ជម្រើសកាដូបែបសិប្បកម្មក្នុងស្រុក៤ប្រភេទសម្រាប់ទិវានៃក្តីស្រឡាញ់
TRAVEL & LIVING 2 years ago១. សម្ភារសិប្បកម្មក្រចៅខ្មែរ «ដៃតម្បាញ» (បាត់ដំបង)
ដៃតម្បាញជាផលិតផលម៉ាកយីហោរបស់កូនខ្មែរដែលស័ក្តិសមនឹងណែនាំសម្រាប់ទិវានៃក្តីស្រឡាញ់ ព្រោះសិប្បកម្មនេះសម្បូរទៅដោយជម្រើសវត្ថុអនុស្សាវរីយ៍ និង សម្ភារប្រើប្រាស់ជាច្រើនប្រភេទទៀតដែលសុភាពនារីជាទូទៅច្រើននិយមចូលចិត្ត ដូចជា កាបូប ត្រក (កន្ត្រក) ថង់ដាក់ដបទឹកបែបអេកូ និងស្មុកដាក់វត្ថុអនុស្សាវរីយ៍ ជាដើម ហើយអ្វីដែលសំខាន់នោះគឺ វាជាផលិតផលបែបសហគមន៍ដែលល្បីប្រចាំតំបន់ ហើយធ្វើដោយដៃសុទ្ធសាធ មានតម្លៃខាងផ្នែកសិល្បៈខ្ពស់ជាងផលិតផលលក់ស្រាប់ៗនៅតាមទីផ្សារទូទៅ។ ផលិតផលដែលផលិតបាន ភាគច្រើនលក់ តាមអនឡាញ តាមរយៈទំព័រហ្វេសប៊ុក «ដៃតម្បាញ Dai Dam Banh» ឬ លេខទូរសព្ទ ០៩៨ ៤៤ ៦៩ ០៤។
២. គ្រឿងអលង្ការធ្វើពីស្នែង «សុមនា» (ភ្នំពេញ)
គ្រឿងអលង្ការដូចជាក្រវិល ចិញ្ចៀន បន្តោងខ្សែក និងវត្ថុតាំងលម្អ ត្រូវបានផលិតពីស្នែងដោយគំនិតផ្តួចផ្តើមរបស់សហគ្រិនស្រ្តីក្នុងស្រុកពិតៗគឺ លោកស្រី ឃួន ចិន្តា ។ ផលិតផលរបស់សិប្បកម្មនេះសុទ្ធតែមានលក្ខណៈពិសេសគ្មានពីរដោយហេតុថា ផលិតផលទាំងនោះធ្វើពីស្នែងធម្មជាតិដែលមានពណ៌ខុសគ្នាៗទាំងអស់ ហើយសូម្បីតែស្នែងសត្វតែមួយក៏ដោយក៏មានពណ៌ខុសគ្នាតាមកន្លែងដែរ។ ចំណុចពិសេសមួយទៀតនោះគឺ ផលិតផលសុមនាត្រូវបានកែច្នៃតាមរូបរាងធម្មជាតិរបស់ស្នែងតែម្តង ស្រស់ស្អាតតាមបែបធម្មជាតិមិនខុសពីការច្នៃវត្ថុសិល្បៈចេញពីរាងខ្លឹមឈើនោះទេ។
ផលិតផលស្នែងមិនត្រឹមតែមានសោភណភាពស្អាតនោះទេ ប៉ុន្តែស្នែងជានិមិត្តរូបនៃភាពត្រជាក់ត្រជុំសុខដុមរមនាតាមជំនឿពីបុរាណព្រមទាំងមានអត្ថប្រយោជន៍ដល់សុខភាពអ្នកប្រើប្រាស់ដែរបើតាមក្បួនវេជ្ជសាស្រ្តទំនើប។ ទីតាំងសិប្បកម្មនេះស្ថិតនៅជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកអ្នកអាចទាក់ទងតាមរយៈ ទំព័រហ្វេសប៊ុក «Somonea ផលិតផលស្នែង» ឬ លេខទូរសព្ទ ០១១ ៨០៥ ៨៦៦។
៣. សម្ភារតម្បាញកំប្លោក«រុក្ខៈ» (សៀមរាប)
ក្រៅពីខោអាវស្លៀកពាក់ កាបូបជាគ្រឿងលម្អកាយសម្រាប់ស្ត្រីដែលមិនអាចខ្វះបាន។ ការទិញកាបូបដែលមានគុណភាពសម្រាប់ធ្វើជាកាដូជូនមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃពិសេសក៏រឹតតែជាប្រការដ៏សំខាន់មួយមិនគួរធ្វេស ប្រហែស។ «រុក្ខៈ» របស់ស្ថាបនិក កញ្ញា ហោ ស៊ុនស្រស់ ជាម៉ាកយីហោកាបូបកំប្លោកខ្មែរមានគុណភាពនាំចេញទៅក្រៅប្រទេស។ ដូចនេះការជ្រើសរើសជាវផលិតផល«រុក្ខៈ» ដែលជាទឹកដីតម្បាញរបស់ក្រុមស្ត្រីរស់នៅក្នុងភូមិគោកពៃ ភូមិកណ្តោលស្រុកអង្គរធំ និងភូមិព្រែកទាល់ ព្រំប្រទល់ខេត្តបាត់ដំបង-សៀមរាប ជាជម្រើសដ៏សមស្របនិងកំពុងមានប្រជាប្រិយភាពដោយសារតែកត្តាគុណភាព ប្រណីតភាព និងភាពទាន់សម័យ ។ រុក្ខៈមានទីតាំងហាងលក់នៅម្តុំផ្សារចាស់។ អតិថិជនអាចទាក់ទងតាមរយៈទំព័រហ្វេសប៊ុក« Rokhak» ឬ លេខទូរសព្ទ០១៧ ៧២៣ ៥៧៣។
៤. ប្រេងក្រអូប MixOILogy Cambodia (ភ្នំពេញ)
ក្រៅពីសប្បាយចិត្តជាមួយនឹងសម្លៀកបំពាក់និងគ្រឿងអលង្ការដ៏ស័ក្តិសមរួចហើយនោះ សុខភាពក៏ជារឿងសំខាន់មួយទៀតដែលលោកអ្នកគួរយកចិត្តទុកដាក់ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់និងការព្រួយបារម្ភចំពោះមនុស្សជាទីស្រឡាញ់ មិនថាជាស្វាមីភរិយា ឬ បងប្អូន ឬ ឪពុកម្តាយទេ។ តាមរយៈនេះ លោកអ្នកអាចគិតដល់ជម្រើសផលិតផលប្រេងក្រអូបជំនួយសុខភាពធ្វើឲ្យអារម្មណ៍ស្រស់ស្រាយធូរស្រាលពីសម្ពាធនានា ធ្វើជាអំណោយជូនពួកគាត់។
នៅពេលទៅដល់ហាង លោកអ្នកនឹងត្រូវបានផ្តល់នូវការណែនាំស្តីពីការព្យាបាលដោយក្លិន (Aromatherapy) ដើម្បីកាន់តែយល់ដឹងអំពីផលិតផលប្រេងដែលមានតួនាទីជួយសម្រួល ព្យាបាល និងទ្រទ្រង់ផ្នែកសម្ផស្ស សុខភាព និងគ្រប់គ្រងសុខុមាលភាព ក៏ដូចជាយល់ដឹងពីសុវត្ថិភាពផលិតផលដែលយើងប្រើប្រាស់សម្រាប់គ្រួសារទាំងមូល។ ម្ចាស់ហាងក៏នឹងជួយណែនាំពីរបៀបលាយទឹកអប់តាមរូបមន្តធម្មជាតិ (Essential Oil Blending) តម្រូវចិត្តអ្នកជាទីស្រឡាញ់របស់លោកអ្នក ។ ផលិតផលលក់ដាច់ជាងគេគឺ ទឹកអប់ និងទឹកផ្តល់សំណើមខ្លួន ច្នៃតម្រូវតាមអតិថិជន គួបផ្សំនឹងការវេចខ្ចប់យ៉ាងស្រស់ស្អាត។ អាសយដ្ឋាន ស្ថិតនៅលើបណ្តោយផ្លូវលេខ ២៤០ ម្តុំក្រោយវាំង។ លោកអ្នកអាចទាក់ទងតាមទំព័រហ្វេសប៊ុក «The Weaver's Tale» ៕
Article by SRIN SOKMEAN