សក់ភ្លឺរលោងគឺជាលក្ខណៈពិសេសនៃមន្ដស្នេហ៍របស់សុភាពនារីទាំងឡាយ។ សក់ស្អាតក៏អាចផ្លាស់ប្ដូរទម្រង់មុខរបស់អ្នកអោយកាន់តែស្អាត និងមានភាពជឿជាក់ទ្វេដង។ តែបើងាកមកនិយាយពីសក់ប្រេងវិញ ភាគច្រើនបណ្ដាលមកពី ការកក់សក់ច្រើនពេក កត្តាសែន (Gene) ឬជំងឺស្បែកក្បាល។ អ្នកក៏អាចសាកល្បងធ្វើវិធីសាស្រ្ដទាំង៥ខាងក្រោមនេះ ដើម្បីកាត់បន្ថយប្រេងដែលលើសនៅលើស្បែកក្បាលដោយខ្លួនឯងបានផងដែរ។
1. ទឹកឃ្មុំនិងស៊ុតផ្នែកក្រហម៖ ការលាយទឹកឃ្មុំ និងស៊ុតផ្នែកក្រហមជាម៉ាស់ដែលជួយកម្ចាត់ប្រេងលើស្បែកក្បាល។ គ្រាន់តែលាយស៊ុតផ្នែកក្រហមមួយ និងទឹកឃ្មុំមួយស្លាបព្រា លាយបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ រួចលាបលើសក់មួយម៉ោងមុនពេលកក់សក់។ បន្ទាប់មកម៉ាស្សាលើស្បែកក្បាលរបស់អ្នកថ្នមៗ រួចសម្អាតសក់របស់អ្នកជាមួយទឹកឱ្យ បានស្អាតល្អ។ អាចអនុវត្តវិធីនេះនៅផ្ទះពីរដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែខ្ពស់។
2. ទឹកខ្មេះផ្លែប៉ោម៖ ទឹកខ្មេះប៉ោមគឺជាគ្រឿងទេសផ្ទះបាយ តែវាក៏អាចយកមកធ្វើជាម៉ាស់សម្រាប់សក់ប្រេងបានផងដែរ។ ទឹកខ្មេះប៉ោមជួយកម្ចាត់រាល់ជាតិប្រេងដែលលើសលើសក់ រក្សាតុល្យភាព pH នៃស្បែកក្បាល និងបំបាត់អង្គែពីស្បែកក្បាល។ មុននឹងលាបទឹកខ្មេះប៉ោមលើសក់ អ្នកត្រូវលាងសម្អាតសក់របស់អ្នកឱ្យបានស្អាតជាមុនសិន។ គ្រាន់តែបន្ថែមទឹកស្អាតពីរដងនៃទឹកខ្មេះ រួចយកមកម៉ាស្សាលើស្បែកក្បាលថ្នមៗរយៈពេលប្រាំទៅដប់នាទី បន្ទាប់មកលាងជម្រះវាចេញជាការស្រេច។ អ្នកអាចប្រើវិធីសាស្រ្តនេះបីដងក្នុងមួយសប្តាហ៍ កាន់តែធ្វើឱ្យសក់ទន់ និងភ្លឺរលោងភ្លាមៗ។
3. ប្រទាលកន្ទុយក្រពើ និងក្រូចឆ្មារ៖ ប្រទាលកន្ទុយក្រពើត្រូវបានគេប្រើជាថ្នាំជំនួយដ៏សម្បូរបែបសម្រាប់សុខភាពរាងកាយ និងសម្រស់។ អត្ថប្រយោជន៍វាអាចជួយក្នុងការចិញ្ចឹមស្បែក ប្រឆាំងនឹងបាក់តេរី ធ្វើឱ្យស្បែកក្បាលមានសុខភាពល្អ និងទប់ស្កាត់ប្រេងដែលលើសនៅលើសក់។ គ្រាន់តែប្រើក្រូចឆ្មារមួយផ្លែច្របាច់យកតែទឹក លាយជាមួយនឹងប្រទាលកន្ទុយក្រពើមួយស្លាបព្រាបាយ ច្រកដាក់ក្នុងដបដែលស្អាត រួចរក្សាទុកក្នុងទូទឹកកក។ ចំណែកវិធីប្រើវិញ យើងអាចយកប្រើរាល់ពេលកក់សក់។
4. ផ្លែប៉េងប៉ោះ៖ ប៉េងប៉ោះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍សម្រាប់ស្បែកនិងសក់។ ពេលដែលលាបលើស្បែកក្បាល សារធាតុដែលមានក្នុងផ្លែប៉េងប៉ោះនឹងរឹតបន្តឹងរន្ធញើស និងជួយគ្រប់គ្រងការបញ្ចេញជាតិប្រេង។ ចម្រាញ់យកទឹកផ្លែប៉េងប៉ោះស្រស់មួយផ្លែ រួចលាបលើស្បែកក្បាលឲ្យសព្វ។ ទុករយៈពេលដប់ប្រាំនាទី រួចលាងសក់ជាមួយសាប៊ូជាការស្រេច។
5. ស្រាបៀរ៖ ស្រាបៀរមានផ្ទុកសារធាតុ គ្រាប់ធញ្ញជាតិ ម៉ល(malts) និង ហប(hops) ដែលជាប្រភពនៃវីតាមីន B។ វាជួយដោះស្រាយបញ្ហាស្បែកក្បាល រក្សាសក់ឱ្យក្រាស់ និងវែង។ ជាងនេះទៅទៀត មេដំបែដែលមានក្នុងស្រាបៀរអាចកាត់បន្ថយជាតិខ្លាញ់នៅលើស្បែកក្បាលបានយ៉ាងល្អ។ ចាក់ស្រាបៀរចូលក្នុងចានទៅតាមបរិមាណសមស្របនឹងសក់របស់អ្នក ហើយទុកចោលរយៈពេលពីរទៅបីម៉ោង ឬដាក់វានៅក្នុងទូទឹកកកក៏បាន ដើម្បីឲ្យស្រាបៀរបញ្ចេញសមាសធាតុកាបូនឌីអុកស៊ីតចេញមកក្រៅអស់។ បន្ទាប់មកយកវាមកលាបលើសក់ និងស្បែកក្បាលឲ្យសព្វ ហើយម៉ាស្សារយៈពេលពីរបីនាទី រួចលាងទឹកចេញ។ ការព្យាបាលនេះនឹងជួយកាត់បន្ថយជាតិប្រេងបានយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ស្រាបៀរក៏អាចធ្វើឱ្យសក់ទន់ផងដែរ៕
Article by NI CHANNIKA