×

នំ​ដុត​ ​«​យាយ​ផល​»​ ​ល្បី​ឆ្ងាញ់​ ​មាន​លក់​តែមួយ​កន្លែង​គត់​នៅ​កំពង់​ថ្ម​

TRAVEL & LIVING one year ago
 
 

           ​ស្ថិត​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ជិត​២​០​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​យើង​ចំណាយ​ពេល​ត្រឹម​ពីរ​ម៉ោង​តែប៉ុណ្ណោះ​ ​នោះ​យើង​នឹង​អាច​ទៅដល់​ទីរួមខេត្ត​កំពង់ធំ​ ​ជាក់​ជាមិនខាន​។​ ​ប៉ុន្តែ​មុននឹង​ទៅដល់​ទីរួមខេត្ត​ ​ឬ​ ​ក្រុង​ស្ទឹង​សែន​ ​យើង​បាន​ឆៀងចូល​ទីប្រជុំជន​ផ្សារ​កំពង់​ថ្ម​ ​ចម្ងាយ​ប្រមាណ​ ​១​៣​០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ ​ដែល​សម្បូរ​រថយន្ត​ឈ្នួល​ភ្នំពេញ​- ​ចំការ​លើ​-​កំពង់​ថ្ម​ ​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ផ្សារ​។​ ​នៅ​ម្តុំ​នោះ​ល្បី​មាន​អាហារដ្ឋាន​ ​«​ហាង​តា​វ៉ែនតា​»​ ​លាក់ខ្លួន​ក្រោយ​ ​ផ្សារ​​​ដែល​ពេញ​និយម​ល្បីឈ្មោះ​ជា​យូរឆ្នាំ​មក​ហើយ​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏មាន​តូប​ដុត​នំ​ដ៏​ឈ្ងុយឆ្ងាញ់​បែប​ជនបទ​ម្យ៉ាង​ ​ដែល​អ្នកស្រុក​នោះ​ហៅ​តាម​គ្នា​ថា​ ​«​នំ​ដុត​ៗ​»​ ​គួរឲ្យ​ចង់​ឈប់​ឡាន​ចូល​ជាវ​ភ្លក្ស​ឲ្យ​ស្គាល់​ជាតិ​ម្តង​ពេល​ធ្វើដំណើរ​កាត់​តំបន់​នោះ​។​

          ឆ្លងស្ពាន​កំពង់​ថ្ម​ផុត​បន្តិចមក​ ​ត្រង់​គល់​ស្ពាន​ខាងស្តាំ​ដៃ​ ​យើង​ត្រូវ​បត់​រថយន្ត​ចូល​តាមផ្លូវ​បេតុង​ជាប់មាត់​ ​ស្ទឹង​តែ​ប្រហែលយ៉ាង​ច្រើន​១​០​០​ម៉ែត្រ​ប៉ុណ្ណោះ​ដើម្បី​ទៅដល់​ទីតាំង​លក់​ចំណី​ស្រុកស្រែ​តាម​ភូមិ​លាក់ខ្លួន​មួយ​កន្លែង​ ​ស្ថិត​ក្នុង​ភូមិ​កំពង់​ថ្ម​ ​ស្រុក​ស​ន្ទុ​ក​។​ ​នៅ​តំបន់​នេះ​ពី​ដើមឡើយ​មាន​គេ​ធ្វើ​នំបញ្ចុក​លក់​ច្រើន​ ​ទើប​មាន​សេសសល់​ម្សៅ​នំបញ្ចុក​ខ្លះ​ដែលគេ​អាច​ច្នៃ​ធ្វើ​នំ​អាំង​ទទួលទាន​លេង​បាន​តាម​បែប​ស្រុកស្រែ​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​នៅសល់​ ​អ៊ំស្រី​ម្នាក់​ឈ្មោះ​ ​ផល​ ​ដែល​នៅ​ប្រកបរបរ​ធ្វើ​នំ​ដុត​លក់​ ​ប៉ុន្តែ​គាត់​មិន​ប្រើ​ម្សៅ​នំបញ្ចុក​សល់​ដូច​ពី​ជំនាន់​មុន​ទេ​ ​គឺ​គាត់​កិនម្សៅ​សម្រាប់​ធ្វើ​នំ​បែប​នេះ​លក់​ក្នុង​ភូមិ​ជា​ប្រចាំថ្ងៃ​តែម្តង​។​

          ​គេ​អាច​ហៅ​នំ​នេះ​ថា​ ​នំ​ដុត​ ​ឬ​ ​នំ​ប៉័​ង​ខ្មែរ​ (​តែ​អ្នក​កំពង់​ថ្ម​មួយ​ចំនួន​ថា​ ​ពីមុន​មក​ ​គេ​ហៅថា​ ​នំ​ក្ត​សេះ​)​។​ ​បើ​តាម​ប្រសាសន៍​របស់​អ៊ំស្រី​អ្នក​លក់​ ​ចំពោះ​នំ​បុរាណ​នេះ​ ​ត្រូវការ​ភាព​អំណត់​អត់ធ្មត់​ខ្ពស់​ដើម្បី​ធ្វើ​ ​ទើប​លែង​មាន​អ្នក​និយម​ធ្វើ​លក់​ ​ព្រោះ​ត្រូវការ​ពេល​ធ្វើ​ម្សៅ​ ​លាយ​គ្រឿងផ្សំ​ ​ដោត​ឈើ​ចង្កាក់​ ​យកទៅ​ស្ងោរ​ ​និង​អាំង​ទៀត​ ​ទម្រាំ​បាន​ចេញ​ជា​នំ​អាច​ទទួលទាន​បាន​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​ ​រួម​មាន​ ​ម្សៅ​អង្ករខ្សាយ​ (​ស្រូវ​រាំង​ជ័យ​) ​លាយ​អង្ករដំណើប​ (​១​០​គីឡូ​អង្ករខ្សាយ​ ​ដាក់​ដំណើប​២​កំប៉ុង​កន្លះ​) ​ដូង​ ​អំបិល​ ​ប៊ីចេង​ ​និង​ទឹក​ខ្ទិះ​រសជាតិ​ប្រៃ​ឡមៗ​សម្រាប់​ជ្រលក់​។​ ​គេ​អាច​លាយ​នឹង​គ្រឿងផ្សំ​ ​ផ្សេងៗ​ទៀត​ដើម្បី​បង្កើត​ជា​ ​រសជាតិ​ច្រើន​ប្រភេទ​តាម​ចំណង់ចំណូលចិត្ត​ ​រួម​មាន​ ​រសជាតិ​ស​ណ្តែ​ក​ ​រសជាតិ​ត្រាវ​ ​រសជាតិ​ស្លឹក​តើយ​ ​និង​ ​រសជាតិ​សាច់ជ្រូក​ ​។​ល​។​ ​នំ​នេះ​ ​លក់​មួយ​ចង្កាក់​ ​តម្លៃ​ត្រឹមតែ​១​០​០​០​រៀល​តែប៉ុណ្ណោះ​។​

           ​អ៊ំស្រី​លក់​នំ​នេះ​ដាច់​ក្នុងមួយថ្ងៃ​ធម្មតា​ ​ជាមធ្យម​ជាង​១​០​០​ ​ចង្កាក់​។​ ​ឯ​ថ្ងៃបុណ្យ​ទាន​វិញ​ ​អាច​លក់ដាច់​រហូតដល់​៤​០​០​-​៥​០​០​ចង្កាក់​ ​សឹងតែ​អាំង​មិនទាន់​ឲ្យ​ភ្ញៀវ​ពី​ចម្ងាយ​ដែល​ខំ​ធ្វើដំណើរ​មក​ចង់​សាក​រសជាតិ​នំ​នេះ​តាម​ការ​ល្បី​ត​ៗ​គ្នា​ផង​៕​

Article by SRINSOKMEAN


SUGGESTIONS