«Craft Cam Cola» ភេសជ្ជៈជំនួយសុខភាព ផលិតពីធម្មជាតិ ជួយដល់បរិស្ថាន
TRAVEL & LIVING 11 months agoCraft Cam Cola គឺជាឈ្មោះភេសជ្ជៈបូរាណមួយប្រភេទ ត្រូវបានចម្រាញ់ពីគ្រឿងផ្សំដែលល្អសម្រាប់សុខភាពជាច្រើនមុខលាយបញ្ចូលគ្នា សុទ្ធសឹងជាធនធានធម្មជាតិដែលបានដាំដុះនៅក្នុងប្រទេសកម្ពុជា។ ភេសជ្ជៈសុខភាព Craft Cam Cola ត្រូវបានផលិតឡើងដោយសហគ្រាស Rosell Stone Khmer ដែលមានស្ថាបនិកជាជនជាតិជប៉ុនគឺ អ្នកស្រី Nishiguchi Michie ។ Rosell Stone Khmer ជាសហគ្រាសផលិតផលិតផលតែសុខភាពក្នុងស្រុកដែលមានទស្សនវិស័យក្នុងការបង្កើត និងលើកស្ទួយផលិតផលខ្មែរ គិតគូរពីសុខភាព និងបរិស្ថាន ក៏ដូចជាការកាត់បន្ថយកាកសំណល់ជាដើម។
តាមការឱ្យដឹងពីម្ចាស់សហគ្រាសអំពីការបង្កើតភេសជ្ជៈ Craft Cam Cola នេះឡើង ព្រោះអ្នកស្រីបានសម្លឹងឃើញពីធនធានមានស្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្បូរទៅដោយរុក្ខជាតិជំនួយដល់សុខភាព ម្យ៉ាងនៅពេលបំណែកតូចៗខ្លះនៃតែមិនអាចយកទៅវេចខ្ចប់សម្រាប់លក់បាន ប៉ុន្តែវាមាននៅអាចប្រើជាប្រយោជន៍បាន អ្នកស្រីក៏សម្រេចចិត្តយកបំណែកទាំងនោះមករួមផ្សំបញ្ចូលគ្នា រហូតអាចបង្កើតជាភេសជ្ជៈសុខភាពនេះឡើង។ ចំពោះភេសជ្ជៈ Craft Cam Cola មានគ្រឿងផ្សំធម្មជាតិល្អសម្រាប់សុខភាពរហូតដល់ទៅ១៩មុខ ក្នុងនោះរួមមាន ឈើអែម ក្រវាញ ស្លឹកគ្រៃ សំបកក្រូច ម្ជូរព្រឹក ខ្ញី រមៀត ផ្កាក្លាំពួ សំបកកាកាវ ស្គួយ ស្លឹកម្រះព្រៅ រំដេង ក្រូចឆ្មារ ដីប្លី ម្ទេស ម្រេចស ម្រេចខ្មៅ ស្ករត្នោត និងកាហ្វេ។ គ្រឿងផ្សំទាំងអស់នេះ សុទ្ធតែមាននៅក្នុងស្រុក ដែលមានប្រភពមកពីប្រជាកសិករដែលដាំដុះផ្គត់ផ្គង់មកឱ្យខាងសហគ្រាសផ្ទាល់ដែលយកមកពីខេត្តសៀមរាប ត្បូងឃ្មុំ និងកោះកុង។ ចំណែកឯការផលិតវិញ សហគ្រាសបានគិតគូរយ៉ាងយកចិត្តទុកដាក់ដល់អ្នកទទួលទាន ដែលមានការវេចខ្ចប់ ការសម្លាប់មេរោគ ដើម្បីធានាគុណភាពនៃការក្សាទុកតាមក្បួនស្តង់ដាអនាម័យ។
ស្របជាមួយគ្នានេះដែរ Craft Cam Cola ជាភេសជ្ជៈដែលអាចទទួលទានជាប្រចាំថ្ងៃ ទទួលទានបានចាប់ពីកុមារអាយុ១០ឆ្នាំឡើងទៅ រហូតដល់មនុស្សចាស់ មិនធ្វើឱ្យប៉ះពាល់សុខភាព ព្រោះសុទ្ធតែជាគ្រឿងផ្សំជំនួយសុខភាព មានអត្ថប្រយោជន៍ តួយ៉ាង ជួយសម្រួលដល់ការរំលាយអាហារ ជួយឱ្យចរន្តឈាមដើរស្រួល ជំនួយដល់ស្បែក ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ជួយឱ្យរាងកាយមានកម្លាំង និងថាមពល រួមទាំងជួយឱ្យស្មារតីស្រស់ថ្លា។ យ៉ាងណា ដោយសារភេសជ្ជៈនេះមានជាតិកាហ្វេអ៊ីន ដូច្នេះ គប្បីកុំទទួលទាននៅពេលយប់មុនចូលគេងសម្រាប់អ្នកដែលមានការលំបាកក្នុងការគេង។ ទន្ទឹមនឹងនេះ លោកអ្នកអាចជ្រើសរសជាតិតាមចំណូលចិត្តដែលមាន២រសជាតិ គឺរសជាតិដើម និងរសជាតិម្រេច។ ឯរបៀបទទួលទានវិញ អាចយកភេសជ្ជៈនេះទៅលាយជាមួយនឹងទឹកសូដា រួចបន្ថែមជាមួយដុំទឹកកកកាន់តែឆ្ងាញ់ពិសា ជាពិសេសអាចយកទៅធ្វើជា Cocktail ក៏បានផងដែរ ដែលអាចក្រឡុកលាយជាមួយនឹងប្រភេទស្រាដូចជា Mulled Wine, Vodka, Tequila និង Rum ជាដើម។ អាចលាយជាមួយទឹកដោះគោស្រស់ កាន់តែបង្កើនរសជាតិឆ្ងាញ់។
សរុបជារួមមក ការទទួលទានភេសជ្ជៈសុខភាព Craft Cam Cola មិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដែលអាចចូលរួមចំណែកជួយបង្កើនការគាំទ្រផលិតផលក្នុងស្រុក បង្ហាញពីគុណតម្លៃធនធានធម្មជាតិដែលកម្ពុជាមាន ជួយដល់ប្រជាកសិករក្នុងសហគមន៍តាមរយៈការសហការទិញវត្ថុធាតុដើម ដែលអាចផ្តល់ចំណូលដល់ពួកគាត់ និងជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយកាកសំណល់ពីការខ្ជះខ្ជាយ ដូចជា សំបកកាហ្វេ សំបកកាកាវជាដើម។ សូម្បីតែសំបកដបការវេចខ្ចប់ក៏ជាប្រភេទដបថ្មដែលអាចយកទៅប្រើប្រាស់អ្វីផ្សេងបានដែរ។
ជាចុងក្រោយ អ្នកស្រី Nishiguchi Michie ក៏បានលើកឡើងដោយសង្ឃឹមថា ភេសជ្ជៈ Craft Cam Cola អាចជាជម្រើសមួយល្អ និងផ្តល់នូវរសជាតិថ្មីមួយដល់ប្រជាជនកម្ពុជា។ កន្លងមក ភេសជ្ជៈរបស់ខ្មែរមួយនេះក៏បានទទួលស្គាល់រសជាតិពីអតិថិជនមួយចំនួននៅក្នុង និងក្រៅស្រុក។ វាក៏ជាចំណុចមួយដែលអាចឱ្យបរទេសបានស្គាល់នូវគុណតម្លៃអំពីផលិតផលខ្មែរផងដែរ៕
Article by SOUNG SOKSAN