×

Bo​Tree Farm​ ​ទីតាំង​ក​សិ​ទេសចរណ៍​ដ៏​ល្បី​ប្រចាំ​ខេត្ត​កំពត​

TRAVEL & LIVING 12 months ago
 
 

           ខេត្ត​កំពត​បង្កប់​នូវ​ទីតាំង​សក្តានុពល​ក​សិ​ទេសចរណ៍​ជាច្រើន​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មិនគួរ​មើល​រំលង​ ​ដ្បិតអី​តំបន់​ភាគ​និរតី​នេះ​មាន​ដី​មានជីជាតិ​អំណោយផល​ល្អ​ចំពោះ​ដំណាំ​ផលានុផល​ជាច្រើន​ប្រភេទ​ ​មិនថា​ ​ទុរេន​ ​សាវ​មា​វ​ ​មង្ឃុត​ ​ជាពិសេស​ជាងគេ​គឺ​ដំណាំ​«​ម្រេច​កំពត​»​ ​ដែល​គ្មាន​ខេត្ត​ណា​ផ្សេង​អាច​ប្រៀបផ្ទឹម​បាន​ដូច​។​ ​សម្រាប់​ខែ​នេះ​ទុរេន​នៅ​ពុំទាន់​សម្បូរ​ពេញទំហឹង​នៅឡើយ​ទេ​។​ ​ដូចនេះ​ ​យើង​បង្វែរ​ទិសដៅ​ទៅ​ទស្សនា​ចម្ការ​ម្រេច​ដ៏​ល្បីឈ្មោះ​មួយ​កន្លែង​ឈ្មោះ​ ​«​Bo​Tree Farm​»​ (​កសិដ្ឋាន​បូ​ទ្រី​) ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រមណីយដ្ឋាន​ទំនប់​ប្រទាក់​ក្រឡា​ដ៏​ជាទី​ទាក់ទាញ​នៃ​ខេត្ត​កំពត​។​

           ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៣​-​៤​គីឡូម៉ែត្រ​ ​ខាងកើត​រមណីយដ្ឋាន​ទំនប់​ប្រទាក់​ក្រឡា​ ​ឃុំ​កូនសត្វ​ ​ស្រុក​ទឹក​ ​ឈូ​ ​ខេត្ត​កំពត​ ​កសិដ្ឋាន​ Bo​Tree Farm​ ​បាន​បង្អួត​សម្រស់​នៅ​ជើងភ្នំ​គួរ​ជាទី​មនោ​រម្យ​ពេក​ក្រៃ​សម្រាប់​ដំណើរ​ ​ក​ម្សាន្ត​បែប​ក​សិ​ទេសចរណ៍​ ​ឬ​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ជិះ​ក​ម្សាន្ត​ដើរមើល​ជីវភាពរស់នៅ​និង​ការងារ​របស់​ ​ប្រជាជន​ក្នុង​សហគមន៍​ដាំ​ដុះ​។​ ​យើង​បាន​ទៅដល់​ក្រុង​កំពត​ខ្ទង់​ម៉ោង​១​១​ ​ហើយ​បន្ត​ដំណើរ​ពី​ប្រទាក់​ក្រឡា​ទៅដល់​កសិដ្ឋាន​តាមផ្លូវ​ដែល​ជិត​បំផុត​គឺ​ស្ថិតនៅ​ខាងកើត​បឹង​ទៅត្រង់​តែម្តង​ ​ដែល​ជា​ប្រភេទ​ផ្លូវដី​ក្រហម​ឈូស​ឆាយ​ស្រួល​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ហើយ​ថែមទាំង​មាន​ដាក់​ស្លាក​សញ្ញា​ ​«​តំបន់​ក​សិ​ទេសចរណ៍​»​ ​របស់​​​ក្រសួង​ទេសចរណ៍​នៅ​ម្ខាង​ផ្លូវ​ជា​សម្គាល់​ទៀត​ផង​។​

           ​ភ្លេចខ្លួន​ជាមួយនឹង​ត​ន្រ្តី​លើ​រថយន្ត​តែ​មួយភ្លែត​ ​កង់​រថយន្ត​យើង​ក៏បាន​រំកិល​ចូល​ដល់​មាត់ទ្វារ​កសិដ្ឋាន​ល្មម​ ​ដែល​មានការ​ ​តុបតែង​លម្អ​ដោយ​ពូជ​ផ្កាក្រដាស​ ​រំលេចពណ៌​ស្រស់​ឆើតឆាយ​គាប់​ភ្នែក​អ្វី​ម្ល៉េះ​ទេ​។​ ​គ្រាន់តែ​ពួកយើង​ដែល​ជា​ភ្ញៀវ​ ​ទេសចរ​ចុះ​ពី​រថយន្ត​នៅ​ទីតាំង​ចំណត​ជិត​នោះ​ស្ទើរតែ​មិនទាន់​ហើយ​ស្រួលបួល​ផង​ ​បុគ្គលិក​សេវាកម្ម​ម្នាក់​របស់​កសិដ្ឋាន​ក៏បាន​ចេញ​មក​ទទួលរាក់ទាក់​ពួកយើង​ដោយ​ទឹកមុខ​ញញឹមញញែម​និង​សម្តី​រួសរាយ​ពីរោះពិសា​។​ ​គឺ​ ​បុរស​ម្នាក់​នេះ​ហើយដែល​ម្ចាស់​កសិដ្ឋាន​ជនជាតិ​ហូឡង់​បាន​ចាត់​ឲ្យ​មក​ជួយ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ពួកយើង​ ​ហើយក៏​ដើរ​តួនាទី​ជា​មគ្គុទ្ទេសក៍​ដ៏​ចំណាន​សម្រាប់​បង្ហាញ​ផ្លូវ​ទៅកាន់​ចម្ការ​ម្រេច​ ​និង​ណែនាំ​អំពី​ប្រភេទ​ទីទៃ​គ្នា​នៃ​ផលិតផល​ម្រេច​ក៏ដូចជា​បច្ចេកទេស​ខ្លះ​ៗ​ពាក់ព័ន្ធ​នឹង​ការ​ដាំ​ដុះ​ដំណាំ​ម្រេច​នៅ​ទីនេះ​គួរឲ្យ​ជក់ចិត្ត​ដិត​អា​ម្មណ៍ ​ស្តាប់​ហើយ​ចង់​ស្តាប់​ទៀត​ ​គ្រាន់​ទុកជា​តម្រិះ​ចំណេះ​ដឹង​ទូទៅ​អំពី​វិ​ស័​យ​កសិកម្ម​នៅ​ស្រុក​យើង​។​

           ទោះបីជា​មិនទាន់​ចេះដឹង​ស្ទាត់​ដូច​អ្នកជំនាញ​កសិកម្ម​ ​ក៏​ពួកយើង​ស្តាប់​ហើយ​អាច​ចេះ​បែងចែក​ប្រភេទ​ផលិតផល​ ​រួម​មាន​ ​ម្រេចខ្មៅ​ ​ម្រេចស​ ​ម្រេច​ក្រហម​ ​ម្រេច​ខៀវ​ (​បៃតង​) ​និង​ពូជ​ម្រេច​ដៃ​ខ្លី​ ​ជាដើម​។​ ​ព្រម​ជាមួយគ្នា​នេះ​ដែរ​ ​យើង​ក៏​ដឹង​អំពី​អាយុកាល​នៃ​ដើម​ម្រេច​ដែល​អាច​ប្រមូល​ផល​គ្រាប់​បាន​ ​ព្រមទាំង​ការ​មើល​ថែទាំ​ស្រោចទឹក​ម្រេច​ឲ្យបាន​គ្រប់គ្រាន់​ដិតដល់​ផង​ដែរ​ ​ពោល​គឺ​យ៉ាងហោចណាស់​ ​៣​ថ្ងៃ​ក្នុង​មួយ​ស​ប្តាហ៍ ​ហើយ​ម្តងៗ​ត្រូវ​ចំណាយ​ទឹក​ ​៥​០​០​០​លីត្រ​ ​សម្រាប់​ចម្ការ​ដែល​មានផ្ទៃ​ដី​បង្កបង្កើន​ផល​រាប់​ហត្ថ​នេះ​។​ ​អ្វី​ដែល​គួរឲ្យ​រំភើប​បំផុត​គឺ​ ​យើង​ដែល​ជា​អ្នក​មកពី​ទីក្រុង​ធ្លាប់តែ​បរិភោគ​គ្រាប់​ម្រេច​ច​ម្អិ​ន​រួច​ ​ឬ​ម្រេច​ម៉ដ្ឋ​នោះ​ ​មានឱកាស​បេះ​ម្រេច​ស្រស់​ផ្ទាល់ដៃ​មក​ខាំ​ ​ទំពា​រ​ស្រង់​រសជាតិ​ម្រេច​ធម្មជាតិ​ពិតៗ​ ​ឬ​ ​«​មាស​ខ្មៅ​»​ ​ប្រចាំ​ខេត្ត​កំពត​គុណភាព​នាំចេញ​ទៅបរទេស​ ​ដោយ​ផ្ទាល់​ ​មាត់​នៅនឹង​ទីតាំង​ផលិត​ផ្ទាល់​តែម្តង​។​ ​ចង់​សួរ​អ្នក​ទាំងអស់គ្នា​ថា​ ​តើ​ក្នុង​មួយ​ជីវិត​បាន​ភ្លក់​រសជាតិ​ផ្ទាល់​ៗ​បែប​នេះ​ ​បាន​ប៉ុន្មានដង?​ ​ពិតជា​ក​ម្រ​ណាស់​! ​ឯ​រសជាតិ​របស់​វា​វិញ​គឺថា​ហិ​រហើយ​ឈ្ងុយ​លើ​សម្រេច​ធម្មតា​លក់​នៅ​ទី​ផ្សារ​!

           ​ក្រោយ​ពី​ត្រឡប់មក​ពី​មើល​ម្រេច​វិញ​ ​យើង​បាន​ឈប់​សម្រាក​នៅ​ឯ​មជ្ឈមណ្ឌល​ស្ថិតនៅ​ជិត​ខ្លោងទ្វារ​ច្រក​ ​ចូល​ ​ដែល​ជា​ទីតាំង​តាំង​លក់​ផលិតផល​ម្រេច​កំពត​របស់​ Bo​Tree Farm​ ​ផង​ ​និង​ជា​ភោជនីយដ្ឋាន​បម្រើ​សេវាកម្ម​ ​អាហារ​ថ្ងៃត្រង់​ផង​។​ ​តាមពិត​ទៅ​ ​យើង​បាន​កុម្ម៉ង់​ម្ហូប​មុននឹង​ចេញដំណើរ​ទៅ​ដើរមើល​ចម្ការ​ម្រេច​រួចស្រេច​ ​ដើម្បី​ ​ងាយស្រួល​ពេល​ដើរ​ត្រឡប់មកវិញ​នោះ​ ​យើង​នឹង​ឆាប់​បាន​ទទួលទាន​ដោយ​មិនបាច់​រង់ចាំ​យូរ​។​ ​សម្រាប់​អាហារ​នៅ​ទីនេះ​ ​ភ្ញៀវ​មិនបាច់​កុម្មង់​កក់​ម្ហូប​ទុកមុន​ថ្ងៃ​មកដល់​ក៏បាន​ដែរ​ ​គឺ​អាចម​ក​មើល​មឺ​នុយ​ម្ហូប​ជាក់ស្តែង​ពេល​មកដល់​ ​ធ្វើ​ដូច​ពួកយើង​ក៏បាន​ដែរ​ព្រោះថា​មាន​ម្ហូប​ច​ម្អិ​ន​ឆាប់​បាន​ទទួលទាន​ដូចជា​ ​ឆា​បន្លែ​ ​ដែល​ភ្ញៀវ​ទូទៅ​និយម​បរិភោគ​។​

           ​រីឯ​ម្ហូប​ដែល​ណែនាំ​ដោយ​ម្ចាស់​កសិដ្ឋាន​មាន​បី​មុខ​ ​គឺ​ ​ហហ្មុក​ត្រី​ ​ការី​សាច់​មាន់​ ​និង​ឆា​បន្លែ​គ្រឿង​សមុទ្រ​។​ ​លក្ខណៈ​ពិសេស​របស់​អាហារ​នៅ​កសិដ្ឋាន​នេះ​គឺ​ត្រង់ថា​ ​គ្រប់មុខ​ម្ហូប​សុទ្ធសឹងតែ​មាន​ប្រើ​ម្រេច​កំពត​ទាំងអស់​ ​គ្រាន់តែ​ថា​ម្ហូប​ខុសគ្នា​ក៏​ត្រូវការ​ប្រភេទ​ម្រេច​ខុសគ្នា​ដែរ​ក្នុង​ការ​រួមផ្សំ​បង្កើន​ឱជារស​របស់​វា​ឲ្យ​កាន់តែ​ឈ្ងុយ​ឆ្ងាញ់ជាប់មាត់​ទ្វេ​ដង​។​ ​ម្នាក់ៗ​ពេញចិត្ត​នឹង​ការ​ទស្សនា​ចម្ការ​ម្រេច​ក៏ដូចជា​បទពិសោធន៍​ទទួលទាន​អាហារ​ស្នាដៃ​អ្នកស្រុក​កំពត​ ​ច​ម្អិ​ន​ជាមួយ​រសជាតិ​ម្រេច​គុណភាព​លេខ​១​ ​កណ្តាល​ចម្ការ​តែម្តង​ ​ពិតជា​ស្រស់​ត្រកាល​គួរឲ្យ​ចង់​មក​ម្តង​ហើយ​ម្តងទៀត​៕

Article by SRIN SOKMEAN​


SUGGESTIONS