ស្លឹកចេកមានអត្ថប្រយោជន៍ជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលសុទ្ធតែអាចយកមកប្រើការទៅតាមតម្រូវការចាំបាច់។ ពេលមានពិធីបុណ្យទានផ្សេងៗ ប្រជាជនខ្មែរយើងមានការពេញនិយមយកមកប្រើប្រាស់តាំងពីបរមបុរាណរហូតមកដល់ពេលបច្ចុប្បន្ន។ តាំងពីក្មេងៗមកម្ល៉េះ យើងតែងតែចំណាំឃើញថា ចាស់ៗកាត់យកស្លឹកចេកយកមកចាត់ចែងកែច្នៃជាច្រើនយ៉ាងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ជាក់ស្តែង សព្វថ្ងៃនេះយើងក៏នៅតែសម្គាល់ឃើញថា ប្រជាជនខ្មែរនៅតែទម្លាប់ធ្វើបែបនេះ ជាពិសេសនៅតាមទីជនបទ ព្រោះសម្បូរដាំដើមចេក។ ដោយឡែក នៅទីក្រុងទោះមិនសូវមានគេដាំច្រើន តែក៏ងាយស្រួលរកទិញផងដែរ ព្រោះមានដាក់លក់នៅតាមទីផ្សារនានា។
ទន្ទឹមនឹងនេះ ដើម្បីជ្រើសរើសសម្រាំងយកស្លឹកចេកដែលល្អយកមកប្រើ គេតែងយកស្លឹកដែលនៅស្រស់ ពណ៌បៃតង មិនមានដាច់រហែក។ សម្រាប់ការកាត់ស្លឹកចេកផ្ទាល់នៅនឹងដើមភាគច្រើនគេកាត់មកទាំងធាងតែម្តង ទើបចៀរយកតែស្លឹក។ ប៉ុន្តែបើគេដាក់លក់តាមទីផ្សារវិញ មិនសូវជាមានទាំងធាងនោះទេ ភាគច្រើនគេចៀរស្លឹកវាយកមកចងត្រួតគ្នាជាដុំៗ និងដាក់តម្រៀបលក់ ដើម្បីឲ្យមើលទៅមានសណ្តាប់ធ្នាប់មិនរប៉ាត់រប៉ាយ ឬខូចខាតដោយប្រការណាមួយ។ រីឯការសម្អាត គេសម្អាតទៅតាមវិធីផ្សេងៗទៅតាមតម្រូវការនៃការប្រើប្រាស់។ ជាឧទាហរណ៍ បើគេយកស្លឹកចេកទៅខ្ចប់ចំណីនំនែកផ្សេងៗ ត្រូវលាងទឹកឲ្យបានស្អាត ឬខ្លះទៀតគេនិយមយកធាងចេកមកធ្វើជាជក់ ឬក្រណាត់ស្អាតទៅជ្រលក់ប្រេងឆាបន្តិចទើបយកមកលាបពីលើបន្ថែមស្លឹកចេកបន្ថែម ដើម្បីឲ្យមើលទៅរលោងស្អាត។
តាំងពីបុរាណមក យើងសម្គាល់ឃើញថាស្លឹកចេកត្រូវបានយកមករៀបកាច់ធ្វើជាបាយសី ដើម្បីរៀបចំរណ្តាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មីក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ ការរៀបចំរណ្តាប់នេះសម្រាប់ទទួលទេវតានេះដែរ គឺត្រូវមានបាយសី៣ថ្នាក់១គូ និង៥ថ្នាក់មួយគូ រួមជាមួយនឹងគ្រឿងរណ្តាប់ជាច្រើនផ្សេងទៀត។ ដើម្បីធ្វើបាយសី យើងត្រូវមានដើមចេក ឈើសម្រាប់ដោត និងអ្វីដែលខ្វះមិនបាននោះគឺស្លឹកចេក និងផ្កាម្លិះ។ ស្លឹកចេកត្រូវរើសយកស្លឹកដែលល្អពណ៌បៃតង មិនមែនស្លឹកដែលចាស់ឡើងពណ៌លឿងនោះទេ ចំណែកឯផ្កាម្លិះយកផ្កាណាដែលនៅក្រពុំ។ ដើមចេកកាត់ជាកង់ៗមានវែងខ្លីទៅតាមថ្នាក់ ហើយស្លឹកចេកនេះដែរ ត្រូវជូតឲ្យស្អាត និងហែកយកប្រវែងប្រហែលមួយចង្អុលដៃ។ ការចាប់ផ្តើមកាច់បាយសី ដំបូងត្រូវយកស្លឹកដែលបានហែករួចមូរវាជារាងស្រួចៗ និងដាក់ផ្កាម្លិះនៅខាងចុងស្រួចនោះ មូរឲ្យបាន៥ដូចគ្នាទើបដោតទាំង៥ជាប់គ្នាឲ្យបាន៥ដុំ។ បាយសី១ថ្នាក់ត្រូវដាក់ស្លឹកដែលមូរបាន៥ដុំនោះដោតជុំវិញដើមចេក រហូតគ្រប់ថ្នាក់ទាំងអស់។
មិនតែប៉ុណ្ណោះ ក្នុងរយៈពេលចូលឆ្នាំថ្មីនេះដែរ ស្លឹកចេកក៏ត្រូវបានយកមកវេចនំសម្រាប់ទទួលទានក្នុងគ្រួសារ យកទៅវត្តប្រគេនព្រះសង្ឃ ក៏ដូចជាចែកដល់ញាតិមិត្ត ឬសម្រាប់លក់ ដែលមានដូចជា នំត្នោត នំអន្សមខ្នុរ នំចេក នំសែសយ ព្រមជាមួយនំផ្សេងទៀតស្ទើរតែរាប់មិនអស់។ នៅពេលយកស្លឹកចេកមកវេចនំ ភាគច្រើនប្រជាជនខ្មែរតែងជ្រើសរើសយកស្លឹកចេកណាំវ៉ា ឬចេកទឹក ព្រោះវាសម្បូរងាយស្រួលរក ហើយស្លឹកធំងាយស្រួលខ្ចប់។ ក្រៅពីស្លឹកចេកណាំវ៉ា និងស្លឹកចេកទឹក គេក៏អាចយកស្លឹកចេកព្រៃ និងស្លឹកចេកជ្វាយកមកវេចបានដែរ ប៉ុន្តែវាមិនសូវជាសម្បូរទេ តំបន់ខ្លះមានតិចតួច ឯតំបន់ខ្លះទៀតគ្មានតែម្តង។ ផ្ទុយទៅវិញប្រសិនបើយកស្លឹកចេកអំបូង ឬចេកពងមាន់មកវេច វាស្រួយឆាប់រហែក ហើយស្ងោរទៅប្រែជាពណ៌ខ្មៅ៕
Article by SOUNG SOKSAN