«ព្រឹក្សា-Preuk Sa» គោលដៅសម្រាកលម្ហែថ្មីក្បែរជាយក្រុងភ្នំពេញ
TRAVEL & LIVING 12 months agoក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញបាននឹងកំពុងក្លាយជាគោលដៅអភិវឌ្ឍន៍ផ្នែកទេសចរណ៍បែបធម្មជាតិកែច្នៃគួរឱ្យកត់សម្គាល់។ ដូចនេះហើយ បានជាយើងឃើញមានកំណើនសួនកម្សាន្តបែបជាយក្រុងរីកដុះដាលជាបន្តបន្ទាប់ ដែលក្នុងចំណោមនោះ មានវត្តមាន «ព្រឹក្សា-Preuk Sa» ដែលជាភោជនីដ្ឋាន និងទីសម្រាកលម្ហែថ្មីកំពុងបង្ហាញខ្លួន បង្អួតសម្រស់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ស្ថិតលើដងវិថីរោងចក្រថៃហ្គ័រ (ផ្លូវលេខ១១៤) ដែលមហាជនភាគច្រើនធ្លាប់ស្គាល់រួចមកហើយ។
បើយើងធ្វើដំណើរចេញពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ១ រហូតដល់ដល់ស្តុបព្រែកឯង រួចបទស្តាំបន្តដំណើរតាមផ្លូវលេខ១១៤ ប្រមាណជា៤គីឡូម៉ែត្រ រហូតឃើញស្លាកយីហោ ព្រឹក្សា នៅខាងស្តាំដៃ រួចបន្តបត់ចូលតាមច្រកនោះបន្តិចនឹងមកដល់ទីតាំងភោជនីយដ្ឋាននេះនៅខាងឆ្វេងដៃ។ បន្តដំណើរចូលទៅកាន់បរិវេណខាងក្នុង លោកអ្នកនឹងចាប់អារម្មណ៍ឃើញមានផ្កាចម្រុះពណ៌នៅក្នុងសួនច្បារ កំពុងរង់ចាំទទួលស្វាគមន៍រាល់ភ្ញៀវដែលអញ្ជើញមកកាន់ទីនេះ។ គ្រាន់តែចូលមកដល់ខាងក្នុងបន្តិច លោកអ្នកនឹងចាប់អារម្មណ៍ភ្លែតទៅនឹងការរៀបចំតុបតែងដេគ័រនៅទីនេះ ដែលមើលទៅស្រឡះត្រជាក់ភ្នែក សួនស្មៅបៃតងខ្ចី ជាមួយនឹងកន្លែងស្អាតៗដែលអាចថតផ្តិតយករូបភាព ជាពិសេសការទទួលយ៉ាងកក់ក្តៅពីបុគ្គលិកហាង។
បន្តដំណើរទៅកាន់ក្យូសអង្គុយ យើងកាន់តែទទួលបានអារម្មណ៍ប្លែក និងចំណុចពិសេសលេចធ្លោមួយចំនួនរបស់ភោជនីយដ្ឋាន ព្រឹក្សា ខុសប្លែកពីភោជនីយដ្ឋានផ្សេងៗដែលកំពុងដំណើរការមានលក្ខណៈប្រកួតប្រជែងជុំវិញជាយក្រុងភ្នំពេញ។ ក្រៅពីមានទីតាំងអំណោយផលខ្យល់អាកាសបរិសុទ្ធ ឆ្ងាយពីភាពអ៊ូអរ មិនមានសំឡេងរំខានដោយរថយន្ត ស្រះទឹកលម្អដោយដើមឈូក និងត្រីតូចធំ ហ៊ុមព័ទ្ធដោយសួនរុក្ខជាតិពណ៌បៃតងចម្រុះ ជាពិសេសការរៀបចំក្យូស និងការរៀបចំកន្លែងអង្គុយផ្តល់នូវផាសុកភាពដល់អតិថិជន ប្រៀបដូចអង្គុយសម្រាកនៅផ្ទះលម្ហែផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនេះមានកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារ ក្រុមការងារ និងលក្ខណៈឯកជនក្រោមម្លប់ដ៏ត្រជាក់ល្ហឹមជុំវិញមាត់ទឹក។
ក្រៅពីបរិយាកាសដ៏មនោរម ចំពោះមុខម្ហូបវិញនៅទីនេះត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង និងចម្អិនយ៉ាងយកចិត្តទុកដាក់ដោយចុងភៅជំនាញដែលមានបទពិសោធន៍ ជាពិសេសការជ្រើសរើសគ្រឿងផ្សំ ត្រី សាច់ បន្លែ សុទ្ធសឹងមានគុណភាព ជាផលិតផលក្នុងស្រុក និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។ ចំពោះមុខម្ហូបមានជាជម្រើសច្រើនប្រភេទសម្រាប់ភ្ញៀវធ្វើការកុម្មង់ ដូចជាមាន់បំពងបាយដំណើប ប្រហុកអាំងជ្រុញ ខ្យងចំហុយខ្ទឹមស សាច់គោអាំងទឹកប្រហុក ត្រីដុតអំបិលផ្ទាប់ជាមួយនំបញ្ចុកបន្លែស្រស់ៗ រួមជាមួយមុខម្ហូបជាច្រើនមុខទៀត។
អង្គុយសម្រាកលម្ហែជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ឬមនុស្សជាទីស្រលាញ់ ទទួលទានមុខម្ហូបដ៏មានឱជារស អមដោយបរិយាកាសស្រស់ស្រាយ និងសម្រស់រុក្ខជាតិបៃតងខ្ចី ពិតជាធ្វើឱ្យការសម្រាកលម្ហែនេះពោរពេញដោយអត្ថន័យ និងការចងចាំដ៏ល្អមិនអាចបំភ្លេចបាន។ គួរជម្រាបដែរថា ភោជនីយដ្ឋាន ព្រឹក្សា បើកទទួលស្វាគមន៍ភ្ញៀវជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០កន្លះព្រឹក រហូតដល់ម៉ោង៥ល្ងាច៕
Article by SOUNG SOKSAN