«ឯកកាហ្វេ» កាហ្វេចិញ្ចើមផ្លូវ ពេញនិយមសម្រាប់អ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ២
TRAVEL & LIVING 12 months agoអាជីវកម្មហាងកាហ្វេតូចៗតាមចិញ្ចើមផ្លូវ កំពុងមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិនានា ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ដែលមានការពេញនិយមសម្រាប់អ្នកដំណើរដែលឆ្លងកាត់ទីនោះ។ ជាក់ស្តែង ហាងកាហ្វេមួយកន្លែងដែលស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ២ មានឈ្មោះថា «ឯកកាហ្វេ» បានទាក់ចិត្តរាល់អ្នកដំណើរទិសដៅ ភ្នំពេញ-តាកែវ-កំពត រមែងមិនរំលងឡើយ តែងឈប់ទិញកាហ្វេដើម្បីក្រេបឱជារសដ៏ឈ្ងុយឆ្ងាញ់។
បើយើងធ្វើដំណើរពីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២ រហូតមកដល់ផ្សារដើមអំពិល ហើយធ្វើដំណើរបន្តទៅមុខប្រហែលជិត៣០០ម៉ែត្រ យើងនឹងមកដល់ទីតាំងហាងកាហ្វេមួយនេះនៅខាងស្តាំដៃ។ ថ្វីត្បិតតែ ជាហាងកាហ្វេតាមចិញ្ចើមផ្លូវមែនពិត តែ «ឯកកាហ្វេ» ទទួលបានប្រជាប្រិយភាពជាច្រើនពីសំណាក់អ្នកដំណើរពីទីជិតឆ្ងាយ ជាពិសេសអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ និងអ្នកដែលរស់នៅតំបន់ជិតៗនោះ។ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំពិតជាផ្តល់នូវភាពស្រស់ស្រាយតាមបែបធម្មជាតិ និងការតុបតែងបែបខ្មែរ មានកន្លែងសម្រាប់អង្គុយសម្រាកលម្ហែដើម្បីក្រេបរសជាតិកាហ្វេ ក្នុងកូនផ្ទះបែបស្រុកស្រែធ្វើអំពីបន្ទះឫស្សី និងតាំងលម្អទៅដោយរុក្ខជាតិបៃតងតូចធំ ពិតជាធ្វើឱ្យអារម្មណ៍ខុសប្លែកពីហាងកាហ្វេនៅទីក្រុង។
នៅទីនេះមានជម្រើសភេសជ្ជជាច្រើនដល់អតិថិជន ទាំងប្រភេទតែ កាហ្វេ និងភេសជ្ជជាច្រើនផ្សេងទៀត។ បើនិយាយពីរសជាតិកាហ្វេវិញ «ឯកកាហ្វេ» ពិតជាមិនធ្វើឱ្យអតិថិជនខកបំណងឡើយ។ កាហ្វេមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ និងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជូនដល់អតិថិជន ពិសេសលើសពីនេះគឺមានតម្លៃសមរម្យ និងសេវាកម្មរហ័សទាន់ចិត្ត។
គួរបញ្ជាក់ដែរថា «ឯកកាហ្វេ» បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៦ល្ងាច៕
Article by SOUNG SOKSAN