ពន្លកអ្នកនិពន្ធនៅក្នុងសង្គមខ្មែរបច្ចុប្បន្នកាន់តែកើនឡើងជាបន្តបន្ទាប់ដែលកំពុងតែឆ្លុះបញ្ចាំងពីធនធានសំខាន់ៗពោរពេញទៅដោយសមត្ថភាព និងអ្នកអានក៏ចាប់ផ្តើមមានច្រើនជាងពីមុនផងដែរ។ ខណៈអ្នកនិពន្ធគ្រប់រូបក៏បានបង្ហាញអំពីទំនោរការតាក់តែងរៀងៗខ្លួន តែងបញ្ចូលនូវទស្សនរបស់ខ្លួន ក៏ដូចជាបង្កប់នូវតម្លៃអប់រំផ្សេងៗ តាមរយៈស្នាដៃនិពន្ធរបស់ខ្លួនទៅកាន់អ្នកអាន។ ជាក់ស្តែង អ្នកនិពន្ធមួយរូបដែលមានស្រុកកំណើតមកពីខេត្តបាត់ដំបង តែងតែពាំនាំស្នាដៃរបស់ខ្លួនដែលបង្កប់នូវទស្សនបែបវិជ្ជមាន និងរមែងផ្តល់ជាសារលើកទឹកចិត្តទៅកាន់អ្នកអាន ជាពិសេសគឺចំពោះយុវវ័យតែម្តង។
លោក តុន ច័ន្ទរិទ្ធិ មានវ័យ ២៨ឆ្នាំ ជាអ្នកនិពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធដ៏មានទេពកោសល្យផ្សេងទៀត។ លោក ច័ន្ទរិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លើជំនាញ អក្សរសាស្រ្តខ្មែរ។ ដោយមានចំណូលខាងនិពន្ធ មានមហិច្ឆតាចង់ឃើញឈ្មោះខ្លួនឯងនៅលើក្របសៀវភៅ និងចង់លើកស្ទួយ និងផ្សព្វផ្សាយវិស័យអក្សរសិល្ប៍ ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ លោកបានខិតខំសិក្សា និងប្រឹងប្រែងចូលរួមនូវរាល់សកម្មភាពសង្គមដូចជា ចូលរួមវគ្គហ្វឹកហ្វឺននានាទាក់ទងនឹងការតែងនិពន្ធ ចូលរួមប្រកួតស្នាដៃនិពន្ធរឿងខ្លីផ្សេងៗ ដើម្បីជាបទពិសោធន៍ និងដុសខាត់សមត្ថភាពរបស់ខ្លួន។ រហូតដល់ឆ្នាំ២០១៩ អ្នកនិពន្ធរូបនេះក៏បានសម្រេចក្តីស្រមៃ ដោយបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃដំបូងរបស់ខ្លួនដែលមានចំណងជើងថា «អ្នកពិតជាពិសេស តោះ! ទៅមុខទៀត»។ ដោយមានការគាំទ្រពីសំណាក់មិត្រអ្នកអានជាច្រើន ទាំងលើបណ្តាញសង្គម និងតាមរយៈការជាវសៀវភៅរបស់លោក លោក ច័ន្ទរិទ្ធិ ក៏បន្តការនិពន្ធចេញផ្សាយស្នាដៃជាលើកទី២របស់ខ្លួនដែលមានចំណងជើងថា «និទានម៉ែ»។
បើក្រឡេកមកជ្រាបអំពីសមិទ្ធផលជ័យលាភីក្នុងវិស័យតែងនិពន្ធដែលលោកទទួលបានវិញរួមមាន ម្ចាស់ជ័យលាភីលេខ២ក្នុងការប្រកួតសរសេររឿងបែបល្ខោនវិទ្យុរបស់ CCIM ឆ្នាំ២០២១ «រឿងខ្ញុំខុសអី»។ ម្ចាស់ជ័យលាភីលេខ២ ក្នុងការប្រកួតសំណេរ និងការនិយាយជាសាធារណៈរបស់អង្គការសុខភាពដើម្បីកម្ពុជាឆ្នាំ២០២១ ប្រធានបទ «ថ្នាំជក់ក្នុងប្រទេសកម្ពុជា»។ ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតសសំណេរ និងការនិយាយជាសាធារណៈរបស់ក្រសួងអប់រំ ឆ្នាំ២០២២ លើប្រធានបទ «ការហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង»។ ម្ចាស់ជ័យលាភីលេខ៤ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២២ រឿង «បាសាក់»។ ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ២០២២ រឿង «សង្គមនេះ»។ ម្ចាស់ជ័យលាភីលេខ២ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ឆ្នាំ២០២៣ រឿង «ខ្ពើមសុភាបណ្ឌិត»។
ថ្មីៗនេះ លោក ក៏បាននិពន្ធ និងបោះពុម្ពចេញផ្សាយសៀវភៅថ្មីដែលជាស្នាដៃទី៣របស់លោកដែលមានចំណងជើងថា «អារម្មណ៍» ជាប្រភេទសៀវភៅបែបលើកទឹកចិត្ត និងទស្សនជាច្រើនក្នុងសៀវភៅ ទាំងបញ្ហាផ្លូវចិត្ត របៀបក្នុងការរស់នៅ ទំនាក់ទំនង ស្នេហា រួមជាមួយអារម្មណ៍ជាច្រើនទៀតដូចទៅនឹងចំណងជើងសៀវភៅ «អារម្មណ៍»។ ស្នាដៃថ្មីនេះ អ្នកនិពន្ធបានផ្តោតសំខាន់បំផុតសម្រាប់យុវវ័យ ជាពិសេសអ្នកដែលចង់ស្វែងរកខ្លួនឯង និងអ្នកដែលត្រូវការកម្លាំងចិត្ត។ ជាមួយគ្នានេះ លោកក៏ត្រៀមបោះពុម្ពផ្សាយរហូតដល់ទៅ ១០០០ក្បាល ដែលមិត្តអ្នកអានអាចស្វែងរកបាននៅតាមបណ្ណាគារ តូបសៀវភៅនានា និងជាវតាមអនឡាញជាដើម។ សម្រាប់ឆ្នាំថ្មីនេះ លោក ក៏មានគម្រោងយកអត្ថបទខ្លះនៅក្នុងស្នាដៃនិពន្ធរបស់លោកមកបង្កើតជាវីដេអូផុសលើគណនីផេកផ្លូវការរបស់លោក និងគម្រោងត្រៀមចេញសៀវភៅ២ចំណងជើងទៀតផងដែរ។
Image Courtesy: តុន ច័ន្ទរិទ្ធិ
តាមរយៈ សូវរីន លោក តុន ច័ន្ទរិទ្ធិ ក៏មានពាក្យពេចន៍អរគុណដល់មិត្តអ្នកអានគ្រប់រូប ជាពិសេសអ្នកដែលតែងតែគាំទ្រសា្នដៃរបស់លោកថា “ខ្ញុំពិតជាអរគុណសម្រាប់ក្តីស្រលាញ់មួយនេះ សូមអ្នកទាំងអស់គ្នានៅតែបន្តជួយគាំទ្រស្នាដៃថ្មីរបស់ខ្ញុំជាបន្តបន្ទាប់ផង។ សម្រាប់ខ្ញុំជាអ្នកនិពន្ធមួយរូប ខ្ញុំនឹងខិតខំរកអ្វីដែលថ្មី ប្លែក និងការតាក់តែងឱ្យមានគុណភាពបន្ថែមទៀត។ ជាមួយគ្នាសម្រាប់អ្នកដែលស្រឡាញ់ការតែងនិពន្ធសូមអនុញ្ញាតឱ្យខ្លួនឯងបានសាកល្បងធ្វើ។ បើយើងមិនចាប់ផ្តើម យើងពិតជាមិនដឹងថាយើងអាចដើរដល់ទីណានោះទេ។ ត្រូវចាំថាគ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ បើយើងនាំយកបេះដូង ក្តីស្រឡាញ់ ឆន្ទៈ ការអត់ធ្មត់ព្យាយាមទៅជាមួយ”៕
Article by SOUNG SOKSAN