×

ភេសជ្ជៈ​ទាំង​៥​មុខ​ដែល​ត្រូវ​ណែនាំ​សម្រាប់​រដូវក្ដៅ​

TRAVEL & LIVING one year ago
 
 

           ​និទាឃរដូវ​ចូល​មកដល់​​​ហើយ​! ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ភេសជ្ជៈ​ផ្លែឈើ​ធម្មជាតិ​ស្រស់​ៗ​ ​ផ្តល់​ភាព​ស្រស់ស្រាយ​ ​និង​ជំនួយ​ដល់​សុខភាព​ដែល​ល្អឥតខ្ចោះ​សម្រាប់​រដូវក្តៅ​ដ៏​ហួតហែង​នេះ​។​ ​ទឹក​ផ្លែឈើ​ទាំងនេះ​ត្រូវ​បាន​ផលិត​ឡើង​ជាមួយនឹង​ប្រភេទ​រុក្ខជាតិ​ផ្សេងៗ​គ្នា​ដូចជា​ ​ផ្កា​ឡា​វេន​ឌឺ​ ​ផ្លែ​គី​វី​ ប៊ឺ​រី​ ​ម្នាស់​ ​ក្រូចឆ្មារ​ ​និង​ផ្លែ​ប៉ែ​ស​។​ វេ​ប​សាយ​ទស្សនាវដ្ដី​សូវ​រី​ន​បាន​ជ្រើសរើស​ភេសជ្ជៈ​រដូវក្តៅ​ប្រាំ​មុខ​ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ដើម្បី​ឱ្យ​អ្នក​សាកល្បង​ ​និង​ជួយ​កាត់បន្ថយ​ភាព​តានតឹង​។​

          ​តែ​ផ្កា​ឡា​វេន​ឌឺ​: ​តែ​ផ្កា​ឡា​វេន​ឌឺ​គឺជា​ភេសជ្ជៈ​ដែល​មាន​ក្លិនក្រអូប​ ​ស្រស់ស្រាយ​ ​និង​ស្រស់​ស្អាត​ ​ហើយក៏​ជា​ភេសជ្ជៈ​រុក្ខជាតិ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ធ្វើ​ឱ្យ​ត្រជាក់​ក្នុង​ខ្លួន​នៅ​ថ្ងៃ​ដ៏​ក្តៅ​ផង​ដែរ​។​ ​វា​អស្ចារ្យ​ណាស់​នៅ​ក្នុង​ការ​ថែរក្សា​រាងកាយ​ដូចជា​ ​ក្រែមលាបមាត់​ ​ឬ​សាប៊ូ​ដុស​ខ្លួន​ ​ហើយ​វា​អាច​ជួយ​ព្យាបាល​ស្នាម​ជាំ​លើ​ស្បែក​ខ្លួន​ ​និង​មុខ​ផង​ដែរ​។​ ​លើស​ពី​នេះ​ផ្កា​ឡា​វេន​ឌឺ​ក៏​អាច​ប្រើ​ធ្វើជា​ម្ហូប​ផង​ដែរ​ ​ហើយ​នៅពេលដែល​យកទៅ​ធ្វើជា​ភេសជ្ជៈ​ ​អ្នក​នឹង​សម្គាល់​ឃើញ​អត្ថប្រយោជន៍​ចំពោះ​ការ​កាត់បន្ថយ​ការ​ថប់បារម្ភ​ ស្រ្តេ​ស​ ​និង​ធ្វើ​ឱ្យអ្នក​គេងលក់​ស្រួលផងដែរ​។​ ​ផ្កា​ឡា​វេន​ឌឺ​ជា​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ផ្អែម​ស្រទន់​ ​ហើយក៏​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​វិវត្ត​សមស្រប​តាមដំណើរ​ធម្មជាតិ​ ​មិន​ឆាប់​ចាស់​ជាង​វ័យ​។​

          ​គី​វី​សូ​ដា​: ​ផ្លែ​គី​វី​ដ៏​ឈ្ងុយឆ្ងាញ់​បន្ថែម​ជាមួយនឹង​ទឹកសូដា​ល្អឥតខ្ចោះ​សម្រាប់​រដូវ​កាល​នេះ​។​ ​គី​វី​សូ​ដា​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ត្រជាក់ចិត្ត​និង​ងាយស្រួល​ធ្វើ​នោះ​ទេ​ ​ថែមទាំង​មាន​គុណប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផង​ដែរ​។​ ​ផ្លែ​គី​វី​ជា​ប្រភេទ​ផ្លែឈើ​ដែល​មាន​វីតាមីន​C ​និង​ជាតិ​សរសៃ​ខ្ពស់​ ​ដែល​ផ្តល់​ឱ្យ​យើង​នូវ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​រាងកាយ​។​ ​បើ​អ្នក​មិន​មាន​ទឹកសូដា​ ​អ្នក​អាច​ដាក់​ទឹក​ត្រជាក់​ជំនួស​វិញ​បាន​ដូចគ្នា​ ​ហើយ​ជា​លទ្ធផល​ ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​តួនាទី​សុខភាព​។​

          តែ​ម្នាស់​ទឹកកក​: ​តែ​ម្នាស់​ទឹកកក​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​និង​បរិមាណ​អង់​ស៊ីម​ Bro​me​lain​ ​ក្នុង​ក​ម្រិ​ត​មួយ​ដែល​អាច​ជួយ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ ​បំបែក​អាហារ​ (​ជា​តូច​ៗ​) ​និង​កាត់បន្ថយ​ការ​ហើមពោះ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​តែ​ម្នាស់​ទឹកកក​នេះ​ងាយស្រួល​ធ្វើ​ ​ហើយ​ឆ្ងាញ់​មិនគួរ​ឱ្យ​ជឿ​។​ ​ងាយ​ៗ​ ​គ្រាន់តែ​មាន​ផ្លែ​ម្នាស់​ ​ទឹក​ស្អាត​ ​តែ​(​កញ្ចប់​ ​ឬ​កំប៉ុង​) ​និង​ទឹកកក​។​ ​រូបមន្ត​នេះ​មាន​លក្ខណៈ​ល្អ​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ​ហើយ​នៅ​ពេល​លោក​អ្នកទទួល​ទាន​រួច​ ​សុខភាព​ស្បែក​នឹង​ស្រស់​ស្អាត​ចេញពី​ខាងក្នុង​ពិតៗ​។

          ​តែ​ក្រេប​ប៊ឺ​រី​ (Cr​an​berry​ ​Tea​): ​តែ​ក្រេប​ប៊ឺ​រី​ ​គឺជា​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ស្រាល​សមនឹង​រដូវក្តៅ​។​ ​ផ្លែ​ក្រេប​ប៊ឺ​រី​បាន​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​សម្រាប់​ទទួលទាន​ ​ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​និង​ពេញ​និយម​សម្រាប់​យុវវ័យ​។​ ​ម្យ៉ាង​វិញទៀត​តែ​ក្រេប​ប៊ឺ​រី​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ ​ផ្តល់​ជាតិទឹក​ដល់​រាងកាយ​ ​និង​អាច​បំប៉ន​ដល់​សុខភាព​បាន​យ៉ាងល្អ​ ​ព្រោះ​វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ជាច្រើន​ប្រភេទ​ ​រួម​ជាមួយនឹង​វីតាមីន​ ​និង​សារធាតុ​រ៉ែ​ជាច្រើន​។​ ​ពេល​ផ្សំ​ក្រេប​ប៊ឺ​រី​ជាមួយ​តែ​បៃតង​វា​នឹង​ផ្តល់​រសជាតិ​ផ្អែម​ឡែមៗ​ ​និង​មិន​មាន​ក្លិន​ក្រពុល​ឡើយ​ ​ស័ក្តិសម​បំផុត​សម្រាប់​ទទួលទាន​ពេលព្រឹក​។​

​          តែ​ផ្លែ​ប៉ែ​ស​: ​ទឹកតែ​ផ្លែ​ប៉ែ​ស​ ​គឺជា​ភេសជ្ជៈ​ដែល​ជំនួយ​ដល់​សុខភាព​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​និង​ផ្ដល់​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​ដោយ​គ្មាន​អារម្មណ៍​ថា​ភ័យខ្លាច​នឹង​រដូវក្តៅ​នោះ​ទេ​។​ ​តែ​ផ្លែ​ប៉ែ​ស​ឆុង​នៅផ្ទះ​មាន​ជាតិ​ស្ករ​ទាប​ ​ដែល​សាក​សមជា​ភេសជ្ជៈ​រដូវក្តៅ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​ ​ប្រើ​ផ្លែ​ប៉ែ​ស​ទុំ​ផ្សំ​ជាមួយ​តែ​ខ្មៅ​ ​ឬ​បៃតង​ដើម្បី​បន្ថែម​រសជាតិ​ឱ្យ​កាន់តែ​ឆ្ងាញ់​។​

          ​អ្នក​អាច​បន្ថែម​ផ្លែឈើ​ផ្សេងទៀត​ ​ឬ​ស្លឹក​ជីរអង្កាម​ ​និង​ទឹកឃ្មុំ​ដើម្បី​ទទួល​បាន​រសជាតិ​ថ្មីៗ​។​ ​ព្យាយាម​ប្រើ​ផ្លែឈើទុំ​ ​ដើម្បី​ទទួល​បាន​រសជាតិ​ផ្អែម​ពិតៗ​។​ ​ផ្លែឈើ​ជូរ​គឺ​ល្អ​ ​ប៉ុន្តែ​ប្រហែលជា​មិន​សាក​សមនឹង​ភេសជ្ជៈ​រដូវក្ដៅ​ទេ​ ​ព្រោះ​ជាតិ​ជូរ​ត្រូវការ​ជាតិ​ស្ករ​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​រសជាតិ​។​ ​យ៉ាងណាមិញ​ ​ប្រិយ​មិត្ត​គប្បី​ទទួលទានទឹក​ឲ្យបាន​ច្រើន​ផង​ដែរ​ ​ដើម្បី​ឱ្យ​សារជាតិ​វីតាមីន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS