កន្លងមក យើងសង្កេតឃើញថា ជារឿយៗតែងតែមានការប្រើប្រាស់ទង់ជាតិខុសប្លែកគ្នាជាច្រើនទម្រង់នៅក្នុង កម្មវិធីផ្សេងៗនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និង ឯកជននានាសូម្បីតែរូបភាពទង់ជាតិខ្មែរដែលត្រូវបានបង្ហោះជាសាធារណៈនៅលើគេហទំព័រ Google និង ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកក៏មិនស្របគ្នាទាំងស្រុងដែរ។ ការប្រើប្រាស់ ទង់ជាតិដែលជានិមិត្តរូបអត្តសញ្ញាណជាតិដ៏សំខាន់ដោយពុំមានការឯកភាពគ្នាដូច្នោះតែងបង្កការភ័ន្តច្រឡំ និង មតិ ប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជនជនរួមជាតិខ្មែរ។ ដើម្បីជាប្រយោជន៍ដល់ការកត់សម្គាល់មួយណាជាទង់ជាតិ ផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា សូវរីន សូមបង្ហាញជូនបងប្អូនជនរួមជាតិខ្មែរទាំងឡាយនូវរូបទង់ជាតិដើមដែល ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស ព្រមទាំងមានផ្សារភ្ជាប់នូវឯកសារយោងដូចខាងក្រោម។
យោងតាមឯកសាររដ្ឋធម្មនុញ្ញដែលត្រូវបានសភាធម្មនុញ្ញអនុម័តនៅភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំលើកទី២ ដោយមានហត្ថលេខារបស់ឯកឧត្តម សឺន សាន ជាប្រធាន នៅក្នុងឧបសម្ព័ន្ធទី១ ត្រង់ទំព័រ ទី៦៩ បានបង្ហាញថា ទង់ជាតិកម្ពុជាជាផ្លូវការមានផ្ទៃខាងលើនិងខាងក្រោមពណ៌ខៀវ ផ្ទៃចន្លោះកណ្តាលពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តដែលមានផ្ទៃពណ៌សនិងស្នាមគំនូសពណ៌ខៀវ ស្ថិតនៅចំកណ្តាល។ រូបប្រាសាទអង្គរវត្ត នោះមានកាំជណ្តើរជាសម្គាល់ពិសេស។ ដូចនេះ មានន័យថា ទង់ជាតិទាំងឡាយណាដែលមានរូបប្រាសាទអង្គរវត្ត ផ្ទៃស តែគ្មានកាំជណ្តើរ ជាទង់ជាតិដែលមិនត្រឹមត្រូវជាផ្លូវការទេ។
ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំចងក្រងនិងបោះពុម្ពផ្សាយដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ខែកក្កដា ឆ្នាំ២០១៥ វិញ នៅក្នុងឧបសម្ព័ន្ធទី១ ត្រង់ទំព័រទី៥៧ ទង់ជាតិ មានរូបប្រាសាទអង្គរវត្តផ្ទៃពណ៌សនិងគែមពណ៌ក្រហម ប៉ុន្តែជណ្តើរប្រាសាទមានកាំដូចរូបក្នុងឯកសារយោងខាងលើដែរ។
បញ្ហាគឺនៅត្រង់ថាឯកសារយោងទី១ និង ឯកសារយោងទី២ មានភាពខុសគ្នាត្រង់ពណ៌គែមនៃប្រាសាទអង្គរវត្ត។ ជុំវិញបញ្ហានេះ លោក ទេព សុវិចិត្រ អ្នកគូររូបទង់ជាតិកម្ពុជាដាក់ក្នុងវេបសាយវីគីភីឌៀ (wikipedia) ដែលស្នាដៃឌីជីថលរបស់លោកត្រូវបានគេយកមកប្រើប្រាស់ជាទូទៅធ្លាប់បានបកស្រាយថា “បើចង់បានទង់ជាតិដែលត្រឹមត្រូវ ទាល់តែមានឯកសារកំណត់សណ្ឋាន និង ទ្រង់ទ្រាយពីស្ថាប័នពាក់ព័ន្ធដោយកំណត់លេខកូដពណ៌ ប្រវែងបណ្តោយ និងទទឹង គម្លាតពីជួរពណ៌ខៀវនឹងប្រាសាទកំពូលបី រួមទាំងលក្ខណៈលម្អិតនៃប្រាសាទ។ល។ ព្រោះថាប្រាសាទ កំពូលបីក្នុងទង់ជាតិយើងមានគំនូសច្រើនដែលចាំបាច់ត្រូវមានការកំណត់ឲ្យច្បាស់មួយ។”
គួរបញ្ជាក់ផងដែរថា រូបទង់ជាតិដែលលោកគូរនោះគឺអាស្រ័យទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ១៩៩៣ និងទង់ជាតិ ក្រណាត់ដែលលក់នៅតាមទីផ្សារជាក់ស្តែង។ ទោះបីជាមានការចែករំលែករូបភាពនេះប្រើតៗគ្នាដល់សព្វថ្ងៃ ហើយម្នាក់ៗសុទ្ធតែអះអាងថា វាជាទង់ជាតិដែលត្រឹមត្រូវ ក៏ម្ចាស់រូបទង់ជាតិដដែលនេះនៅតែអះអាង “អ្វីដែលខ្ញុំធ្វើនេះមិនមែនជាទង់ជាតិត្រឹមត្រូវប្រាកដ១០០ភាគរយនោះទេ តែខ្ញុំសូមហៅថាជាទង់ជាតិដែលល្អប្រសើរ។” ដោយឡែក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះរូបទង់ជាតិដែលមានកាំជណ្តើរ(គំនូសប្រាសាទពណ៌ខ្មៅ) នោះឯងនៅលើគេហទំព័រហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ហើយទទួលស្គាល់ថា រូបទង់ជាតិដែលមានកាំជណ្តើរនោះជារូបទង់ជាតិដែលត្រឹមត្រូវជាផ្លូវការសម្រាប់ប្រើប្រាស់៕
Article by SRIN SOKMEAN