨ដើម្បីស្រោចស្រពដំណាំព្រមទាំងប្រែក្លាយជាតំបន់ទេសចរណ៍ប្រចាំស្រុក។
៤. បឹងស្នេហ៍-ទួលព័ន្ធតាឡី (ខេត្តព្រៃវែង)
មានទីតាំងស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់នេះត្រូវបានបង្កើតជា«តំបន់ប្រើប្រាស់ច្រើនយ៉ាង» មានផ្ទៃដីសរុប ៣,៥៥៧ហិកតា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាមានលក្ខណៈអំណោយផលល្អចំពោះប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបដែលអនុគ្រោះដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានព្រោះទីនេះជាបឹងមានទឹកអចិន្ត្រៃយ៍ខួបប្រាំងខួបវស្សាមានតួនាទីផ្តល់ទឹកស្រោចស្រពដំណាំនិងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជុំវិញ។ ទីនោះជាជម្រករស់នៅនិងបន្តពូជរបស់មច្ឆជាតិតូចធំជាច្រើនប្រភេទ ហើយក៏ជាកន្លែងនេសាទដ៏សំខាន់ខ្វះមិនបានសម្រាប់ប្រជាសហគមន៍ផងដែរ។ អ្វីដែលពិសេសបំផុតនោះ ទួលព័ន្ធតាឡី-បឹងស្នេហ៍ ជាសម្បុកបន្តពូជរបស់សត្វស្លាបទឹកជាច្រើនប្រភេទ រួមមាន ប្រភេទរងការគំរាមកំហែង និង ប្រភេទជិតផុតពូជលើពិភពលោកដែលពិតជាមានតម្លៃណាស់សម្រាប់ការអភិរក្សឲ្យគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយ។ សព្វថ្ងៃនេះភ្ញៀវទេសចរជាតិនិងអន្តរជាតិកំពុងចាប់អារម្មណ៍ទៅមើលសត្វស្លាបរាប់ពាន់ម៉ឺនក្បាលទៅទីនោះមិនចាញ់នៅជម្រកសត្វស្លាបតំបន់ព្រែកទាល់ ខេត្តបាត់ដំបង នោះទេ៕
Article by SRIN SOKMEAN
Image Courtesy: ក្រសួងបរិស្ថាន