មជ្ឈមណ្ឌលប្រជុំវត្ថុអនុស្សាវរីយ៍សិប្បកម្មខ្មែរសុទ្ធសាធ «Souvenir Station»
TRAVEL & LIVING 2 years agoលោកអ្នកប្រហែលជាកំពុងមានគម្រោងទិញអំណោយជូនមិត្តរួមការងារ ឬ ចៅហ្វាយស្រី ឬ អ្នកម្តាយ សម្រាប់ទិវានារីអន្តរជាតិ៨មីនាខាងមុខហើយមែនទេ? ឬក៏ប្រហែលជាចង់ទិញគ្រឿងសម្ភារតុបតែងលម្អដើម្បី ត្រៀមរៀបចំគេហដ្ឋានសម្រាប់ឱកាសសង្រ្កាន្តខែក្រោយនេះមែនទេ? បើដូចនេះមែន ហាង «Souvenir Station» នៅចំកណ្តាលប្លុកទេសចរណ៍នៃខណ្ឌដូនពេញ ម្តុំមុខវាំង ច្បាស់ជាជម្រើសទីតាំងថ្មីត្រូវម៉ាច់សម្រាប់លោកអ្នក ក្នុងគោលបំណងដើរទិញទំនិញខាងលើតែម្តងជាក់ជាមិនខាន។ តស់! មកទស្សនាថាតើហាងនេះមានលក់ប្រភេទ គ្រឿងសិប្បកម្មអ្វីខ្លះគួរឲ្យចាប់អារម្មណ៍សម្រាប់អតិថិជន?
ស្ថិតនៅផ្ទះលេខ ១៨អឺសូន្យ (18E0) តាមបណ្តោយផ្លូវលេខ ១៧៨ ទល់មុខហាងបូឌាស្ប៉ា សង្កាត់ជ័យ ជំនះ ខណ្ឌដូនពេញ ហាងលក់វត្ថុអនុស្សាវរីយ៍បែបខ្មែរមួយដែលមានឈ្មោះថា «Souvenir Station- Cambodian Products» ទើបតែត្រូវបានបង្កើតឡើងក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ។ ទោះបីជាអាយុកាលរាងក្មេងខ្ចីក៏ពិតមែន តែហាងនេះទទួលបាននូវការពេញនិយមចូលចិត្តជាហូរហែគួរឲ្យកត់សម្គាល់ពីសំណាក់អ្នកគាំទ្រផលិតផលសិប្បកម្មខ្មែរទាំងភ្ញៀវជាតិនិងអន្តរជាតិ។ ឈ្មោះយីហោហាង «Souvenir Station» នេះត្រូវបានផ្តល់ឲ្យដោយស្ថាបនិក ហាង ស្រ៊ូ ចំរើន ដែលមានក្តីស្រមៃចង់បង្កើតទីតាំងអំណោយផលល្អមួយងាយស្រួលសម្រាប់ប្រមូលផ្តុំផលិតផល ដោយដៃខ្មែរពិតៗឥតក្លែងបន្លំ មកពីតាមតំបន់នានាជុំវិញប្រទេសកម្ពុជា ឲ្យភ្ញៀវជាតិនិងអន្តរជាតិបានចូលទស្សនា និងជាវយកទៅប្រើប្រាស់ប្រកបដោយទំនុកចិត្ត ១០០ ភាគរយ។ អតីតបុគ្គលិកហាងលក់វត្ថុអនុស្សាវរីយ៍មួយនៅភ្នំពេញរូបនេះបានលើកឡើងថា “មហិច្ឆតារបស់ខ្ញុំ គឺខ្ញុំចង់ ថាឲ្យតែមានផលិតផលក្នុងស្រុកប៉ុន្មាន ខ្ញុំប្រមូលដាក់ចូលនៅទីនេះទាំងអស់! […] ធ្វើម៉េចឲ្យក្នុងហាងយើងមាន គ្រប់មុខទាំងអស់។ ភ្ញៀវគ្រាន់តែអញ្ជើញមកដល់ហាងយើង គាត់អាចរកទិញបានគ្រប់ផលិតផល”។
ម្ចាស់ហាង បានបញ្ជាក់ប្រាប់សូវរីនថា ទីនេះមានដាក់តាំងលក់នូវផលិតផលខ្មែរចម្រុះរហូតខ្ទង់ជាង៣០ ម៉ាកយីហោក្នុងស្រុក ហើយបើគិតជាចំនួនទំនិញវិញគឺមានដល់ខ្ទង់៧០០ឯកតាដែលក្នុងនោះមានប្រភេទសំខាន់ៗ ដូចជា ផលិតផលតម្បាញ គ្រឿងលម្អនិងប្រើប្រាស់ក្នុងផ្ទះ ចំណីអាហារកែច្នៃ គ្រឿងអលង្ការ និងគ្រឿងសម្អាង ជាដើម។ ចំពោះតម្លៃផលិតផលមានចាប់ពីចន្លោះ ២ដុល្លារ-៧០ដុល្លារ អាស្រ័យទៅតាមប្រភេទនិងម៉ូដនីមួយៗ ជាក់ស្តែង។ តម្លៃ២ដុល្លារ អាចជាប្រភេទ Poster គ្រឿងតែងផ្ទះទំហំតូចៗ និងចំណីសម្រន់។ រីឯតម្លៃ៧០ដុល្លារ ដែលខ្ពស់បំផុតអាចជាប្រភេទផ្ទាំងគំនូរ ឬ កាបូបម៉ូដអស្ចារ្យមិនងាយច្នៃបាន និងសម្លៀកបំពាក់ប្រើវត្ថុធាតុដើម ដែលមានតម្លៃខ្ពស់ដូចជា សូត្រ ជាដើម។ ទោះបីជាយ៉ាងណា ក៏ហាងពុំទាន់អាចកំណត់បានថាផលិតផលណា មួយជាផលិតផលលក់ដាច់បំផុតប្រចាំហាងបានទេ ដោយសារផលិតផលទាំងនោះក៏មានតម្រូវការពីអតិថិជន ប្រែប្រួលទៅតាមរដូវកាលតែធានាថាមានផលិតផលសមស្របសម្រាប់ភ្ញៀវគ្រប់វ័យមិនថាចាស់ឬក្មេងនោះទេ។
ម្ចាស់ហាងបានបន្ថែមថា សព្វថ្ងៃនេះ អតិថិជនភាគច្រើនជាភ្ញៀវទេសចរ ដោយសារតែមានកំណើនភ្ញៀវ ទេសចរបរទេសមកកម្ពុជាឡើងវិញក្រោយស្ថានភាពវិបត្តិកូវីដ១៩ធូរស្បើយ តែតាមពិតទៅគោលដៅដើមគឺចង់ ទាក់ទាញទាំងភ្ញៀវខ្មែរនិងភ្ញៀវទេសចរបរទេស “ខ្ញុំមិនមែនចង់ប្រូម៉ូតអីវ៉ាន់យើងឲ្យតែភ្ញៀវស្រុកក្រៅស្គាល់ទេ។ ចង់ឲ្យភ្ញៀវក្នុងស្រុកងាកមកគាំទ្រផលិតផលក្នុងស្រុកយើងដែរ ព្រោះបើយើងលក់ផលិតផលក្នុងស្រុក ហើយអ្នក ក្នុងស្រុកយើងមិនគាំទ្រក៏ឥតន័យដែរ”។ តាមរយៈការដាក់លក់ផលិតផលទាំងឡាយនៅទីនេះ វាអាចជួយផ្តល់ ចំណូលលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍កែច្នៃក្នុងស្រុកនានា រួមមានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និង ខេត្តមណ្ឌលគិរី ។ល។
ហាងនឹងមានគម្រោងពង្រីកសាខានៅពេលអនាគតដើម្បីធ្វើឲ្យអតិថិជនទាំងឡាយកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកជាវបានឆាប់រហ័សទាន់ចិត្ត។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ហាងខាងលើនេះក៏មានសេវាកម្មលក់ អនឡាញសម្រាប់អតិថិជនដែលរស់នៅក្រៅក្រុងភ្នំពេញផងដែរ។ លោកអ្នកអាចសួរព័ត៌មានបន្ថែមតាមរយៈ ផេកហ្វេសប៊ុក Souvenir Station- Cambodian Products ៕
Article by SRINSOKMEAN