×

យាត្រា​ទៅ​ភ្លក្ស​ម្ហូប​ប្រពៃណី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​

TRAVEL & LIVING one year ago
 
 

           ​បើ​ចោលភ្នែកក្រឡេក​មើល​ផែនទី​កម្ពុជា​បច្ចុប្បន្ន​ ​យើង​នឹង​ឃើញ​ខេត្ត​កំពង់ធំ​ដែល​ជា​ចំណុច​កណ្តាល​នៃ​វិសាលភាព​ផ្ទៃដី​ទាំង​២​៥​ខេត្ត​-​រាជធានី​នៃ​ប្រទេស​។​ ​ខេត្ត​នេះ​ក្រៅពី​មាន​សក្តានុពល​ទេសចរណ៍​តំបន់​ប្រាសាទ​ ​សំបូរ​ព្រៃ​គុក​ ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​ ​និង​ស្ទឹង​ព្រៃ​ប្រស់​ ​ជាដើម​ ​ខេត្ត​ជាប់​បឹង​ទន្លេសាប​នេះ​ក៏​អាច​អន្ទង​ដួងចិត្ត​អ្នកដំណើរ​ឲ្យ​ឆៀងចូល​មក​ភ្លក្ស​រសជាតិ​មត៌ក​អាហារ​ប្រចាំ​តំបន់​ជា​ច្រើនមុខ​ចម្រុះ​ជាតិសាសន៍​ ​មាន​ទាំង​ម្ហូប​ជនបទ​ ​ខ្មែរ​ ​ម្ហូប​ខ្មែរ​កាត់​ចិន​ ​ម្ហូប​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​និង​ចំណីចំណុក​ជាច្រើន​ទៀត​ស្ទើរ​រាប់មិនអស់​។​

           ​ចេញពី​ទីរួមខេត្ត​កំពង់ធំ​ ​យើង​នឹង​ទៅដល់​ទឹកដី​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ​ចម្ងាយ​ខ្ទង់​៣​០​គីឡូម៉ែត្រ​ ​ពី​ក្រុង​ស្ទឹង​ ​សែន។​ ​យើង​បាន​ជិះរថយន្ត​ឆ្លងស្ពាន​ស្ទឹង​សែន​ហើយ​បន្ត​ដំណើរ​តាម​ផ្លូវជាតិ​ទៅត្រង់​រហូតដល់​ផ្លូវបំបែក​ទៅកាន់​ខេត្ត​ព្រះវិហារ​។​ ​ផ្លូវបំបែក​នោះ​ហើយ​ជា​ផ្លូវ​ឆ្ពោះទៅ​កាន់​ឃុំ​សាលា​វិ​ស័​យ​ ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ដែល​ពួកយើង​ប្រាថ្នា​ចង់​ផ្សងព្រេង​រុករក​។​ ​សាលា​វិ​ស័យ​ជា​ឈ្មោះ​តំបន់​ឆ្លងកាត់​មួយ​នៅ​ជាប់នឹង​ផ្លូវជាតិ​លេខ​ ​៦​២​ ​ដែល​ស្ថិតនៅ​កៀក​ព្រំប្រទល់​ខេត្ត​កំពង់ធំ​-​ព្រះវិហារ​។​ ​តំបន់​នោះ​ពីដើម​រៀងមក​តំបន់​ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​។​ ​បច្ចុប្បន្ន​ ​ទីនោះ​កំពុង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​បែប​សហគមន៍​ ​ផ្សារភ្ជាប់​នឹង​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រជាជន​ដើម​ម្ចាស់​ស្រុក​។​

           ​​ប្រជាជន​ក្នុង​សហគមន៍​នោះ​និយម​ទទួលទាន​អាហារ​បែប​ធម្មជាតិ​ ​ច​ម្អិ​ន​ពី​ត្រី​សាច់​ ​និង​បន្លែបង្ការ​ដែល​រក​បាន​ងាយ​ៗ​ជុំវិញ​ខ្លួន​។​ ​ជាក់ស្តែង​ ​ពួកគេ​ដាំដំណាំ​ល្ង​ខ្មៅ​ ​លាយឡំ​នឹង​ស្រូវ​ក្នុង​ចម្ការ​ ​មិន​មាន​ចម្ការ​ល្ង​ដាច់ដោយឡែក​ដូច​ចម្ការ​ប្រជាកសិករ​ខ្មែរយើង​ទេ​។​ ​ផល​ល្ង​ខ្មៅ​នោះ​ត្រូវ​បាន​ច្នៃ​ចេញ​ជា​មុខម្ហូប​ប្រចាំ​តំបន់​ម្យ៉ាង​ហៅថា​ ​«​បុក​ល្ង​»​។​ ​ចំពោះ​ម្ហូប​នេះ​ ​វិធី​ធ្វើ​ហាក់ដូចជា​សាមញ្ញ​ប៉ុន្តែ​ទាមទារ​អ្នកចេះ​ធ្វើ​ ​ចេះ​ ​លីង​ល្ង​បាន​ល្អ​ទើប​ឆ្ងាញ់​។​ ​គេ​យក​គ្រាប់ល្ង​មួយ​ចាន​មក​លីង​ក្នុង​ខ្ទះ​ដែល​ក្តៅ​ល្អ​រហូត​ទាល់តែ​ឆ្អិន​ឈ្ងុយ​ ​ទើប​ដួស​ ​ដាក់​ចាន​ទុក​មួយអន្លើ​។​ ​បន្ទាប់មក​ ​បេះ​សាច់​ត្រី​អ​ណ្តែ​ង​អាំង​ (​អាច​ប្រើ​ត្រី​ផ្ទក់​ជំនួស​ក៏បាន​) ​បុក​ឲ្យ​ម៉ដ្ឋ​ជាមួយ​ ​គ្រឿង​ដូចជា​ ​ម្ទេស​ ​និង​ប្រហុក​ (​ដាក់​ប៊ីចេង​បន្តិច​ដើម្បី​បង្កើន​រសជាតិ​) ​។​ ​ដល់ពេល​ទទួលទាន​ ​គេ​យក​ល្ង​បុក​ ​និង​ ​បុក​ត្រី​នោះ​មក​ចាក់ទឹក​ឲ្យ​ល្មម​លាយ​ចូលគ្នា​ (​ខាប់​ៗ​ស្រដៀង​ទឹកគ្រឿង​) ​ផ្ទាប់​ជាមួយ​អន្លក់ស្រស់​ ​ដូចជា​ ​ត្រួយ​ ​ស្មាច់​ ​សណ្តែកកួរ​ ​និង​ ​ត្រសក់​ ​ជាដើម​ ​ជាការស្រេច​។​

           ​​ក្រៅពី​បុក​ល្ង​ ​ពួកយើង​ត្រូវ​បាន​ទទួល​បាយថ្ងៃត្រង់​ដោយ​ ​មាន​មុខម្ហូប​​ប្រពៃណី​ពីរ​មុខ​ទៀត​ ​គឺ​ ​គ្រលុក​ ​ឬ​ ​បុក​ត្រប់​ (​ប្រើ​ត្រប់​មូល​) ​ដែល​មាន​វិធី​ធ្វើ​ប្រហាក់ប្រហែល​នឹង​បុក​ ​ល្ង​ដែរ​ ​និង​សម្ល​កកូរ​ចុង​ផ្អាវ​ ​ច្នៃ​ចេញពី​អនុផល​នៃ​រុក្ខជាតិ​ផ្អាវ​ដែល​ដុះ​ក្នុង​ព្រៃ​ចម្ការ​ជិត​ៗ​នោះ​។​ ​ផ្អាវ​នេះ​ក៏​ត្រូវ​បាន​ ​ជនជាតិ​កួយ​និយម​ប្រើ​ធ្វើជា​បន្លែ​អន្លក់​ ​មាន​រសជាតិ​ចត់​បន្តិច​ ​តែ​ឆ្ងាញ់​គួរឲ្យ​ចង់​សាកល្បង​ណាស់​!

Article by SRIN SOKMEAN


SUGGESTIONS