ក្រេបរសជាតិកាហ្វេចិញ្ចើមផ្លូវក្រោមម្លប់ឈើដ៏ត្រជាក់ដែលអ្នកគួរតែសាកល្បងជាមួយនឹង «Bong Café»
TRAVEL & LIVING one year agoពាក្យថាហាងកាហ្វេតាមផ្លូវប្រាកដណាស់ប្រិយមិត្តប្រាកដជានឹកភ្នកទៅដល់កាហ្វេដែលលក់តាមរទេះម៉ូតូ ឬជាតូបតូចៗនៅលើដងវិថីនានា។ ប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់និងស្របទៅតាមយុគសម័យទំនើប យើងកត់សម្គាល់ឃើញហាងកាហ្វេមួយចំនួនដែលបើកជាលក្ខណៈទ្រង់ទ្រាយមធ្យមឬអាចនិយាយបានថាលក់នៅតាមដងផ្លូវ ប៉ុន្តែមានការរៀបចំដេគ័រហាងយ៉ាងស្រស់ស្អាតប្រកបដោយភាពទាក់ទាញ រីឯរសជាតិទៀតសោតក៏មិនចាញ់រសជាតិកាហ្វេប្រេនៗដែលនាំចូលពីបរទេសឡើយ។ ដូច្នេះហើយទើបសូវរីន សូមណែនាំហាងកាហ្វេមួយកន្លែងដែលទើបនឹងរះថ្មីគឺមានឈ្មោះថា «Bong Café»។
បើអ្នកធ្វើដំណើរទៅកាន់ផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ពីរង្វង់មូលផ្សារដើមថ្កូវទៅប្រហែលជា៥០០ម៉ែត្រខាងឆ្វេងដៃអ្នកនឹងប្រទះឃើញហាងកាហ្វេមួយកន្លែងដែលមានការរៀបចំលក្ខណៈបែបចិញ្ចើមផ្លូវដែលបង្កប់ទៅដោយភាពទំនើបនិយមនៃការរៀបចំម៉ាស៊ីនឆុងកាហ្វេយ៉ាងទាន់សម័យមិនចាញ់ហាងកាហ្វេធំៗប៉ុន្មានឡើយ។ ក្រោមម្លប់ឈើដ៏ត្រជាក់ត្រឈឹងត្រឈៃស្ថាបនិកនៃហាងកាហ្វេដែលមានឈ្មោះថា Bong Café បានផ្ដល់បទសម្ភាសន៍មកកាន់ សូវរីន ថា “បើគិតមកដល់ខែកញ្ញានេះ ខ្ញុំបានដំណើរការហាងកាហ្វេនេះបានរយៈពេល១ខែប្រកបដោយភាពជោគជ័យ។”
អំណោយផលពីរុក្ខជាតិជុំវិញហាង និងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់បានបង្កើតជាបរិយាកាសមួយដ៏ប្លែកទាក់ទាញអារម្មណ៍ភ្ញៀវឱ្យអង្គុយជជែកកម្សាន្តនៅក្នុងហាងកាហ្វេនេះយ៉ាងត្រជាក់ចិត្តតែម្តង។ ក្រេបរសជាតិកាហ្វេបណ្តើរគយគន់ទិដ្ឋភាពនៃហាងបណ្តើរ ថែមទាំងបណ្តែតអារម្មណ៍នឹងចម្រៀងយ៉ាងពីរោះរណ្តំចិត្ត ប្រៀបបានកំពុងពិសាកាហ្វេនៅក្នុងហាងយ៉ាងទាន់សម័យបែបយុវវ័យ ជាមួយនឹងការរៀបចំមើលទៅស្រឡះភ្នែក ដែលផ្ដល់ឱ្យអតិថិជនកាលដែលបានមកពិសាភេសជ្ជនៅទីនេះទទួលបានបទពិសោធន៍ថ្មីៗខុសប្លែកពីទីកន្លែងដទៃទៀត ដែលជាកត្តាមួយជំរុញឱ្យអ្នកអាចបំពេញកិច្ចការការងារសំខាន់ផ្សេងៗទៀតកាន់តែរហ័ស។
Bong Café ក៏មានភេសជ្ជប្រចាំហាងដែលទទួលបានការពេញនិយមស្ទើរតែគ្រប់រសជាតិតែម្ដងដូចជា បងឡាតេ (Coffee Latte) តែបៃតងអេសប្រេសសូ (Green Tea Espresso) សូដារសជាតិផីងហ្គ្រេភហ្វ្រូត (PinkGrapefruit Soda) និងតែបៃតង (Green Tea) ប៉ុន្តែអ្វីដែលពិសេសជាងគេហើយមិត្តអ្នកអានគួរតែសាកល្បងទៅភ្លក់នោះគឺ បងសម្លាញ់ (Coffee Condense Milk) ដែលជាកាហ្វេល្បីប្រចាំហាងតែម្ដង។
មិនថារសជាតិឬតម្លៃនោះទេហាងកាហ្វេដែលបង្កើតស្លាកសញ្ញាដោយកូនខ្មែរខាងលើនេះ បានគិតគូរយ៉ាងដិតដល់ទៅលើតម្លៃសមរម្យមួយដែលអាចឱ្យអតិថិជនអាចទទួលយកបានដោយបានកំណត់តម្លៃចាប់ពី៤៥០០រៀលរហូតដល់៨៥០០រៀលក្នុងមួយកែវ ហើយតម្លៃនេះគឺអាស្រ័យទៅតាមភេសជ្ជនីមួយៗផងដែរ។ គួរបញ្ជាក់ថា ហាងកាហ្វេនេះបើកទទួលស្វាគមន៍អតិថិជនជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០ព្រឹករហូតដល់ម៉ោង ៥ល្ងាច៕
Article by NI CHANNIKA