ប្រហែលជាប្រិយមិត្តធ្លាប់ស្គាល់ និងធ្លាប់បានទទួលទានរួចមកហើយនូវនំមួយប្រភេទគឺ «នំខេកសូកូឡា» ។ នំនេះមានរសជាតិផ្អែមឈ្ងុយ ហើយយើងអាចយកនំខេកសូកូឡានេះទៅទទួលទានជាមួយទឹកតែ កាន់តែមានឱជារសឆ្ងាញ់ប្លែកមួយកម្រិត។ ក្រៅពីទិញនៅតាមបណ្តាផ្សារនានា យើងក៏អាចធ្វើនំខេកសូកូឡាបានដោយខ្លួនឯងនៅផ្ទះផងដែរ។ កន្លងមក ដើម្បីធ្វើនំប្រភេទនេះបានគឺវាតម្រូវឲ្យយើងមានគ្រឿងច្រើនប្រភេទ និងត្រូវមានម៉ាស៊ីនដុតនំទើបអាចធ្វើបាន។ ប៉ុន្តែថ្ងៃនេះ សូវរីន សូមបង្ហាញពីវិធីងាយៗសម្រាប់ធ្វើនំនេះ ដោយមិនចាំបាច់មានម៉ាស៊ីនដុតនំ និងមានគ្រឿងផ្សំគោលសំខាន់ត្រឹម៤មុខក៏អាចធ្វើបាន។ ចំណែកឯរសជាតិវិញ ក៏ឆ្ងាញ់មិនចាញ់នំដែលដាក់លក់នៅហាងប៉ុន្មានឡើយ។
ចំពោះគ្រឿងផ្សំដែលអ្នកចាំបាច់ត្រូវមាននោះដូចមានជា នំអូរីអូ ទឹកដោះគោស្រស់ ម្សៅសូកូឡា និង Nattella (សូកូឡាខាប់) ម្សៅដុតនំ និងទឹកខ្មេះ។ ងាកមកដឹងពីវិធីធ្វើនំខេករសជាតិសូកូឡានេះវិញ ជំហានដំបូងយើងត្រូវយកនំអូរីអូមកកៀរយកផ្នែកនៃស្នូលនំចេញទុកមួយឡែក និងផ្នែកសម្បកនំទុកមួយឡែក។ យកផ្នែកសម្បកនំមកដំឲ្យម៉ដ្តល្អក្លាយទៅជាម្សៅ សឹមយកទៅលាយជាមួយនឹងទឹកដោះគោស្រស់ រួចកូររហូតក្លាយជាល្បាយតែមួយ ទើបបន្ថែមម្សៅដុតនំ និងទឹកខ្មេះចូលកូរឲ្យសព្វម្តងទៀត។ ជំហានបន្ទាប់យកពុម្ពដាក់នំ ដោយដាក់ទ្រាប់ក្រដាសសម្រាប់ដុតនំពីលើ រួចចាក់ល្បាយដែលបានកូររួចនោះចូល។ កៀរល្បាយនំឲ្យស្មើគ្នា បន្ទាប់មកយកទៅចំហុយរយៈពេល៤០នាទីទៅ៤៥នាទី រហូតដល់នំឡើងឆ្អិនល្អ។
បន្ទាប់ពីបានចម្អិននំឆ្អិនហើយ ដល់ពេលដែលត្រូវរៀបចំនំឲ្យកាន់តែមានសោភ័ណភាព និងបន្ថែមរសជាតិឲ្យកាន់តែមានឱជារសវិញម្តង។ យើងត្រូវយកនំមកពុះជាពីរឬបីស្រទាប់(តាមចំណូលចិត្ត) បន្ទាប់មកយកស្នូលនំដែលបានកៀរទុកនោះ មកបៀកធ្វើជាស្នូលនំ រួចយកស្រទាប់នំមកដាក់ពីលើគ្នាវិញដោយរក្សាទំហំ និងរូបរាងដដែល។ ចុងក្រោយ គ្រាន់តែយក Nattella (សូកូឡាខាប់) មកបៀកពីលើនំឲ្យសព្វល្អជាការការស្រេច។ លោកអ្នកក៏អាចរោយជាមួយម្សៅសូកូឡា ចំណិតសូកូឡា គ្រីម ឬបន្ថែមប្រភេទផ្លែឈើផ្សេងៗទៀតដែលអ្នកចូលចិត្តពីលើបានផងដែរ។ សម្រាប់នំដែលបានធ្វើរួចនេះ យើងក៏អាចយកទៅក្លាសេក្នុងទូទឹកកកទុកឲ្យត្រជាក់ ឬទទួលទានបានភ្លាមៗតាមចំណូលចិត្ត។
ឃើញទេ មានគ្រឿងផ្សំត្រឹមតែ៣ទៅ៤មុខ ជាមួយនឹងការអនុវត្តវិធីធ្វើងាយៗ លោកអ្នកនឹងទទួលបាននំខេកសូកូឡាដ៏មានរសជាតិឆ្ងាញ់។ សូវរីន ក៏សង្ឃឹមថា វាអាចជាគន្លឹះដល់ប្រិយមិត្តអ្នកអាន ជាពិសេសមិត្តៗនារី អាចយកទៅអនុវត្តធ្វើដោយខ្លួនឯងនៅផ្ទះ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ គួរឲ្យចង់ទទួលទានប៉ុណ្ណោះទេ តែវាក៏អាចជួយសន្សំសំចៃថវិកាបានមួយកម្រិតផងដែរ៕
Article by SOUNG SOKSAN