៧ ចំណុចសំខាន់ៗដែលអាណាព្យាបាលគ្រប់រូបគួរគប្បីឈ្វេងយល់ពីការថែទាំសុខភាពកូនៗ
TRAVEL & LIVING 2 years agoបើក្រឡេកទៅខាងប៉ែកអឺរ៉ុបអាកាសធាតុកំពុងស្ថិតនៅក្នុងរដូវត្រជាក់ ហើយខ្លះទៀតក៏ធ្លាក់ទឹកកក តែបើក្រឡេកមកប្រទេសកម្ពុជាយើងវិញ ទោះមិនធ្លាក់ទឹកកកក៏ពិតមែន តែអាកាសធាតុហាក់ចុះត្រជាក់ធ្លាក់ខ្យល់ដែលងាយបង្កបញ្ហាសុខភាព ជាពិសេស គឺក្មេងៗតូចតែម្តង។ ដូច្នេះ ដើម្បីថែទាំសុខភាពកូនតូចរបស់អ្នកឲ្យនៅតែរឹងមាំ និងសុខភាពល្អប្រពៃ អ្នកម្តាយគ្រប់រូបគួរស្វែងយល់ក៏ដូចជាយល់ដឹងពីវិធីការពារដូចខាងក្រោម៖
•ទម្លាប់សាមញ្ញៗប្រចាំថ្ងៃ៖ ក្នុងរដូវត្រជាក់នេះមានទម្លាប់សាមញ្ញមួយចំនួនដែលអ្នកគួរផ្លាស់ប្តូរ និងទម្លាប់ឲ្យកូនៗជាទីស្រឡាញ់របស់អ្នកធ្វើជាប្រចាំថ្ងៃដើម្បីជៀសវាងជំងឺផ្តាសាយឬជំងឺផ្សេងៗ។ ទម្លាប់លាងដៃជាមួយសាប៊ូបន្ទាប់ពីក្អកឬកណ្តាស់ និងមុនពេលទទួលទានអាហារជាដើម។ បន្ថែមលើសពីនេះ កុំបណ្តោយឲ្យកូននៅខាងក្រៅផ្ទះយូរ និងញឹកញាប់ពេក។ គួរគប្បីនាំពួកគេលេងល្បែងកម្សាន្តក្មេងៗនៅខាងក្នុងផ្ទះជាមួយសកម្មភាពបង្កើនប្រាជ្ញាផ្សេងៗដូចជា គូររូប រាប់លេខ ផ្គុំរូប ជាដើម។ ជៀសវាងការលេងទូរស័ព្ទ និងមើលទូរទស្សន៍ច្រើនពេក។
•ការជ្រើសរើសប្រភេទសម្លៀកបំពាក់៖ វាជាកត្តាដ៏សំខាន់ក្នុងការរក្សាភាពកក់ក្តៅដោយការជ្រើសរើសសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដែលនឹងធ្វើឲ្យអ្នក និងកូនៗមានភាពកក់ក្តៅក្នុងអំឡុងពេលចុះត្រជាក់នេះ។ កុមារមិនអាចទ្រាំនឹងភាពត្រជាក់បានយូរដូចជាមនុស្សពេញវ័យនោះទេ ដូច្នេះត្រូវប្រាកដថាពួកគេស្លៀកពាក់ឲ្យបានជិត និងក្រាស់ជាងមនុស្សធំ រួមជាមួយនឹងការពាក់ស្រោមដៃ ស្រោមជើង កន្សែង ក៏ដូចជាមួក មិនថាចេញទៅខាងក្រៅឬនៅក្នុងផ្ទះ។
•ការប្រើឡេការពារកម្តៅថ្ងៃ៖ ទោះបីស្ថិតក្នុងអាកាសធាតុត្រជាក់ ស្បែករបស់កូនក្មេងក៏ត្រូវការការផ្តល់សំណើមដើម្បីការពារស្បែកស្ងួត និងប្រេះដូចមនុស្សធំដែរ។ ជ្រើសរើសឡេការពារកម្តៅថ្ងៃណាមួយសម្រាប់កូនដែលជាប្រភេទឡេមិនមានជាតិកាត់ ជួយផ្តល់សំណើមដល់ស្បែក ដោយលាបថ្នមៗទៅលើស្បែកមិនថាពេលចេញក្រៅ ឬនៅក្នុងផ្ទះឡើយ។
•ការផ្តល់អាហារូបត្ថម្ភ៖ ត្រូវប្រាកដថាកូនៗរបស់អ្នកទទួលបានរបបអាហារដែលសម្បូរ វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលរាងកាយត្រូវការប្រចាំថ្ងៃ។ សារធាតុទាំងនេះមានសារៈសំខាន់ដែលនឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ ផ្តល់ឲ្យកូនរបស់អ្នកនូវអាហារដែលសម្បូរវីតាមីន C ដូចជាផ្លែក្រូច ប៉េងប៉ោះ ឪឡឹក ល្ហុង បន្លែបៃតង និងអាហារសម្បូរជាតិទឹកដូចជា ខ្ទឹមបារាំង ផ្កាខាត់ណាខៀវ ផ្កាខាត់ណាស ជីរអង្កាម ខ្ញី និងបន្លែជាច្រើនមុខទៀត។ សម្រាប់អាហារពេលព្រឹកអាចបន្ថែមគ្រាប់ធញ្ញជាតិដូចជា គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន និងគ្រាប់រីករាយជាដើម ដែលទាំងនេះសុទ្ធសឹងជាប្រភពសម្បូរទៅដោយជីវជាតិ។ ការឲ្យកូនញុំាទឹកឃ្មុំនៅពេលយប់ជាប្រចាំ ក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងរក្សាកម្តៅក្នុងខ្លួនផងដែរ។
•រក្សាជាតិទឹក៖ ទោះរាងកាយមិនបានបញ្ចេញសកម្មភាពឬមិនមានញើស នៅក្នុងអាកាសធាតុត្រជាក់និងស្ងួតបែបនេះសារពាង្គកាយក៏ពិតជាត្រូវការជាតិទឹកផងដែរ។ ជំរុញកូនឲ្យផឹកទឹកឲ្យបានច្រើន ជាពិសេសទឹកក្តៅឧណ្ហៗ តែក្តៅៗ ឬទឹកដោះគោ ព្រោះពួកគេងាយនឹងបាត់បង់ជាតិទឹកនៅក្នុងសីតុណ្ហភាពត្រជាក់ជាងមនុស្សពេញវ័យ។
•លើកទឹកចិត្តឲ្យកូនៗធ្វើលំហាត់ប្រាណជាប្រចាំ៖ ការធ្វើលំហាត់ប្រាណអាចជួយជំរុញប្រព័ន្ធភាពស៊ាំរបស់កុមារឲ្យរឹងមាំ និងជួយការពារពីជំងឺផ្តាសាយ និងជំងឺផ្សេងៗទៀត។ ដូច្នេះគួរជំរុញឲ្យពួកគេហាត់ប្រាណឲ្យបានទៀងទាត់ ដោយជ្រើសរើសកីឡាណាដែលពួកគេចូលចិត្ត ដូចជាការរត់ប្រណាំង ការលេងបាល់ ឬលេងលោតអន្ទាក់ជាដើម។ ការធ្វើបែបនេះអាចជួយឲ្យកុមារមានភាពស្វាហាប់ រហ័សរហួន និងអាចកាត់បន្ថយភាពត្រជាក់បានខ្លះដែរ។
•ទម្លាប់នៃការគេង៖ ការគេងមិនបានគ្រប់គ្រាន់អាចផ្តល់ផលអវិជ្ជមានជាច្រើនចំពោះរាងកាយ ជាពិសេសធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយ។ គួរទម្លាប់ឲ្យកុមារគេង៨ម៉ោងក្នុង១ថ្ងៃជាប្រចាំ។ មួយវិញទៀត ទម្លាប់ឲ្យកូនៗក្រោកពីព្រលឹមឲ្យបានទៀងទាត់ ហើយនាំពួកគេមកធ្វើលំហាត់ប្រាណងាយៗដូចជា៖ ការរត់ ឬការកម្តៅសាច់ដុំតាមរយៈការធ្វើលំហាត់ប្រាណ មិនថាថ្ងៃដែលត្រូវទៅសាលារៀន ឬថ្ងៃឈប់សម្រាកនោះឡើយ៕
Article by SOUNG SOKSAN