×

ទទួលយក​មន្ត​ស្នេហ៍​សក់​ភ្លឺ​រលោង​ដូច​សរសៃ​សូត្រ​ជាមួយ​រូបមន្ត​ម៉ា​ស​ពី​ផ្កាកុលាប​

TRAVEL & LIVING one year ago
 
 

            ក្រៅពី​មាន​​​រូបឆោម​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ ​កុលាប​ត្រូវ​បាន​គេ​ចាត់ទុកជា​ផ្កា​មួយ​ប្រភេទ​ដែល​តំណាង​ឲ្យ​ក្តី​ស្រលាញ់​។​ ​ដើម​ស្រោប​ដោយ​បន្លា​ផ្កា​ចាយ​ដោយ​សម្រស់​មាន​ច្រើនពណ៌​នេះ​ ​ត្រូវ​បាន​គេ​និយម​យកមក​តុប​តែងតាំង​លម្អ​ ​ពិសេស​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​ធ្វើជា​កា​ដូ​ជូន​ទៅកាន់​មនុស្សជា​ទីស្រឡាញ់​។​ ​មិន​ត្រឹមតែ​ជា​បុប្ផា​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​នោះ​ទេ​ ​កុលាប​ក៏​ជា​រុក្ខជាតិ​ផ្កា​មួយ​ប្រភេទ​ដែលគេ​អាច​​​យកមក​ចម្រាញ់​ធ្វើជា​គ្រឿង​ស​ម្អា​ង​ ​និង​គ្រឿង​រក្សា​សម្រស់​ ​រាប់​តាំង​ ​ឡេ​ ​ប្រេង​ ​សេរ៉ូម​ ​រហូត​ទឹកអប់​ផង​ដែរ​។​ ​ម្យ៉ាង​ត្របកផ្កា​កុលាប​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​ល្អ​ចំពោះ​ស្បែក​ក្បាល​ ​និង​សក់​ផង​នោះ​ ​សូវ​រី​ន​ ​បាន​ស្រាវជ្រាវ​ ​និង​លើកយក​គន្លឹះ​ក្នុង​ការ​ប្រើ​ផ្កាកុលាប​ដើម្បី​ធ្វើជា​រូបមន្ត​រក្សា​សម្រស់​សក់​ប្រកបដោយ​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដូច​ខាងក្រោម​។​

            ខែនេះស្ថិតក្នុងរដូវប្រាំងដែលពោពេញទៅដោយ​កម្តៅ ​ជាទូទៅ​មកដល់​ខែ​នេះ​ស្ត្រី​ដែល​ចេញក្រៅ​ភាគច្រើន​រមែង​ជួប​បញ្ហា​សក់​ដូចជា​ ​ងាយ​ដាច់​ ​ស្ងួត​ ​ផុយ​ស្រួយ​ ​ជ្រុះ​ ​និង​ស្បែក​ក្បាល​ឡើង​អង្គែ​ជាដើម​។​ ​ដើម្បី​ក​ម្ចាត់​រាល់​បញ្ហា​ទាំងប៉ុន្មាន​ ​អ្នក​អាច​ប្រើ​ផ្កាកុលាប​មក​ធ្វើជា​រូបមន្ត​ថែទាំ​ដោយ​លាយ​នឹង​គ្រឿងផ្សំ​ធម្មជាតិ​ដទៃទៀត​តិចតួច​ដែល​នឹង​អាច​ជំនួស​ការ​ប្រើ​ផលិតផល​គីមី​បាន​មួយ​ក​ម្រិ​ត​។​ ​យើង​ដឹង​ហើយ​ថា​ម៉ា​ស​សក់​ ​បាន​ដើរ​បាន​តួ​យ៉ាងសំខាន់​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ ​រឹង​មាំ​ ​ភ្លឺ​រលោង​ ​និង​ជួយ​ដល់​សុខភាព​ស្បែក​ក្បាល​។​ ​ជាក់ស្តែង​ ​ការ​ធ្វើ​ម៉ា​ស​ដោយ​ជ្រើស​ប្រើ​ស្រទាប់ផ្កា​កុលាប​ដែល​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​ពី​ធម្មជាតិ​អាច​មាន​សមត្ថភាព​ដោះស្រាយ​ ​និង​ថែទាំ​មិនចាញ់​ផលិតផល​នៅ​លើ​ទី​ផ្សារ​ប៉ុន្មាន​ឡើយ​។​

            ដើម្បី​ធ្វើ​ម៉ា​ស​ ​អ្នក​អាច​ចាប់ផ្តើម​ពី​ការ​យក​ស្រទាប់ផ្កា​កុលាប​ស្រស់​ទៅ​ហាល​ក្រោម​ពន្លឺ​ថ្ងៃ​ឲ្យ​ស្ងួត​។​ ​បន្ទាប់មក​យក​ផ្កា​កុ​លា​ដែល​បាន​ហាល​ស្ងួត​ទៅ​បុក​ឬ​កិន​ឲ្យ​ម៉ដ្ឋ​ក្លាយ​ជា​ម្សៅ​។​ ​ចំណែក​ឯ​គ្រឿងផ្សំ​បន្ទាប់​ដែល​អ្នក​ត្រូវ​មាន​ទៀត​នោះ​គឺ​ ​ប្រេងដូង​ ​និង​ប្រេង​ផ្កាកុលាប​។​ ​យក​ប្រេងដូង​ ​និង​ប្រេង​ផ្កាកុលាប​ ​ម​កលា​យ​បញ្ចូល​គ្នា​ជាមួយនឹង​ម៉្សៅ​ផ្កាកុលាប​ពីរ​ស្លាបព្រា​បាយ​ ​រួច​កូរ​ឲ្យ​សព្វ​ទៅជា​ល្បាយ​តែមួយ​។​ ​អ្នក​ក៏​អាច​បន្ថែម​ប្រេង​ ​rose​mar​y​ ​ពីរបី​តំណក់​ទៅ​ក្នុង​ល្បាយ​ខាងលើ​ផង​ដែរ​។​ ​ប្រេងដូង​គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សក់​ ​ខណៈ​ផ្កាកុលាប​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ​ជួយ​បំប៉ន​ដល់​សុខភាព​សក់​ ​និង​ស្បែក​ក្បាល​។​ ​រីឯ​ប្រេង​ ​rose​mar​y​ ​មានប្រយោជន៍​ជួយ​បណ្តុះ​សក់​លឿន​រហ័ស​។​

            ចំពោះ​ការប្រើប្រាស់​វិញ ​មុនដំបូង​ត្រូវ​កក់សក់​ឲ្យបាន​ស្អាត​ ​ហើយ​យក​ល្បាយ​ខាងលើ​ម​កលាប​លើ​ស្បែក​ក្បាល​ ​និង​សក់​ឲ្យបាន​សព្វ​ល្អ​។​ ​បន្ទាប់មក​ម៉ា​ស្សា​ស្បែក​ក្បាល​ដើម្បីឲ្យ​ម៉ា​ស​ជ្រាបចូល​ទៅដល់​ខាងក្នុង​ឫស​នៃ​សក់​ ​រួច​ទុកចោល​រយៈពេល​៤​៥​នាទី​។​ ​ចុងក្រោយ​កក់សក់​ជាមួយ​សាប៊ូ​ឲ្យបាន​ស្អាត​ ​និង​ជូត​សក់​ឲ្យ​ស្ងួត​ ​ហើយ​លាប​វីតាមីន​ចិញ្ចឹម​សក់​ ​ឬ​ប្រេង​ ​ar​gan​ ​២​ទៅ​៣​តំណក់​ជាការស្រេច​។​ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​និង​ឆាប់រហ័ស​ ​គួរ​អនុវត្ត​ប្រើ​ម៉ា​ស​ធម្មជាតិ​នេះ​យ៉ាងហោចណាស់​ម្តង​ឬ​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍​។​ ​ម៉ា​ស​ធម្មជាតិ​នេះ​អ្នក​ក៏​អាច​លាយ​ជាមួយនឹង​គ្រឿងផ្សំ​ដទៃទៀត​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​អ្នក​ ​ដូចជា​ការ​ប្រើ​ប្រេង​អូ​លីវ​ជំនួស​ប្រេងដូង​ជាដើម​។​ ​ចំណែក​ឯ​ប្រេង​ ​rose​mar​y​ ​អាច​ដាក់​ក៏បាន​មិន​ដាក់​ក៏បាន​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​កុំ​ភ្លេច​ម្សៅ​ផ្កាកុលាប​ដែល​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​ក្នុង​ការ​បំប៉ន​ដល់​សក់​។​

            ​ជា​ការពិត​ណាស់​មិនថា​ផ្កាកុលាប​ប្រភេទ​ណា​នោះ​ទេ​ ​អ្នក​អាច​​​យក​វា​មក​ប្រើប្រាស់​បាន​ ​ព្រោះ​វា​សុទ្ធ​សឹង​ជា​ល្បាយ​ធម្មជាតិ​ដែល​ជា​ឱសថ​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួយ​ថែរក្សា​សក់​ ​និង​ស្បែក​ក្បាល​។​ ​ហើយ​វា​កាន់តែ​សំខាន់​ទៀត​នោះ​ប្រសិនបើ​យើង​អាច​​​យក​ផ្កាកុលាប​ដែល​មានស្រាប់​មក​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ជាជាង​ទុកឲ្យ​វា​ក្រៀម​ចោល​ ​និង​សន្សំ​ការចាយវាយ​ដូចជា​ការ​ប្រើ​តាមរយៈ​រូបមន្ត​ដូចដែល​សូវ​រី​ន​បាន​លើកឡើង​នេះ​៕​

Article by SOUNG SOKSAN


SUGGESTIONS