×

«​ផ្ទះ​ផ្កា​ខ្មែរ​»​ ​អាជីវកម្ម​ធ្វើ​ដោយដៃ​កែច្នៃ​ផ្កា​ពី​សម្បក​ពោត​ជួយ​ដល់​បរិស្ថាន​

TRAVEL & LIVING one year ago
 
 

           ​ពី​សម្បក​ពោត​ ​ស្លឹក​ត្នោត​ ​និង​ស្លឹកចាក​ ​បាន​ក្លាយ​ជា​ផ្កា​សិប្បនិម្មិត​រាប់ពាន់​រាប់​ម៉ឺន​ទង​ជាច្រើន​ប្រភេទ​ចម្រុះ​ពណ៌​ ​រៀបចំ​តុបតែង​ដេ​គ័រយ៉ា​ង​ស្រស់​ស្អាត​ ​មាន​ទាំង​រៀប​ដាក់​ក្នុង​ក​ន្រ្ត​ក​ ​រៀប​ដាក់​ក្នុង​ថូ​ ​រៀប​ជា​បាច់​ ​មាន​ទាំង​ធ្វើជា​ស៊ុម​សម្រាប់​ដាក់​ព្យួរ​លើ​ជញ្ជាំង​ ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មួយ​បែបយ៉ាង​ទាក់ទាញ​។​ ​ជា​ការពិត​ ​ផ្កា​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​ដោយដៃ​សិប្បករ​ខ្មែរ​ ​និង​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារក្រោម​ម៉ាក​យីហោ​មួយ​មានឈ្មោះ​ថា​ ​«​ផ្ទះ​ផ្កា​ខ្មែរ​»​។​

          លោក​ ​វង្ស​ ​ហិរញ្ញ​និ​យុទ្ធ​ ​មាន​វ័យ​៣​៤​ឆ្នាំ​ ​ជា​សហគ្រិន​ម្នាក់​ក្នុងចំណោម​៣​នាក់​ ​ជា​ម្ចាស់​អាជីវកម្ម​ ​«​ផ្ទះ​ផ្កា​ខ្មែរ​»​ ​មាន​លក់​ជា​ប្រភេទ​ផ្កា​សិប្បនិម្មិត​ដែល​ធ្វើឡើង​ដោយដៃ​យ៉ាង​មាន​ភាព​ប៉ិនប្រសប់​។​ ​លោក​បាន​បង្ហើប​មកកាន់​សូវ​រី​ន​អំពី​គោលបំណង​ចំពោះ​អាជីវកម្ម​នេះ​ថា​ ​គឺ​លោក​ចង់​ចូលរួម​ជា​ចំណែក​មួយ​ដែល​ជួយ​ដល់​បរិស្ថាន​ ​ព្រោះ​ផ្កា​ទាំងនេះ​សុទ្ធតែ​ត្រូវ​បាន​ច្នៃ​ឡើង​ពី​វត្ថុធាតុដើម​ ​តួយ៉ាង​សម្បក​ពោត​ ​ស្លឹក​ត្នោត​ ​ស្លឹកចាក​ ​ក្រដាស​ ​ដែល​សឹងតែ​ថា​គ្រប់គ្នា​គិតថា​ជា​កាកសំណល់​ដែលគេ​មិន​ត្រូវការ​។​ ​មិនតែប៉ុណ្ណោះ​ ​អាជីវកម្ម​នេះ​ក៏បាន​ផ្តល់​ការងារ​មួយ​ផ្នែក​ដល់​អ្នកភូមិ​ចំនួន​១​៣​គ្រួសារ​ផង​ដែរ​ ​សម្រាប់​រក​ប្រាក់ចំណូល​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ទម្រាំតែ​ទទួល​បាន​សម្រេច​ជា​សមិទ្ធផល​មួយៗ​គឺ​មិនមែន​ជា​ភាព​ងាយស្រួល​ទេ​ ​គឺ​ត្រូវធ្វើ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​។

លោក​ ​វង្ស​ ​ហិរញ្ញ​និ​យុទ្ធ

          ​ដំបូង​គឺ​អ្នកភូមិ​ត្រូវ​រក​ទិញ​សម្បក​ពោត​ ​ស្លឹក​ត្នោត​ ​និង​ស្លឹកចាក​ ​ដោយ​ជ្រើសរើស​យក​សម្បក​ ​និង​ស្លឹក​ណា​ដែល​ល្អ​ៗ​តែប៉ុណ្ណោះ​ ​រួច​ត្រូវ​យកទៅ​លាង​ស​ម្អា​ត​ឱ្យ​បាន​ស្អាត​។​ ​បន្ទាប់មក​ត្រូវ​យក​វត្ថុធាតុដើម​ទាំងនោះ​ ​ទាំង​ស្ងោរ​ពណ៌​តាម​អ្វី​ដែល​ចង់បាន​ ​ទើប​យកទៅ​ហាល​ឱ្យ​បាន​ស្ងួត​។​ ​កា​រហាល​នេះ​ទៀតសោត​ ​ត្រូវ​ហាល​មិន​ឱ្យ​នៅ​សើម​ពេក​ទេ​ ​វា​អាច​នឹង​បណ្តាល​ឱ្យ​ដុះផ្សិត​ ​តែ​ក៏​មិន​ត្រូវ​ហាល​ឱ្យ​ស្ងួត​ពេក​ដែរ​ ​ព្រោះ​វា​ធ្វើ​ឱ្យ​សម្បក​ ​និង​ស្លឹក​មាន​សភាព​ស្រួយ​ងាយ​នឹង​បែកបាក់​ខូចខាត​។​ ​ក្រោយមក​ទើប​ចាប់ផ្តើម​ធ្វើ​ចេញ​ជា​រូបរាង​ផ្កា​ផ្សេងៗ​ ​រួម​មាន​ផ្កា​រំដួល​ ​ផ្កាកុលាប​ ​ផ្កា​លី​លី​ ​ផ្កាឈូក​ ​រួម​ទាំង​ម៉ូត​ផ្កា​ជាច្រើន​ទៀត​ ​ទើប​យក​ផ្កា​ទាំងនោះ​មក​រៀបចំ​ដាក់ជា​ក​ន្រ្ត​ក​ ​ជា​ថូ​ ​ឬ​ការ​ច្នៃ​ប្រតិដ្ឋ​ជា​ទម្រង់​ម៉ូត​ច្រើន​ទៀត​ ​ក៏ដូចជា​តាម​អ្វី​ដែល​អតិថិជន​កុម្មង់ ​និង​រៀបចំ​បន្ថែម​ជាមួយ​ស្មៅ​ក្រៀម​ ​ស្រូវ​ ​និង​ផ្កា​ស្មៅ​មួយ​ចំនួន​ទៀត​ដើម្បី​លើក​សោភណភាព​ឱ្យ​កាន់តែ​ស្អាត​មួយ​ក​ម្រិ​ត​។

          ​ស្រប​ជាមួយនឹង​ការ​ធ្វើឡើង​ដោយដៃ​ផ្ទាល់​ ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ ​ការ​ធ្វើ​ដោយមាន​ភាព​អត់ធ្មត់​ ​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ ​និង​លម្អិត​ផ្ចិតផ្ចង់​ទៅ​គ្រប់​ដំណាក់កាល​នីមួយៗ​ ​ជា​លទ្ធផល​ផ្កា​ទាំងនោះ​បាន​រំ​លេចចេញ​ជា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ ​និង​ប្រណីត​ ​ទាំង​ម៉ូត​ផ្កា​ ​ទាំង​ការរៀបចំ​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​បាន​ច្រើន​ទម្រង់​។​ ​ទាំងនេះ​ពិតជា​បាន​ផ្តល់​នូវ​សមិទ្ធផល​មួយ​ជូន​ដល់​អតិថិជន​ ​ក៏ដូចជា​បាន​ក្លាយ​ជា​កា​ដូ​អនុ​ស្សា​វ​រី​យ៍​មួយ​ដែល​អាច​​​រក្សាទុក​បាន​យូរអង្វែង​។

          ​ទាំង​គុណភាព​ ​ប្រណីតភាព​ ​រួម​ទាំង​គុណ​តម្លៃ​ ​ផ្កា​សិប្បនិម្មិត​របស់​អាជីវកម្ម​ ​«​ផ្ទះ​ផ្កា​ខ្មែរ​»​ ​មាន​លក់​ចាប់ពី​តម្លៃ​១​ដុល្លារ​ឡើង​ទៅ​រហូតដល់​មាន​តម្លៃ​ខ្ទង់​រយ​ដុល្លារ​ទៅតាម​អតិថិជន​កុម្មង់​។​ ​លោក​ ​វង្ស​ ​ហិរញ្ញ​និ​យុទ្ធ​ ​ក៏បាន​លើកឡើង​ជាចុងក្រោយ​ដែរ​ថា​ ​ផ្កា​ទាំងនេះ​គឺ​បង្កើត​ឡើង​ពីចិត្ត​ស្រលាញ់​ ​យក​បេះដូង​មក​ធ្វើ​ដោយ​ភាព​អំណត់​ ​ហើយ​លោក​ក៏​ចង់​ផ្តល់​នូវ​ការ​ស្រលាញ់​ជូន​ទៅកាន់​អតិថិជន​ដូចគ្នា​។​ ​ពោល​ ​លោក​ចង់​ឱ្យ​អតិថិជន​ចំណាយ​លុយ​ទិញ​របស់​ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ត​ ​ហើយ​វាក​៏​ជា​ការ​ជួយ​គាំទ្រ​ ​ការ​លើកស្ទួយ​មួយ​ចំណែក​ផង​ដែរ​ទៅដល់​ផលិតផល​ក្នុងស្រុក​យើង​ ​ក៏ដូចជា​ការប្រើប្រាស់​ធនធាន​ដែល​យើង​មាន​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS