បើចោលភ្នែកក្រឡេកមើលផែនទីកម្ពុជាបច្ចុប្បន្ន យើងនឹងឃើញខេត្តកំពង់ធំដែលជាចំណុចកណ្តាលនៃវិសាលភាពផ្ទៃដីទាំង២៥ខេត្ត-រាជធានីនៃប្រទេស។ ខេត្តនេះក្រៅពីមានសក្តានុពលទេសចរណ៍តំបន់ប្រាសាទ សំបូរព្រៃគុក រមណីយដ្ឋានភ្នំសន្ទុក និងស្ទឹងព្រៃប្រស់ ជាដើម ខេត្តជាប់បឹងទន្លេសាបនេះក៏អាចអន្ទងដួងចិត្តអ្នកដំណើរឲ្យឆៀងចូលមកភ្លក្សរសជាតិមត៌កអាហារប្រចាំតំបន់ជាច្រើនមុខចម្រុះជាតិសាសន៍ មានទាំងម្ហូបជនបទ ខ្មែរ ម្ហូបខ្មែរកាត់ចិន ម្ហូបសហគមន៍ជនជាតិដើមភាគតិច និងចំណីចំណុកជាច្រើនទៀតស្ទើររាប់មិនអស់។
ចេញពីទីរួមខេត្តកំពង់ធំ យើងនឹងទៅដល់ទឹកដីស្រុកប្រាសាទបល្ល័ង្ក ចម្ងាយខ្ទង់៣០គីឡូម៉ែត្រ ពីក្រុងស្ទឹង សែន។ យើងបានជិះរថយន្តឆ្លងស្ពានស្ទឹងសែនហើយបន្តដំណើរតាមផ្លូវជាតិទៅត្រង់រហូតដល់ផ្លូវបំបែកទៅកាន់ខេត្តព្រះវិហារ។ ផ្លូវបំបែកនោះហើយជាផ្លូវឆ្ពោះទៅកាន់ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កដែលពួកយើងប្រាថ្នាចង់ផ្សងព្រេងរុករក។ សាលាវិស័យជាឈ្មោះតំបន់ឆ្លងកាត់មួយនៅជាប់នឹងផ្លូវជាតិលេខ ៦២ ដែលស្ថិតនៅកៀកព្រំប្រទល់ខេត្តកំពង់ធំ-ព្រះវិហារ។ តំបន់នោះពីដើមរៀងមកតំបន់ជនជាតិដើមភាគតិចកួយរស់នៅ។ បច្ចុប្បន្ន ទីនោះកំពុងព្យាយាមអភិវឌ្ឍខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍បែបសហគមន៍ ផ្សារភ្ជាប់នឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនដើមម្ចាស់ស្រុក។
ប្រជាជនក្នុងសហគមន៍នោះនិយមទទួលទានអាហារបែបធម្មជាតិ ចម្អិនពីត្រីសាច់ និងបន្លែបង្ការដែលរកបានងាយៗជុំវិញខ្លួន។ ជាក់ស្តែង ពួកគេដាំដំណាំល្ងខ្មៅ លាយឡំនឹងស្រូវក្នុងចម្ការ មិនមានចម្ការល្ងដាច់ដោយឡែកដូចចម្ការប្រជាកសិករខ្មែរយើងទេ។ ផលល្ងខ្មៅនោះត្រូវបានច្នៃចេញជាមុខម្ហូបប្រចាំតំបន់ម្យ៉ាងហៅថា «បុកល្ង»។ ចំពោះម្ហូបនេះ វិធីធ្វើហាក់ដូចជាសាមញ្ញប៉ុន្តែទាមទារអ្នកចេះធ្វើ ចេះ លីងល្ងបានល្អទើបឆ្ងាញ់។ គេយកគ្រាប់ល្ងមួយចានមកលីងក្នុងខ្ទះដែលក្តៅល្អរហូតទាល់តែឆ្អិនឈ្ងុយ ទើបដួស ដាក់ចានទុកមួយអន្លើ។ បន្ទាប់មក បេះសាច់ត្រីអណ្តែងអាំង (អាចប្រើត្រីផ្ទក់ជំនួសក៏បាន) បុកឲ្យម៉ដ្ឋជាមួយ គ្រឿងដូចជា ម្ទេស និងប្រហុក (ដាក់ប៊ីចេងបន្តិចដើម្បីបង្កើនរសជាតិ) ។ ដល់ពេលទទួលទាន គេយកល្ងបុក និង បុកត្រីនោះមកចាក់ទឹកឲ្យល្មមលាយចូលគ្នា (ខាប់ៗស្រដៀងទឹកគ្រឿង) ផ្ទាប់ជាមួយអន្លក់ស្រស់ ដូចជា ត្រួយ ស្មាច់ សណ្តែកកួរ និង ត្រសក់ ជាដើម ជាការស្រេច។
ក្រៅពីបុកល្ង ពួកយើងត្រូវបានទទួលបាយថ្ងៃត្រង់ដោយ មានមុខម្ហូបប្រពៃណីពីរមុខទៀត គឺ គ្រលុក ឬ បុកត្រប់ (ប្រើត្រប់មូល) ដែលមានវិធីធ្វើប្រហាក់ប្រហែលនឹងបុក ល្ងដែរ និងសម្លកកូរចុងផ្អាវ ច្នៃចេញពីអនុផលនៃរុក្ខជាតិផ្អាវដែលដុះក្នុងព្រៃចម្ការជិតៗនោះ។ ផ្អាវនេះក៏ត្រូវបាន ជនជាតិកួយនិយមប្រើធ្វើជាបន្លែអន្លក់ មានរសជាតិចត់បន្តិច តែឆ្ងាញ់គួរឲ្យចង់សាកល្បងណាស់!
Article by SRIN SOKMEAN