បើយើងនិយាយពីមុខម្ហូបរបស់ខ្មែរយើង គឺមានច្រើនមុខមិនចាញ់បរទេសប៉ុន្មានទេ។ ម្ហូបខ្លះ ធ្វើឡើងទៅតាមក្បូនខ្នាត និងការច្នៃប្រតិដ្ឋបន្ថែមទៀត មិនថារសជាតិ ឬសោភ័ណភាពវាឡើយ។ ដោយឡែក ក្រឡេកមើលពីការផ្សំគ្រឿងទៅលើមុខម្ហូបវិញ គឺមានទាំងរសជាតិប្រៃ ផ្អែម ល្វីង ហឹរ និង ជូរជាដើម។ មួយវិញទៀត ក្នុងចំណោមរសជាតិទាំងអស់នេះ យើងបានរកឃើញមុខម្ហូបខ្មែរមួយចំនួន ដែលមានគ្រឿងផ្សំជាមួយផ្លែអម្ពិល ហើយមិនថាអម្ពិលទុំ ឬក៏ខ្ចីនោះទេ វាសុទ្ធសឹងតែមានរសជាតិជូរ។ ផ្លែអម្ពិល សម្បូរទៅដោយវីតាមីន B និងC ដែលពួកវាដើរតួយ៉ាងសំខាន់ក្នុងការបញ្ចេញថាមពល កាបូនអ៊ីដ្រាត(carbohydrates) ខ្លាញ់ និងប្រូតេអ៊ីន។ លើសពីនេះទៀត ជាតិសរសៃដែលមាននៅក្នុងអម្ពិល ជាកម្លាំងចលករមួយ រុញច្រានការបង្កើនល្បឿនប្រព័ន្ធរំលាយអាហារ និងបំលែងសារធាតុខ្លាញ់ ជាពិសេស ជួយសម្រកទម្ងន់។ យ៉ាងណាមិញនៅក្នុងអត្ថបទនេះ គេហទំព័រទស្សនាវដ្ដីសូវរីន សូមលើកយកមុខម្ហូប៣មុខដែលនៅក្នុងនោះសុទ្ធតែផ្សំជាមួយផ្លែអម្ពិល៖
ខមុំាននោងជ្រុង: ដោយឡែកឈ្មោះម្ហូបនេះយើងគ្រប់គ្នាអាចនឹងមិនសូវបានឮ ឬកម្រនឹងទទួលទាន ប៉ុន្តែវាមានរសជាតិឆ្ងាញ់ប្លែក(ជូរបន្តិច) ហើយភាគច្រើន គេតែងតែទទួលទានជាមួយនឹងបន្លែ។ ដំបូងយើងត្រូវដាក់ប្រេងឆាឲ្យក្ដៅ ហើយដាក់ខ្ទឹមសចូលលីងឲ្យក្រហមបន្តិចចាំដាក់សាច់ជ្រូកបីជាន់ទៅរំលីងឲ្យឆ្អិនល្មម។ បន្ទាប់មកដាក់សាច់ត្រីចូលទៅ ដោយលាយបញ្ចូលគ្រឿងផ្សំដែលមានដូចជា៖ ស្ករស ម្សៅស៊ុប រួចកូរឲ្យសព្វជាមួយសាច់ជ្រូកបីជាន់ និងចាក់ទឹកត្រីល្មមបានហើយ រួចទុកវារហូតដល់ពុះ ចាំដាក់មុំាចូល (បង់មុំាចូលដូចជាការបង់ប្រហុកអ៊ីចឹង រួចជ្រំយកកាកវាចេញ)។ បន្ទាប់មកយើងអាចដាក់ននោងចូល ទុកឲ្យឆ្អិនបន្តិចទើបដាក់ទឹកអម្ពិលទុំ រួចភ្លក់មើលល្មមរសជាតិតាមដែលអ្នកត្រូវការ (ចម្អិនឲ្យខាប់បន្តិចក៏បាន) ចាំយើងដួសដាក់ចាន។ យើងអាចទទួលទានជាមួយបន្លែទៅតាមចំណូលចិត្ត។
សម្លម្ជូរខួរក្ដាម: គ្រាន់តែឮដល់សម្លម្ជូរខួរក្ដាមភ្លាម យើងនឹងភ្នកនឹកដល់សម្លខ្មែរដែលស្លបន្លែ ជាមួយនឹងខួរក្ដាម។ បន្លែទាំងនោះមានដូចជា ល្ហុង ឬត្រឡាច(ចិតជាចង្វាមូល ឬឈូក) និងម្រះព្រៅ ហើយអ្វីដែលខ្វះមិនបាននោះគឺអម្ពិលទុំតែម្ដង។ គ្រឿងផ្សំទាំងនេះ មិនត្រឹមតែងាយស្រួលរកនោះទេ ថែមទាំងល្អចំពោះសុខភាពទៀតផង ព្រោះវាជាប្រភេទរុក្ខជាតិផ្ទុកទៅដោយវីតាមីនជាច្រើនដែលរាងកាយត្រូវការ។ ចំណែកឯវិធីធ្វើ ដំបូងយើងត្រូវយកក្ដាមមកលាងទឹកបកឲ្យស្អាត រួចកាត់តង្កៀបធំៗ និងស្នូកទុកមួយអន្លើ។ ចំណែកផ្នែកផ្សេងៗទុកសម្រាប់បុក។ យកក្ដាមដែលបករួចទៅបុកឲ្យម៉ដ្ដ ហើយលាយជាមួយទឹកបន្តិចដើម្បីច្របាច់ត្រងយកជាតិទាំងប៉ុន្មានចេញពីក្ដាម។ បន្តច្របាច់ពីរបីដងរហូតអស់ទឹក ៤០០មីលីលីត្រ។ បន្ទាប់មកដាក់ទឹក ១០០មីលីលីត្របន្ថែមដាំឲ្យពុះ រួចជ្រំប្រហុក ហើយបន្ថែមគ្រឿងចូលដែលមានដូចជា ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប អម្ពិលទុំ និងតង្កៀបក្ដាមរំងាស់ប្រមាណ ៥នាទី។ ចុងក្រោយដាក់ល្ហុងចូលឲ្យរាងទន់ រួចចាក់ទឹកក្ដាមចូលទុកឲ្យពុះ ភ្លក់រសជាតិត្រូវតាមចំណូលចិត្តទើបដាក់ម្រះព្រៅចូល ព្រមទាំងបន្ថែមម្ទេសទៀតកាន់តែឆ្ងាញ់ពិសា។
សម្លម្ជូរទងល្ពៅ: សម្លម្ជូរទងល្ពៅ និងផ្លែល្ពៅ គឺជាមុខម្ហូបដែលប្រជាជនខ្មែរយើងឧស្សាហ៍ចម្អិនទទួលទានខ្លាំងណាស់ ព្រោះវាងាយស្រួលក្នុងការចម្អិន ហើយថែមទាំងមានរសជាតិឆ្ងាញ់ពិសាថែមទៀតផង។ ចំណុចប្លែកដែលមាននៅក្នុងសម្លនេះ គឺការបន្ថែមជាមួយម្ផូរអម្ពិលខ្ចីតែម្ដង ព្រោះម្ហូបភាគច្រើនតែងតែប្រើអម្ពិលទុំ។ លាងសម្អាតត្រីឲ្យបានស្អាតបន្ទាប់មកកាត់ត្រីជាកង់ៗហើយទុកមួយអន្លើ។ កាច់ទងល្ពៅ និងកាត់ផ្លែល្ពៅជាដុំតូចៗល្មមស្ល ហើយលាងជម្រះជាមួយទឹកស្អាត។ ដាក់ឆ្នាំងដាំទឹកទុករហូតដល់ពុះ សឹមជ្រំប្រហុកជាមួយនឹងទឹកក្ដៅនោះ រួចបង់ខ្ទឹមស(ដំរួច) និងត្រីចូល ដោយបន្ថែមជាមួយម្ជូរអម្ពិលហើយបង់អំបិល ស្ករ ម្សៅស៊ុបចូល ភ្លក់មើលឲ្យមានរសជាតិជូរ ប្រៃ ផ្អែមបន្តិច(អាចបន្ថែមរសជាតិតាមចំណូលចិត្ត)។ បង់ល្ពៅចូល ហើយរង់ចាំដល់ល្ពៅឆ្អិន សឹមបង់ទងល្ពៅចូលឲ្យឆ្អិនបន្តិច រួចចាំបង់ម្អមតាមក្រោយជាការស្រេច៕