«Amun Bar & Restaurant» ផ្ដល់បរិយាកាស៣ជម្រើសក្នុងហាងតែមួយ ដែលបង្កើតថ្មីនៅតំបន់ Pub Street
TRAVEL & LIVING 4 weeks agoក្រោយបំពេញការងារហត់នឿយស្ទើរពេញមួយថ្ងៃ មនុស្សក្នុងសម័យទំនើបរមែងស្វែងរកកន្លែងលម្ហែណាមួយដើម្បីរំសាយអារម្មណ៍ ក៏ដូចជាភាពតានតឹង។ បច្ចុប្បន្ន ភោជនីយដ្ឋាន បានីយដ្ឋាន និងបារលើដំបូល បានក្លាយជាកន្លែងបន្ធូរអារម្មណ៍ដ៏ពេញនិយមមួយ ដែលមិនត្រឹមតែអំណោយផលសម្រាប់ការជួបជុំកម្សាន្តរៀងរាល់ទិវារាត្រីប៉ុណ្ណោះទេ ថែមទាំងជាកន្លែងក្រេបយកបទពិសោធថ្មីៗមកបង្កើនទាំងថាមពលកាយក៏ដូចជាថាមពលចិត្តផងដែរ។ ហេតុដូចនេះហើយ ទើបសូវរីនចង់ណែនាំនូវភោជនីយដ្ឋានមួយកន្លែងដែលមានរហូតទៅដល់ ៣ ជម្រើសក្នុងកន្លែងតែមួយ ដែលមានឈ្មោះថា «Amun Bar & Restaurant»។
តាមរយៈការសម្ភាស លោក ឃឹម ប្រសព្វ ដែលជាម្ចាស់អាជីវកម្មនេះ បានបង្ហើបឱ្យដឹងថា “មែនទែនទៅ ខ្ញុំដាក់ឈ្មោះ Amun(អាមិន) នេះឡើង ដោយសារការអាន និងការសរសេរសម្រាប់ភ្ញៀវខ្មែរ ព្រមទាំងភ្ញៀវបរទេសមានលក្ខណៈងាយស្រួល។ មួយវិញទៀត Amun គឺជាឈ្មោះរបស់ព្រះដែលមានឥទ្ធិពលជាងគេ ដែលតំណាងឱ្យសេរីភាព និងភាពខ្លាំងក្លា ហើយក៏ជាព្រះដំបូងបង្អស់ដែលបង្កើតព្រះដទៃទៀតផងដែរ។ ដោយការស្រលាញ់ចំពោះអត្ថន័យរបស់ពាក្យនេះ ទើបខ្ញុំសម្រេចចិត្តជ្រើសរើសឈ្មោះ Amun ជាឈ្មោះហាងតែម្ដង។” ស្ថាបនិកវ័យ២៩ឆ្នាំរូបនេះបានបន្តទៀតថា “ខ្ញុំឃើញថា មានភ្ញៀវជាច្រើនលំបាកក្នុងការរកកន្លែងទទួលទានអាហារ និងការរំសាយអារម្មណ៍តានតឹងនៅកន្លែងតែមួយណាស់ មូលហេតុនេះហើយ ដែលនាំឱ្យខ្ញុំចាប់ផ្ដើមមានគោលបំណងក្នុងការបង្កើតភោជនីយដ្ឋាននេះឡើង ដើម្បីឱ្យភ្ញៀវទាំងឡាយអស់ភាពលំបាកក្នុងការរកកន្លែងទទួលទានអាហារ៣ពេលរបស់ពួកគាត់ក្នុងកន្លែងតែមួយ ចាប់ពីពេលព្រឹករហូតដល់ពេលយប់តែម្ដង។
ងាកមកភាពល្បីល្បាញដែលទាក់ទាញចិត្តភ្ញៀវឱ្យមកកម្សាន្តជាបន្តបន្ទាប់ខុសប្លែកពីរមណីយដ្ឋានដទៃនោះ «Amun Bar & Restaurant» ត្រូវបានស្ថាបនិកបែងចែកជាបីផ្នែកសំខាន់ៗគឺ ភោជនីយដ្ឋាន (Restaurant) បានីយដ្ឋាន (Gastropub) និងបារលើដំបូល (Skybar) ដោយរចនាបថនៃការរៀបចំហាងនេះគឺមានការ Decor ខុសៗពីគ្នា ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាប្លែកនូវពេលដែលទៅដល់តាមជាន់នីមួយៗ។ ដោយក្នុងនោះជាន់ផ្ទាល់ដីគឺជាភោជនីយដ្ឋាន «Amun Boat Noodle» បើកដំណើរការជាផ្លូវការចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៥ល្ងាច។ នៅទីនេះ ផ្ដោតសំខាន់ទៅលើគុយទាវទូក ហើយក៏មានបម្រើជូននូវគុយទាវបែបខ្មែរ បាយឆាម្រះព្រៅ បាយសាច់មាន់ បាយសាច់ជ្រូក បង្អែម ព្រមជាមួយភេសជ្ជៈប្រចាំហាងផ្ទាល់ និងម្ហូបខ្មែរ ម្ហូបថៃផ្សេងៗជាច្រើនមុខទៀត។ បន្ទាប់មកចូលដល់ជាន់ទី១ មានឈ្មោះហៅថា «Amun Gastropub» ជាន់នេះមានបែបផែនផ្សេងមួយទៀតបែប Classic European Restaurant ដែលបញ្ចូលគ្នានូវ Architect បែបបុរាណលាយសម័យ អមជាមួយនឹងម្ហូបបែបលោកខាងលិច និងខាងកើត (Western Asian Fusion food) រួមមាន Lamb Shank និង Steak អមជាមួយភេសជ្ជៈដូចជា Marga Gastro និង Amun Perfume។ ចំពោះជាន់ចុងក្រោយគឺជាទី២ ដែលមានឈ្មោះថា «Amun Skybar» សម្រាប់ជាន់នេះ បានផ្ដល់នូវបរិយាកាសមួយបែបផ្សេងទៀតជាលក្ខណៈ Rooftop Bar ឬការទទួលទានអាហារក្រោមពន្លឺព្រះច័ន្ទ លាយឡំជាមួយតន្រ្តីយ៉ាងពីរោះអង្រួនដួងចិត្ត អមជាមួយនឹងស្រាក្រឡុកប្រចាំហាងរួមមាន Amun Ferris wheel shot, Amun House-Craft Cocktails, Beer Selective Whisky, White Wine and Red Wine, Fresh Juices, Smoothies, Amun Signature Summer Drinks (Logan Ice Tea, Chrysanthemum Juice, Pandan Juice) និង Classic Cocktails ជាច្រើនទៀត ព្រមជាមួយអាហារបែប Small Bites និង Ligh Meal ជាដើម។ មិនតែប៉ុណ្ណោះ ម្ចាស់អាជីវកម្មរូបនេះក៏បានបញ្ជាក់ដែលថា គ្រប់គ្រឿងផ្សំទាំងអស់គឺសុទ្ធសឹងតែត្រូវពិនិត្យ និងសម្រិតសម្រាំងឡើងយ៉ាងយកចិត្តទុកដាក់ ហើយត្រូវបានរក្សាទុកដោយបច្ចេកទេសខ្ពស់ដោយមានស្តង់ដាត្រឹមត្រូវផងដែរ។
សរុបមក Amun Bar & Restaurant គឺជាភោជនីយដ្ឋានប្លែកមួយក្នុងខេត្តសៀមរាប ដែលនាំមកនៅបទពិសោធន៍នៃការទទួលទានភោជនាហារសម្រិតសម្រាំងពីចុងភៅចំណាន ហើយក៏ផ្ដល់មកនូវជម្រើសសម្រាប់ជ្រើសរើសកន្លែងអង្គុយជាច្រើនបែបសម្រាប់អតិថិជន ដែលស័ក្ដិសមបំផុតសម្រាប់ការជួបជុំបែបគ្រួសារ មិត្តភក្តិ ជាពិសេសនោះក៏ជាកន្លែងសម្រាប់ការណាត់ជួបបែប រ៉ូមែនទិក និងពិធីជប់លៀងផ្សេងៗផងដែរ។ ភោជនីយដ្ឋាននេះ មានចម្ងាយប្រមាណ ៥០០ម៉ែត្រពី PubStreet នៅខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទល់មុនច្រកចូលមន្ទីរពេទ្យភ្នែកតំបន់សៀមរាប។ គួរបញ្ជាក់ថា ភោជនីយដ្ឋាននេះ បើកទទួលស្វាគមន៍ភ្ញៀវចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១ទៀបភ្លឺ រៀងរាល់ថ្ងៃ៕
Article by NI CHANNIKA