ធីតាឯកសង្ក្រាន្ត គឺ ស្រីនុត បោះជំហានក្លាយជាតួអង្គទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី
NEWS 7 months agoបោះជំហានលើវិថីសិល្បៈតាមរយៈកម្មវិធីប្រកួតសម្រស់ យុវតីពោរពេញទៅដោយថាមពល គឺ ស្រីនុត បានក្លាយជាម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៥។ មានវ័យទើបតែ ២១ ឆ្នាំ យុវតីកម្ពស់ ១,៦៣ ម៉ែត្ររូបនេះ កំពុងសិក្សាឆ្នាំទី ៣ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាបទឹកដីកំណើត។ ជាជ័យលាភីធីតាឯក ជំហានបន្ទាប់ គឺ ស្រីនុត ត្រូវសម្តែងជាតួអង្គទេវតាឆ្នាំថ្មី ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជំនួបសំណេះសំណាលជាមួយក្រុមការងារ សូវរីន តួអង្គទេវតាឆ្នាំថ្មីរូបនេះ បានរៀបរាប់អំពីបទពិសោធជីវិត និងការបោះជំហានឡើងមកត្រដែតនៅលើវិថីសិល្បៈ។
•តើអ្វីទៅជាក្តីស្រមៃកាលនៅពីតូច?
«ខ្ញុំមានក្តីស្រមៃចង់ប្រឡូកវិស័យសិល្បៈ ជាពិសេសចង់ក្លាយជាតារាសម្តែង។ កាលនៅតូច ខ្ញុំចូលចិត្តតែងខ្លួនបែបបុរាណៗ និងចង់សម្តែងរឿងបុរាណ ដែលវាត្រូវនឹងអត្តចរិតរបស់ខ្ញុំ។ សំខាន់ខ្ញុំជាហ្វេនរបស់បង ដាញ់ ម៉ូនីកា ដែលគាត់ជាតារាសម្តែងស្រីដ៏ឆ្នើមម្នាក់នៅក្នុងវិស័យភាពយន្ត។»
•ឃើញថារៀនជំនាញខាង ទេសចរណ៍ និងបដិសណ្ឋារកិច្ច តែបច្ចុប្បន្នកំពុងមមាញឹកនឹងសិល្បៈ ចុះនៅពេលរៀនចប់ តើកញ្ញាគិតយ៉ាងម៉េចវិញ?
«ចំពោះសិល្បៈទោះរវល់ខ្លាំងប៉ុនណា ក៏ខ្ញុំនៅតែព្យាយាមរៀនរហូតទាល់តែចប់។ ខ្ញុំស្រលាញ់សិល្បៈ និងការងារជា Cabin Crew (បាហុនិកា) បើអាចថ្ងៃមុខខ្ញុំនឹងចាប់យកអាជីពទាំងពីរនេះព្រមគ្នា ព្រោះការងារជា Cabin Crew អាចឆ្លៀតពេលធ្វើការងារសិល្បៈបាន។»
•ដឹងមកថា កញ្ញាធ្លាប់ថតម៉ូដ និងថតផ្សព្វផ្សាយច្រើនតាំងពីមុនចូលប្រកួត ចុះហេតុអ្វីចាត់ទុកកម្មវិធីធីតាឯកសង្ក្រាន្តជាការបោះជំហានចូលសិល្បៈដំបូង?
«ច៎ាះបង! សម្រាប់កម្មវិធីប្រកួតសម្រស់ គឺខ្ញុំមិនធ្លាប់ប្រឡូកពីមុនទាល់តែសោះ ដូចនេះខ្ញុំចាត់ទុកកម្មវិធីប្រកួតធីតាឯកសង្ក្រាន្ត ជាការបោះជំហានចូលសិល្បៈដំបូងរបស់ខ្ញុំ ម្យ៉ាងគ្រាន់តែចូលប្រកួតលើកដំបូងភ្លាម ខ្ញុំឈ្នះបានមកុដតែម្តង។»
•ធីតាឯកនឹងត្រូវសម្តែងជាតួអង្គទេវតាឆ្នាំថ្មី អាចដឹងបានទេថា តើការថតដំណើរការដល់ណាហើយ? ចុះសកម្មភាពថតវិញ តើមានភាពមមាញឹកយ៉ាងណា?
«វីដេអូយើងបានថតចប់រួចរាល់ និងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ បើនិយាយពីសកម្មភាពថតវិញ គឺមមាញឹកខ្លាំងមែនទែន ព្រោះយើងថតសឹងតែ ២៤ ម៉ោងទៅហើយ។ ដំបូងខ្ញុំគិតថាមិនដឹងទៅរួចឬអត់ទេ តែជាក់ស្តែង ខ្ញុំអាចធ្វើទៅបានដោយរលូន។ មានត្រង់ចំណុចមួយដែលខ្ញុំគិតថាងាយស្រួល តែធាតុពិតពិបាក គឺនៅពេលជិះសត្វក្ងោក ប៉ុន្តែខ្ញុំបែរជារំភើបខ្លាំងវិញនៅពេលឮគេស្រែកប្រកាសថា៖ “ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី បុត្រីកបិលមហាព្រហ្មបានយាងចុះមកហើយ!”។»
•ក្រោយពេលថតវីដេអូផ្ទេរតំណែងទេវតារួចរាល់ តើកញ្ញាទទួលបានអារម្មណ៍ដូចម្តេច?
«រាប់តាំងពីការទ្រង់គ្រឿង សម្លៀកបំពាក់ សម្តែងរបៀបដើរ របៀបកាន់ព្រះកេស និងជិះក្ងោក ខ្ញុំមានអារម្មណ៍ថាពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាកម្មវិធីបុណ្យប្រពៃណីជាតិដ៏ធំ និងសំខាន់បំផុតមួយរបស់ប្រទេសយើង។ ខ្ញុំសឹងមិននឹកស្មានថាខ្លួនឯងបានក្លាយជាតួអង្គទេវតាឆ្នាំថ្មី សំខាន់ជាបុត្រីពៅជិះក្ងោកជាសត្វដ៏ស្រស់ស្អាត ព្រមទាំងបានបង្ហាញខ្លួនទូទាំងប្រទេសនៅលើកញ្ចក់ទូរទស្សន៍ និយាយទៅ សូម្បីតែព្រះមហាក្សត្រក៏ទ្រង់នឹងទតវីដេអូទេវតាចុះនេះផងដែរ។»
•សម្តែងជាតួអង្គទេវតា អីចឹងចង់ឱ្យកញ្ញារៀបរាប់បន្តិចបានទេអំពីទេវតាឆ្នាំថ្មី?
«ច៎ាះបានបង! ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី ជាបុត្រីទី ៧ នៃកបិលមហាព្រហ្ម ទ្រង់ស្លៀកពាក់ពណ៌ខៀវ សៀតផ្កាត្រកៀត ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរាឬក្ងោក ជាយានពាហនៈ។»
•ក្រៅពីសម្តែងជាតួអង្គទេវតាឆ្នាំថ្មី តើតួនាទីបន្ទាប់របស់ធីតាឯកសង្ក្រាន្តជាអ្វី?
«ក្នុងនាមជាជ័យលាភីធីតាឯកសង្ក្រាន្ត តួនាទីបន្ទាប់ ខ្ញុំនឹងចូលរួមការងារជាច្រើន ជាពិសេសទាក់ទងនឹងការងារសង្គម។ យើងមានសកម្មភាពការងារសប្បុរសធម៌ សុខភាព បរិស្ថាន និងចូលរួមកម្មវិធីវប្បធម៌នានាជាដើម។ បើនិយាយពីការងារទាំងនេះ ខ្ញុំបានធ្វើវាតាំងពីមុនក្លាយជាធីតាឯកសង្ក្រាន្តទៅទៀត និយាយរួម ដើមឡើយខ្ញុំជាយុវជនស្ម័គ្រចិត្តម្នាក់ដែលតែងតែធ្វើការងារទាំងនេះ។ ដូច្នេះ ពេលក្លាយជាធីតាឯក ខ្ញុំនឹងធ្វើការងារទាំងនេះកាន់តែច្រើនឡើងជាងមុន ឬអាចថាគុណនឹងពីរ»៕
Article by HEM SOKKHIM (ZM)