សុភាពនារីគួរយល់ដឹងពីចំណុចអ្វីខ្លះដើម្បីថែរក្សាឱ្យរាងត្រគាកស្អាត!
FASHION & BEAUTY 5 years agoមានមនុស្សតិចណាស់ដែលកើតមកមានរាង និងត្រគាកស្អាត ដែលនេះអាចជាសំណាងរបស់គាត់ដែលមានរាងស្រស់ស្អាតពីធម្មជាតិបែបនេះ។ យ៉ាងណាមិញរាងដ៏ស្រស់ស្អាតរបស់អ្នកនឹងប្រែប្រួលប្រសិនបើអ្នកមានការធ្វេសប្រហែសក្នុងការថែរក្សា។ សម្រាប់អ្នកដែលពុំមានរាងស្អាតពីធម្មជាតិវិញអ្នកពុំចាំបាច់មានកង្វល់នោះទេ។ តាមរយៈការរៀបចំរបបអាហារ និងការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវអ្នកនឹងមានរាង ព្រមទាំងត្រគាកដ៏ស្រស់ស្អាតជាក់ជាមិនខាន។ ចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីលទ្ធផលជាទីគាប់ចិត្តនៅថ្ងៃអនាគត។
១. ហាត់ប្រាណបែប Cardio
ការធ្វើលំហាត់ប្រាណតាមរបៀប Cardio ជាការធ្វើលំហាត់ប្រាណមួយជួយឲ្យចង្វាក់បេះដូងរបស់អ្នកមានដំណើរការល្អ។ ដុតបំផ្លាញកាឡូរីដែលសេសសល់ចេញពីរាងកាយតាមរយៈការជិះកង់ រត់ ដើរ ឬហែលទឹកគឺជាផ្នែកមួយនៃការធ្វើលំហាត់ប្រាណតាមរបៀប Cardio។ ប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ដែលលើសត្រង់ត្រគាកឲ្យមានរាងស្អាត អ្នកគួរព្យាយាមធ្វើលំហាត់ប្រាណរបៀបនេះឲ្យបានយ៉ាងតិចបីដងក្នុងមួយសប្តាហ៍ហើយក្នុងមួយដងយ៉ាងតិចពី ៣០ទៅ ៤៥នាទី។
២. ផ្លាស់ប្ដូររបបអាហារ
រៀបចំរបបអាហារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់គឺជាកត្តាមួយដ៏សំខាន់សម្រាប់សុខភាព រូបរាង និងសម្រស់របស់អ្នក។ កាត់បន្ថយអាហារសម្រន់គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយមិនឲ្យជាតិខ្លាញ់ដែលបណ្តាលឲ្យអ្នកធាត់កើនឡើង។ ហើយក្នុងអំឡុងពេលដែលអ្នកស្ថិតក្នុងការធ្វើលំហាត់ប្រាណ អ្នកគួរតែគ្រប់គ្រងជាតិទឹកក្នុងរាងកាយរបស់អ្នកឲ្យបានគ្រប់គ្រាន់ដោយការទទួលទានអាហារដែលមានសាជាតិកាបូហីដ្ត្រេ (Carbohydrates) ឲ្យបានច្រើន។ ដូចនេះដើម្បីឲ្យរបបអាហារប្រចាំថ្ងៃរបស់អ្នករៀបចំទៅយ៉ាងមានប្រសិទ្ធភាព អ្នកគួរធ្វើកំណត់ត្រាប្រចាំថ្ងៃដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការចងចាំ។
៣. ពង្រឹងសាច់ដុំកំណាត់ក្រោមនៃរាងកាយ
បង្កើនសាច់ដុំដើម្បីឲ្យរាងមើលទៅកាន់តែស្អាត ស្បែកតឹងណែន និងមានភាពស៊ិចស៊ី ដោយធ្វើលំហាត់ប្រាណផ្ដោតសំខាន់នៅលើកំណាត់ក្រោមនៃរាងកាយរបស់អ្នក។ ងាយៗដោយការអង្គុយ និងឈរ ងើបចុះងើបឡើង បោះជំហានធំៗ និងការលើកជើងឡើង និងទម្លាក់ចុះ។ ធ្វើបែបនេះរយៈពេល៣០នាទីក្នុង១ដង និង៣ដងក្នុង១សប្តាហ៍ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។
៤. គ្រប់គ្រងតុល្យភាពនៃការធ្វើលំហាត់ប្រាណ
ព្យាយាមគ្រប់គ្រងសមតុល្យនៃការធ្វើលំហាត់ប្រាណរបស់អ្នកឲ្យមានតុល្យភាពជាមួយនឹងកំណាត់ខាងលើ និងក្រោមនៃរាងកាយ។ នោះមានន័យថាអ្នកគួរព្យាយាមប្រើវិធីសាស្ត្រធ្វើលំហាត់ប្រាណមួយណាដែលជួយធ្វើឲ្យរាងកាយរបស់អ្នកទទួលបានការដុតបំផ្លាញជាតិខ្លាញ់បានស្មើគ្នា។ ក្រៅពីដុតបំផ្លាញខ្លាញ់ត្រគាក ហ្វឹកហ្វាត់ដើមដៃ ចង្កេះ សាច់ដុំខ្នងដោយការធ្វើ Push-ups (អាវ៉ង់) ក៏ជាការចាំបាច់។ ក៏ប៉ុន្តែវាមានតិកនិចផ្សេងៗទៀតគួបផ្សំជាមួយនឹងលំហាត់ប្រាណប្រភេទនេះទៅតាមការចង់បានរបស់មិត្តនារី តួយ៉ាងដូចជាចាប់ផ្តើមពីការអាវ៉ង់ រួចផ្អៀងខ្លួន និងលើកដៃមួយចំហៀងឡើងលើត្រង់ នៅស្ងៀមប្រហែល៣០វិនាទីសឹមដាក់ដៃចុះវិញ ដើម្បីប្តូរទៅមួយចំហៀងទៀត។ លំហាត់ប្រាណនេះជួយដុតបំផ្លាញជាតិខ្លាញ់ដើមដៃ និងចង្កេះបានយ៉ាងមានប្រសិទ្ធភាព៕
Article by Tith Ratha