អ្នករចនាម៉ូដវ័យក្មេង ចាង សៀងហៃ ពុះពារដើម្បីសុបិនក្នុងគម្រោងឈុតថ្មីរបស់ខ្លួន
FASHION & BEAUTY 7 years agoចាង សៀងហៃ «ការរចនាម៉ូដសម្លៀកបំពាក់មិនមែនដើម្បីតែពាក់លើរាងកាយទេ តែជាការបង្ហាញពីមនោសញ្ចេតនាលើវត្ថុមួយដ៏ជាក់លាក់!»
ចាង សៀងហៃ
សិក្សានៅសាកលវិទ្យាល័យលីមកុងវីងលើផ្នែកច្នៃម៉ូដសម្លៀកបំពាក់ ចាង សៀងហៃ ទើបតែបានសម្ពោធការតាំងបង្ហាញសម្លៀកបំពាក់៤ឈុតថ្មីរបស់ខ្លួននៅ “កន្លែងខ្ញុំ” កាលពីល្ងាចថ្ងៃសុក្រទី៨ខែឧសភានេះ។ ឈុតដែលបានតាំងបង្ហាញទាំងនោះ គឺជាឈុតដែលបំបែកគំនិតចេញពីគំនិតក្នុងការរចនាឈុតទាំង៥របស់សៀងហៃ លើប្រធានបទ Dancer In The Dark ដែលបានជាប់ក្នុងជម្រើសតាំងបង្ហាញស្នាដៃក្នុងវេទិកាបង្ហាញស្នាដៃអ្នកសិល្បៈ ជំនាន់នៃភាពច្នៃប្រឌិត (Creative Generation 2017) គ្រប់ប្រភេទកាលពីឆ្នាំ២០១៧។
ឈុតទាំង៤នេះចំណាយពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះក្នុងការរចនាម៉ូដ និងតម្លើងហើយឈុតនេះវាបានបង្ហាញពីលក្ខណៈពិសេសដែលតំណាងឱ្យគំនិត(Concept) របស់សៀងហៃយ៉ាងច្បាស់។ ចំណែកឯប្រធានបទទី២ មានឈ្មោះថា Anti-Body ដែលសៀងហៃទើបតែបានបង្ហាញកាលពីពេលថ្មីៗនេះ រឹតតែបង្ហាញពីភាពច្នៃប្រឌិតរបស់អ្នកច្នៃម៉ូដដ៏វ័យក្មេងម្នាក់នេះថែមមួយកម្រិតទៀត។ សៀងហៃ បានប្រាប់ថា វាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ខ្លួនទេ តែនេះគឺជាអ្វីដែលគាត់ចង់បង្ហាញនៅក្នុងប្រធានបទទី២នេះ។ សៀងហៃ បានចោទជាសំណួរមួយថា «អ្នកទាំងអស់គ្នាដឹងទេថា នៅពេលតារាបង្ហាញម៉ូដម្នាក់មិនអាចរក្សាទំហំស្តង់ដាររបស់គាត់ថេរ តើគាត់មានអារម្មណ៍បែបណា ហើយត្រូវធ្វើអ្វីខ្លះដើម្បីតែទំហំសូន្យនោះ?» ហើយនេះក៏បង្ហាញពីគំនិតរបស់សៀងហៃដែលបានជ្រើសរើសប្រើទំហំសូន្យ (ទំហំផ្លូវការរបស់អ្នកបង្ហាញម៉ូដ ឬទំហំឥតខ្ចោះទាំង៣របស់មនុស្សស្រីក្នុងការស្លៀកពាក់)សម្រាប់ប្រធានបទទីពីរនេះផងដែរ។
សៀងហៃបានរៀបរាប់ពីផលលំបាកក្នុងការច្នៃម៉ូដក្នុងប្រធានបទទីពីរនេះថា មានឧបសគ្គពីរដែលបានរារាំងខ្លួនក្នុងកិច្ចការនេះ ទីមួយគឺបញ្ហាសុខភាពរបស់ខ្លួនផ្ទាល់ដែលត្រូវសម្រាកអស់មួយរយៈ និងទីពីរមកពីបរិក្ខារក្នុងការច្នៃម៉ូដដែលវត្ថុសម្រាប់តម្លើងឈុតទាំង៤នោះផលិតពីថ្នាំលាបផ្ទះ (U90) កងផ្តៅបង្វិលសម្រកទំងន់ ឆ្អឹងដែកតូចៗ ស្បែកពូកម៉ូតូ និងកៅស៊ូក្រាលផ្ទះ ជាដើម ដែលទាមទារការយកចិត្តទុកដាក់ខ្លាំងក្នុងការកាត់ និងដេរបំផុត។
តាមរយៈឈុតទាំង៩នេះ គំនិតរចនារបស់ សៀងហៃ ភាគច្រើនដកស្រង់ពីគំនិតក្នុងទ្រឹស្តីភូមិវិទ្យា ស្ថាបត្យកម្ម ឬខ្នាតគណិតវិទ្យា (រង្វង់ ក្រឡា និងការ៉េ)។ បើសង្កេតមើលឈុតទាំង៤ក្នុងប្រធានបទទី២នេះ ច្បាស់ណាស់គណិតវិទ្យាបានបង្ហាញខ្លួនយ៉ាងច្បាស់តាមរយៈដំណើរពីជ្រុងមួយទៅជ្រុងមួយជុំវិញរាងកាយ ឬឈុតទាំងនោះ។
សព្វថ្ងៃនេះ សៀងហៃ រចនាម៉ូដបាន៩ឈុតហើយ។ នៅពេលដែល សៀងហៃ អាចរចនាម៉ូដបានចំនួន ១២ឈុត អ្នករចនាម៉ូដរូបនេះនឹងមានគម្រោងដាក់តាំងឈុតទាំងនោះជុំគ្នាម្តងទៀត នៅទីតាំងសិល្បៈណាមួយដែលសមស្របនឹងប្រធានបទរបស់ខ្លួន។ ក្រៅពីទេពកោសល្យច្នៃម៉ូដសៀងហៃ ក៏មានសមត្ថភាក្នុងផ្នែកភាពយន្តផងដែរ។ សៀងហៃ ធ្លាប់បានផលិតខ្សែភាពយន្តខ្លីបានមួយចំនួន ហើយពេលនេះគម្រោងរចនាម៉ូដសម្លៀកបំពាក់ និងខ្សែរភាពយន្តខ្លី សុទ្ធតែជាគម្រោងអាទិភាពរបស់សៀងហៃ ដើម្បីបន្តក្តីស្រមៃនេះឱ្យត្រចះត្រចង់ថែមទៀត។
រំលឹកដល់គ្រាដំបូង ចាងសៀងហៃ គឺជាយុវជនដែលមានចំណូលចិត្តលើវិស័យសិល្បៈម្នាក់ និងតែងតែចំណាយពេលទំនេរភាគច្រើនលើសលុបក្នុងបន្ទប់តាំងបង្ហាញវត្ថុសិល្បៈផ្សេងៗនៅរាជធានីភ្នំពេញម្នាក់តែប៉ុណ្ណោះ រហូតមកដល់ពេលនេះតាមរយៈគម្រោងរបស់ Creative Generation និង កន្លែងខ្ញុំ ទស្សនៈរបស់សៀងហៃលើម៉ូដសម្លៀកបំពាក់ត្រូវបានលាតត្រដាងដល់មនុស្សទូទៅ។
ចំពោះសៀងហៃ អ្នករចនាម៉ូដម្នាក់ៗគឺមានជម្រើសរចនាម៉ូដទៅតាមក្តីស្រមៃរបស់ពួកគេមិនថា ការរចនាដើម្បីជាសិល្បៈ ឬការរចនាដើម្បីប្រាក់ចំណេញនោះទេ។ តែសម្រាប់សៀងហៃ ការរចនាម៉ូដរបស់គាត់មានទំនោរទៅរកការរចនាក្នុងទម្រង់ជាសិល្បៈតាំងលម្អ (រូបចម្លាក់) ច្រើនជាងការរចនាដើម្បីផលចំណេញក្នុងទីផ្សារច្នៃម៉ូដ៕
Article by SVAY LEEMENG